ព្រះសង្ឃ​ខ្មែរ​ក្រោម​ភៀស​ខ្លួន​មួយ​អង្គ ប្រមូល​បច្ច័យ​ជាវ​វត្ត ទុក​ធ្វើ​ជា​កន្លែង​ជួយ​ជន​ភៀស​ខ្លួន ​ពី​កម្ពុជា​ក្រោម

0 137

ដោយ យន់ សាមៀន | RFA Khmer

ព្រះ​សង្ឃ​ខ្មែរ​​ក្រោម​មួយ​អង្គ ដែល​ភៀស​ខ្លួន​ពី​ការ​ធ្វើទុក្ខ​បុក​ម្នេញ ​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម បច្ចុប្បន្ន​ស្នាក់​នៅ​ប្រទេស​បារាំង ។ ព្រះអង្គ​កំពុង​ដើរ​ប្រមូល​បច្ច័យ ដើម្បី​ជាវ​វត្ត សម្រាប់​ទុក​ធ្វើ​ជា​កន្លែង​ជួយ​ជន​ភៀស​ខ្លួន​ ពី​កម្ពុជាក្រោម និង​កម្ពុជា ហើយក៏​ទុក​ឲ្យ​ពុទ្ធ​បរិស័ទ​ជួបជុំ​ធ្វើ​បុណ្យទាន ។

ព្រះគុណ​ព្រះ​គុណ​ អ៊ួង​ សុខ​ ប្រធាន​សហគមន៍​ព្រះសង្ឃ​ខ្មែរកម្ពុជា​ក្រោម ​ប្រចាំ​ទ្វីប​អឺរ៉ុប​ ។ រូបៈ ផ្តល់ឲ្យ
ព្រះគុណ​ព្រះ​គុណ​ អ៊ួង​ សុខ​ ប្រធាន​សហគមន៍​ព្រះសង្ឃ​ខ្មែរកម្ពុជា​ក្រោម ​ប្រចាំ​ទ្វីប​អឺរ៉ុប​ ។ រូបៈ ផ្តល់ឲ្យ

ព្រះភិក្ខុ អ៊ួង សុខ បាន​លះបង់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍ ទាមទារ​សិទ្ធិ​សេរីភាព​ជា​ជន​ជាតិ​ដើម​កំណើត អក្សរសាស្ត្រ និងសាសនា សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម ។ ព្រះអង្គ ជា​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​អឺរ៉ុប ហើយ​ជា​ព្រះចៅ​អធិការ​វត្ត ខេមរធម្មារាម នៅ​ខេត្ត អរលេអង់ស៍ (Orleans) ប្រទេស​បារាំង (France) និង​វត្តមង្គល​សោភ័ណ្ឌ ។​ បច្ចុប្បន្ន​ព្រះអង្គ​កំពុង​ធ្វើ​ចលនា​ឲ្យ​ពុទ្ធបរិស័ទ​បរិច្ចាគ និង​ចូល​បច្ច័យ ដើម្បី​ជាវ​វត្ត​ដែល​មាន​តម្លៃ​ជាង ៣២ ម៉ឺន​ដុល្លារ សម្រាប់​បម្រើ​វិស័យ​ព្រះពុទ្ធសាសនា និង​កិច្ចការ​តស៊ូ​មតិ ដើម្បី​ពលរដ្ឋ​ខ្មែរ​ក្រោម កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត ។

