សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ជំរុញ​ឲ្យ​ប្រទេស​វៀតណាម ប្រគល់​ដី​ស្រែ​ប្រមាណ ១០០ ហិកតារ ឲ្យ​ខ្មែរ​ក្រោម​វិញ

0 229

ដោយ យន់ សាមៀន | RFA Khmer

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ជំរុញ​ឲ្យ​ប្រទេស​វៀតណាម ប្រគល់​ដី​ស្រែ​ប្រមាណ ១០០ហិកតារ ឲ្យ​ខ្មែរ​ក្រោម​វិញ ដោយ​គ្មាន​លក្ខខណ្ឌ។ ការ​អំពាវនាវ​នេះ ដោយសារតែ អាជ្ញាធរ​វៀតណាម កាល​ថ្ងៃ​ទី៥ ឧសភា បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ឲ្យ​របួស ប្រមាណ ១០នាក់ ពេល​ចុះ​បង្ក្រាប និង​រឹបអូស​យក​ដី ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម កំពុង​ត្រៀម​រៀបចំ​ធ្វើ​ស្រែ។​

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​

ព្រះភិក្ខុ សឺង យ៉ឹងរតនា មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ថេរ​ដីកា​ថា ការ​រឹបអូស​ដីធ្លី​នេះ បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ ៣រយ​នាក់ មកពី ១៤៥គ្រួសារ បាត់បង់​ដីធ្លី ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ស្រែ​ចម្ការ​តាំង​ពី​ដូន​តា​មក។

កាល​ពី​ថ្ងៃ​ទី៥ ខែ​ឧសភា​ អាជ្ញាធរ​វៀតណាម​​រួមមាន៖ ​ប៉ូលិស​ ទាហាន​ដែល​ប្រដាប់​ដោយ​អាវុធ​និង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​នាក់​បាន​ចុះ​ទៅ​ហាម​ឃាត់ និង​រឹប​អូស​យក​ដី​ជាង ១០០ហិកតារ​ ដែល​ស្ថិត​ក្នុង​ភូមិ​ប៉ប្រក់ ​​ខេត្ត​ក្រមួន​ស ដែល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ខេត្ត ​កៀង ញ៉ាង (Kien Giang)។ ប៉ុន្តែ​ពលរដ្ឋ​បាន​ជំទាស់​ រហូត​អាជ្ញាធរ វៀតណាម​បង្ក​អំពើ​ហិង្សា​ បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង ១០នាក់ រង​បួស​ធ្ងន់​និង​ស្រាល។ បច្ចុប្បន្ន​នេះ ពលរដ្ឋ​ខ្មែរ​ក្រោម កំពុង​ដាក់​ពាក្យ​ដាក់​បណ្ដឹង​ទៅ អាជ្ញាធរ​វៀតណាម នៅ​ស្រុក និង​ខេត្ត ឲ្យ​ជួយ​ដោះ​ស្រាយ ផ្ដល់​ដី​ពួក​គេ​មក​វិញ បន្ទាប់​ពី​អាជ្ញាធរ​ថ្នាក់​លើ​វៀតណាម មិន​ព្រម​ដោះ​ស្រាយ​ឲ្យ។

