សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើព្រះសង្ឃ និងយុវជនបង្កើតសមាគមពុទ្ធសាសនា និងសហជីព ដើម្បីទាមទារការគោរពសិទ្ធិសាសនា និងការងារ
ដោយ យន់ សាមៀន | RFA
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ស្នើឲ្យព្រះសង្ឃ និងយុវជនបង្កើត សមាគមព្រះពុទ្ធសាសនា និងសហជីព ដើម្បីទាមទារការគោរពសិទ្ធិសាសនា និងការងារ ។ ព្រះសង្ឃខ្មែរក្រោមប្រតិបត្តិពុទ្ធសាសនាថេរវាទ (ហិនយាន) ចំណែកព្រះសង្ឃវៀតណាម គឺប្រតិបត្តិពុទ្ធសាសនាមហាយាន ។ សំណើនេះធ្វើឡើងដោយសារតែព្រះសង្ឃខ្មែរក្រោមបច្ចុប្បន្នកំពុងរងការគ្រប់គ្រងដោយព្រះសង្ឃ និងរដ្ឋាភិបាលវៀតណាម ចំណែកយុវជនខ្មែរក្រោម ដែលមានការងារធ្វើ មិនអាចឈប់សម្រាកថ្ងៃបុណ្យសាសនា និងជាតិ តាមប្រពៃណីខ្មែរបាននោះទេ ។

មន្រ្តីជាន់ខ្ពស់សហព័ន្ធខ្មែរកម្ពុជាក្រោម លើកឡើងថា ព្រះសង្ឃវៀតណាម ប្រតិបត្តិសាសនាផ្សេងគ្នា ពីព្រះសង្ឃខ្មែរក្រោម ដូច្នោះរដ្ឋាភិបាលវៀតណាម ត្រូវអនុញ្ញាតឲ្យព្រះសង្ឃខ្មែរក្រោម អាចបង្កើតសមាគមព្រះសង្ឃខ្មែរក្រោម ដើម្បីអាចប្រតិបត្តិសាសនាខ្មែរដោយឯករាជ្យ ។ បច្ចុប្បន្នសហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងចលនាការគាំទ្រឲ្យព្រះសង្ឃខ្មែរក្រោម អាចអនុវត្តសាសនាខ្លួនឯងបាន ពីសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ។
នាយកផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រឹង ម៉ាន់រិន មានប្រសាសន៍ថា ការអនុញ្ញាតឲ្យព្រះសង្ឃវៀតណាមគ្រប់គ្រងព្រះសង្ឃខ្មែរក្រោម នឹងអាចបណ្តាលឲ្យមានគ្រោះថា្នក់ ដែលអាចឈានទៅដល់ការបែកបាក់សាមគ្គីភាពព្រះសង្ឃខ្មែរក្រោម៖ «ព្រះពុទ្ធសាសនាយួនវា នៅក្រោមរណសិរ្សមាតុភូមិរបស់រដ្ឋាភិបាលកុម្មុយនិស្តយួន ។ វាគ្មានឯកភាព ដូច្នេះយើងមានបញ្ហាត្រង់ថា ការប្រតិបត្តិព្រះពុទ្ធសាសនាវាអាចខុសគ្នាពីតំបន់មួយទៅតំបន់មួយទៀត» ។
លោក ត្រឹង ម៉ាន់រិន បន្តទៀតថា ព្រះសង្ឃគង់នៅលើទឹកដីកំណើត ត្រូវមានទឹកចិត្តក្លាហាន ហ៊ានសរសេរញាត្តិដាក់ទៅរដ្ឋាភិបាលវៀតណាម ដើម្បីទាមទារសិទ្ធិគោរពសាសនានេះមកវិញ ។ មកទល់ នឹងឆ្នាំ ២០១៨ ខ្មែរក្រោមកសាងវត្តបានចំនួន ៤៦១ វត្ត និងមានព្រះសង្ឃចំនួនជាង ៨ ពាន់ ៥ រយអង្គ ។
ព្រះសង្ឃមួយអង្គគង់នៅខេត្តព្រះត្រពាំង ស្វាគមន៍ចំពោះសំណើឲ្យព្រះសង្ឃខ្មែរអាចប្រតិបតិ្តសាសនាដោយឯករាជ្យ និងមិននៅក្រោមការគ្រប់គ្រងរបស់វៀតណាម ។ ទោះបីជាយ៉ាងណា ព្រះអង្គមានសង្ឃឹមតិចតួចណាស់ ដែលរដ្ឋាភិបាលវៀតណាម នឹងយល់ព្រម ។ ព្រះអង្គបន្តថា សព្វថ្ងៃព្រះសង្ឃវៀតណាម ក៏គ្រប់គ្រងត្រាវត្តខ្មែរក្រោម ផងដែរ៖ «ក្នុងនាមជាព្រះសង្ឃមួយអង្គដែរ ។ អត្មាចង់ឲ្យសហគមព្រះសង្ឃឯករាជ្យ ប៉ុន្តែវាមិនខុស នឹងរដ្ឋាភិបាលវៀតណាមទេ» ។
