បាតុកម្មរឿងកម្ពុជាក្រោមល្បីនៅលើ បណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
បណ្ដាញផ្សព្វផ្សាយនៅលើគេហទំព័រព័ត៌មាន និងកាសែតនៅក្នុងប្រទេសកម្ពុជា ទាំងភាសាខ្មែរ ទាំងភាសាអង់គ្លេស ព្រមទាំង បណ្ដាញផ្សាយព័ត៌មានអន្តរជាតិ និង បណ្ដាញសង្គម Facebook បាននាំគ្នាចុះផ្សាយរឿង “កម្ពុជាក្រោម” ព្រោងព្រាត ធ្វើឲ្យ មានការចាប់អារម្មណ៍ពីសហគមន៍ជាតិ និងអន្តរជាតិ ។ ការចុះផ្សាយព័ត៌មាននេះ បន្ទាប់ពីសមត្ថកិច្ចខ្មែរបានបង្ក្រាបទៅ លើអ្នកតវ៉ារបស់ក្រុមយុវជនខ្មែរ ដែលបានធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ដឹកនាំដោយសហព័ន្ធ និស្សិតបញ្ញវន្តកម្ពុជា កាលពីព្រឹកថ្ងៃ ទី ៨ ខែកក្កដា កន្លងទៅនេះ ។

បាតុកម្មរឿងកម្ពុជាក្រោមល្បីនៅលើ បណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ
នៅព្រឹកថ្ងៃទី ០៩ ខែកក្កដា មួយថ្ងៃ បន្ទាប់ពីព្រឹត្តិការណ៍បាតុកម្មរួចមក គ្រប់កាសែតដែលបានចេញផ្សាយ នៅក្នុងប្រទេស កម្ពុជា បានចុះផ្សាយនៅលើទំព័រមុខរបស់ខ្លួនស្ដីពីរឿងរ៉ាវកម្ពុជាក្រោមគ្មានចន្លោះឡើយ ។ ចំណែក គេហទំព័រព័ត៌មានឯករាជ្យ ល្បីៗរបស់ខ្មែរមួយចំនួនដែលបានចុះផ្សាយ មានដូចជា ភ្នំពេញប៉ុស្តិ៍, Cambodia Daily, VOD , គេហទំព័រព័ត៌មានថ្មីថ្មី និងគេហទំព័រវិទ្យុបរទេសជាភាសាខ្មែរ ដូចជា សំឡេងសហរដ្ឋអាមេរិក , វិទ្យុអាស៊ីសេរី , វិទ្យុបារាំងអន្តរជាតិ និង វិទ្យុអូស្ត្រាលី ABC ។ ងាកទៅមើលបណ្ដាញផ្សាយព័ត៌មានអន្តរជាតិវិញ មានទីភ្នាក់ងារព័ត៌មានល្បីៗមួយចំនួនដូចជា REUTERS , Yahoo News, Radio Free Asia វិទ្យុអាស៊ីសេរីជាភាសាអង់គ្លេស, Voice of America សំឡេងសហរដ្ឋអាមេរិកជាភាសា អង់គ្លេស, ទីភ្នាក់ព័ត៌មានរដ្ឋចិន Xinhua (Xinhua News Agency) , Shanghai Daily, The Globe and Mail និង បណ្ដាញព័ត៌មានទូរទស្សន៍ថៃដ៏ល្បីរបស់ថៃ Thai PBS ។ ក្រៅពីនេះ គេហទំព័រអង្គការប្រជាជាតិគ្មានតំណាង ហៅកាត់ជា ភាសាអង់គ្លេសថា UNPO ដែលសហព័ន្ធខ្មែរកម្ពុជាក្រោមជាសមាជិក និង គេហទំព័រវិទ្យុ VOA និង RFA ជាភាសា យួនក៏បានចុះផ្សាយរឿងនេះ ដែរ ។
តើព័ត៌មានអត្តរជាតិទាំងនេះ គេធ្វើសេចក្ដីរាយការណ៍អ្វីខ្លះអំពីការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅមុខស្ថានទូតវៀតណាម ។
