ខ្មែរក្រោម​ បន្ត​ទាមទារ​រដ្ឋាភិបាល​វៀតណាម ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ឈប់​សម្រាក​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​

0 207

ដោយ យាង​ ​សុធា​រិន្ទ

​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​នៅ​កម្ពុជា​ ​រួមគ្នា​ទាមទារ​សាជាថ្មី​ទៀត​ទៅកាន់​រដ្ឋាភិបាល​នៃបក្ស​កុម្មុយនិស្ត​វៀតណាម​ ផ្តល់​ឱ្យ​ខ្មែរក្រោម​នូវ​ថ្ងៃឈប់​សម្រាក​ផ្លូវការ​គ្រប់គ្រាន់​ ដើម្បី​ពលរដ្ឋ​ខ្មែរក្រោម​មានឱកាស​ ​និង​ពេលវេលា​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​នៅ​ដែនដីកម្ពុជាក្រោម​ ​។​ ​ការ​ទាមទារ​នេះ​ ​ខណៈ​ដែល​ពលរដ្ឋ​ខ្មែរក្រោម ​បាន​ត្រៀមលក្ខណៈ​ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ​ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម​ មិន​អនុញ្ញាត​ឱ្យ​ខ្មែរក្រោម​ឈប់​សម្រាក​ជាទូទៅ ​ដើម្បី​ប្រារព្ធ​ពិធី​ ​បុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្លួន​ឡើយ​ ​។​

​លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ បើកកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាខ្មែរក្រោម នាពេលកន្លងមក ។ រូបៈ សារព័ត៌មាន ព្រៃនគរ
​លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ បើកកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាខ្មែរក្រោម នាពេលកន្លងមក ។ រូបៈ សារព័ត៌មាន ព្រៃនគរ

​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ចាត់​ទុក​ការ​មិន​អនុញ្ញាត​មិន​ឱ្យ​ខ្មែរក្រោម ​មាន​ថ្ងៃឈប់​ ​សម្រាក​ទូទៅ​ជា​ផ្លូវការ​ថា ​ជា​ចេតនា​របស់​រដ្ឋាភិបាល​វៀតណាម ​ក្នុង​ការ​ព្យាយាម​លុបបំបាត់បន្តិចម្តងៗ​ នូវ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​ នៅ​ដែនដី​កម្ពុជាក្រោម​ ​និង​ជា​ការរំលោភ​ទៅលើ​ ​សិទ្ធិ​សេរីភាព​ផ្នែក​វប្បធម៌​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​។​

​លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​មាន​មូលដ្ឋាន​នៅ​ព្រះរាជាណាចក្រ​ ​កម្ពុជា​ចំនួន​ ​៩​ ​ស្ថាប័ន​ ​បាន​លើកឡើង​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​រួម​ ​នៅ​ថ្ងៃ​ទី ​១​៣​ ​ខែ​មេសា​ ​ថា​ ​បើ​ទោះ​ជាពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរក្រោម​ ​ជិត​ចូល​មកដល់​ក្តី​ ​ប៉ុន្តែ​រដ្ឋាភិបាល​ ​វៀតណាម​មិនបាន​ប្រកាស​កំណត់​ថ្ងៃឈប់​សម្រាក​ជា​ផ្លូវការ​ សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​ ​នោះ​ទេ​ ​លើកលែងតែ​អាជ្ញាធរ​ខេត្ត​ឃ្លាំង​ ​ដែល​វៀតណាម ​ប្តូរ​ទៅជា​ខេត្ត​សុក​ត្រាំ​ង​ ​ដែល​កាល​ ​ពី​ថ្ងៃ​ទី​ ៩​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​បាន​ ​ចេញ​សេចក្តីប្រកាស​អនុ​ញ្ញាតិឱ្យ​ខ្មែរក្រោម​ នៅ​ក្នុង​មួយខេត្ត​នេះ​ ​អាច​ឈប់​សម្រាក​រយៈពេល​ ​៣​ ​ថ្ងៃ​ ​ដើម្បី​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ​។​