កន្លងមកមានព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គ ត្រូវបានអាជ្ញាធរវៀតណាមឃាត់ព្រះកាយ ហើយចាប់ដាក់ពន្ធនាគារ ដោយសារតែហ៊ានបង្រៀនអក្សរខ្មែរដល់កូនខ្មែរក្រោម និងចង់បានសិទ្ធិសេរីភាពផ្នែកសាសនា ។ របាយការណ៍ក្រសួងការបរទេសអាមេរិក ស្តីពីសិទ្ធិសេរីភាពសាសនាអន្តរជាតិ ផ្សាយកាលពីខែមិថុនា ឲ្យដឹងថា ច្បាប់វៀតណាមអនុញ្ញាតឲ្យរដ្ឋាភិបាលនេះ គ្រប់គ្រងយ៉ាងតឹងរ៉ឹងលើសេរីភាពផ្នែកសាសនា ដោយយកលេសរឿងសន្តិសុខសង្គម និងជាតិ ។ របាយការណ៍រកឃើញថា មេដឹកនាំសាសនានៅវៀតណាម ដែលអាជ្ញាធរមិនចុះបញ្ជីឲ្យតែងតែរងការធ្វើទុក្ខបុកម្នេញ រួមមាន ការវាយប្រហាររាងកាយ ចាប់ខ្លួនកាត់ទោស ការដាក់កម្រិតនៃការដើរហើរ និងរឹបអូសទ្រព្យសម្បត្តិជាដើម ។
ចំពោះការបង្កើតសហជីពវិញ លោក ត្រឹង ម៉ាន់រិន មានប្រសាសន៍ថា លោកកំពុងស្វែងរកជំនួយផ្នែកច្បាប់ពីមេធាវី និងយុវជន ដើម្បីដាក់សំណើផ្លូវការទៅរដ្ឋាភិបាលវៀតណាម ដើម្បីឲ្យពួកគេអាចបង្កើតសហជីពតាមកន្លែងការងារបាន ។ លោកថា ការបង្កើតសហជីពនេះ ដើម្បីធានាថា ខ្មែរក្រោមអាចឈប់សម្រាកថ្ងៃបុណ្យសាសនា និងប្រពៃណីជាតិខ្មែរបាន ពីព្រោះកន្លងមកវៀតណាម មិនអនុញ្ញាតឲ្យខ្មែរក្រោមឈប់ថ្ងៃបុណ្យឡើយ៖ «កម្មករយើងវាឡើងរាប់សែន មិនមែនរាប់ម៉ឺនទេ វាច្រើនមែនទែន ហើយបុណ្យសែនដូចតា ចូលឆ្នាំ យើងអត់បានឈប់ ហេតុដូច្នេះយើងចង់ឲ្យមានសហជីព» ។
កាលពីបុណ្យសែនដូនតាកន្លងទៅ វៀតណាមមិនបានអនុញ្ញាតឲ្យខ្មែរក្រោមឈប់សម្រាកមកលេងស្រុកកំណើត ជួបជុំគ្រួសារនោះទេ ។ វៀតណាមក៏មិនឲ្យខ្មែរក្រោមឈប់ពេលបុណ្យចូលឆ្នាំថ្មីដែរ ។ មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោមថា គោលបំណងវៀតណាម ដែលមិនទទួលស្គាល់បុណ្យជាតិខ្មែរនោះ គឺដោយសារតែ វៀតណាមខ្លាចអន្តរជាតិថា វៀតណាមទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើមកំណើត ដូច្នេះ ខ្មែរក្រោមអាចមានសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត ។ ទឹកដីកម្ពុជាក្រោម ត្រូវបានបារាំងកាត់ទាំងខុសច្បាប់ទៅឲ្យវៀតណាមកាលពី ៧០ ឆ្នាំមុន ។ សព្វថ្ងៃខ្មែរក្រោម នៅលើពិភពលោក កំពុងធ្វើយុទ្ធនាការ ទាមទារឲ្យវៀតណាម ផ្តល់សិទ្ធិស្វ័យសម្រេចដោយខ្លួនឯង ជាជនជាតិដើមកំណើត ទៅថ្ងៃអនាគត ៕