ខ្មែរ​ក្រោម​ ស្នើ​រដ្ឋាភិបាល​ខ្មែរ​ប្ដឹង​អន្តរជាតិ​ទាមទារ​ទឹក​ដីកម្ពុជាក្រោម​មក​វិញ

0 657

ដោយ យន់ សាមៀន | RFA Khmer

សហគមន៍​ខ្មែរ​កម្ពុជាក្រោម នៅ​ក្នុង និង​ក្រៅ​ប្រទេស ស្នើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ឱ្យ​ពិចារណា​ប្ដឹង​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​ទឹក​ដី​កម្ពុជា​ក្រោម​ មក​ឲ្យ​កម្ពុជា​គ្រប់គ្រង​ឡើងវិញ​ នៅ​ពេល​ខាង​មុខ​នេះ ។ សំណើ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ខ្មែរ​ក្រោម​នៅ​ទូទាំង​ពិភពលោក​ បាន​ប្រារព្ធ​ខួប​លើក​ទី ៧១ ឆ្នាំ នៃ​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ទឹក​ដី​ខ្មែរ​ក្រោម ទៅ​ឲ្យ​វៀតណាម ​គ្រប់គ្រង​ទាំង​ខុស​ច្បាប់ ។

សហគមន៍ខ្មែរកម្ពុជាក្រោម ​ប្រារព្ធ​ខួប​លើក​ទី ៧១ ឆ្នាំ ​ថ្ងៃ​បារាំង​ផ្ទេរដែនដីកម្ពុជាក្រោម ទៅ​ឲ្យ​វៀតណាម​គ្រប់គ្រងបន្ត លើវាសនាពលរដ្ឋខ្មែរក្រោម កាលពីថ្ងៃទី ៤ មិថុនា ២០២០ ។
សហគមន៍ខ្មែរកម្ពុជាក្រោម ​ប្រារព្ធ​ខួប​លើក​ទី ៧១ ឆ្នាំ ​ថ្ងៃ​បារាំង​ផ្ទេរដែនដីកម្ពុជាក្រោម ទៅ​ឲ្យ​វៀតណាម​គ្រប់គ្រងបន្ត លើវាសនាពលរដ្ឋខ្មែរក្រោម កាលពីថ្ងៃទី ៤ មិថុនា ២០២០ ។

តំណាង​មេដឹកនាំ​អង្គការ និង​សមាគម​ខ្មែរ​កម្ពុជាក្រោម ក្នុង​ទិវា​បាត់បង់​ទឹកដី​កម្ពុជាក្រោម កាលពី​ថ្ងៃទី ៤ មិថុនា បាន​ប្តេជ្ញា​បន្ត​ធ្វើ​យុទ្ធនាការ ទាមទារ​សិទ្ធិស្វ័យសម្រេច​វាសនា​ដោយខ្លួនឯង​ឲ្យ​ខ្មែរក្រោម នៅ​លើទឹក​ដី​កំណើត​ទៅ​ថ្ងៃ​អនាគត ហើយ​ឈាន​ទៅ​ទាមទារ​ទឹកដី​ខ្មែរ​កម្ពុជាក្រោម​មកវិញ ។ លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា ប្រាប់​អាស៊ី​សេរី​ថា រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ មាន​កាត​ព្ធ​កិច្ច​បើក​ការស៊ើបអង្កេត តវ៉ា​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​ដីខ្មែរ​ពី​វៀតណាម​មកវិញ ។ លោក​អះអាង​ថា កម្ពុជា​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ធ្វើជា​សំអាង ក្នុង​ការ​ប្តឹង​ទាមទារ​ដីខ្មែរ​ពី​វៀតណាម​មកវិញ ។ លោក​ថា ភស្តុតាង​សាមញ្ញ​បំផុត​នោះ​ គឺ​ឈ្មោះ​ទីកន្លែង ដូចជា​ខេត្ត ស្រុក ឃុំ ភូមិ​ជាដើម ពីព្រោះ​ទោះបីជា​វៀតណាម ខំប្រឹង​ប្តូរ​ឈ្មោះ​ទីកន្លែង​ជា​ភាសាខ្មែរ​ទៅជា​ឈ្មោះ​ភាសា​វៀតណាម ក៏ដោយ ក៏​មិន​អាច​បិទបាំង​ប្រវត្តិ​ដើម​ពិត​បាន​ដែរ៖ «យើង​អាច​ទាមទារ​បាន ប៉ុន្តែ​វា​ឋិតនៅ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ចង់​ទាមទារ ឬក៏​មិន​ទាមទារ ។ យើង​ត្រូវតែ​បង្ហាញថា តើ​ភូមិសាស្ត្រ​នោះ វា​យ៉ាងម៉េច​? បើ​យើង​និយាយ​ភស្តុតាង​ប្រវត្តិសាស្ត្រ ផែនទី គឺ​ខ្មែរ​មាន​គ្រប់គ្រាន់»

