សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​សុំ​អន្តរាគមន៍​ពី​សហរដ្ឋ​អាមេរិក ដើម្បី​ជំរុញ​វៀតណាម​ ឱ្យ​​ផ្ដល់​ដី​ទៅ​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ

0 637

ដោយ យន់ សាមៀន | RFA Khmer
ពលរដ្ឋ​ខ្មែរ​ក្រោម​ ជា​ជន​រងគ្រោះ​នៃ​ការ​បង្ខំ​បណ្ដេញ​ចេញ​ពី​ដី​ស្រែ​ចម្ការ ប្រមាណបី​ពាន់​ហិកតារ ពី​សំណាក់​អាជ្ញាធរ​វៀតណាម កាល​ពី​ដើម​ខែ​ឧសភា​នេះ បាន​ដាក់​លិខិត​តវ៉ា ទៅ​នាយក​រដ្ឋមន្ត្រី​វៀតណាម ស្នើសុំ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គេ​ជា​បន្ទាន់ ដើម្បី​ពួក​គេ​អាច​ធ្វើ​ស្រែ​ចម្ការ​​ ដើម្បី​ចិញ្ចឹម​ជីវិត​។ សំណើ​នេះ ធ្វើ​ឡើង​ស្រប​ពេល សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ក៏​បាន​ស្នើសុំ​ក្រសួង​ការ​បរទេស​អាមេរិក ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដីធ្លី ដែល​វៀតណាម​បាន​រឹប​អូស ជូន​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ជា​ជន​ជាតិ​ដើម​កំណើត​វិញ ។

(រូបឆ្វេង​) ខ្មែរក្រោម ដែល​រង​របួសក្រោយ​ការ​ផ្ទុះ​ហិង្សា​​ជាមួយនគរបាល​វៀតណាម ​និង (ស្ដាំ) ក្រុមខ្មែរក្រោម កំពុងប្រឈមមុខ​ជាមួយ​នគតបាលវៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​ព្រៃ​មេង ​​ខេត្ត​ក្រមួន​ស​​ ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២០ ។ រូបៈ Screenshot
(រូបឆ្វេង​) ខ្មែរក្រោម ដែល​រង​របួសក្រោយ​ការ​ផ្ទុះ​ហិង្សា​​ជាមួយនគរបាល​វៀតណាម ​និង (ស្ដាំ) ក្រុមខ្មែរក្រោម កំពុងប្រឈមមុខ​ជាមួយ​នគតបាលវៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​ព្រៃ​មេង ​​ខេត្ត​ក្រមួន​ស​​ ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២០ ។ រូបៈ Screenshot

តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម បាន​ដាក់​ញាតិ​ទៅ​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ឲ្យ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី ដើម្បី​ផ្ដល់​ដី​ស្រែ ចម្ការ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ ឲ្យ​បាន​ឆាប់​រហ័ស​ទី​បំផុត ពី​ព្រោះ​ពលរដ្ឋ​ខ្មែរ​ក្រោម អាច​រស់រាន​មាន​ជីវិត គឺ​អាស្រ័យ​ដី​ស្រែ ។ តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម លោក ទៀន ស៊ីម បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ១០ ឧសភា​ថា លោក​តំណាង​ឲ្យ​ពលរដ្ឋ​មក​ពី ១៤៥ គ្រួសារ មាន​ពលរដ្ឋ​ប្រមាណ ៨០០ នាក់ ជា​ជន​រង​គ្រោះ​នៃ​ការ​បង្ខំ​បណ្ដេញ​ដោយ​ប្រើប្រាស់​អំពើ​ហិង្សា ពី​សំណាក់​អាជ្ញាធរ​វៀតណាម កាល​ពី​ដើម​ខែ​ឧសភា​នេះ ។

លោក ទៀន ស៊ីម បាន​សរសេរ​ក្នុង​ញាតិ​នោះ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម បាន​ចូល​ទៅ​កាប់​ឆ្ការ​ដី ដែល​វៀតណាម​រឹបអូស​នោះ តាំង​ពី​ឆ្នាំ១ ៩៨២ ជា​ដី​ដូន​តា​របស់​ខ្មែរ​ក្រោម ធ្លាប់​ធ្វើ​ស្រែ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ក្រោម​ បានផ្អាក​ធ្វើ​ស្រែ​ដោយសារ​តែ​ដី​នោះ ត្រូវ​ទឹក​លិច រយៈ​ពេល​បី​ឆ្នាំ​ជាប់ៗ គ្នា ។ លោក​បន្ត​ថា ពេល​ទឹក​ស្រក ពលរដ្ឋ​ខ្មែរ​ក្រោម បាន​ប្រើប្រាស់​ដី​នោះ រហូត​ដល់​កាល​ពី​ដើម​ខែ​ឧសភា​នេះ ទើប​វៀតណាម​ប្រើប្រាស់ កម្លាំង​ប្រដាប់​អាវុធ ទៅ​រឹប​អូស​យក​ដី​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម​តែ​ម្តង ។ កាល​ពី​ថ្ងៃ​ទី ៥ ខែ​ឧសភា​ អាជ្ញាធរ​វៀតណាម រួមមាន ​ប៉ូលិស​ ទាហាន​ដែល​ប្រដាប់​ដោយ​អាវុធ​​ជាច្រើន​នាក់ ​បាន​ចុះ​ទៅ​ហាម​ឃាត់ និង​រឹប​អូស​យក​ដី​ពលរដ្ឋ ដែល​ស្ថិត​ក្នុង​ភូមិ​ប៉ប្រក់ ​​ខេត្ត​ក្រមួន​ស ដែល​វៀតណាម​ បាន​ប្ដូរ​ឈ្មោះ​មក​ជា​ខេត្ត ​កៀង យ៉ាង (Kien Giang)។ ប៉ុន្តែ​ពលរដ្ឋ​បាន​ជំទាស់​ រហូត​អាជ្ញាធរវៀតណាម​ បង្ក​អំពើ​ហិង្សា​ បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ជាង ១០ នាក់ រង​បួស​ធ្ងន់ ​និង​ស្រាល ។

តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ប្រាប់​អាស៊ី​សេរី ឲ្យ​ដឹង​ថា ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ក្រោម បាត់បង់​ដី​ស្រែ​ចម្ការ ពួក​គេ​ នឹង​បង្ខំ​ចិត្ត​ដើរ​ស៊ី​ឈ្នួល​ឲ្យ​ការងារ​ឲ្យ​គេ ​ដើម្បី​ចិញ្ចឹម៖ «ក្នុង​គ្រួសារ​ខ្ញុំ​មាន​កូន​ដល់ ៦ នាក់ ហើយ​មាន​ដី​តែ​មួយ​ហិកតារ ។ យើង​រស់​ម្ដេច​កើត យើង​ជា​ជន​ជាតិ​ខ្មែរ យើង​រក​ស៊ី​តែ​ប៉ុណ្ណឹង​ហើយ អត់​មាន​ជួញដូរ​អី​ទេ» ។

លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ នឹង​បន្ត​ស្វែងរក កិច្ច​អន្តរាគមន៍​ពី​មជ្ឈដ្ឋាន​ផ្សេងៗ ដើម្បី​ទទួល​បាន​ដី​មក​វិញ ។ លោក​ថា ពលរដ្ឋ​ខ្មែរ​ក្រោម នឹង​នាំ​គ្នា​ទៅ​ធ្វើ​ស្រែ លើ​ដី​ដែល​វៀតណាម អាច​រឹបអូស​ជា​ថ្មី​ទៀត ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​វៀតណាម៖ «យើង​ចង់​ទាមទារ​ឲ្យ​បាន ប៉ុន្តែ​យើង​មិន​ដឹង​ថា យើង​បាន​ក៏​អត់? ខ្លួន​ខ្ញុំ ខ្ញុំ​ប្ដូរ​ផ្ដាច់ ខ្ញុំ​បូជា​ជីវិត» ។

ស្រប​ពេល​ដែល​ខ្មែរ​ក្រោម​នៅ​វៀតណាម កំពុង​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​វៀតណាម ឲ្យ​ដោះស្រាយ​​បញ្ហា​ដីធ្លី​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ក៏បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការ​បរទេស​អាមេរិក ឲ្យ​ជំរុញ​វៀតណាម​ ឱ្យ​ផ្ដល់​ដី​ទៅ​ខ្មែរ​ក្រោម​វិញ ។ ក្នុង​លិខិត​ទៅ​មន្ត្រី​ផ្នែក​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ នៃ​ការិយាល័យ​កិច្ចការ​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិច អ្នកស្រី សេនត្រា ឌូផុយ (Sandra Dupuy) កាល​ពី​ថ្ងៃ​ទី ១១ ឧសភា បញ្ជាក់​ថា សហព័ន្ធ​ស្នើសុំ​ជំនួយ ពី​សហរដ្ឋ​អាមេរិក ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ។ លិខិត​ស្នើ​ឲ្យ​អាមេរិក និង​ប្រទេស​ម្ចាស់​ជំនួយ​ផ្សេង​ទៀត ត្រូវ​ជួយ​គាប​សង្កត់​អាជ្ញាធរ​កុម្មុយនិស្ត​វៀតណាម ដើម្បី​ផ្ដល់​ដី​ខ្មែរ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ ។

មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ប្រាប់​អាស៊ី​សេរី​ថា សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ក៏​គ្រោង​ នឹង​ធ្វើ​លិខិត​សុំ​អន្តរាគមន៍​ទៅ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស ឲ្យ​អន្តរាគមន៍​ករណី​រំលោភ​យក​ដី​ធ្លី​ពលរដ្ឋ​ខ្មែរ​ក្រោម​ ពី​សំណាក់​អាជ្ញាធរ​វៀតណាម​នេះ ។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា ខ្មែរ​ក្រោម​រស់រាន​មាន​ជីវិត អាស្រ័យ​ទៅ​លើ​ដី​ស្រែ​ចម្ការ ដូច្នោះ​ការណ៍ ដែល​អាជ្ញាធរ​វៀតណាម​រឹបអូស​ដី​ស្រែ​ពី​ពួក​គេ គឺ​ស្មើ ​នឹង​សម្លាប់​ពួក​គេ​ដូច្នោះ៖ «ពលរដ្ឋ​ខ្មែរ​ក្រោម ភាគ​ច្រើន​រស់​អាស្រ័យ​លើ​ដី​ស្រែ​ចម្ការ ។ ប្រសិន​បើ​អាជ្ញាធរ​យួន​មិន​សង​ដី​ធ្លី​ទេ ពលរដ្ឋ​ខ្មែរ​ក្រោម​ នឹង​ជួប​ទុក្ខ​លំបាក» ។

ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា បារម្ភ​ថា ការរំលោភ​យក​ដី​ខ្មែរ​ក្រោម​នេះ ជា​យុទ្ធសាស្ត្រ របស់​វៀតណាម ដើម្បី​បន្ត​ឈ្លានពាន យក​ដី​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម ពី​ព្រោះ​វៀតណាម កាល​ពី​ឆ្នាំ ១៩៧៥ ធ្លាប់​យក​ដី​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​ខេត្ត​មាត់​ជ្រូក ។ កាល​ពី​នោះ វៀតណាម បោក​ប្រាស​ឲ្យ​ខ្មែរ​ក្រោម បោះ​បង់​ដីធ្លី ទៅ​រស់​នៅ​កន្លែង​ផ្សេង ដោយ​អាជ្ញាធរ​វៀតណាម ​កុហក​ថា ទាហាន​ខ្មែរក្រហម អាច​ចូល​ដល់​តំបន់​ដែល​ខ្មែរ​ក្រោម រស់នៅ ប៉ុន្តែ​ក្រោយ​ពេល​ចប់​សង្គ្រាម វៀតណាម​បាន​យក​ដីខ្មែរក្រោម​ ទៅ​ចែក​ឲ្យ​ពលរដ្ឋ​វៀតណាម ​ទាំង​អស់ ។

ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ចៅ​អធិការ​វត្ត​ខេមររង្សី នៅ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វ័រញ៉ា (California) មាន​ថេរ​ដីកា​បន្ត​ទៀត​ថា ទោះ​បី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​សុំ​ឲ្យ​មាន​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ក៏​ដោយ ប៉ុន្តែ​ក្តី​សង្ឃឹម​ថា វៀតណាម​ នឹង​ដោះ​ស្រាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម គឺ​មាន​តិចតួច​បំផុត៖ «សហព័ន្ធ​ខ្មែរ​ក្រោម អត់​សង្ឃឹម​ថា អាជ្ញាធរ​យួន​ នឹង​ដោះ​ស្រាយ​ដោយ​យុត្តិធម៌ ឬ​សង​សំណង​ដល់​ខ្មែរ​ក្រោម​សមរម្យ​ទេ» ។

ព្រះអង្គ​បន្ត​ថា កន្លង​មក​យ៉ាង​ហោច​ណាស់​ក៏​មាន ពលរដ្ឋ​ខ្មែរ​ក្រោម ត្រូវ​វៀតណាម​ជាប់​ដាក់​ពន្ធនាគារ ដោយសារ​តែ​ហ៊ាន​តវ៉ា​រឿង​ជម្លោះ​ដីធ្លី ។ ទាក់ទង​ទៅ ​នឹង​ការ​រំលោភ​ដីធ្លី​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ មន្ត្រី​ជាន់​ខ្ពស់​អង្គការ​យូមែនរ៉ៃត៍វ៉ច្ឆ (Human Rights Watch) ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ដោយសារ​តែ​រដ្ឋាភិបាល​កុម្មុយនិស្តវៀតណាម​ ជា​អ្នក​គ្រប់គ្រង​ដី​ទាំង​ស្រុង នៅ​ក្នុង​ប្រទេស​នេះ​ហើយ ទើបបាន​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ដីធ្លី កើត​ឡើង​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ប្រទេស ។ អង្គការ​យូមែនរ៉ៃត៍វ៉ច្ឆ (Human Rights Watch) កត់​សំគាល់​ថា រដ្ឋាភិបាល​វៀតណាម តែង​តែ​ប្រើប្រាស់ អំណាច​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​នេះ ដើម្បី​ដាក់​ការ​ត្រួតត្រា​ទៅ​លើ​ដីធ្លី​របស់​សហគមន៍ ។

មន្រ្តី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​រស់​នៅ​ទឹក​ដី​កម្ពុជាក្រោម ​ចំនួន ២១ ខេត្ត​ មាន​ជាង ៨ លាន​នាក់ ។ ពលរដ្ឋ​ខ្មែរ​ក្រោម ភាគ​ច្រើន​ជា​កសិករ ដែល​ពឹង​ផ្អែក​លើ​ដីស្រែ​ចម្ការ ដើម្បី​ចិញ្ចឹម​ជីវិត ៕

Leave A Reply

Your email address will not be published.