សង្គម​ស៊ីវិល​ ​និង​យុវជន​ខ្មែរក្រោម​ នៅ​កម្ពុជា​ ថ្កោលទោស​អាជ្ញាធរ​វៀតណាម​ ចាប់ខ្លួន​យុវជន​ខ្មែរក្រោម ​ដែល​​ផ្សព្វផ្សាយ​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​

0 165

ដោយ គឹម​ ​សាវ​តា​

សង្គម​ស៊ីវិល​ ​និង​យុវជន​ខ្មែរក្រោម​ នៅ​កម្ពុជា​ ​ថ្កោលទោស​អាជ្ញាធរ​វៀតណាម​ ករណី​ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម​ ​ដែល​ផ្សព្វផ្សាយ​សៀវភៅ​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ​និង​រឹបអូស​ ​យក​សៀវភៅ​ជាង​ ​១​០​០​ ​ក្បាល​ពី​យុវជន​ខ្មែរក្រោម​ ​កាលពី​ថ្ងៃ​ទី​ ១​៣​ ​ខែ​មេសា​ ​។​

យុវជនខ្មែរក្រោម លោក យឿង ខាយ
យុវជនខ្មែរក្រោម លោក យឿង ខាយ

​អាជ្ញាធរ​សមត្ថកិច្ច​វៀតណាម ​ខេត្ត​ឃ្លាំង​ ​សហការ​ជាមួយ​ខេត្ត​ដូន​ណៃ ​ក្នុង​នោះ​រួម​មាន​ទាំង​នគរបាល​សន្តិសុខ​នយោបាយ​ផ្ទៃក្នុង​ ​និង​នគរបាល​សេដ្ឋកិច្ច​ ​ប្រមាណជាង​ ​១​០​០​ ​នាក់​ ​កាលពី​ថ្ងៃ​ទី​ ១​៣​ ​មេសា​ ​បាន​ចុះ​ឆែកឆេរ​ផ្ទះ​យុវជន​ខ្មែក្រោម​ ​លោក​ យឿ​ង​ ខា​យ​ ​និង​ចាប់ខ្លួន​លោក​ទៅ​សួរ​ចំ​លើ​យ​ ដោយ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​ ​ហើយ​បាន​រឹបអូស​យក​ទូរស័ព្ទ​ ​កុំព្យូទ័រ​ ​និង​សៀវភៅ​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្ដីពី​ ​សិទ្ធិ​ជនជាតិ​ដើម​ជាង​ ​១​០​០​ ​ក្បាល​ពី​លោក​ យឿ​ង​ ខា​យ​ ​ថែមទៀត​ ​។​

​ប្រធាន​លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​ស​ម្បតិ្ត ​ស៊ីណា​ ​មានប្រសាសន៍​ប្រាប់​សំឡេង​ខ្មែរ​កម្ពុជាក្រោម​ ថា​ ​យុវជន​ យឿ​ង​ ខា​យ​ ​មិនបាន​ធ្វើអ្វី​ខុស​ពី​ច្បាប់​នៅ​វៀតណាម​ ​នោះ​ទេ​ ​ក្នុង​ការដែល​ចែក​សៀវភៅ​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្ដីពី​ ​សិទ្ធិ​ជនជាតិ​ដើម​ដល់​ពលរដ្ឋ​ខ្មែរក្រោម ​ដទៃទៀត​ ​ដើម្បី​បាន​អាន​ ​និង​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​ ​។​ ​លោក​បន្ត​ថា​ ​ករណី​អាជ្ញា​រ​វៀតណាម ​យ​កមនុស្ស​មក​ឡោមព័ទ្ធ​ផ្ទះ​ លោក​ យឿ​ង​ ខា​យ​ ​រាប់​សិប​នាក់​ ​និង​ចូល​ទៅ​រឹបអូស​ ​ព្រមទាំង​នាំ​ខ្លួន​លោក​ យឿ​ង​ ខា​យ​ ​យកទៅ​សួរនាំ​យ៉ាង​ដូច្នេះ​ ​គឺជា​អំពើ​មួយ​រំលោភ​សិទ្ធិមនុស្ស​ ​មិន​អាច​ទទួលយក​បាន​ ​។​

​លោក​ ​សម្បត្តិ​ ​ស៊ីណា​៖​ ​«​ក្នុងនាម​ខ្ញុំ​ជា​ប្រធាន​លេខាធិការដ្ឋាន​ ​ក៏ដូចជា​អង្គការ​ ​សមាគម​ខ្មែរ​ ​កម្ពុជាក្រោម​ដទៃទៀត​ ​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅលើ​អាជ្ញាធរ​វៀតណាម​ ដែល​មានការ​រឹតត្បិត​ ​ទៅលើ​សិទ្ធិ​សេរីភាព​ ​និង​សិទ្ធិ​រស់នៅ​របស់​ខ្មែរក្រោម​»​ ​។​

​តាម​គម្រោង​ ​លោក​ ​ស​ម្បតិ្ត ​ស៊ីណា​ ​នឹង​ដាក់​ញត្តិ​មួយ​ទៅ​ស្ថានទូត​វៀតណាម​ ប្រចាំ​កម្ពុជា​ ​ដើម្បី​ជា​សារ​ដល់​រដ្ឋាភិបាល​វៀតណាម ​ឲ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​។​