ព័ត៌មាន Yahoo News ដែលជាគេហទំព័រដ៏ល្បីសម្រាប់មនុស្សក្នុងពិភពលោកបានចុះផ្សាយព័ត៌មានរូបថតមួយចំនួនបន្តពី ព័ត៌មាន REUTERS ។ ចំណងជើងនៅក្រោមរូបថតដែលបង្ហាញពីទិដ្ឋភាពតវ៉ានៅមុខស្ថានទូតវៀតណាម បានសរសេរកត់ សម្គាល់ថា៖
“ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំមុខស្ថានទូតវៀតណាម នៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលធ្វើបាតុកម្ម នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៤ ហើយប៉ូលីសបានបំបែកអ្នកតវ៉ា ដោយអ្នកគាំទ្របក្សប្រឆាំងដែលបានទាមទារឲ្យ លោក ត្រឹង វ៉ាំង ថុង អ្នកនាំពាក្យ ស្ថាតទូតវៀតណាម ប្រចាំកម្ពុជា សុំទោសជាសាធារណៈ ចំពោះសម្ដីដែលគាត់បាន និយាយថា កម្ពុជាក្រោម ជាទឹកដី របស់ប្រទេសវៀតណាមជាយូរមកហើយ ។ អ្នកតវ៉ា បានអះអាងថា កម្ពុជាក្រោម ដែលជាផ្នែកមួយភាគខាងត្បូងនៃប្រទេស វៀតណាមនោះ ជាដែនដីមួយភាគរបស់កម្ពុជា មុនពេល បារាំងបានកាត់ឲ្យវៀតណាម ក្នុងឆ្នាំ ១៩៤៩” ។
“កងកម្លាំងសន្តិសុខកម្ពុជាបំបែកក្រុមអ្នកតវ៉ានៅក្នុងបាតុកម្មប្រឆាំងនឹងវៀតណាម” ។ នេះជាចំណងជើងអត្ថបទទីមួយដែល ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ដែលបានចេញផ្សាយនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០០១៤ ។ ផ្ដើមសេចក្ដីរាយការណ៍ របស់ខ្លួន Xinhua បានកត់សម្គាល់ថា៖
“កងកម្លាំងសន្តិសុខកម្ពុជា នៅព្រឹកថ្ងៃអង្គារ បានបំបែកអ្នកតវ៉ាជាព្រះសង្ឃខ្មែរក្រោម និងអ្នកគាំទ្រប្រមាណ ១០០ រូប ដែល បានធ្វើបាតុកម្មប្រឆាំងនឹងប្រទេសវៀតណាម បន្ទាប់ពីមន្ត្រីស្ថានទូតវៀតណាម បានលើកឡើង ថា អតីតខេត្តនៅកម្ពុជាក្រោម ជាកម្មសិទ្ធិរបស់ប្រទេសវៀតណាម មុនពេលការផ្ទេរដែនដីនេះជាផ្លូវដោយបារាំង ក្នុងឆ្នាំ ១៩៤៩” ។
Xinhua បានស្រង់សម្ដីលោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលជាអ្នកដឹកនាំការធ្វើបាតុកម្មនេះថា “យើងតវ៉ាទាមទារឲ្យ លោក ត្រឹង វ៉ាំង ថុង សុំទោសចំពោះសម្ដីរបស់គាតដែលបានបំភ្លៃ” ប្រវត្តិដែនដីកម្ពុជាក្រោម ។
