តំណាង​ព្រះសង្ឃ​ខ្មែរ​ក្រោម ​ស្នើ​វៀតណាម ​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម សង់​សាលា​ឆទាន

0 293

ដោយ យន់ សាមៀន | RFA Khmer

តំណាង​ព្រះសង្ឃ​ខ្មែរ​​ក្រោម ​ស្នើសុំ​ឱ្យ​អាជ្ញាធរ​វៀតណាម ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ កសាង​សាលា​ឆទាន ដើម្បី​ទុក​ជា​កន្លែង​ប្រតិបត្តិ​សាសនា ។​​ សំណើ​នេះ ​ធ្វើឡើង​ដោយសារតែ​អាជ្ញាធរ​វៀតណាម​ បាន​ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ​ក្រោម​ នៅខេត្តលង់ហោរ មិន​ឲ្យ​កសាង​សាលា​ឆ​ទាន ដែល​ពលរដ្ឋ​បាន​សាង​សង់​ជិត​រួចរាល់​ទៅ​ហើយ​នោះ ។

សាលា​ឆ​ទាន សម្រាប់​​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​ ដែល​អាជ្ញាធរ​វៀតណាម​ នៅខេត្ត លង់ហោរ ​ហាមឃាត់​មិន​ឲ្យ​​​ពលរដ្ឋ​ខ្មែរ​ក្រោម​​ សាងសង់​បញ្ចប់​ ពេល​កសាង​បាន​ប្រហែល ៨០ ភាគរយ​ហើយ ។
សាលា​ឆ​ទាន សម្រាប់​​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​ ដែល​អាជ្ញាធរ​វៀតណាម​ នៅខេត្ត លង់ហោរ ​ហាមឃាត់​មិន​ឲ្យ​​​ពលរដ្ឋ​ខ្មែរ​ក្រោម​​ សាងសង់​បញ្ចប់​ ពេល​កសាង​បាន​ប្រហែល ៨០ ភាគរយ​ហើយ ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​តំណាង​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ ចាត់​ទុក ទង្វើ​អាជ្ញាធរ​វៀតណាម​ ខេត្តលង់ហោរ ថា ជា​រឿង​គ្មាន​សីលធម៌ ដែល​បាន​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​មិន​ឲ្យ​សាងសង់​បញ្ចប់​សាលា​ឆ​ទាន ។ តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ផ្ដើម​គំនិត​សាងសង់​សាលា​ឆ​ទាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ មាន​បំណង​សាងសង់​សាលា​ឆ​ទាន​ ដើម្បី​ទុក​សម្រាប់​ប្រតិបត្តិ​សាសនា និង​ជា​កន្លែង​បង្រៀន​អក្សរសាស្ត្រ​ដល់​កូន​ខ្មែរ ដោយសារ​តែ​តំបន់​ដែល​ពួក​គេ​រស់នៅ ​នៅ​ជនបទ​ដាច់​ស្រយាល គ្មាន​ផ្លូវ​ធ្វើ​ដំណើរ​ត្រឹមត្រូវ បណ្ដាល​ឲ្យ​ពលរដ្ឋ​ពិបាក​ធ្វើ​ដំណើរ​ទៅ​វត្ត ឬ​សាលារៀន​ ដែល​នៅ​ឆ្ងាយ​ពី​ភូមិ​ពលរដ្ឋ​រស់ ​នៅ​ជា​ច្រើន​គីឡូម៉ែត្រ ។

