សហព័ន្ធខ្មែរកម្ពុជាក្រោមបង្កើតកម្មវិធីផ្សាយជាភាសាវៀតណាមលើវិទ្យុសំឡេងកម្ពុជាក្រោម
សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក បានដាក់ឲ្យដំណើរការនូវការផ្សាយព័ត៌មានសំឡេងខ្មែរក្រោមជាភាសាវៀតណាម នៅលើគេហទំព័ររបស់ខ្លួនជាលើកដំបូង កាលពីថ្ងៃទី១ ខែមករា។ ការដាក់ឲ្យមានការផ្សាយជាភាសាវៀតណាម បន្ថែមទៅលើភាសាខ្មែរដែលមានស្រាប់នេះ គឺដើម្បីជួយឲ្យយុវជន និងពលរដ្ឋខ្មែរក្រោមដែលមិនចេះភាសាខ្មែរ អាចទទួលបានព័ត៌មានពីខ្មែរក្រោមនៅក្រៅប្រទេសបាន។

យុវជន និងពលរដ្ឋខ្មែរក្រោមដែលពុំសូវចេះភាសាខ្មែរ ចាប់ពីពេលនេះតទៅអាចមានលទ្ធភាពស្តាប់ និងអានព័ត៌មានពាក់ព័ន្ធនឹងរឿងរ៉ាវរបស់ជនរួមឈាមខ្មែរក្រោមនៅឯ នាយសមុទ្របាន តាមរយៈវិទ្យុសំឡេងកម្ពុជាក្រោមជាភាសាវៀតណាម នៅលើគេហទំព័ររបស់សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក។
វិទ្យុសំឡេងកម្ពុជាក្រោម ដែលផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត (Internet) ពីសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងដោយសហព័ន្ធខ្មែរកម្ពុជាក្រោម តាំងពីឆ្នាំ២០០១ ដើម្បីផ្តល់ព័ត៌មានពីសកម្មភាពរបស់ខ្មែរក្រោមទូទៅនៅជុំវិញពិភពលោក និងដើម្បីជាស្ពានភ្ជាប់ទំនាក់ទំនងរវាងខ្មែរក្រោមនៅក្រៅប្រទេស និងខ្មែរក្រោមដែលកំពុងរស់នៅលើដែនដីកម្ពុជាក្រោម។
នៅលើគេហទំព័រវិទ្យុសំឡេងកម្ពុជាក្រោមជាភាសាវៀតណាម មានមាតិកាព័ត៌មានផ្សេងៗជាច្រើន ពិសេសរឿងរ៉ាវពាក់ព័ន្ធនឹងកម្ពុជាក្រោម ដូចជាបញ្ហានយោបាយ សេដ្ឋកិច្ច ភូមិសាស្ត្រ វប្បធម៌ សិទ្ធិមនុស្ស ប្រវត្តិវីរបុរសខ្មែរក្រោម និងព្រះពុទ្ធសាសនា ជាដើម។ ក្រៅពីនេះ ក៏មានព័ត៌មានទាក់ទងនឹងប្រទេសកម្ពុជា ប្រទេសវៀតណាម និងសកលលោកមួយចំនួនផងដែរ។
សេចក្តីប្រកាសរបស់នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចុះថ្ងៃទី១ មករា ឲ្យដឹងថា ក្រៅពីអាចទទួលបានព័ត៌មានជាភាសាវៀតណាម ពលរដ្ឋខ្មែរក្រោមក៏មានឱកាសបញ្ចេញទស្សនៈ និងផ្តល់មតិយោបល់ទៅឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម។ លើសពីនេះ បើអ្នកស្តាប់ណាមានទស្សនៈ ឬអត្ថបទជាភាសាវៀតណាម ដែលទាក់ទងនឹងកម្ពុជាក្រោម ពួកគេក៏អាចផ្ញើទៅកាន់វិទ្យុសំឡេងកម្ពុជាក្រោម ដើម្បីចុះផ្សាយឲ្យសាធារណជនទូទៅបានដឹងអំពីខ្មែរក្រោម។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក លោក ថាច់ ង៉ុកថាច់ ឲ្យដឹងបន្ថែមកាលពីថ្ងៃទី៥ មករា ថា គោលបំណងដែលបង្កើតឲ្យមានការផ្សាយជាភាសាវៀតណាម នេះ គឺមិនត្រឹមតែជួយឲ្យយុវជន និងពលរដ្ឋខ្មែរក្រោមមិនចេះអក្សរខ្មែរ ទទួលបានព័ត៌មានពាក់ព័ន្ធខ្មែរក្រោមប៉ុណ្ណោះទេ តែសហព័ន្ធខ្មែរកម្ពុជាក្រោម មានចេតនាឲ្យជនជាតិ និងរដ្ឋាភិបាលវៀតណាម ទាំងមូល ដឹងពីសកម្មភាព និងគោលបំណងរបស់ខ្មែរក្រោមផងដែរ ពិសេសពីគោលដៅដែលសហព័ន្ធខ្មែរកម្ពុជាក្រោមចង់បាន៖ «គោលបំណងធំ ទី១ គឺចង់ឲ្យខ្មែរក្រោមយើងមើលផង។ ទី២ គឺយើងចង់ឲ្យយួន ដឹងតែម្តង។ យើងអត់មានលាក់លៀមដូចយើងប្រឈមមុខជាមួយយួន នៅអង្គការសហប្រជាជាតិ នៅសភាអឺរ៉ុប ក៏ដូចជានៅលើឆាកអន្តរជាតិគ្រប់កន្លែង ថាឲ្យដឹងនូវអ្វីយើងចង់បាន នូវអ្វីដែលយើងធ្វើឲ្យពលរដ្ឋយួន ដឹង។ យើងមិនចង់ឃើញរដ្ឋាភិបាលយួន លាក់លៀមៗ ហើយគូសវាសមកលើការខំប្រឹងប្រែង ការតស៊ូអហិង្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម សម្រាប់បងប្អូនយើងនៅក្នុងស្រុក»។