អត្ថបទទីពីររបស់ Xinhua បានដាក់ចំណងជើងថា “វៀតណាមថ្កោលទោសជនជាតិភាគតិចខ្មែរក្រោមអំពីការធ្វើបាតុកម្មប្រ ឆាំងវៀតណាម” ។ អត្ថបទនេះ Xinhua បានស្រង់យលសេចក្ដីថ្លែងការណ៍របស់ស្ថានទូតវៀតណាម ចុះថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៤ មកឆ្លើយតបនឹងក្រុមអ្នកតវ៉ាថា “វៀតណាមសូមថ្កោលទោសចំពោះទង្វើណាដែលជាការប្រឌិត ការបំភ្លៃ និងមួល បង្កាច់ទៅលើមូលដ្ឋានច្បាប់ ចំពោះអង្គការ ឬ បុគ្គលណាមួយដែលប្រឆាំងនឹងការឯកភាពបូរណភាពទឹកដីនៃប្រទេស វៀតណាម” ។
បញ្ចប់សេចក្ដីរាយការណ៍ Xinhua បានកត់សម្គាល់ថា៖
“យោងតាមប្រវត្តិសាស្ត្រ អាណានិគមបារាំង បានផ្ទេរដែនដីកម្ពុជាក្រោម ជាដីមួយភាគនៃប្រទេសកម្ពុជា ឲ្យទៅវៀតណាម ប្រទេសជិតខាង កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ” ។
“ការប៉ះទង្គិចគ្នានៅស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញ” នេះជាចំណងជើងដែលបានផ្សាយនៅលើគេទំព័រ សារព័ត៌មានថៃ Thai PBS នៅថ្ងៃទី ០៩ ខែកក្កដា មួយថ្ងៃបន្ទាប់ពីការធ្វើបាតុកម្ម ។ សារព័ត៌មាននេះ បានស្រង់ព័ត៌មានចេញពីកាសែត ភ្នំពេញ ប៉ុស្តិ៍ធ្វើសេចក្ដីរាយការណ៍ថា៖
“អ្នកតវ៉ាជាច្រើន និង កម្លាំងសន្តិសុខបានរងរបួស ក្នុងអំឡុងពេលនៃការប៉ះទង្គិច គ្នានៅពេលដែលប្រជាជន ប្រហែល ២០០ នាក់ ដែលជាសមាជិកនិងអ្នកគាំទ្ររបស់អង្គការខ្មែរក្រោម បានតវ៉ានៅខាង ក្រៅស្ថានទូតវៀត ណាមក្នុងរាជធានីភ្នំពេញ” ។
គេហទំព័រអាស៊ីសេរីជាភាសាអង់គ្លេសបានរាយការណ៍ជាវីដេអូផង និងអត្ថបទផង ។ នៅក្នុងអត្ថបទមួយមាន ចំណងជើងថា “ព្រះសង្ឃខ្មែរក្រោមប៉ះទង្គិចជាមួយប៉ូលិសកម្ពុជាជុំវិញរឿងសេចក្ដីថ្លែងការណ៍របស់ក្រុងហាណូយ” ដែលអមដោយ រូបថត អ្នកតវ៉ាកាន់ទង់ ជាតិកម្ពុជាក្រោមបក់គ្រវីនៅកណ្ដាលហ្វូងបាតុកម្មនោះ មានសេចក្ដីរាយការណ៍ ថា ៖
“ព្រះសង្ឃ និងនិស្សិតជាង ១០០ នាក់ ជាជនជាតិភាគតិចខ្មែរក្រោម នៃប្រទេសវៀតណាម រស់នៅក្នុងប្រទេស កម្ពុជា បានប៉ះទង្គិចគ្នាជាមួយនឹងកងកម្លាំងប្រដាប់អាវុធ និងកម្លាំងការពារសន្តិសុខ នៅថ្ងៃអង្គារនៅមុខស្ថាន ទូតវៀតណាមនាទីក្រុងភ្នំពេញ ខណៈដែលពួកគេធ្វើដំណើរ ទៅស្ថានទូតដើម្បីទាមទារឲ្យមន្ត្រីស្ថាន ទូតវៀត ណាមសុំទោសទាក់ទងនឹងសម្ដី ដែលបាននិយាយទាក់ទងនឹងរឿងកម្មសិទ្ធិដែនដីដែលកំពុងមានជម្លោះ” ។
អត្ថបទនេះ ក៏បានធ្វើសេចក្ដីរាយការណ៍កត់សម្គាល់នូវប្រវត្តិដែនដីកម្ពុជាក្រោមថា៖