ព្រះភិក្ខុ សឺង យ៉ឹងរតនា ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ជា​ច្រើន​គ្រួសារ បាន​ចូល​ធ្វើ​ស្រែ​ចម្ការ​លើ ដី​នោះ​តាំង​ពី​ឆ្នាំ១៩៧៣ មក ប៉ុន្តែ​បាន​ផ្អាក​ធ្វើ​ស្រែ​នៅ​លើ​ដី​ដែល​វៀតណាម បាន​រឹបអូស​នោះ​មួយ​រយៈ ដោយសារតែ ឆ្នាំមុន ទឹក​លិច​តំបន់​នោះ។ ព្រះអង្គ​បន្ត​ទៀត​ថា ប៉ុន្តែ​ដោយសារ​តែ​ថ្មីៗ នេះ ជីវភាព​ពួក​គេ​ធ្លាក់​ចុះ​បណ្ដាល​មក​ពី ជំងឺ covid-19 ហើយ​ទឹក​ស្រក​ទៀត​នោះ ទើប​ពលរដ្ឋ​ខ្មែរ​ក្រោម បាន​នាំ​គ្នា​ទៅ​ធ្វើ​ស្រែ​ចម្ការ​របស់​ពួក​គេ​វិញ។ ព្រះភិក្ខុ សឺង យ៉ឹងរតនា ស្នើ​ឲ្យ​អង្គការ​ជាតិ និង​អន្តរជាតិ ធ្វើ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​វៀតណាម​ផ្ដល់​ដី​ស្រែ​ចម្ការ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ៖ «សំណួមពរ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ហ្នឹង​ត្រូវ​តែ​ដោះ​ស្រាយ សង​ដី​ធ្លី ទៅ​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​បន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ ហើយ​ក៏​អំពាវនាវ ទៅ​អង្គការ​អន្តរជាតិ ដែល​ទាក់ទង​នឹង ប្រទេស​វៀតណាម មាន​ជំនួយ​ជួយ​វៀតណាម ត្រូវ​តែ ​ដាក់​គំនាប ឬ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ត្រូវ​តែ​ប្រគល់​ដី​ដល់​ខ្មែរ​ក្រោម​វិញ»។

ព្រះអង្គ សឺង យ៉ឹងរតនា ចៅ​អធិការ​វត្ត​ខេមររង្សី នៅ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វ័រញ៉ា (California) មិន​មាន​សង្ឃឹម​ថា វៀតណាម​នឹង​ដោះ​ស្រាយ​ដោយ​យុត្តិធម៌​ជួយ​ដល់​ខ្មែរ​ក្រោម ជា​ជន​រងគ្រោះ​នោះ​ទេ ដោយសារ ដី​ដែល​វៀតណាម រឹបអូស​នោះ កំពុងឡើង​ថ្លៃ ហើយ​វៀតណាម​មាន​គម្រោង​សាងសង់ រោងចក្រ ជា​ដើម។ ទោះ​បី​ជា​យ៉ាង​ណា ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ទៀត វៀតណាម​ត្រូវ​តែ​ផ្ដល់​ដី ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ ពីព្រោះ​ខ្មែរ​ក្រោម​រស់​នៅ​តាម​អាស្រ័យ​លើ​ដី​ស្រែ​ចម្ការ ហើយ​បច្ចុប្បន្ន​ពួក​គេ ក៏​ជួប​វិបត្តិ​ជំងឺ covid-19ដែរ។

ព្រះអង្គ សឺង យ៉ឹងរតនា បន្ត​ទៀត​ថា ខ្មែរ​ក្រោម ជា​ជន​ជាតិ​មាន​កំណើត​នៅ​លើទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដូច្នោះ​វៀតណាម​ត្រូវ​តែ​គោរព​សិទ្ធិ​ជន​ជាតិ​ដើម។ វៀតណាម បាន​ទទួល​ស្គាល់ សេចក្តី​ប្រកាស ជា​សកល​របស់​អង្គការ​សហ​ប្រជាជាតិ​ស្ដីពី​សិទ្ធិ ជន​ជាតិ​ដើម ដែល​បាន​អនុម័ត កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០០៧ ដូច្នោះ​វៀតណាម​ត្រូវ​តែ​អនុវត្ត កាតព្វកិច្ច​របស់​ខ្លួន។ ​