ដែនដីកម្ពុជាក្រោម មានខេត្ត-ក្រុងទាំងអស់ចំនួន២១ គ្របដណ្ដប់លើផ្ទៃដីសរុបប្រមាណ ៧ម៉ឺនគីឡូម៉ែត្រក្រឡា។ បច្ចុប្បន្ន មានពលរដ្ឋខ្មែរក្រោមប្រមាណ ១២លាននាក់ កំពុងរស់នៅទីនោះ និងមានវត្តអារាមសរុបប្រមាណជិត ៦០០។ ដែនដីនេះ ត្រូវបានជនជាតិវៀតណាម លេបត្របាក់បន្តិចម្តងៗតាំងពីដើមសតវត្សរ៍ទី១៧។ ក្រោយមកនៅឆ្នាំ១៩៤៩ ក្រោមការគ្រប់គ្រងរបស់អាណានិគមនិយមបារាំង បារាំង បានកាត់ទឹកដីនេះទៅឲ្យប្រទេសវៀតណាម គ្រប់គ្រងរហូតមកដល់បច្ចុប្បន្ន។
លោក ថាច់ ង៉ុកថាច់ ជឿជាក់ថា ដោយសារការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងពេលបច្ចុប្បន្ន វានឹងជួយឲ្យខ្មែរក្រោមអាចស្វែងយល់សុខទុក្ខពីគ្នាបានកាន់តែ ច្រើន និងអាចជួយគ្នាបានកាន់តែច្រើន។ លោកថា គ្មានអ្វីដែលរដ្ឋាភិបាលវៀតណាម អាចលាក់លៀមបានដូចសម័យមុនឡើយ៖ «សម័យ នេះគឺជាសម័យត្រចៀកទិព្វ ភ្នែកទិព្វ មាត់ទិព្វ អ្វីដែលយួន ធ្វើ អ្នកនៅកម្ពុជាក្រោមមើលឃើញ បងប្អូននៅខាងក្រៅក៏មើលឃើញ អ្វីដែលបងប្អូននៅកម្ពុជាក្រោមឮ បងប្អូននៅខាងក្រៅក៏ឮ អ្វីដែលយួន អនុវត្តអាក្រក់ មិនត្រឹមតែបងប្អូនខ្មែរ ឬខ្មែរក្រោមនៅខាងក្រៅឮនោះទេ អន្តរជាតិ និងអង្គការពិភពលោកក៏មើលឃើញ»។
សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ត្រូវបានខ្មែរក្រោមនៅឯនាយសមុទ្រ បង្កើតឡើងកាលពីឆ្នាំ១៩៩៦ ក្នុងគោលដៅតស៊ូទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិមនុស្ស សិទ្ធិរស់នៅ សិទ្ធិរក្សាសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ខ្មែរក្រោម ដែលជាជនជាតិដើមនៅលើដែនដីកម្ពុជាក្រោម។
ក្រៅតែជាសមាជិកនៃអង្គការតំណាងប្រជាជាតិគ្មានអ្នកតំណាង ឬហៅកាត់ថា យូ.អិន.ភី.អូ (UNPO) សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏មានទង់ជាតិសម្រាប់សម្គាល់អត្តសញ្ញាណរបស់ខ្លួនដែរ នោះគឺទង់ពណ៌ខៀវ លឿង ក្រហម យកលំនាំតាមទង់ព្រះពុទ្ធសាសនា ដែលខ្មែរក្រោមភាគច្រើនកំពុងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននោះ។
កាលពីឆ្នាំ២០០៩ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបោះពុម្ពសៀវភៅមួយមានចំណងជើងថា “ដំណើរឆ្ពោះទៅរកការសម្រេចវាសនាខ្មែរក្រោមដោយខ្លួនឯង”។ សៀវភៅនោះ រៀបរាប់ពីប្រវត្តិសាស្ត្រ វប្បធម៌ ការរំលោភសិទ្ធិមនុស្ស និងគោលដៅរបស់ខ្មែរក្រោម នោះគឺការសម្រេចវាសនាខ្មែរក្រោមដោយខ្លួនឯង ស្របតាមសេចក្តីប្រកាសអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើមភាគតិច។
លោក ថាច់ ង៉ុកថាច់ បញ្ជាក់ថា ការបង្កើតឲ្យមានកម្មវិធីផ្សាយជាភាសាវៀតណាម នៅលើវិទ្យុសំឡេងកម្ពុជាក្រោម ពេលនេះ ក៏ជាផ្នែកមួយនៃយុទ្ធនាការរបស់ខ្មែរក្រោម ដើម្បីឆ្ពោះទៅរកការសម្រេចវាសនាខ្លួនដោយខ្លួនឯងដែរ៕ ដោយ យាង សុជាមេត្តា – RFA
Comments are closed.