​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​សម្តែង​ការ​ស្វាគមន៍​ចំពោះ​កាយវិការ​វិជ្ជមាន​របស់​អាជ្ញាធរ​វៀតណាម​ ខេត្ត​ឃ្លាំង​ ​ប៉ុន្តែ ​ការ​អនុ​ញ្ញាតិ​ត្រឹមតែ​ក្នុង​ខេត្ត​មួយ​នេះ​ ​វា​មិនទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​ ​។​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ នៅតែ​បន្ត​ទាមទារ​យ៉ាង​ទទូច​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ផ្តល់​ការ​អនុ​ញ្ញាតិ​ជា​ផ្លូវការ​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ទទួល​បាន​ថ្ងៃឈប់​សម្រាក​ នៅ​ទូទាំង​ដែនដី​កម្ពុជាក្រោម​ ​ដើម្បី​ខ្មែរក្រោម​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​សំខាន់​ៗ​ ​របស់​ខ្លួន​ ​ដែល​រួម​មាន​បុណ្យចូលឆ្នាំ​ខ្មែរ​ ​បុណ្យភ្ជុំបិណ្ឌ​ (​ឬ​បុណ្យ​សែនដូនតា​) ​និង​ពិធីបុណ្យអុំទូក​ ​ជាដើម​ ​។​

​ប្រធាន​លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​សម្បត្តិ​ ​ស៊ីណា​ ​មាន​ប្រ​សាសន៍​ថា​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​តែង​ទាមទារ​ទៅកាន់​រដ្ឋាភិបាល​វៀ​តណាម​អនុ​ញ្ញាតិឱ្យ​ខ្មែរក្រោម​ បាន​ឈប់​សម្រាក​នៅ​ទូទាំង​ដែនដី​កម្ពុជាក្រោម​ ​មិនមែន​តែ​ ​ខេត្ត​ឃ្លាំង​មួយ​នោះ​ទេ​ ​ព្រោះ​លោក​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ មាននៅ​ស្ទើរគ្រប់​ទីកន្លែង​ នៅ​ក្នុងដែនដី​កម្ពុជា​ ​ខេត្ត​ខ្លះ​មាន​តិច​ ​ខេត្ត​ខ្លះ​មាន​ច្រើន​ ​។​

លោក​ ​សម្បត្តិ​ ស៊ីណា​ ​​ប្រធាន​លេខាធិការដ្ឋាន​ ​អង្គការ​ ​សមាគមខ្មែរ​កម្ពុជា​ក្រោម ។ រូបៈ សារព័ត៌មាន ព្រៃនគរ
លោក​ ​សម្បត្តិ​ ស៊ីណា​ ​​ប្រធាន​លេខាធិការដ្ឋាន​ ​អង្គការ​ ​សមាគមខ្មែរ​កម្ពុជា​ក្រោម ។ រូបៈ សារព័ត៌មាន ព្រៃនគរ

​លោក​បន្ថែម​ថា​ ​ចំពោះ​ពលករ​ខ្មែរក្រោម​ដែល​ធ្វើការងារ​នៅ​តាម​ទីក្រុង​ ​ការ​មិន​អនុញ្ញាត​ ឱ្យ​មាន​ថ្ងៃឈប់​សម្រាក​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​ ​វា​ធ្វើ​ឱ្យ​ពួកគេ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ឈប់​ដោយឯកឯង​ ​ព្រោះ​ពួកគេ​ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​ផលប្រយោជន៍​ការងារ​ ​។​