“កូស័ងស៊ីនអាណានិគមបារាំង ក្នុងនោះ រាប់បញ្ចូនទាំងអតីតខេត្តនៅកម្ពុជាក្រោមផង ត្រូវបានកាត់ឲ្យវៀត ណាមជាផ្លូវការនៅក្នុងឆ្នាំ ១៩៤៩ តែដែនដីមួយភាគនេះ ត្រូវបានត្រួតត្រាដោយវៀត ណាមនៅក្នុងពាក់ កណ្ដាលសតវត្ស ទី ១៧ ។
កំពង់ផែសមុទ្រដ៏សំខាន់បំផុតនៃកម្ពុជាក្រោម ដែលគេធ្លាប់ហៅថា ព្រៃនគរ នោះ ឥឡូវនេះ ត្រូវបានគេស្គាល់ថា ជាទីក្រុង ហូជីមិញ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃប្រទេសវៀតណាម និងជាក្រុងមួយក្នុងចំណោមទី ក្រុងធំជាង គេ នៅតំបន់អាស៊ី អាគ្នេយ៍ ។
ចាប់តាំងពីទីក្រុងហាណូយបានកាន់កាប់មក ខ្មែរក្រោមដែលកំពុងរស់នៅក្នុងប្រទេសវៀតណាមមាន ប្រមាណជាងមួយលាន នាក់ ត្រូវបានគេរាយការណ៍ថា កំពុងតែប្រឈមនឹងការធ្វើទុក្ខបុកម្នេញកាន់ តែខ្លាំងឡើងក្នុង សង្គម និង ការត្រួតពិនិត្យលើការ ប្រតិបត្តិសាសនាដ៏តឹងរឹង ។ នេះបើយោងតាមក្រុមសិទ្ធិមនុស្ស ។
អង្គការឃ្លាំមើលសិទិ្ធមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្មែរក្រោមកំពុង ប្រឈមនឹង ការរឹតបន្តឹងដ៏ ធ្ងន់ខាងសេរីភាពនៃការបញ្ចេញមតិ, ការជួបប្រជុំសមាគម ការទទួលព័ត៌មាន និង ចលនានៅក្នុង ប្រ ទេសវៀតណាម ។
រដ្ឋាភិបាលវៀតណាមបានហាមឃាត់ខ្មែរក្រោមបោះពុម្ពផ្សាយឯកសារសិទ្ធិមនុស្ស និង ការអនុវត្តយ៉ាងតឹងរឹង គ្រប់គ្រងលើ ស្ថាប័ន ព្រះពុទ្ធសាសនាថេរវាទដោយក្រុមជនជាតិភាគតិចរបស់ពួគេ ដែលមើលឃើញថា សាសនាដែលជាមូលដ្ឋានគ្រឹះ នៃវប្បធម៌ និងអត្តសញ្ញាណជនជាតិដើមភាគតិចរបស់ខ្លួន” ។
ទាក់ទិននឹងការរស់នៅរបស់ខ្មែរក្រោមនៅក្នុងប្រទេសកម្ពុជាវិញ អត្ថបទនេះបានរាយការណ៍បន្តទៀតថា៖
“ដោយសារតែពួកគេជាញឹកញាប់ត្រូវបានចាត់ទុកថាជាជនជាតិយួន ដោយពលរដ្ឋខ្មែរនៅក្នុងប្រទេស កម្ពុជា ទើបខ្មែរក្រោម ជាច្រើននៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងការរើសអើងក្នុងសង្គម និងសេដ្ឋកិច្ច” ។
អត្ថបទនេះ បានស្រង់ប្រភពពីអង្គការឃ្លាំងមើលសិទ្ធិមនុស្សថាខ្មែរក្រោម “ក៏ប្រឈមមុខនឹងបន្ទុកក្នុងការសម្របស្ថានភាព របស់ពួកគេនៅក្នុងប្រទេសកម្ពុជា ខណៈដែលអាជ្ញាធរបានបរាជ័យក្នុងការផ្តល់សញ្ជាតិ ឬសិទិ្ធស្នាក់នៅខ្មែររបស់ពលរដ្ឋ ខ្មែរក្រោមជាច្រើន បើទោះបីជាការសន្យាថា ខ្មែរក្រោមជាប្រជាពលរដ្ឋកម្ពុជា ក៏ដោយ” ៕
Comments are closed.