ពលរដ្ឋខ្មែរនៅកម្ពុជាក្រោម មិនទាន់ទទួលបានសិទ្ធិធ្វើពិធីបុណ្យភ្ជុំបិណ្ឌពេញលេញទេ
ពលរដ្ឋខ្មែររស់នៅលើទឹកដីកម្ពុជាក្រោម កំពុងរៀបចំប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ ដូចពលរដ្ឋខ្មែរនៅកម្ពុជា និងពលរដ្ឋខ្មែរនៅក្រៅប្រទេសដែរ ប៉ុន្តែអ្នកឃ្លាំមើលសិទ្ធិជនជាតិដើមភាគតិច ឲ្យដឹងថា ដោយសាររស់នៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរកុំម្មុយនិស្ដវៀតណាម ពួកគាត់មិនមានសិទ្ធិពេញលេញប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដូចប្រជាពលរដ្ឋនៅប្រទេសកម្ពុជា និងនៅប្រទេស លោកសេរីទេ។

ក្រុមអ្នកឃ្លាំមើល និងព្រះសង្ឃ អំពាវនាវឲ្យអាជ្ញាធរវៀតណាម អនុញ្ញាតឲ្យកម្មករ និងពលករ ជាជនជាតិដើមខ្មែរកម្ពុជាក្រោម ទទួលបានឱកាសឈប់សម្រាកថ្ងៃបុណ្យប្រពៃណីខ្លួន ដោយមិនកាត់ប្រាក់កម្រៃ។
នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្រុមពលរដ្ឋខ្មែររស់នៅទឹកដីកម្ពុជាក្រោម មិនដែលបំភ្លេចចោលបុណ្យសែនដូនតារបស់ខ្លួនទេ។ ពួកគេតែងប្រារព្វពិធីនេះរាល់ឆ្នាំ ដូចពលរដ្ឋខ្មែរនៅទូទាំងពិភពលោកដែរ។ តែយ៉ាងណា អ្នកឃ្លាំមើលសិទ្ធិខ្មែរកម្ពុជាក្រោមរូបនេះ អះអាងថា នៅតែមានកម្មករខ្មែរ ដែលធ្វើការនៅទីក្រុង នៅប្រទេសវៀតណាមមួយចំនួន មិនអាចឈប់សម្រាកទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យសែនដូនតាបាន ព្រោះនៅប្រទេសវៀតណាម គ្មានច្បាប់សម្រាកបុណ្យសែនដូនតា សម្រាប់ជនជាតិដើមភាគតិចខ្មែរក្រោម៖ «មកផ្ទះខ្ញុំបានជួបជាមួយម្មករកម្មការិនី ពលករមួយចំនួន ដែលធ្វើការនៅទីប្រជុំជនពួកគាត់ មិនបានទៅស្រុកកំណើត ដើម្បីគោរពពិធីសែនដូនតានោះទេ ប៉ុន្តែខ្លះក៏បានទៅ ប៉ុន្តែត្រូវបានកាត់ប្រាក់កម្រៃអ៊ីចឹងទៅណា»។
អតីតដែនដីកម្ពុជា ផ្នែកខាងក្រោមនៃដងទន្លេមេគង្គ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម ត្រូវបានអាណានិគមបារាំងផ្ទេរសិទ្ធិគ្រប់គ្រងទៅឲ្យស្ដេចវៀតណាម ឈ្មោះ បាវ ដាយ (Bao Dai) កាលពីថ្ងៃទី០៤ មិថុនា ឆ្នាំ១៩៤៩ ដើម្បីជាថ្នូរយកកម្លាំងរបស់ស្ដេច បាវ ដាយ ទៅទប់ទល់នឹងកម្លាំងកុម្មុយនិស្តរបស់លោក ហូ ជីមិញ (Ho Chi Minh)។ បើទោះជាជិត ១០០ឆ្នាំមកនេះ ពលរដ្ឋខ្មែរម្ចាស់ស្រុក បានក្លាយជាជនជាតិដើមភាគតិច រស់នៅលើដែនដីកំណើតរបស់ខ្លួន ក្រោមការគ្រប់គ្រង និងត្រួតត្រារបស់រដ្ឋាភិបាលវៀតណាមក្ដី ប៉ុន្ដែពួកគេ មិនដែលបំភ្លេចចោលពិធីបុណ្យប្រពៃណីរបស់ដូនតាទេ។