លោក​ ​សម្បត្តិ​ ​ស៊ីណា​ ​៖​ ​«​វា​ជា​ការពិបាក​មួយ​ នៅ​ក្នុង​ការ​ឈប់​សម្រាក​របស់​កម្មករ​ ​វា​អត់​ទូលំទូលាយ​ ​ពេល​ឈប់​ពួកគាត់​បាត់បង់​នូវ​ប្រយោជន៍​ ​អ៊ីចឹង​ទៅ​ពួកគាត់​មិន​អាច​ទៅ​ជួបជុំ​បងប្អូន​បានទេ​ ​។​ បុណ្យ​ប្រពៃណី​ជាតិ​យើង​មួយ​ឆ្នាំ​គឺ​មាន​ម្តង​ ​បើ​ពលរដ្ឋ​ខ្មែរ​មិន​អាច​ចូលរួម​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​ទំនៀមទម្លាប់​ទេ​ ​ពិធីបុណ្យ​វា​កាន់តែ​បាត់​ទៅ​ ​សាបរលាប​ទៅ​»​ ​។​

​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​មាន​រយៈពេល​ ​៣​ ​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​ ១​៤​ ​ដល់​ ​១​៦​ ​ខែ​មេសា​ ​។​ ​វា​ជាពិធី​ ​បុណ្យ​ប្រពៃណី​ដ៏​សំខាន់​បំផុត​មួយ ​ចំពោះ​ប្រជាជាតិ​ខ្មែរក្រោម​ ​។​ ​ពលរដ្ឋ​ខ្មែរក្រោម​ បាន​ខិតខំ​ថែរក្សា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្លួន​ព្រោះ​វា​ជា​ជីវិត​ស្លាប់រស់​របស់​ខ្មែរក្រោម​ ​។​ ​ទោះជាយ៉ាងណា​ ​រដ្ឋាភិបាល​វៀតណាម​ហាក់​ព្យាយាម​ រារាំង​ពលរដ្ឋ​ខ្មែរក្រោម​មិន​ឱ្យ​ចូលរួម​ ​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្លួន​ឡើយ​ ​។​

​លោក​ ​សម្បត្តិ​ ​ស៊ីណា​ ​យល់ថា​ ​រដ្ឋាភិបាល​វៀតណាម​ហាក់​មាន​ចេតនា​ព្យាយាម​លុបបំបាត់​ ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​ នៅ​ដែនដី​កម្ពុជាក្រោម​ ​។​

លោក​ ​សម្បត្តិ​ ​ស៊ីណា​​ ​៖​ ​«​បុណ្យជាតិ​យើង​ ​គេ​មិន​ងាយ​ចេញច្បាប់​ឱ្យ​ឈប់​ទូលំទូលាយ​ទេ​ ​តែ​បើ​បុណ្យជាតិ​ ​របស់​គេ​វិញ​ហាក់​មានការ​ឱ្យ​ឈប់​ទូលំទូលាយ​ណាស់​ ​អ៊ីចឹង​ហើយ​ ​គេ​រក្សា​ប្រពៃណី​គេ​បាន​ ​ទូលំទូលាយ​ ​ចំណែកយើង​ហាក់​មានការ​រាំង​ស្ទះ​ ​គឺ​ពិបាក​ក្នុង​ការ​ឈប់​ ​។​ ​វា​ធ្វើ​ឱ្យ​ការចូលរួម​ ​ហាក់​សាប​បន្តិចម្តងៗ​ទៅ​»​ ​។​

​ក្រៅពី​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ នៅ​កម្ពុជា​ ​កន្លងទៅ​ ​យុវជន​ខ្មែរក្រោម​ ដែល​ជា​ពលករ​កំពុង​ធ្វើការ​ នៅ​តាម​រោងចក្រ​ ​សហគ្រាស​នានា​ ​នៅ​តាម​ទីក្រុង​ក្នុង​ប្រទេស​វៀតណាម​ ​ក៏បាន​ដាក់​ញត្តិ​ជាហូរហែ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ ​ដើម្បី​ស្នើសុំ​អនុ​ញ្ញាតិឱ្យ​ពួកគេ​ទទួល​ ​បាន​ថ្ងៃឈប់​សម្រាក​ជា​ផ្លូវការ​រយៈពេល​ ​៤​ ​ថ្ងៃ​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ​និង​ ​៤​ ​ថ្ងៃ​នៅ​ក្នុង​ ​ពិធី​បុណ្យភ្ជុំបិណ្ឌ​ ​ដើម្បី​ពួកគេ​មានឱកាស​គ្រប់គ្រាន់​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​ ជាមួយ​ឳពុក​ម្តាយ​ ​និង​សាច់ញាតិ​នៅ​ឯ​ស្រុកកំណើត​ ​។​ ​ប៉ុន្តែ​ ពួកគេ​មិន​ទទួល​បានការ​ឆ្លើយតប​ពី​រដ្ឋាភិបាល​វៀតណាម​នោះ​ឡើយ ​រហូតមកដល់​ពេល​បច្ចុប្បន្ន​ ​។​