ទាក់ទង​ទៅ​នឹង​ការ​រំលោភ​ដីធ្លី​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ប្រាប់​អាស៊ី​សេរី កាល​ថ្ងៃ​ទី៨ ឧសភា​ថា ដោយសារ​តែ​រដ្ឋាភិបាល​កុម្មុយនិស្ត វៀតណាម​ជា​អ្នក​គ្រប់គ្រង​ដី​ទាំង​ស្រុង នៅ​ក្នុង​ប្រទេស​នេះ​ហើយ ទើបបាន​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ដីធ្លី កើត​ឡើង​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ប្រទេស។ លោក​បន្ត​ថា រដ្ឋាភិបាល​វៀតណាម បាន​បង្ខំឲ្យ​ពលរដ្ឋ​ចាកចេញ​ពី​ដី​ធ្លី​របស់​ពួក​គេ ហើយ​ក៏​បាន​បង្ក​អំពើ​ហិង្សា​ទៀត​ផង៖ «រដ្ឋាភិបាល​វៀតណាម បាន​កាន់កាប់​ដីធ្លី ហើយ​តែងតែ​ប្រើប្រាស់​កម្មសិទ្ធិ​នេះ ដើម្បី​ដាក់​ការ​ត្រួតត្រា​ទៅ​លើ​ដីធ្លី​របស់​សហគមន៍។ ជាក់ស្ដែង ដូច​ករណី​ដី​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​បាន​កាន់កាប់​ចាប់​តាំង​ពី​ឆ្នាំ១៩៧៣ ជាដើម ដែល​ត្រូវ​វៀតណាម​បង្ខំ​បណ្ដេញ​ចេញ ដោយ​សំអាង​លើ​ហេតុផល​មួយ​ចំនួន។ ការ​បង្ខំ​បណ្ដេញ​ចេញ​នេះ បណ្ដាល​ឲ្យ​កើត​មាន​អំពើ​ហិង្សា គេច​មិន​ផុត​នោះ​ទេ ដោយសារ​តែ​ពលរដ្ឋ​រស់​នៅ​អាស្រ័យ​ផល​លើ​ដី​ស្រែ​ចម្ការ។ ដីធ្លី​ចម្ការ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ជីវិត​រស់​នៅ​របស់​ពួក​គេ។ ករណី​អំពើ​ហិង្សា​កើត​ឡើង​នៅ​ខេត្ត កៀង ញ៉ាង នេះ បណ្ដាល​ឲ្យ​ខ្មែរ​ក្រោម ១០នាក់​រង​របួស បង្ក​ឡើង​ដោយ​កង​សន្តិសុខ​វៀតណាម។ ករណី​នេះ ជា​ឧទាហរណ៍ បាន​ប្រើប្រាស់​អំណាច​រំលោភ​សិទ្ធិ​របស់​ខ្មែរ​ក្រោម និង​សហគមន៍​ពួក​គេ»។

បច្ចុប្បន្ន ពលរដ្ឋខ្មែរក្រោម ដែល​រងគ្រោះ​ដោយសារ​តែ​ការ​បង្ខំ​យក​ដី​នេះ កំពុង​ធ្វើ​ការ​នឹង​សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍ មាន​មូលដ្ឋាន​នៅ​កម្ពុជា ដើម្បី​រៀបចំ​ឯកសារ​ដាក់​ពាក្យ​បណ្ដឹង។ អគ្គលេខាធិការ​សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍ ​លោក សឺន ជុំជួន ក៏​ស្នើ​ដល់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល វៀតណាម ដោះស្រាយ​បញ្ហា​ដី​ធ្លី​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់អំណាច ឈឹម ផលវរុណ បាន​បដិសេធ​ថា ករណី​នេះ មិនមែន​​ជា​រឿង​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​ជួយ​អន្តរាគមន៍​បាន​ទេ ព្រោះ​លោក​ថា ខ្មែរ​ក្រោម ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។ ប៉ុន្តែ​កន្លង​មក​រដ្ឋាភិបាល​វៀតណាម​ធ្លាប់​ពឹង​ឲ្យ​ខ្មែរ​ជួយ​ការពារ និង​ថែរក្សា​ពូជសាសន៍​របស់​ពួកគេ ដែល​រស់​នៅ​លើ​បឹង​ទន្លេសាប​ដោយ​ខុស​ច្បាប់។ ឆ្លើយតប​នឹង​សំណើ​នេះ រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​ជំពាក់​គុណ​វៀតណាម​ផង​នោះ បាន​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច ដល់​ជន​អន្តោប្រវេសន៍​វៀតណាម​នៅ​ខេត្ត កំពង់ឆ្នាំង រាប់រយ​គ្រួសារ។

