អាជ្ញាធរ​វៀតណាម​ រារាំង​ពលរដ្ឋ​ខ្មែរ​ក្រោម ​មិន​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ

0 74

ដោយ យ៉ង ចាន់តារា | RFA Khmer

អាជ្ញាធរ​វៀតណាម​ជាង ១០ នាក់ រារាំង​ពលរដ្ឋ​ខ្មែរ​ក្រោម​ នៅ​ស្រុកថ្កូវ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ដែល​វៀតណាម​ហៅថា ស្រុក​ត្រាគូ (Tra Cu) ខេត្ត​ត្រាវិញ (Tra Vinh) មិន​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​លើក​ទី ៧៤ ឆ្នាំ ។ ខ្មែរ​ក្រោមចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​វៀតណាម ថាជា​ការ​បំបិទ​សិទ្ធិ​របស់​ពួកគាត់ ។

ពលរដ្ឋ​ខ្មែរ​ក្រោម មកពីខេត្តនានា នៅដែនដីកម្ពុជាក្រោម ប្រមូល​គ្នាប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ។ រូបៈ ផ្តល់ឲ្យ
ពលរដ្ឋ​ខ្មែរ​ក្រោម មកពីខេត្តនានា នៅដែនដីកម្ពុជាក្រោម ប្រមូល​គ្នាប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ។ រូបៈ ផ្តល់ឲ្យ

សមត្ថកិច្ច​វៀតណាម​ស្លៀក​ឯកសណ្ឋាន​ស៊ីវិល​ជាង១០នាក់ ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​គេហដ្ឋាន​មួយ ដោយ​ចោទ​ថា ខ្មែរ​ក្រោម​ប្រារព្ធ​ទិវា​នេះ គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​វៀតណាម ជា​ទង្វើ​ខុស​ច្បាប់។ អាជ្ញាធរ​វៀតណាម​បាន​ចូល​ទៅ​សាកសួរ​រក​ច្បាប់​អនុញ្ញាត ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នេះ ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​អះអាង​ថា អាជ្ញាធរ​វៀតណាម មាន​បំណង​បំភ័យ​ខ្មែរ​ក្រោម​ឲ្យ​ផ្អាក​កម្ម​វិធី។ តែ​ទោះ​យ៉ាងណា​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅតែ​បន្ត​កម្មវិធី​នេះ​រហូត​ដល់​ចប់ ព្រោះ​ពួកគេ​យល់​ថា បាន​ធ្វើ​ស្រប​តាម​ច្បាប់​វៀតណាម។

ក្នុងខួប៧៥ឆ្នាំ នៃ​ថ្ងៃ​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ ពលរដ្ឋ​ខ្មែរ​ក្រោម​បាន​ប្រមូល​គ្នា​ជាង​មួយ​រយ​នាក់ ដោយ​និមន្ត​ព្រះសង្ឃ១០អង្គ ដើម្បី​ប្រគេន​ចង្ហាន់ និង​មាន​ការ​បញ្ចេញ​មតិ​ពី​អ្នក​ចូល​រួម ពាក់ព័ន្ធ​នឹង​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ឬ​សិទ្ធិ​ជនជាតិ​ដើម ដែល​មាន​ចែង​ក្នុង​ច្បាប់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស ដែល​បាន​ចេញ​ផ្សាយ​ជា​សកល។

ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​បាន​ចូល​រួម​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ លោក ថាច់ ញឹក ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅថ្ងៃទី១០ ខែធ្នូ ថា លោក និង​ខ្មែរ​ក្រោម​ផ្សេង​ទៀត ដែល​រង​ការ​រំលោភ​បំពាន​ពី​សំណាក់​អាជ្ញាធរ​វៀតណាម មក​ជួបជុំ​គ្នា​នៅ​ទីនេះ ដើម្បី​បង្ហាញ​ទុក្ខសោក​របស់​ខ្មែរ​ក្រោម​ដល់​សកលលោក ក្នុង​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ។ លោក​ស្នើ​ដល់​អង្គការ​សិទ្ធិមនុស្ស​ពិភពលោក ជួយ​ឲ្យ​ខ្មែរ​ក្រោម​មាន​សិទ្ធិ​សេរីភាព​ពេញលេញ កុំ​ឲ្យ​វៀតណាម​រឹតត្បិត​ផ្នែក​ជំនឿ​សាសនា និង​ការ​បញ្ចេញ​មតិ៖