លោក គឹម ឃីម ប្រាប់​អាស៊ី​សេរី​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ប្រមាណ ៧៧ គ្រួសារ​នៅភូមិកន្រែង ​ឃុំ​កំពង់ ស្រុក​ប្រាសាទ​ថ្មី បាន​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាធរ​សាងសង់ សាលាឆទាន តាំង​ពី​ខែកុម្ភៈ ឆ្នាំ ២០២១ មក​ម្ល៉េះ ប៉ុន្តែ​ អាជ្ញាធរ​វៀតណាម​មិន​ឆ្លើយ​តប ទើប​ពលរដ្ឋ​ចាប់​ផ្ដើម​សាងសង់ កាល​ពី​ចុង​ខែ​មិថុនា​ រហូត​ជិត​រួចរាល់​បាន​ប្រមាណ ៨០ ភាគ​រយ ទើប​អាជ្ញាធរ​វៀតណាម ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​បន្ត​ធ្វើ​ទៀត ។ លោក​អះអាង​ថា ទោះ​បី​វៀតណាម ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ផ្អាក​ក៏​ដោយ ប៉ុន្តែ​ ពលរដ្ឋ​មិន​ស្ដាប់​ទេ ដោយសារ​តែពលរដ្ឋ​សង់​សាលា​ឆ​ទាន​នោះ​ នៅ​តែ​ដី​ឯកជន ។ លោក គឹម ឃីម ចោទ​អាជ្ញាធរ​វៀតណាម​ ថា មាន​ចេតនា​មិន​ឲ្យ​ខ្មែរ​ក្រោម​ សាងសង់​សាលាឆទាន​ ដើម្បី​ប្រតិបត្តិ​សាសនា និង​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ខ្មែរ៖ «វា​ជា​រឿង​ពិត​ណា! វា​ជា​រឿង​រសើប​ណាស់ ព្រោះ​រដ្ឋធម្មនុញ្ញ​គេ​ឲ្យ​យើង​មាន​សិទ្ធិ​ជំនឿ សេរីភាព​ផ្នែក​សាសនា វា​លើ​មាន​តែ​ច្បាប់​ទេ ប៉ុន្តែ​ យើង​យក​មក​អនុវត្ត​គេ​រារាំង គេ​មិន​ឲ្យ​យើង​ធ្វើ​ទេ ។ សូម្បី​តែ​វត្ត​អារាម​ឲ្យ​គេ មិន​ឲ្យ​យើង​ធ្វើ​ដែរ?» ។

ជុំវិញ​បញ្ហា​សាលា​ឆ​ទាន​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី ១៥ កក្កដា​ស្នើ​សហគមន៍​អន្តរជាតិ​ទទូច​ឲ្យ​វៀតណាម​ គោរព​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ដែល​ចែង​ថា ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ផ្នែក​ជំនឿ សាសនា​ និង​ត្រូវ​គោរព​ច្បាប់​អន្តរជាតិ​ ស្ដីពី​សិទ្ធិ​ស៊ីវិល នយោបាយ និង​ជនជាតិ​ដើម ។ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​មើល​ឃើញ​ថា ទោះ​បី​រដ្ឋធម្មនុញ្ញ​វៀតណាម ​ចែង​ពី​ការ​គោរព​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​ក៏​ដោយ ប៉ុន្តែ​ មន្ត្រី និង​អាជ្ញាធរ​ថ្នាក់​ក្រោម បាន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ទៅ​​វិញ ។

នាយក​អន្តរ​សាសនា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​និង​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​ អាម៉េរិកាំង​ខាង​ជើង ព្រះភិក្ខុ ធីធីធម្មោ មាន​ថេរ​ដីកា​ថា វៀតណាម​ នៅ​តែ​ចិញ្ចឹម​ចិត្ត​មិន​ចង់​ឲ្យ​វប្បធម៌ និង​សាសនា​ខ្មែរ​ក្រោម​ បាន​រីក​ចំរើន៖ «នៅ​តែ​ដដែល ឃើញ​តែ​សំបក​ខាង​ក្រៅ បន្ធូរ​ខាង​ប្រតិបត្តិ គោរព​បូជា ប៉ុន្តែ​ គេ​នៅ​តែ​គាប​សង្កត់​ផ្លូវ​ចិត្ត ។ សូម្បី​តែ​សាលា​ឆ​ទាន​តូច​មួយ ក៏​រដ្ឋាភិបាល​មិន​បើក​ទូលាយ​ដែរ» ។