​យុវជន​ខ្មែរក្រោម​លោក​ ​ថា​ច់ ​កឿង​ ​ដែល​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​៨​ ​មក​ ​បាន​ដាក់​ញត្តិ​ស្នើ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ ដើម្បី​ទាមទារ​ឱ្យ​មាន​ថ្ងៃឈប់​សម្រាក​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ១​៣​ ​ខែ​មេសា​ ​ថា​ ​ចូលឆ្នាំ​ៗ​ នេះ​ ​មិនសូវ​មាន​យុវជន​ ដែល​ជា​ពលករ​ខ្មែរក្រោម​មកលេង​ស្រុកកំណើត​នោះ​ទេ​ ​ដោយសារ​ពួកគេ​មិន​ទទួល​បាន​ការអនុញ្ញាត​ពី​ថៅកែ​រោងចក្រ​ ​។​ ​លោក​ថា​ ​មាន​កន្លែង​ការងារ​ ​ខ្លះ​អនុញ្ញាត​ឱ្យ​កម្មករ​ឈប់​ដែរ​ ​តែ​ជា​ប្រភេទ​សហគ្រាស​ធុន​តូច​លក្ខណៈ​គ្រួសារ​​​ ដែល​មាន​ចំនួន​កម្លាំង​ពលកម្ម​តិចតួច​ ​។​

លោក​ ​ថា​ច់ ​កឿង​ ​៖​ ​«​ឆ្នាំនេះ ​ភាគច្រើន​មិនបាន​មក​ទេ​ ​ណាមួយ​រោងចក្រ​គេ​មិន​ឱ្យ​ឈប់​នោះ​ទេ​ ​សំខាន់បំផុត​គឺ​នៅ​ដូន​ណៃ ​គឺ​គេ​មិន​ឱ្យ​ឈប់​ដាច់ខាត​តែម្តង​ ​។​ ​ឃើញ​តាម​វត្តអារាម​ព្រះសង្ឃ​រៀបចំ​បាន​ល្អ​ ​ប៉ុន្តែ​ កម្មករ​ខ្មែរ​មិនបាន​មក​ស្រុក​»​ ​។​

​យុវជន​ ​ថា​ច់ ​កឿង​ ​មាន​ស្រុកកំណើត​នៅ​ភូមិ​ផ្នោ​រំចេក​ ​ឃុំ​ដើម​ជ្រៃ​ ​ស្រុក​ផ្នោ​ដាច់​ ​ខេត្ត​ព្រះ​ត្រពាំង​ ​។​ ​លោក​គឺ​ជាសកម្ម​ជន​តស៊ូ​មតិ​ខ្មែរក្រោម​ ដែល​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ​ខេត្ត​ព្រះត្រពាំង ​កោះហៅ​សួរនាំ​ករណី​បង្ហោះ​វីដេអូ​ចោទ​អាជ្ញាធរ​វៀតណាម​ ថា​ ចែក​អង្ករ​ក្លែងក្លាយ​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​និង​ត្រូវ​បាន​អាជ្ញាធរ​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៧​ ​លាន​ដុ​ង​ ​ស្មើ​ប្រមាណ​ ​៣​០​០​ ​ដុល្លារ​អាមេរិក​ ​។​