មន្រ្តី​សិទ្ធិមនុស្ស លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ឲ្យ​ដឹង​ថា លោក​ក៏​កត់​សំគាល់​ថា រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ មិន​ឲ្យ​សូវ​ជួយ​ខ្មែរ​ក្រោម​ឲ្យ​បាន​ល្អ​ប៉ុន្មាន​ដែរ។ លោក​ថា ទោះ​បី​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា ខ្មែរ​ក្រោម ជា​ពលរដ្ឋ​ខ្មែរ​ក៏​ដោយ ប៉ុន្តែ រដ្ឋាភិបាល​គ្មាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ទទួល​ស្គាល់ និង​ផ្តល់​សញ្ជាតិ​ឲ្យ​ខ្មែរ​ក្រោម ជា​ខ្មែរ​ដែរ។ លោក​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​មាន​បំណង​ចង់​ទៅ​រស់នៅ​ឯ​កម្ពុជា តែ​ត្រូវ​អាជ្ញាធរ​ថ្នាក់​ក្រោម​មិន​ទទួល​ស្គាល់ ដោយសារ​តែ មានការ​ចោទ​ប្រកាន់​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​កើត​នៅ​វៀតណាម ឬ​ក៏​មាន​ឈ្មោះ​មិន​ដូច​ខ្មែរ​ជា​ដើម។ លោក ហ្វីល រ៉ូបឺតសុន បន្ត​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ទទួលរង​ការ​រើសអើង​ជា​ច្រើន ដោយសារ​តែ​មាន​ការ​ចោទ​ប្រកាន់​ថា ពួក​គេ​មក​ពី​វៀតណាម។​ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​មុន​សិន មុន​នឹង​អន្តរាគមន៍​ករណី​ខ្មែរ​ក្រោម​នៅ​វៀតណាម។​

ទោះបីយ៉ាងណា មន្ត្រី​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម លោក សឺន ជុំជួន មានប្រសាសន៍​ថា​ ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​តែ​ចាត់​ទុក​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​​ជា​ឪ​ពុក​ម្ដាយ​របស់​​ពួកគេ​ដដែល ​​​ដោយសារ​តែ​ខ្មែរ​ក្រោម​នៅ​តែ​មាន​សាច់​ឈាម​ជា​ខ្មែរ​និង​ពូជ​សាសន៍​តែ​មួយ។ ចំពោះ​ករណី អាជ្ញាធរ​វៀតណាម​រឹបអូស​យក​ដី​ខ្មែរ​ក្រោម​នេះ លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា ​សមាគម​ខ្មែរ​ក្រោម​នឹង​ព្យាយាម​ជួយ ​និង​តាម​​​ឃ្លាំ​មើល​ករណី​ជម្លោះ​ដីធ្លី​នេះ ហើយ​ប្រសិន​បើ​អាជ្ញាធរ​វៀតណាម​មិន​ផ្ដល់​យុត្តិធម៌​នោះ​​​ទេ ​សមាគម​លោក​នឹង​ស្វែង​រក​អន្តរាគមន៍​ ពី​ស្ថានទូត​ប្រទេស​នានា​ដែល​ពាក់ព័ន្ធ​និង​ប្រទេស​វៀតណាម ឬ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ឲ្យ​ជួយ​ខ្មែរ​ក្រោម​បន្ថែម​ទៀត៕

Leave A Reply

Your email address will not be published.