«ឥឡូវ​ឃើញ​ទេ ឃើញ​រដ្ឋាភិបាល​ទេ គ្រាន់តែ​ខ្មែរ​យើង​ប្រារព្ធ​ធ្វើ​អ៊ីចឹង គេគេ​មាន​គំនិត គេ​រារាំង គេ​ថា​យើង​ធ្វើ​ខុស​ឃើញ​ទេ អា​ហ្នឹង​ហើយ​បង្ហាញ​អន្តរជាតិ និង​ជនជាតិ​ខ្មែរ​យើង​ទូទាំង​ពិភពលោក​តែ​ម្ដង បង្ហាញ​ថា​យួន​ហ្នឹង​គឺ​ដរាប​ណា នៅតែ​រំលោភ​សិទ្ធិ​យើង​ដដែល ឃើញ​ទេ​យើង​ធ្វើ​អត់​មាន​សិទ្ធិ​អី អត់​មាន​សិទ្ធិ​ខ្មែរ​យើង»

ចំណែក​ឯ​សមាគម​វប្បធម៌​ខ្មែរ​កម្ពុជាក្រោម នៅ​ទីក្រុង​មែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី ក៏​បាន​​ប្រារព្ធ​​ខួប​៧៥​ឆ្នាំ​ទិវា​​សិទ្ធិមនុស្ស​​អន្តរជាតិ​ដែរ ដោយ​មាន​មនុស្ស​ចូលរួម​​ប្រមាណ​៣០នាក់ ដើម្បី​​ផ្ញើ​សារ​​ទៅ​​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស ឲ្យ​ដាក់​សម្ពាធ​រដ្ឋាភិបាល​វៀតណាម កុំ​ឲ្យ​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ដើម្បី​ប្រមូល​ថវិកា​ជួយ​ជនភៀសខ្លួន​ខ្មែរ​ក្រោម ដែល​កំពុង​ជាប់​ពន្ធនាគារ​ប្រទេស​ថៃ។

ប្រធាន​សមាគម​វប្បធម៌​ខ្មែរ​កម្ពុជាក្រោម លោក លឹម គីមប៊ិន ឲ្យដឹង​ថា លោក​ជា​អ្នក​ចាត់ចែង​កម្មវិធី​ទិវា​សិទ្ធិមនុស្ស​នេះ​ឡើង នៅ​ផ្ទះ​របស់​លោក​ផ្ទាល់ ដើម្បី​ជួបជុំ​បញ្ចេញ​មតិ រឿង​ដែល​វៀតណាម​ធ្វើបាប​ខ្មែរ​ក្រោម រហូត​មាន​ខ្មែរ​ក្រោម​មួយ​ចំនួន​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ។ លោក​បញ្ជាក់​ថា ខ្មែរ​ក្រោម នឹង​មិន​ព្រម​ឲ្យ​វៀតណាម​រំលោភ​សិទ្ធិ​ទៀត​ទេ ខ្មែរ​ក្រោម​នឹង​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ ដើម្បី​ទាមទារ​សិទ្ធិ​របស់​ខ្លួន៖

«ហើយ​យួន​ធ្វើ​ទុក្ខបុកម្នេញ​ដល់​បងប្អូន​ខ្មែរ​ក្រោម​យើង ពុំ​មាន​សិទ្ធិ​សេរីភាព ដោយ​មាន​ការ​ចាប់​ចង​ដូច​មាន​ការ សូម្បី​តែ​វត្ត​សាលាឆទាន​ក៏​គ្មាន​សិទ្ធិ​សេរីភាព​ដែរ។ ហើយ​លោក​កោត​សរសើរ​ដល់​ក្រុម​ការងារ​បញ្ញវន្ត​ខ្មែរ​ក្រោម​យើង​នៅ​នេះ​ហ្នឹង ថា​មាន​គំនិត​ជួយ​ដល់​បងប្អូន ដែល​ជាប់​ពន្ធនាគារ​នៅ​ស្រុក​ថៃ ដោយ​អាជ្ញាធរ​ថៃ​គេ​ចាប់​បងប្អូន​ជនភៀសខ្លួន​​ខ្មែរ​ក្រោម​នោះ​ណា»