​លោក​​​មាន​ស្រុកកំណើត​ នៅ​ខេត្ត​ព្រះត្រពាំង​ ​តែ​បច្ចុប្បន្ន​ ​លោក​ឡើង​ប្រកបរបរចិញ្ចឹមជីវិត​ នៅ​ទីក្រុង​ព្រៃនគរ​ ​ដោយ​បើក​លក់​ស​ម្លៀ​ក​បំពាក់​ប្រពៃណី​ខ្មែរ​ ​ប៉ុន្តែ​ ពីមុន​លោក​ក៏​ធ្លាប់ធ្វើ​ជា​​ពលករ​ នៅ​តាម​រោងចក្រ​ផង​ដែរ​ ​។​

​ដោយឡែក​ ​កាលពី​យប់​ថ្ងៃ​ទី ​៤​ ​ខែ​មេសា​ ​ឆ្នាំ ​២​០​២​១​ ​នគរបាល​វៀតណាម​ ​នៃ​សង្កាត់​ទី​ ១​៦​ ​ខណ្ឌ​ហ្ក​វ៉ា​ប​ (​Go​ ​V​a​p​) ​ទីក្រុង​ព្រៃនគរ​ ​ប្រមាណ​ ​១​០​ ​នាក់​ ​បាន​ចុះ​ដល់កន្លែង​អាជីវកម្ម​របស់​ ​លោក​ ​ថា​ច់ ​កឿង​ ​សម្រុក​ចូល​រុករក​សៀវភៅ​ ​«​ពន្លឺ​នៃ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​ដែល​សរសេរ​ដោយ​ព្រះសង្ឃ​ខ្មែរក្រោម​ព្រះនាម​ ​ថា​ច់ ​ប្រីជា​ គឿ​ន​ ​ដែល​ជា​និពន្ធ​នាយក​នៃ​ ​សារ​ព័ត៌មាន​ព្រៃនគរ​ ​និង​ជា​អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​សហរដ្ឋអាមេរិក​ ​។​

​អាជ្ញាធរ​សង្ស័យ​ថា ​យុវជន​ ​ថា​ច់ ​កឿង​ ​រក្សាទុក​សៀវភៅ​ចំនួន​ ​១​០​០​ ​ក្បាល​ក្នុង​បំណង​ផ្ញើ​ទៅ​ឱ្យ​យុវជន​ខ្មែរក្រោម ​ផ្សេងទៀត​ ដើម្បី​ចែកចាយ​បន្ត​ ​ប៉ុន្តែ​ពួកគេ​រុករក​មិន​ឃើញ​នោះ​ឡើយ​ ​។​

យុវជន​ខ្មែរ​ក្រោម​ ឈ្មោះ ថាច់ កឿង រស់​នៅ​ខេត្ត​ព្រះត្រពាំង វៀតណាម ដូរ​ទៅជា​ខេត្ត​ត្រាវិញ (Tra Vinh) ដែល​អាជ្ញាធរ​វៀតណាម​ ។ រូប៖ ហ្វេសប៊ុក ថាច់ កឿង
យុវជន​ខ្មែរ​ក្រោម​ ឈ្មោះ ថាច់ កឿង រស់​នៅ​ខេត្ត​ព្រះត្រពាំង វៀតណាម ដូរ​ទៅជា​ខេត្ត​ត្រាវិញ (Tra Vinh) ដែល​អាជ្ញាធរ​វៀតណាម​ ។ រូប៖ ហ្វេសប៊ុក ថាច់ កឿង

​យុវជន​ ​ថា​ច់ ​កឿង​ ​ប្តេជ្ញា​ថា​ ​លោក​នឹង​បន្ត​ការ​តស៊ូ​មតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ​អនុ​ញា​តឱ្យ​ពលករ​ខ្មែរក្រោម ​បាន​ឈប់​សម្រាក​ឱ្យ​បាន​ពេញលេញ​ ដើម្បី​មកលេង​ស្រុកកំណើត​ចូលរួម​ ​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្លួន​ ​។​