ព្រះតេជគុណ ចាន់ ថយ គង់នៅវត្តមេពាំង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ឲ្យដឹងថា នៅកម្ពុជាក្រោម គេមិនហៅពិធីបុណ្យភ្ជុំបិណ្ឌទេ គេហៅពិធីបិណ្ឌដូនតា ឬ សែនដូនតា មានរយៈពេល ១៥ថ្ងៃដូចគ្នា។ ពលរដ្ឋខ្មែរក្រោម មិនទៅធ្វើបុណ្យច្រើនវត្ត ដូចនៅប្រទេសកម្ពុជាទេ គឺពុទ្ធបរិស័ទចំណុះជើងវត្តនាំគ្នាចែកវេនគ្នា ទៅវត្តក្បែរផ្ទះ ពីបិណ្ឌទី១ ចាប់ពីថ្ងៃទី១រោច ខែភទ្របទ ដល់បិណ្ឌទី១៣ ថ្ងៃ១៣រោច។ ចំណែកបិណ្ឌទី១៤ គេហៅថា ថ្ងៃសែនដូនតា គឺពលរដ្ឋខ្មែរក្រោម ជួបជុំសាច់ញាត្តិនៅតាមផ្ទះ និងនិមន្ដព្រះសង្ឃទៅសូត្រធម៌ សម្ដែងធម៌ទេសនាដល់ផ្ទះ។ ឯថ្ងៃធំសម្រាប់ពិធីបុណ្យសែនដូនតា ឬថ្ងៃភ្ជុំបិណ្ឌ គឺថ្ងៃ ១៥រោច ពុទ្ធបរិស័ទ ចំណុះជើងវត្ត នាំគ្នាទៅជុំគ្នា នៅទីអារាម ដើម្បីធ្វើបុណ្យរួមគ្នា។ ព្រះសង្ឃនៅកម្ពុជាក្រោម បន្ដថា បន្ទាប់ពីធ្វើបុណ្យ ១៥ថ្ងៃរួច ថ្ងៃ ១កើត ខែអស្សុជ ពលរដ្ឋខ្មែរកម្ពុជាក្រោម នាំគ្នាធ្វើពិធីដាក់សំណែនបណ្ដែតលើកន្ទោងតាមទឹក ដើម្បីជូនដំណើរដូនតាត្រឡប់ទៅវិញ៖ «បើវត្តនៅកម្ពុជាក្រោមគេទៅមួយថ្ងៃតែម្តងទេ តាមវេនគេចាត់ជាក្រុម។ និយាយរួមគេចាត់ជាវេនជាក្រុមនៅវត្តកម្ពុជាក្រោម គឺបែបនឹងគេមិនបានធ្វើដូចនៅកម្ពុជាទេ បានទៅច្រើនវត្ត សូម្បីការរៀបចំហៅឈ្មោះក៏មានលក្ខណៈខុសគ្នាដែរ នៅកម្ពុជាគេហៅពិធីបិណ្ឌភ្ជុំ ឬ ភ្ជុំបិណ្ឌ ចំណែកនៅកម្ពុជាក្រោមនេះវិញគេហៅថា ពិធីសែនដូនតា»។

សម្រាប់ទីវត្តអារាមវិញ នៅពេលបុណ្យសែនដូនតា ឬ ភ្ជុំបិណ្ឌ មានឮសំឡេងកងរំពងអំពីការសូត្រធម៌ ស្ទើតែ ១៥ថ្ងៃ ១៥យប់។ នៅពេលទៀបភ្លឺ មានពិធីបោះបាយបិណ្ឌ ក្រុមព្រះសង្ឃ និងយាយជី សូត្រធម៌បទបរាភវសូត្រ ដើម្បីដាក់តឿនស្មារតីកុំឲ្យប្រព្រឹត្តិវិនាសទាំង ១២ប្រការ របស់សាសនាព្រះពុទ្ធ និងមានចាក់បទទំនួញប្រេត ពិធីពូនភ្នំខ្សាច់ នៅពេលពុទ្ធបរិស័ទយកចង្ហាន់ទៅប្រគេនព្រះសង្ឃ។ ពុទ្ធសាសនិក នាំគ្នាស្លៀកសំលៀកបំពាក់តាមបែបប្រពៃណី យកចង្ហាន់ប្រគេនព្រះសង្ឃតាមវេននីមួយៗ និងនៅថ្ងៃ ១៥រោច។ ព្រះសង្ឃ ដែលគង់ទីអារាម ចាំទទួលចង្ហាន់ សូត្រធម៌ដារឆ្លង តាមប្រពៃណី ដូចនៅកម្ពុជាដែរ។ ចំណែកពេលរាត្រីវិញ ព្រះសង្ឃឲ្យដឹងថា តាមក្រុមនីមួយៗ ចំណុះជើងវត្ត បាននាំគ្នាមូលមតិ ដើម្បីនិមន្ដព្រះសង្ឃសម្ដែងធម៌ទេសនានៅទីអារាម។