ជុំវិញ​រឿង​នេះ​ដែរ ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​គង់​នៅ​វត្ត​ខ្មែរ​ក្រោម​មែលប៊ន ប្រទេស​អូស្ត្រាលី ព្រះភិក្ខុ រស់ សេរី មាន​ថេរដីកា​ថា ព្រះអង្គ​ចូលរួម​ទិវា​សិទ្ធិមនុស្ស​នៅ​ថ្ងៃនេះ គឺ​ចង់​ប្រាប់​សាកលលោក​ឲ្យ​ដឹង​ពី​ទុក្ខ​លំបាក​របស់​ខ្មែរ​ក្រោម ហើយ​ឈប់​ឲ្យ​វៀតណាម​បំពាន​លើ​សិទ្ធិ​ខ្មែរ​ក្រោម។ ព្រះអង្គ​បន្ត​ថា ខ្មែរ​ក្រោម​គួរតែ​បាន​ទទួល​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង៖

«យុវជន អន្ទិតៗ​ហ្នឹង សុទ្ធតែ​មាន​ការ​ឈឺចាប់​ទាំងអស់​គ្នាសុទ្ធតែ​មាន​ការ​ឈឺ​ចាប់ មាន​ការ​ចំណាប់​អារម្មណ៍​ម្នាក់ៗ​មាន​ការ​ឈឺចាប់​ណាស់ នឹកឃើញ​អា​រឿង​ប្រទេស​ជាតិ រឿង​មាតុភូមិរឿង​ប្រទេស​ជាតិ​រឿង​មាតុភូមិ គឺ​ថា​មាន​ការ​ឈឺចាប់​ទាំងអស់​គ្នា។ គ្មាន​អ្នកណាមួយ​ចង់​ឃ្លាតចាក​ពី​មាតុភូមិ​ទេ ប៉ុន្តែ​ដោយសារ​ការ​ជិះជាន់ ដោយសារ​រំលោភ​សិទ្ធិ​ហ្នឹង​ហើយ ទើប​ធ្វើ​ឲ្យ​យើង​ភៀសខ្លួន​មក​បរទេស​ហ្នឹង(អូស្ត្រាលី

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​នៅ​សហរដ្ឋ​អាមេរិក​ក៏​នឹង​ធ្វើ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ នៅ​ថ្ងៃសៅរ៍​នៅ​ទីស្នាក់ការ​នៅ​ឯ​ទីក្រុង​សាន់ ហូសេ (San Jose) រដ្ឋ​កាលីហ្វញ៉ា (California)

ទិវា​សិទ្ធិមនុស្ស ត្រូវ​បាន​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ​ដែល​ជា​ថ្ងៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​អនុម័ត​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស កាលពីថ្ងៃទី១០ ខែ​ធ្នូ ឆ្នាំ ១៩៤៨។ សេចក្ដី​ប្រកាស​នេះ ជា​ឯកសារ​ដ៏​សំខាន់​មួយ ដែល​ប្រកាស​អំពី​សិទ្ធិ​ដែល​មិន​អាច​កាត់​ផ្ដាច់​បាន​ពី​មនុស្ស​គ្រប់រូប​ដោយ​មិន​គិត​ពី​ពូជសាសន៍ ពណ៌​សម្បុរ សាសនា ភេទ ភាសា នយោបាយ ឬ​មតិ​ផ្សេង​ទៀត និង​ឋានៈ​ទ្រព្យ​សម្បត្តិ​ជាដើម។ ទោះជា​យ៉ាងណា ពលរដ្ឋ​ខ្មែរ​ក្រោម រួម​ទាំង​សហគមន៍​ជាតិ និង​អន្តរជាតិ វាយ​តម្លៃ​ថា ស្ថានភាព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​ដែនដី​កម្ពុជា ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ដុនដាប ដោយសារ​តែ​អាជ្ញាធរ​វៀតណាម តែងតែ​រារាំង បំបិទ​សិទ្ធិ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្សេង​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម៕

Leave A Reply

Your email address will not be published.