ព្រះភិក្ខុ អ៊ួង សុខ មាន​ថេរ​ដីកា​បន្ត​ទៀត​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ៥០ អង្គ ភៀស​ព្រះ​កាយ​មក​សុំ​សិទ្ធិ​ជ្រកកោន​ នៅ​ប្រទេស​បារាំង ហើយ​បច្ចុប្បន្ន​នេះ មាន​តែ​ព្រះសង្ឃ​ប្រមាណ ៣០ អង្គ​កំពុង​បន្ត​បួស ។ ព្រះសង្ឃ​ខ្លះ​មិន​ទាន់​មាន​កន្លែង​គង់​ត្រឹមត្រូវ បណ្ដាល​ឲ្យ​ជួប​ការ​លំបាក​ក្នុង​រៀន​សូត្រ និង​ធ្វើ​លិខិត​ស្នាម ដើម្បី​ទទួល​សិទ្ធិ​រស់នៅ​ដោយ​ស្រប​ច្បាប់៖ «អាត្មា​កសាង​វត្ត​ថ្មី មាន​គោលការណ៍​ទទួល​យក​ទាំង​អស់​នូវ​ខ្មែរ​កម្ពុជា​ក្រោម ​ដែល​ភៀស​ខ្លួន​មក ​ពី​កម្ពុជា​ក្រោម និង​កម្ពុជា​កណ្ដាល​ដោយ​យួន​ធ្វើ​បាប​គាប​សង្កត់​ផ្លូវ​កាយ​ផ្លូវ​ចិត្ត​ក្ដី អាត្មា​ទទួល​បាន​ទាំង​អស់»

ព្រះភិក្ខុ អ៊ួង សុខ មាន​ដើម​កំណើត​ជា​ខ្មែរ​​ក្រោម ប្រសូត​នៅ​ឆ្នាំ ១៩៥១ នៅ​ខេត្ត​ក្រមួន​ស ។ ព្រះអង្គ​បួស ចាប់តាំង​ពី​អាយុ ១៥ ឆ្នាំ ហើយ​រៀន​រហូត ក្លាយ​ជា​គ្រូបង្រៀន​អក្សរសាស្ត្រ​ខ្មែរ ហើយ​ចុង​ក្រោយ ​រដ្ឋាភិបាល​វៀតណាម​ ចាត់​ទុក​ព្រះ​ជា​សត្រូវ ។ អាជ្ញាធរ​វៀតណាម​ចោទ​ប្រកាន់​ព្រះអង្គ​ថា ជាប់​ពាក់ព័ន្ធ​ចលនា​ប្រដាប់​អាវុធ​ចង់​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​វៀតណាម៖ «កាល​ពី​ឆ្នាំ១៩៧៦ ១៩៧៧ និង ១៩៧៨ បាន​រំដោះ​ទាំង​ស្រុង​ ពី​យួន​សេរី​មក​យួន​កុម្មុយនិស្ត ។ កាល​នោះ​ខ្មែរ​ក្រោម​យើង​គិត​ថា បាន​ផ្លាស់​ប្ដូរ​របប​ហើយ យើង​នាំ​គ្នា​ទៅ​បង្រៀន​បើក​សាលា អក្សរសាស្ត្រ​តាម​ភូមិ តាម​ជនបទ ។ ពេល​បើក​ទៅ​វា​រីក​ចំរើន យួន​វា​ក្ដិច​ត្រួយ»

