ខ្មែរក្រោមធ្វើបាតុកម្មនៅទីក្រុងហ្សឺណែវ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃព្រឹក ថ្ងៃពុធ ទី ០៥ ខែកុម្ភៈ សហព័ន្ធខ្មែរកម្ពុជាក្រោមនៅតាមប្រទេសនានា ក្នុងទ្វីបអ៊ឺរ៉ុបបានមកជួបជុំគ្នាធ្វើ បាតុកម្ម នៅ មុខការយាល័យអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វិស ដើម្បីប្រឆាំងនឹងរដ្ឋាភិ បាលវៀត ណាម ដែលបានរំលោភសិទ្ធិលើពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម ។ ការធ្វើបាតុកម្មនេះ ស្របពេល ដែលតំណាង រដ្ឋាភិបាល វៀតណាមចូលឆ្លើយការពាររបាយការណ៍សិទ្ធិមនុស្សរបស់ខ្លួន នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គ ការ សហ ប្រជាជាតិ តាមកាលកំណត់ ហៅកាត់ថា UPR ។

ចុចស្ដាប់ សហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើបាតុកម្មនៅស្វិស
បាតុករដែលបានចូលរួមបាតុកម្ម បានលើកបដារូបថតព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដែលត្រូវរដ្ឋាភិបាលវៀតណាម ចាប់ ដាក់ពន្ធនាគារភ្ជាប់ជាមួយអក្សរទាមទារឲ្យវៀតណាមដោះលែងជនរងគ្រោះទាំងនោះ ។ បាតុករបានស្រែក ជ័យឃោសន៍ និងបញ្ចេញមតិ ថ្កោលទោសរដ្ឋាភិបាលវៀតណាមថា បានរំលោភសិទ្ធិលើពលរដ្ឋ ខ្មែរក្រោម យ៉ាងធ្ងន់ធ្ងរ ។
ទោះបីមេឃបានបង្អុះភ្លៀងយ៉ាងច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចរាំងដំណើរបាតុករដែលដឹកនាំដោយសហព័ន្ធខ្មែរ កម្ពុជាក្រោម មកជួបជុំគ្នាធ្វើបាតុកម្មដើម្បីទាមទាររកយត្តិធម៌ជូនព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដែលត្រូវបាន រដ្ឋាភិបាល វៀត ណាម ចាប់ដាក់គុក នៅកម្ពុជាក្រោម នោះទេ ។ នេះបើតាមការថ្លែងរបស់ លោក ថាច់ ង៉ុក ថាច់ ប្រ ធានសហព័ន្ធ ខ្មែរកម្ពុជាក្រោម ដែលបានបញ្ជាក់ទៅកាន់បាតុករ នៅទីលានប្រជាធិបេតយ្យ មុខការិយាល័យអង្គ ការសហប្រជាជាតិ ។
លោក ថាច់ ថាច់ ង៉ុក ថាច់ បានថ្លែងថា៖
“ដូច្នេះហើយ បានជាបងប្អូនខ្មែរ ខ្មែរក្រោម ហ្នឹង សុខចិត្តស៊ូទ្រាំនៅក្រោមភ្លៀងត្រជាក់ នៅក្រោមដំណក់ទឹកភ្លៀង ។ ដូច្នេះ ខ្ញុំសង្ឃឹមថា បងប្អូនយើងខិតខំទាំងអស់គ្នាជួយតស៊ូឡើង ហើយត្រូវតែហ៊ានប្ដេជ្ញាចិត្ត ។ នៅនេះ យើង បង់កម្លាំង បង់ទឹកចិត្ត និងបង់ថវិកាតិចតួច តែបងប្អូនយើង ព្រះសង្ឃយើងនៅក្នុងស្រុក គឺបង់ជីវិត ” ។