លោក ថាច់ សេដ្ឋា ថា ការ​តស៊ូ​ទាមទារ​ដី​កម្ពុជាក្រោម​មក​វិញ នឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​ជំនាន់​ក្រោយ​បាន​ដឹង​ពី​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ ហើយ​កី​ជា​ការ​បង្ហាញ​ការ​ដឹង​គុណ​ដល់​វីរជន​ខ្មែរ​ក្រោម ដែល​បាន​តស៊ូ​បូជា​ជីវិត ​ដើម្បី​ការពារ​ទឹក​ដី​មាតុភូមិ​ខ្មែរ ។

ចំណែក​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​គាំទ្រ សំណើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​តវ៉ា​ទាមទារ​ដី​ខ្មែរ​ពី​វៀតណាម​មក​វិញ ។ ព្រះអង្គ​បន្ត​ថា សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ក៏​ នឹង​បន្ត​ធ្វើ​យុទ្ធនាការ ទាមទារ​សិទ្ធិស្វ័យសម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម ​ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត​ជា​បន្ត​ទៀត៖ «ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ខ្មែរ​ក្រោម​មិន​មែន​ជា​អ្នក​បាត់បង់​ទេ ។ ទឹក​ដី​ខ្មែរ​ក្រោម ជា​ទឹក​ដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជា​អ្នក​បាត់បង់ ដូច្នោះ​ហើយ​រដ្ឋាភិបាល​កម្ពុជា​គ្រប់​សម័យ​កាល​ទាំង​អស់​ត្រូវ​ទាមទារ​អន្តរជាតិ ដើម្បី​ទាមទារ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​មក​វិញ» ។

ពាក់ព័ន្ធ ​នឹង​សំណើសុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ ប្តឹង​ទាមទារ​ទឹក​ដី​ខ្មែរ​មកវិញ​នេះ​ដែរ ប្រធាន​ផែន​ការ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ត្រឹង ម៉ាន់រិន ប្រាប់​អាស៊ី​សេរី​ថា កម្ពុជា​ នឹង​មាន​ពេល​ ដើម្បី​ទាមទារ​ដី​ខ្មែរ​ក្រោម ​ពី​វៀតណាម​មក​វិញ ប្រសិន​បើ​វៀតណាម ​ធ្លាក់ចូល​ក្នុង​វិបត្តិ នឹង​ប្រទេស​ចិន ឬ​មាន​ការ​បះបោរ​ងើប​ឡើង​របស់​ពលរដ្ឋ​វៀតណាម ប្រឆាំង ​នឹង​រដ្ឋាភិបាល កុម្មុយនិស្ត​វៀតណាម៖ «វៀតណាម​ នឹង​ចិន​អត់​ត្រូវ​គ្នា​ទេ ជា​សត្រូវ ទី​ពីរ​ទៀត​យួន​មិន​អាច នឹង​អ៊ីចឹង​បាន​ទេ ដោយសារ​ពលរដ្ឋ​យួន​មិន​សប្បាយ​ចិត្ត»