ព្រះអង្គ​បាន​ភៀស​ខ្លួន​ចេញ​ពី​ស្រុក​កំណើត ដោយសារ​តែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ខ្លាច​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ ។ ពេល​មក​ដល់​កម្ពុជា កាល​ពី​ឆ្នាំ១៩៨២ ព្រះអង្គ​​បាន​បង្ខំ​ចិត្ត​ប្ដូរ​ឈ្មោះ​ពិត ដើម្បី​សុវត្ថិភាព ប៉ុន្តែ ​ទោះ​បី​ព្រះអង្គ​បាន​ព្យាយាម​លាក់​ឈ្មោះ​ពិត ក៏​ព្រះអង្គ​មិន​អាច​រស់​នៅ​កម្ពុជា​បាន ដោយសារ​តែ​ភ្នាក់ងារ​សំងាត់​​វៀតណាម​ បន្ត​តាម​ដាន​ព្រះអង្គ រហូត​ដល់​ព្រះអង្គ​ចាក​ចេញ​ពី​កម្ពុជា ភៀស​ខ្លួន​ទៅ​សុំសិទ្ធិជ្រកកោន​នៅ​ប្រទេស​បារាំង កាល​ពី​ឆ្នាំ ២០០២ មក​ទល់​សព្វ​ថ្ងៃ​នេះ ។ ពេល​ព្រះអង្គ មក​ដល់​បារាំង ដែល​ជា​ទឹក​ដី​ថ្មី ព្រះ​ក៏​អង្គ​ជួប​ការ​លំបាក​រឿង​ភាសា ហើយ​ធ្លាក់​សម្ភាសន៍​ជា​ច្រើន​លើក ​ដើម្បី​អាច​ទទួល​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​បាន ។ ព្រះអង្គ​តស៊ូ​រយៈ​ពេល ៥ ឆ្នាំ រហូត​ដល់​ឆ្នាំ ២០០៧ ទើប​ព្រះ​អង្គ​ទទួល​បាន​សិទ្ធិ​រស់នៅ​ប្រទេស​បារាំង​ដោយ​ស្រប​ច្បាប់ ។ ព្រះភិក្ខុ អ៊ួង សុខ មាន​ថេរ​ដីកា​បន្ត​ទៀត​ថា កិច្ច​ខំ​ប្រឹងប្រែង​របស់​ព្រះអង្គ​ នៅ​លើ​ឆាក​អន្តរជាតិ ជួយ​ព្រះសង្ឃ​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ក្រោម គឺ​ដើម្បី​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម​កំណើត​ផ្តល់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម៖ «បំណង​របស់​អាត្មា ចង់​ឲ្យ​យួន​កុម្មុយនិស្ត​គោរព ហើយ​ទទួល​ស្គាល់​ថា ខ្មែរ​ក្រោម​ហ្នឹង ជា​ជន​ជាតិ​ដើម ហើយ​ឲ្យ​យួន​ហ្នឹង​គោរព និង​ទទួល​ស្គាល់​ថា ខ្មែរ​ក្រោម​ជា​ជន​ជាតិ​ដើម ហើយ​ឲ្យ​យួន​គោរព​សិទ្ធិមនុស្ស បញ្ចេញ​ព័ត៌មាន សារព័ត៌មាន បង្រៀន​អក្សរសាស្ត្រ​ខ្មែរ និង​រក្សា​ព្រះពុទ្ធ​សាសនា​ដោយ​បាន​គង់វង្ស»

វត្តថ្មីមួយ ឈ្មោះ​វត្តខេមរធម្មារាម (អរលេអង់ស៍ ) ប្រទេសបារាំង
វត្តថ្មីមួយ ឈ្មោះ​វត្តខេមរធម្មារាម (អរលេអង់ស៍ ) ប្រទេសបារាំង

ក្រៅ​តែ​ពី​កិច្ច​ការងារ​សម្រាប់​ខ្មែរក្រោម ព្រះអង្គ​ក៏​បាន​ដឹក​នាំ​ការងារ​សង្គម​ ដើម្បី​ទាមទារ​សិទ្ធិ​សេរី ប្រជាធិបតេយ្យ ឯករាជ​ភាព និង​បូរណភាព​ទឹក​ដី​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​ នៅ​កម្ពុជា​ដែរ ។ ព្រះអង្គ​ក៏​ជា​ប្រធានសមាគម​ខ្មែរ​គាំទ្រ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ស្ដីពី​កម្ពុជា ។ ព្រះភិក្ខុ អ៊ួង សុខ មាន​ថេរ​ដីកា វត្តខេមរធម្មារាម នឹង​ក្លាយ​ជា​កន្លែង​សម្រាប់​ជួយ​ពលរដ្ឋ​ខ្មែរ ដែល​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ៖ «ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គៗ មិន​ចង់​ចាកចេញ​ពី​វត្ត​អារាម និង​មាតុភូមិ​កំណើត​របស់​ខ្លួន​ទេ តែ​ដោយ​សារ​តែ​ស្ថានភាព​មិន​អាច​រស់​នៅ​ក្នុង​របប​អាណានិគម​បាន​ហ្នឹង បាន​បង្ខំ​ចិត្ត​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​បារាំង​ហ្នឹង អាត្មាភាព​សំណូមពរ​ឲ្យ​ព្រះសង្ឃ​ជួយ​សម្រួល​យ៉ាង​ណា​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ឲ្យ​បាន​ស្នាក់​នៅ គង់​នៅ​ក្នុង​វត្ត​ផង»