លោក ថាច់ ង៉ុក ថាច់ បានបញ្ជាក់ថា ខ្មែរក្រោមត្រូវបានរដ្ឋាភិបាលវៀតណាម ធ្វើទុកបុកម្នេញជាយូរមកហើយ គឺ រងគ្រោះចាប់តាំងពីវៀតណាមមកគ្រប់គ្រងខ្មែរក្រោម នៅក្រោមនៅដែនដីកម្ពុជាក្រោម ។ លោកថា មកដល់ពេល នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងតែធ្វើសកម្មភាពឈានដល់ដំណាក់កាលទី ២ ហើយ ខណៈដែលដំណាក់ កាលទី ១ សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវចំណាយពេល ជាង ១០ ឆ្នាំ ដើម្បីធ្វើឲ្យសហគមន៍អន្តរជាតិដឹងថា ខ្មែរ ក្រោមជានរណា ។ មកដល់ពេលនេះ ជាដំណាក់កាលទី ២ ខ្មែរក្រោម ត្រូវបានសហគមន៍ដឹងច្បាស់ហើយៗ សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងតែរៀបចំឯកសារផ្សេងៗទាក់ទងនឹងការរំលោភសិទ្ធិមនុស្សពីរដ្ឋាភិបាលវៀតណាម លើពលរដ្ឋខ្មែរក្រោម ជូនទៅ អង្គការការអន្តរជាតិនានាឲ្យគេជួយអន្តរាគមន៍ដល់បញ្ហាខ្មែរក្រោម ។
លោក ថាច់ ថាច់ ង៉ុក ថាច់ បានថ្លែងថា៖
“យើងចំណាយពេលអស់រយៈពេល ១០ ឆ្នាំ ដើម្បីឲ្យសហគមន៍អន្តរជាតិដឹងស្គាល់ថា តើខ្មែរក្រោមជា នរណា ។ នៅក្នុងពេលបច្ចុប្បន្ននេះ មានការយកចិត្តទុកដាក់ទាំងអង្គការសហប្រជាជាតិ ទាំងក្រុមប្រឹក្សា សិទ្ធិមនុស្ស សហគមន៍អ៊ឺរ៉ុប ក៏ដូចរដ្ឋាភិបាលនានា មាន ប្រទេសកាណាដា សហរដ្ឋអាមេរិក អូស្ត្រាលី និងសហគមន៍អ៊ឺរ៉ុប ជាដើម ដែលគេយកចិត្តទុកដាក់ ហើយគេស្គាល់ខ្មែរក្រោមយ៉ាងច្បាស់” ។
អ្នកស្រី ថាច់ សុភាព ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសស្វិស បានប្រាប់វិទ្យុសំឡេងកម្ពុជា ក្រោមថា អ្នកស្រីមកធ្វើបាតុកម្មនេះ ដើម្បីទាមទារឲ្យវៀតណាមដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅកម្ពុជា ក្រោម ដែលត្រូវបានវៀតណាមចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌ ។ លោកស្រីបានបន្តទៀតថា លោកស្រី សប្បាយរីករាយ ដែលបានឃើញពលរដ្ឋខ្មែរមានចិត្តស្រឡាញ់ជាតិ ហើយបាននាំគ្នាចេញធ្វើបាតុកម្ម ដើម្បីជួយដល់ ព្រសង្ឃដែលត្រូវ បានវៀតណាមចាប់ដាក់ពន្ធនាគារ ។
អ្នកស្រី ថាច់ សុភាព បានថ្លែងថា៖
“ នាងខ្ញុំ មានអារម្មណ៍ថាសប្បាយរីករាយ ហើយឃើញបងប្អូនយើងទាំងអស់គ្នាដែលមាន ឆន្ទៈជួយបង ប្អូនខ្មែរ កម្ពុជាក្រោម …។ គ្រប់ពេលវេលា ពេលបងប្អូនខ្មែរក្រោមមានទុក្ខ បងប្អូនខ្មែរកណ្ដាលទាំងអស់ នៅជុំវិញ ពិភពលោក បានមកកាន់ទីនេះ ដើម្បីចូលរួមមហាបាតុកម្មប្រឆាំងប្រទេសដែលបានធ្វើបាប បងប្អូនខ្មែរយើងនៅ កម្ពុជាក្រោម” ។
ព្រះតេជព្រះគុណ សឺន វុឌ្ឍ ព្រះសង្ឃខ្មែរក្រោម មកពីប្រទេសបារាំង បានថ្លែងថា ព្រះអង្គមានការឈឺចាប់ពេល បាន ឃើញ រដ្ឋាភិបាលវៀតណាម បានចាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមផ្សឹក និងដាក់ពន្ធនាគារទាំងកម្រោល ។ ព្រះអង្គ បានបន្តទៀតថា អ្វីដែលនាំឲ្យព្រះអង្គនិមន្តចេញមកធ្វើបាតុកម្មនេះ គឺចង់អំពាវនាវទៅសហគមន៍អន្តរជាតិ មានប្រទេស មហាអំណាចធំៗជាដើម ជួយដាក់សម្ពាធទៅរដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ។