​លោក​បណ្ឌិត​ ​សឺ​ន​ ​ជុំ​ជួន​ ​អគ្គលេខាធិការ​នៃ​សមាគម​ខ្មែរ​កម្ពុជាក្រោម ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​មើលឃើញ​ថា​ ​ការដែល​អាជ្ញាធរ​វៀតណាម​ឃាត់ខ្លួន​ ​និង​ដកហូត​សៀវភៅ​ ​និង​សំភារៈ​ផ្សេងៗ ​របស់​លោក​ យឿ​ង​ ខា​យ​ ​គឺ​ផ្ទុយ​នឹង​គោលការណ៍​ច្បាប់​ ​គោលការណ៍​សិទ្ធិមនុស្ស​ ​ព្រោះ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​មួយ​រូប​ ​ក្នុងនាម​ជា​ជនជាតិ​ដើម​មួយ​រូប​ ​លោក​ យឿ​ង​ ខា​យ​ ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការសិក្សា​ឈ្វេងយល់​ពី​សិទ្ធិ​របស់​ខ្លួន​ ​។​

​លោក​បណ្ឌិត​ ស៊ឺ​ន​ ​ជុំ​ជួន​៖​ ​«​ក្នុងនាម​យើង​ជា​ស្ថាប័ន ​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​ យើង​មិន​គាំទ្រ​លើ​ទង្វើនេះ​ទេ​ ​ហើយ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ ​ឬ​សមត្ថកិច្ច​វៀតណាម ​អនុវត្ត​ទៅតាម​គោលការណ៍​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ​ ​ជាពិសេស​គោលការណ៍​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​»​ ​។​

​លោក​ ថើ​ស​ ​ចន្ទ្រា​ ​ប្រធាន​ក្រុមប្រឹក្សា​យុវជន​ខ្មែរក្រោម​ ​ក៏បាន​ថ្លែង​ថា​ ​ការ​ឃាត់ខ្លួន​ហៅ​ទៅ​សាកសួរ​ ​និង​ដកហូត​សៀវភៅ​នេះ​ ​គឺជា​វិធីសាស្ត្រ​គំរាមកំហែង​ថ្មី​មួយទៀត ​លើ​យុវជន​ខ្មែរក្រោម​ ដែល​ហ៊ាន​បង្ហាញ​ ​និង​ចង់​ដឹង​ប្រវត្តិសាស្ត្រ​ខ្មែរក្រោម​ ​។​

​លោក​ ថើ​ស​ ​ចន្ទ្រា​ ​៖​ ​«​សុំ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​គំនាប​ទៅលើ​រដ្ឋាភិបាល​វៀតណាម​ ​កុំ​ឱ្យ​ធ្វើ​ដូច្នេះ​ ​ហើយ​ប​ញ្ឃប់​នូវ​ទង្វើ​អាក្រក់​ឃោរឃៅ​នេះ​តទៅទៀត​ ​។​ ​ពីដើម​មក​វិធី​របស់​គេ​ ​គឺ​ការ​កាប់​សម្លាប់​ ​ហើយ​វិធី​ចុងក្រោយ​នេះ​ ​គឹ​ដោយសារតែ​មាន​កិច្ចព្រមព្រៀង​ជាច្រើន​ជាមួយ​អន្តរជាតិ​ ​គេ​ប្តូរ​មក​វិធី​ក្តៅខ្លះ ​ត្រជាក់​ខ្លះ​»​ ​។​

​បច្ចុប្បន្ន​ ​លោក​ យឿ​ង​ ខា​យ​ ​ស្នាក់​នៅ​ ​និង​ធ្វើការ​នៅ​ខេត្ត​ដូន​ណៃ ​ដែនដី​កម្ពុជាក្រោម​ ​។​ ​លោក​បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក​ ​ឈ្មោះថា​ ​សិទ្ធិ​ការងារ​ខ្មែរក្រោម​ ​ដើម្បី​ផ្ដល់​ចំណេះ​ដឹង​ពី​ច្បាប់​ការងារ​ដល់​យុវជន​ ​និង​ពលករ​ខ្មែរក្រោម ​។​ ​ទំព័រ​ហ្វេសប៊ុក​នោះ​ ​ក៏បាន​ផ្ដល់​លេខ​ទូរស័ព្ទ​ ​សម្រាប់​ឱ្យ​កម្មករ​ខ្មែរក្រោម ​ដែល​រង​ការ​រំលោភបំពាន​ផ្សេងៗ​ ​ទាក់ទង​ដើម្បី​ពិគ្រោះ​យោបល់​ស្វែងរក​មធ្យោបាយ​ដោះស្រាយបញ្ហា​ទាំងនោះ​ ។​ ​កន្លងមក​លោក​ យឿ​ង​ ខា​យ​ ​ក៏​ធ្លាប់​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​វៀតណាម​ ដើម្បី​ស្នើសុំ​ឲ្យ​ពលករ​ខ្មែរក្រោម​ ​បាន​ឈប់​សម្រាក​ នៅ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នំា​ខ្មែរ​ ​និង​បុណ្យ​សែនដូនតា​ ​ដែល​ជា​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​តាំងពីដូនតា​មក​ ៕​

Leave A Reply

Your email address will not be published.