ទោះ​បី​វៀតណាម​ បាន​ខំ​ប្រឹងប្រែង មិន​ឲ្យ​ខ្មែរ​ក្រោម​កសាង សាលា​ឆ​ទាន ឬ វត្ត​ជា​ដើម ប៉ុន្តែ មក​ទល់​នឹង​ឆ្នាំ ២០២១ នេះ វត្ត​នៅ​កម្ពុជា​ក្រោម​មាន​ចំនួន ៤៦១ វត្ត និង​មាន​ព្រះសង្ឃ​ចំនួន​ជាង ៨ ពាន់ ៥ រយ​អង្គ ។ សៀវភៅ ដែល​មាន​ចំណង​ជើង​ថា “វត្ត​នៅ​កម្ពុជា​ក្រោម” សរសេរ​ថា “វត្ត សម្បូរ​រង្សី” ដែល​ឋិត​ក្នុង​ឃុំ​ក្រសាំង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះត្រពាំង ជា​វត្ត​ចាស់​ជាង​គេ ។ វត្តមាន​នេះ មាន​អាយុ​កាល ១៦៤៨ ឆ្នាំ​ហើយ ។

តំណាង​ព្រះសង្ឃ​ខ្មែរ​ក្រោម ​ធ្លាប់​លើក​ឡើង​ថា ប្រសិន​បើ​ខ្មែរ​ក្រោម​ បាត់បង់​វត្ត​អារាម មាន​ន័យ​ស្មើ​នឹង​បាត់បង់​ទឹក​ដី វប្បធម៌ និង​ពូជពង្ស​ខ្មែរ​ក្រោម​តែ​ម្តង ។ ខ្មែរក្រោម ​រក្សា​ទី​វត្តអារាម ដើម្បី​សហគមន៍​អន្តរជាតិ​ដឹង​ថា ខ្មែរ​ក្រោម ជា​ជន​ជាតិ​ដើម នៅ​លើ​ទឹក​ដីកម្ពុជា​ក្រោម ដែល​វៀតណាម ​បាន​វាត​ទី​គ្រប់គ្រង មិន​ដូច​វៀតណាម ​ដែល​អះអាង​ថា ខ្មែរ​ក្រោម​ជា​ជន​ជាតិ​ភាគ​តិច​រស់​នៅ​លើ​ទឹក​ដី​វៀតណាម​​ នោះ​​ទេ ។ ខ្មែរ​ក្រោម​ បាន​បាត់បង់​ទឹក​ដី​អស់​រយៈ​ពេល ៧២ ឆ្នាំហើយ ។

របាយការណ៍​គណៈកម្មការ​សេរីភាព​សាសនា​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​ឆ្នាំ ២០២១ បញ្ជាក់​ថា ស្ថានភាព​សេរីភាព​សាសនា​វៀតណាម​ សម្រាប់​ឆ្នាំ ២០២០ និង ២០១៩ មាន​លក្ខណៈ​ស្រដៀង​គ្នា គឺ​រដ្ឋាភិបាល​វៀតណាម​ នៅ​តែ​សកម្ម​ក្នុង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សេរីភាព​ផ្នែក​សាសនា​ លើ​ក្រុម​សហគមន៍​ជន​ជាតិ​ភាគ​តិច​ រួម​មាន​ក្រុម​ម៉ុងតាញ៉ា​ជា​ដើម ។ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សេរីភាព​ផ្នែក​សាសនា​រួម​មាន​ទាំង ការ​បង្ក​របួស​ស្នាម ដាក់ទណ្ឌកម្ម ឃុំខ្លួន និង​ចាប់​ដាក់​ពន្ធនាគារ​ជា​ដើម ៕

Leave A Reply

Your email address will not be published.