ជុំវិញ​ការ​តស៊ូ​របស់​ព្រះភិក្ខុ អ៊ួង សុខ មាន​នៅ​អឺរ៉ុប​នេះ​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ មាន​មូលដ្ឋាន​នៅ​អាមេរិក ព្រះ​ភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា ព្រះអង្គ​កោត​សរសើរ​ដល់​កិច្ច​ខំ​ប្រឹងប្រែង ព្រះភិក្ខុ អ៊ួង សុខ ដែល​បាន​អំណាច​ពេលវេលា និង​កម្លាំង​កាយ ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម ។ ព្រះ​ភិក្ខុ ស៊ឺង យ៉ឹងរតនា ក៏​សំណូមពរ​ដល់​រដ្ឋាភិបាល​បារាំង​ធ្វើ​យ៉ាងណា​ផ្តល់​ការ​គាំទ្រ​ និង​ទទួល​យក​ព្រះសង្ឃ​ខ្មែរ​ក្រោម​អាច​គង់​នៅ ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​វៀតណាម ។

របាយការណ៍​សិទ្ធិ​សេរីភាព​សាសនា​របស់​ក្រសួង​ការ​បរទេស​អាមេរិក​សម្រាប់​ឆ្នាំ ២០១៩ ផ្សាយ​កាល​ពី​ខែមិថុនា ឆ្នាំ ២០២០ ឲ្យ​ដឹង​ថា ទោះ​បី​រដ្ឋធម្មនុញ្ញ​វៀតណាម​ឲ្យ​សិទ្ធិ​សេរី​ផ្នែក​សាសនា​ដល់​ពលរដ្ឋ​ទូទៅ​ក៏​ដោយ ប៉ុន្តែ​ច្បាប់​ផ្តល់​អំណាច​ដល់​អាជ្ញាធរ​វៀតណាម ដើម្បី​ត្រួតត្រា ការ​ប្រតិបត្តិ​សាសនា ដោយ​យក​លេស​ការពារ​សន្តិ​សុខ​ជាតិ និង​សាមគ្គី​សង្គម ។ មេ​ដឹក​នាំ​សាសនា​ជា​ច្រើន បាន​រៀបរាប់​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម រួម​មាន អំពើ​ហិង្សា ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ការ​តាមដាន ការ​រឹតត្បិត​ការ​ដើរហើរ និង​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​ជា​ដើម ។ ព្រះសង្ឃ​ខ្មែរ​ក្រោម ក៏​រង​គ្រោះ​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ដែរ ។​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់ អាជ្ញាធរ​វៀតណាម​នេះ ហើយ​បណ្ដាល​ឲ្យ​ព្រះសង្ឃ​រាប់​រយ​អង្គ​បាន​ភៀស​ព្រះ​កាយ​ចេញ​ពី​កម្ពុជា​ក្រោម ​ទៅ​ស្វែង​រក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​បរទេស ។​ សព្វថ្ងៃ​នេះ វត្ត​នៅ​ទូទាំង​កម្ពុជា​ក្រោម​មាន​ចំនួន ជិត ៥ រយ​វត្ត និង​មាន​ព្រះសង្ឃ​ជិត ៩ ពាន់​អង្គ ។ ព្រះភិក្ខុ អ៊ួង សុខ បច្ចុប្បន្ន មានព្រះជន្ម ៧០ ព្រះវស្សាហើយ ។ ​ទោះ​បី​ព្រះអង្គ​មាន​ព្រះ​ជន្ម​ច្រើន​ព្រះវស្សា​ក៏​ដោយ ក៏​ព្រះអង្គ​ប្ដេជ្ញា​បន្ត​ធ្វើ​ការងារ​​សង្គម និង​សាសនា រហូត​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ទទួល​បាន​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​​ឯង​ទៅ​ថ្ងៃ​អនាគត ៕

Leave A Reply

Your email address will not be published.