ខ្មែរក្រោម ​ថ្កោលទោស​ចំពោះ​ករណី​ទាហាន​យួន​ដើមកំណើត​ខ្មែរក្រោម​ម្នាក់​ ត្រូវ​ស្លាប់​ដោយ​អាថ៌កំបាំង​ នៅក្នុង​បន្ទាយទាហាន​

0 2,466

ដោយ ថាច់ ប្រីជា គឿន

យុវជន​ខ្មែរក្រោម​មួយ​រូប​ដែល​ចូល​បម្រើ​នៅក្នុង​កង​ជួរ​ទាហាន​ នៃ​របប​កុម្មុយនិស្ត​យួន​ ត្រូវ​ស្លាប់​ដោយ​មិនដឹង​ពី​មូលហេតុ​នៅក្នុង​បន្ទាយទាហាន​ ​;ហើយ​ត្រូវ​ក្រុមទាហាន​យួន​យក​សាកសព​ទៅ​វះ​ជាច្រើន​កន្លែង​ ដោយ​មិនបាន​ផ្ដល់​ដំណឹង​ជាមុន​ដល់​ក្រុម​គ្រួសារ​សព​ឡើយ​ ។ ក្រុម​គ្រួសារ​សព​ និង​អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​ក្រុមទាហាន​យួន​ និង​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ និង​បកស្រាយ​ឲ្យបាន​ច្បាស់​នូវ​ករណី​ស្លាប់​ដ៏​អាថ៌កំបាំង​នេះ​ ។ សាកសព​ដែល​ស្លាប់​នោះ​ មានស្នាម​ជាំ​នៅ​លើ​ខ្លួន​ ដែល​ក្រុម​អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ សង្ស័យ​ថា​ យុវជន​រូប​នេះ​ អាច​ត្រូវ​គេ​ធ្វើទារុណកម្ម​រហូតដល់​ស្លាប់​ ។

សពយុវជន​ខ្មែរក្រោម​ វិញ​ ជុង​ ត្រូវបានឪពុកម្តាយនាំយកមកតម្កល់នៅផ្ទះរបស់ខ្លួន ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
សពយុវជន​ខ្មែរក្រោម​ វិញ​ ជុង​ ត្រូវបានឪពុកម្តាយនាំយកមកតម្កល់នៅផ្ទះរបស់ខ្លួន ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

លោក​ វិន​ ជុង​ (Huynh​ Chung​) ជា​យុវជន​ខ្មែរក្រោម​នៅ​ ឃុំ​កំពង់ទូក​ ស្រុក​កំពង់ធំ​ ខេត្ត​ព្រះត្រពាំង​ ឬភាសា​យួន​ហៅថា​ ភូមិ​ Huong​ Phu​ C ឃុំ​ Da​ Loc​ ស្រុក​ Chau​ Thanh​ ខេត្ត​ Tra​ Vinh​ ត្រូវ​ស្លាប់​ដោយ​មិនដឹង​ពី​មូលហេតុ​នៅ​ថ្ងៃទី​ ២៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ ។ ក្រោយពេល​ស្លាប់​ និង​ បន្ទាប់ពី​បាន​វះ​រួច​ សាកសព​យុវជន​ខ្មែរក្រោម​រូប​នេះ​បាន​បញ្ជូន​សង​មក​គ្រួសារ​វិញ​នៅ​ថ្ងៃ​ដដែល​ ដោយមាន​ក្រុមទាហាន​ និង​ នគរបាល​យួន​ជាច្រើន​មកដល់​ផ្ទះ​ដើម្បី​បំភ្លឺ​ករណី​ស្លាប់​ដោយ​ចម្រូងចម្រាស​នេះ​ ។

យោង​តាម​វីដេអូ​មួយ​ឃ្លី​បដែល​អ្នកស្រុក​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ Facebook​ នៅ​ថ្ងៃទី​ ២៩​ ខែវិច្ឆិកា​ បាន​បង្ហាញ​ពី​ក្រុម​គ្រួសារ​សព​ចោទសួរ​ទៅ​តំណាង​ក្រុម​នគរបាល​យួន​ថា​ ហេតុអ្វី​សមត្ថកិច្ច​ហ៊ាន​យក​ជនរងគ្រោះ​ទៅ​វះ​ដោយ​គ្មាន​ការ​ចុះហត្ថលេខា​យល់ព្រម​ពី​ម្ដាយ​ឱពុក​សព​ និង​ថា​ ហេតុអ្វី​សមត្ថកិច្ច​មិន​ផ្ដល់​ដំណឹង​អំពី​ការ​ស្លាប់​មកដល់​ក្រុម​គ្រួសារ​សព​ ជាដើម​ ។ តំណាង​នគរបាល​យួន​បាន​ឆ្លើយតប​នឹង​ក្រុម​គ្រួសារ​សព​ថា​ គេ​មិន​ហ៊ាន​ផ្ដល់​ដំណឹង​ករណី​ស្លាប់​នេះ​ភ្លាម​ៗដល់​ក្រុម​គ្រួសារ​សព​ទេ​ ព្រោះ​ខ្លាច​នឹង​មានការ​តត់​ស្លុត​ ​; ទើប​គេ​ផ្ដល់​ដំណឹង​ជាដំបូង​ថា​ យុវជន​ វិញ​ ជុង​ ឈឺ​ទៅវិញ​ ។ តំណាង​នគរបាល​យួន​ក៏បាន​ថ្លែង​ថា​ គេ​នឹង​ពិនិត្យមើល​នូវ​លក្ខ​ខណ្ឌ​ផ្សេង​ៗក្នុង​ការ​ផ្ដល់​ជា​សំណង​ដល់​គ្រួសារ​សព​ទៅតាមច្បាប់​នៃ​ប្រទេស​វៀតណាម​ ។

ករណី​ស្លាប់​ដ៏​អាថ៌កំបាំង​របស់​ យុវជន​ខ្មែរក្រោម​ វិញ​ ជុង​ នេះ​ ត្រូវ​បាន​អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ ចែករំលែក​ (Share​) ពី​ម្នាក់​ទៅ​ម្នាក់​ និង​បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់​ក្រុមទាហាន​យួន​ និង​បាន​ថ្ដោល​ទោស​ថា​ នេះ​ជា​ទង្វើ​មួយ​ដ៏​អយុត្តិធម៌​សម្រាប់​ខ្មែរក្រោម​ ។

    

Leave A Reply

Your email address will not be published.