ក្នុងឱកាសពិធីបុណ្យសែនដូនតា ការជូបជុំគ្នាមិនថា ក្មេងចាស់ទេ ជាឱកាសដ៏ពិសេសមួយសម្រាប់ពលរដ្ឋខ្មែរក្រោម ជួបជុំក្រុមគ្រួសារមកពីទីជិតឆ្ងាយ បើទោះជាខ្មែរក្រោមខ្លះ គ្មានវាសនាឈប់សម្រាកជួបជុំបងប្អូនក្រុមគ្រួសារ និងរៀបចំពិធីផ្សេងៗ ពេញលេញតាមទំនៀមទម្លាប់ក៏ដោយ។
សៀវភៅប្រវត្តិសាស្រ្តខ្មែរក្រោម មានចំណងជើងថា វីរៈបុរសខ្មែរក្រោម ឧកញ្ញ៉ា សឺន គុយ អះអាងថា កម្ពុជាក្រោម មានទំហំប្រហាក់ប្រហែលផ្ទៃដីប្រទេសកម្ពុជាបច្ចុប្បន្ន ហើយមានខេត្តចំនួន ២១ខេត្ត និងមានវត្តអារាមជាង ៥០០វត្ត។ ប៉ុន្ដែគ្មានស្ថិតិផ្លូវការណាមួយបង្ហាញថា ខ្មែរកម្ពុជាក្រោម រស់នៅលើទឹកដីកំណើតរបស់ខ្លួន ដែលវៀតណាមកំពុងត្រួតត្រាមានចំនួនប៉ុន្មានពិតប្រាកដឡើយ។ សៀវភៅប្រវត្តិសាស្រ្តខ្មែរក្រោមមួយទៀត មានចំណងជើងថា អំណាចគ្មានខ្មែរក្រោម សរសរថា ពលរដ្ឋខ្មែរក្រោមមានជាង ១លាននាក់។ ចំណែកសៀវភៅប្រវត្តិសាស្ត្រ ចំណងជើងថា ដំណើរឆ្ពោះទៅទិសខាងលិច បញ្ជាក់ថា នៅសតវត្សទី២១ ខ្មែរក្រោមមានជាង ៤លាននាក់។ រីឯខាងសហព័ន្ធខ្មែរក្រោមវិញ អះអាងថា ខ្មែរក្រោមទាំងអស់ មានជាង ៨លាននាក់។
ប្រធានសម្ព័ន្ធសមណៈនិស្សិតខ្មែរកម្ពុជាក្រោម ព្រះតេជគុណ សឺន សុផារិន្ទ មានព្រះថេរៈដីកាថា បើទោះជាពលរដ្ឋខ្មែរក្រោមភាគច្រើន បាននាំគ្នាធ្វើចំណាកស្រុក ទៅធ្វើកម្មករនៅទីក្រុង ប៉ុន្ដែ ពួកគេមួយចំនួន សុខចិត្តឲ្យថៅកែកាត់ប្រាក់កំរ៉ៃ ដើម្បីយកពេលវេលាទៅជួបជុំបងប្អូននៅស្រុកកំណើត។ ព្រះអង្គបន្ដថា អាជ្ញាធរប្រទេសវៀតណាម មិនទាន់អនុញ្ញាតឲ្យខ្មែរក្រោម មានសិទ្ធិឈប់សម្រាកថ្ងៃបុណ្យប្រពៃណីរបស់ខ្លួនទេ ប៉ុន្ដែនៅតាមខេត្តមួយចំនួន ដែលសំបូរជនជាតិខ្មែររស់នៅ ពួកគេអាចឆ្លៀតទៅធ្វើបុណ្យបាន ដូចជា ខ្មែរក្រោម រស់នៅខេត្តព្រះត្រពាំងជាដើម៖ «មិនទាន់មានទេ មិនទាន់មានទេ កំពុងតែមាន ច្បាប់ប៉ុន្តែមានការតឹងរឹងណាស់មិនងាយស្រួលនោះទេពរ តែឥលូវកំពុងមានការសុំអនុញ្ញាតយើង មិនដឹងថា បានរឺមួយមិននោះទេ ច្បាប់គេនៅវៀតណាមនេះមានការតឹងរឹងណាស់មិនងាយស្រួលទេ ខ្មែរយើងភាគច្រើនមិនហ៊ានឈប់នោះទេ ពរ បើហ៊ានឈប់មានតែគេកាត់ប្រាក់ខែអ៊ីចឹងមានការ ឈប់តិចតួចណាស់ពរ»។
សេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីជនជាតិដើមភាគតិច ត្រង់មាត្រា១២ ចែងថា ជនជាតិដើមភាគតិច មានសិទ្ធិប្រតិបត្តិ និងធ្វើឲ្យរស់រវើកឡើងវិញ នូវប្រពៃណី និងទំនៀមទម្លាប់ជាវប្បធម៌របស់ខ្លួន។ សិទ្ធិនេះ រួមមានទាំងសិទ្ធិក្នុងការថែរក្សាការពារ និងអភិវឌ្ឍន៍អ្វីៗ ដែលបង្ហាញអត្តសញ្ញាណ វប្បធម៌របស់ខ្លួន ដែលមានពីអតីតកាល បច្ចុប្បន្ន និងអនាគត ដូចជាតំបន់បុរាណវិទ្យា និងតំបន់ប្រវត្តិសាស្រ្តបុរាណវត្ថុ រចនាបថ ពិធីបុណ្យ បច្ចេកវិទ្យា និងសិល្បៈ ទស្សនីយភាព និងការសម្ដែងសិល្បៈ និងអក្សរសាស្រ្ត។ រដ្ឋទាំងឡាយ ត្រូវផ្ដល់ឲ្យមានដំណោះស្រាយ តាមរយៈយន្តការមានប្រសិទ្ធិភាព ដែលរួមមានទាំងបដិទាន ដោយបានរៀបចំបង្កើតឡើងជាមួយជនជាតិដើមភាគតិច ចំពោះកម្មសិទ្ធិវប្បធម៌បញ្ញា សាសនា និងជំនឿរបស់ពួកគេ ដែលត្រូវបានដកហូតដោយគ្មានការយល់ព្រមដោយសេរី និងដោយមិនបានប្រាប់ឲ្យដឹងជាមុន ឬដែលរំលោភលើច្បាប់ ប្រពៃណី និងទំនៀមទម្លាប់របស់ពួកគេ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ថា បើរដ្ឋណាមួយ បានចូលជាសមាជិកនៃអង្គការសហប្រជាជាតិ និងប្រកាសទទួលស្គាល់កតិកាសញ្ញាអន្ដរជាតិនេះរួច រដ្ឋនោះ ត្រូវមានកាតព្វកិច្ចគោរព និងអនុវត្តកតិកាសញ្ញានេះ និងត្រូវធ្វើយ៉ាងណា ផ្ដល់សិទ្ធិគ្រប់គ្រាន់ឲ្យជនជាតិដើមភាគតិច មានពេលវេលាគ្រប់គ្រាន់បានប្រារព្វប្រពៃណីរបស់ពួកគេ៖ «បើប្រទេសប្រជាធិបតេយ្យប្រជាពលរដ្ឋដែល រស់នៅក្នុងប្រទេសហ្នឹង បើគាត់មិនទាន់មានសិទ្ធិគាត់មានសិទ្ធិទាមទារតវ៉ាធ្វើយ៉ាងណាឲ្យបាននូវសិទ្ធិចំពោះប្រទេស ដែលកុម្មុយនិសបើសិនជាក្នុងប្រទេសរបស់ ខ្លួនទទួលស្គាល់បើកទូលំទូលាយ ហើយគួរណាតែផ្តល់សិទ្ធិសេរីភាពក្នុងការគោរពវប្បធម៌ ប្រពៃណីសាសនា ដែលមានមាននៅអ្វី ដែលគាត់ចង់បានហ្នឹងដែរបាទ»។
បច្ចុប្បន្នក្រុមព្រះសង្ឃ និងពលរដ្ឋជនជាតិដើមភាគតិចខ្មែរក្រោម កំពុងធ្វើញ្ញត្តិស្នើសុំដោយទទូចទៅរដ្ឋសភាវៀតណាម ដើម្បីអនុញ្ញាតឲ្យជនជាតិដើមខ្មែរក្រោម ទទួលបានថ្ងៃឈប់សម្រាក ដោយមិនកាត់ប្រាក់កម្រៃ នៅក្នុងពិធីបុណ្យប្រពៃណីធំៗ របស់ខ្លួន ដូចជា ពិធីបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យអុំទូកជាដើម។ ចំណែកនាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បី សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន អំពាវនាវយ៉ាងទទូច ឲ្យអាជ្ញាធរប្រទេសវៀតណាម គ្រប់លំដាប់ថ្នាក់ ចេញលិខិតអនុញ្ញាត ដើម្បីសម្រួលឲ្យកម្មករ ឬពលករខ្មែរក្រោម ទទូលបានសិទ្ធិឈប់សម្រាក នៅថ្ងៃបុណ្យប្រពៃណីរបស់ខ្លួន៕ ប្រភពព័ត៌មានៈ RFA