ព្រះតេជព្រះគុណ សឺង វុឌ្ឍ បានមានថេរដីកាថា៖
“ចង់ឲ្យប្រទេសដែលមានមហាអំណាចធំៗ ដូចជាបារាំងក្ដី ដូចជាខាងសហភាពអ៊ឺរ៉ុបក្ដី និងបណ្ដាប្រទេសនានា ដែលជា សមាជិកនៃអង្គការសហប្រជាជាតិហ្នឹង យកត្រចៀក យកភ្នែក ដើម្បីមើលដល់ពលរដ្ឋខ្មែរក្រោម ផង” ។
ឆ្លើយតបនឹងការលើកឡើងថា វៀតណាមមានការរំលោភសិទ្ធិមនុស្សនោះ តំណាងគណៈកម្មការសាសនានៃរដ្ឋា ភិបាល វៀតណាម បានថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ថ្ងៃទី ០៥ ខែកុម្ភៈ ថា រដ្ឋាភិបាល ជានិច្ច កាលតែងតែការពារសិទ្ធិសេរីភាពសាសនារបស់ប្រជាពលរដ្ឋ ។ រដ្ឋធម្មនុញ្ញថ្មី នៃប្រទេសវៀតណាមបាន ទទួលស្គាល់នូវសិទ្ធិទាំងនេះ ។
តំណាងរដ្ឋាភិបាលវៀតណាមបានថ្លែងបន្តទៀតថា ក្រុមសាសនានៅក្នុងប្រទេសវៀតណាម ត្រូវបានរដ្ឋាភិបាល ទទួល ស្គាល់ ហើយអាគារសម្រាប់គោរពបូជាសាសនាជាង ៣.០០០ ត្រូវបានសាងសង់ថ្មី ។ រាល់ក្រុមសាសនា នៅក្នុង ប្រទេសមានសិទ្ធិទាក់ទងសាសនានៅក្រៅប្រទេស និងអាចចូលរួមក្នុងសកម្មភាពមនុស្សធម៌ ។ រៀងរាល់ ឆ្នាំ មាន បរិស័ទសាសនារាប់រយនាក់បានចេញក្រៅប្រទេស ដើម្បីបណ្ដុះបណ្ដាល ។ រាល់ព្រឹត្តិការណ៍ ១០០ ឆ្នាំ របស់ សាសនា គ្រឹស្តផ្សាយចូលប្រទេសវៀតណាម មានការចូលរួមពីមេដឹកនាំសាសនាគ្រឹស្តមកពីសហរដ្ឋអាមេរិក កូរ៉េ និងប្រទេសអ៊ឺរ៉ុប ។ ក្រៅពីនេះ រដ្ឋាភិបាលបានអនុញ្ញាតឲ្យសមាគមព្រះពុទ្ធសាសនាវៀតណាម ប្រារព្ធពិធី បុណ្យវិសាខបូជាអង្គ ការសហ ប្រជាជាតិនៅហាណូយ ផងដែរ ។
សូមបញ្ជាក់ថា ព្រះសង្ឃខ្មែរក្រោមពីរអង្គ គឺព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី នៃវត្តសេរី តាសេក ត្រូវបានរដ្ឋាភិបាលចាបដាក់គុក កាលពីឆ្នាំទៅមិញ ដោយចោទថា ព្រះសង្ឃទាំងអង្គនេះ បានទាក់ទងទៅ ខ្មែរ ក្រោម នៅក្រៅប្រទេស ។ ក្រោយមកតុលាការវៀតណាមបានប្រកាសសាលក្រមឲ្យ ព្រះតេជព្រះគុណ ថាច់ ធឿន ជាប់គុក ៦ ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ ២០១៣ ។ ទង្វើទាំងនេះ ត្រូវបានពលរដ្ឋខ្មែរក្រោមមើលឃើញថា វៀត ណាមបាន អនុវត្តផ្ទុយនឹងអ្វីដែលខ្លួនបានថ្លែងចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិថា រាល់ក្រុមសាសនានៅ ក្នុងប្រទេសត្រូវបានរដ្ឋាភិបាលគោរព ៕
ខាងក្រោមជារូបថតសកម្មភាពបាតុកម្មនៅមុខការិយាល័យអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វិស ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៤ ។ រូបថត ថាច់ វាសនា