ឆ្លើយតប នឹងសំណើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ទាមទារ​ទឹក​ដី​ខ្មែរ​មក​ពី​វៀតណាម មកវិញ​នេះ ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ​ប្រាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី ៦ មិថុនា​ថា លោក​មិន​បក​ស្រាយ​ថា តើ​រដ្ឋាភិបាល​កម្ពុជា មាន​ភស្តុតាង​​គ្រប់​គ្រាន់ ដើម្បី​ទាមទារ​ទឹក​ដី​ខ្មែរ​ក្រោម​ មក​វិញ​នោះ​ទេ ។

លោក​ស្នើ​ឲ្យ លោក ថាច់ សេដ្ឋា ពិនិត្យ​មើល​ភស្តុតាង និង​ច្បាប់​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ មុន នឹង​ដាក់​សំណើ​ទាមទារ​ខ្មែរ​ក្រោម​ពី​វៀតណាម​មកវិញ៖ «កុំ​និយាយ​ថា ដឹង​ពី​មាត់​មួយ​ទៅ​មាត់មួយ ។ ទៅ​ដល់​តុលាការ​គេ​ទារ​រក​ឯកសារ​ណា»

ដោយឡែក មន្រ្តី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង មិន​ឆ្លើយ​តប​ នឹង​សំណួរ​របស់​អាស៊ី​សេរី​ថា តើ​ក្រសួង​ នឹង​ពិនិត្យ​សំណើ​របស់​សមាគម​ខ្មែរ​កម្ពុជាក្រោម សើ្ន​ឲ្យ​រដ្ឋាភិបាល ទាមទារ​យក​ដី​ខ្មែរ​ក្រោម​មក​វិញ​ទេ កាល​ពី​ថ្ងៃ​ទី ៦ ខែ​មិថុនា ។

នាយក​ប្រតិបត្តិសហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា លើក​ឡើង​ថា ទឹក​ដី​កម្ពុជា​ក្រោម​ជា​ទឹក​ដី​របស់​កម្ពុជា ដូច្នោះ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​មាន​តួនាទី ដើម្បី​ទាមទារ​មក​វិញ ។ លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កន្លង​មក​មិន​មាន​ចេតនា​ណា​មួយ ដើម្បី​ទាមទារ​ទឹក​ដី​ខ្មែរ​ក្រោម​មក​វិញ​ទេ ។ លោក​ថា សហគមន៍​លោក​ នឹង​បន្ត​ទាមទារ​សិទ្ធិ​ជា​ម្ចាស់​ដើម​កំណើត​សម្រាប់ ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​បន្តទៅ​ទៀត៖ «កម្ពុជា​ជា​ទឹក​ដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជា​រួម​ទាំង​អស់​គ្នា មិន​មែន​ដោយ​ឡែក កម្ពុជា​ផ្សេង ខ្មែរ​ក្រោម​ផ្សេង​នោះ​ទេ ។ អ៊ីចឹង​ការ​ទទួល​ខុស​ត្រូវ​ជា​ប្រវត្តិសាស្ត្រ សិទ្ធិ​ទាមទារ​ជា​របស់​អស់​លោក»

អាណានិគមនិយម​បារាំង​បាន​កាត់​ទឹក​ដី​ខ្មែរ​ក្រោម មាន​ចំនួន ២១ ខេត្ត ទៅ​ឲ្យ​វៀតណាម​ទាំង​ខុសច្បាប់ កាល​ពី​ថ្ងៃ​ទី ៤ មិថុនា ឆ្នាំ ១៩៤៩ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​កម្ពុជា ។ អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ថា បច្ចុប្បន្ន​នេះ វៀតណាម​កំពុង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម លើ​គ្រប់​វិស័យ ហើយ​ខ្មែរ​ក្រោម​កំពុង​រស់​នៅ​យ៉ាង​វេទនា ៕

Leave A Reply

Your email address will not be published.