​យុវជន​ ​ថា​ច់ ​កឿង ៖​ ​«​យើង​ចង់បាន​ឱ្យ​ខ្មែរក្រោម ​របស់យើង​ទូទាំង​ប្រទេស​វៀតណាម​ ​ទោះបី​ទៅ​ធ្វើការ​ ​នៅ​រោងចក្រ​ណា​ ​នៅ​ទីក្រុង​ណា​ឱ្យ​បាន​ឈប់​ទាំងអស់​ ព្រោះអី​យើង​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ ​គឺ​ ​យើង​សុំ​ទូទាំង​ប្រទេស​វៀតណាម​ ​មិនមែន​សុំ​តែ​ខេត្ត​មួយ​ចំនួន​តូច​ៗ​ នោះ​ទេ​ ​បើ​អ៊ីចឹង​សុំ​ធ្វើ​អី​»​ ​។​

​ប្រធាន​លេខាធិការដ្ឋាន​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​សម្បត្តិ​ ​ស៊ីណា​ ឱ្យ​ដឹង​ថា​ ​ខ្មែរក្រោម​នឹង​នៅតែ​បន្ត​ទាមទារ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ ដើម្បី​ផ្តល់​ការ​ឈប់​សម្រាក​ដល់ខ្មែរក្រោម​ ​។​ ​លោក​ថា​ ​ខ្មែរក្រោម​នឹង​ដាក់​ញត្តិ​ទៅកាន់​ស្ថានទូត​វៀតណាម ​ប្រចាំ​នៅ​កម្ពុជា​ ​។​

​មាត្រា​ ​១​១​ ​នៃ​សេចក្តីប្រកាស​អង្គការសហប្រជាជាតិ​ ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ​ចែង​ថា​ ​«​ជនជាតិ​ដើម​ភាគតិច​មាន​សិទ្ធិ​ប្រតិបត្តិ​ ​និង​ធ្វើ​ឱ្យ​រស់រវើក​ឡើងវិញ​នូវ​ប្រពៃណី​ ​និង​ទំនៀម​ ​ទម្លាប់​ជា​វប្បធម៌​របស់​ខ្លួន​ ​។​ ​សិទ្ធិ​នេះ​ ​រួម​មាន​ទាំង​សិទ្ធិ​ក្នុង​ការ​ថែរក្សា​ ​ការពារ​ ​និង​អភិវឌ្ឍ​អ្វីៗ​ ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​វប្បធម៌​របស់​ខ្លួន ​ដែល​មាន​ពី​អតីតកាល​ ​បច្ចុប្បន្ន​ ​និង​អនាគត​ ​ដូចជា​តំបន់​បុរាណ​វិទ្យា​ ​តំបន់​ប្រវត្តិ​សា​ស្រ្ត ​បុរាណវត្ថុ​ ​រចនាបថ​ ​ពិធីបុណ្យ​ ​បច្ចេកវិទ្យា​ សិល្បៈ ​ទស្សនីយភាព​ ​ការសំដែងសិល្បៈ​ ​និង​អក្សរ​សា​ស្រ្ត​»​ ​។​

​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​លើកឡើង​ថា​ ​ក្នុងនាម​រដ្ឋ​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ ​ប្រទេស​វៀតណាម​ បាន​គំា​ទ្រ​សេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស​ ​សេចក្តីប្រកាស​អង្គការសហប្រជាជាតិ​ ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ​ព្រមទាំង​កតិកាសញ្ញា​ ​និង​អនុសញ្ញា​ពាក់ព័ន្ធ​ដទៃទៀត​ស្តីពី​សិទ្ធិមនុស្ស​ ​រដ្ឋាភិបាល​វៀតណាម ​ត្រូវ​មាន​កាតព្វកិច្ច​ជាអន្តរជាតិ​ ​ផ្តល់​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​នូវ​ឱកាស​ ​និង​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការចូលរួម​បា្រ​រ​ព្ធ ​និង​ថែរក្សា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន ៕

Leave A Reply

Your email address will not be published.