​យុវជន​ខ្មែរក្រោម​អះអាង​ថា​ ​នៅ​កម្ពុជា​មានឱកាស​សិក្សា​បាន​ខ្ពស់​នៅ​សម័យនេះ​

0 178

ដោយ គឹម សាវតា

​បើ​ទោះ​ជា​មិនទាន់​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ពេញលេញ​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ ​នៅពេលដែល​ចាកចេញ​ពី​ដែនដី​កម្ពុជាក្រោម​មក​រស់នៅ​លើទឹក​ដី​កម្ពុជា​ ​ប៉ុន្តែ​ ​យុវជន​ខ្មែរ​ក្រោ​មួយ​ចំនួន​អះអាង​ថា​ ​នៅ​កម្ពុជា​មានឱកាស​សិក្សា​បាន​ខ្ពស់​ ​ព្រោះ​មាន​អ្នកជួយ​ឧ​ត្ថម្ភ​ដល់​ការសិក្សា​ច្រើន​ ​។​

កម្មវិធីផ្តល់​អាហារូបករណ៍​ដល់​ព្រះសង្ឃ​ និង​និស្សិត​ខ្មែរ​ក្រោមរបស់សម្ព័ន្ធ​សមណ​និស្សិត-និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នាពេលកន្លងមក ។ រូបថតៈ ជា សុភារិន

​លោក​ ស៊ឺ​ន​ ​ជុំ​ជួន​ ​យុវជន​ខ្មែរក្រោម​មួយ​រូប​ ​ដែល​បាន​រៀនចប់​ថ្នាក់បណ្ឌិត​នៅ​សកលវិទ្យាល័យ​មួយ​នៅ​កម្ពុជា​ ​ហើយ​បច្ចុប្បន្ន​លោក​ជា​មេធាវី​មួយ​រូប​ផង​នោះ​ ​បាន​ប្រាប់​សារ​ព័ត៌មាន​ព្រៃនគរ​ ​និង​សំឡេង​កម្ពុជាក្រោម​ ​ថា​ ​ប្រសិនបើ​មិន​មានការ​តាំងចិត្ត​ ​ក្នុង​ការសិក្សា​ទេ​នោះ​ ​គឺ​មិន​អាច​ឈាន​ទៅ​រក​ភាព​ជោគជ័យ​បាន​នោះ​ទេ​ ​ពោល​គឺ​ត្រូវតែ​ពុះពារ​ ​ដើម្បី​ស្វែងរក​ឱកាស​នៃ​ការសិក្សា​ ​។​ ​លោក​បន្ត​ថា​ ​លោក​បាន​សិក្សា​រហូតដល់​ចប់​ថ្នាក់បណ្ឌិត​នេះ​ ​ដោយសារតែ​លោក​ចំណាយ​ធនធាន​ផ្ទាល់ខ្លួន​មួយ​ចំនួន​ ​និង​មួយ​ចំនួន​ទៀត​ ​បាន​មកពី​សប្បុរស​ជន​ជួយឧបត្ថម្ភ​ ​។​ ​លោក​បន្ថែម​ថា​ ​បុព្វបុរស​ខ្មែរ​ខិតខំ​សិក្សា​រៀនសូត្រ​ ​និង​ចងក្រង​ក្បួន​ច្បាប់​សម្រាប់​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​រៀនសូត្រ​បាន​ដឹង​ ​ដូចនេះ​ ​ប្រសិនបើ​កូនខ្មែរ​ជាពិសេស​ខ្មែរក្រោម​មិនបាន​រៀនសូត្រ​ឱ្យ​បាន​ជ្រៅជ្រះ​ទេ​ ​គឺ​ហាក់ដូចជា​មិន​ឱ្យ​តម្លៃ​អ្វី​ ​ដែល​បុព្វបុរស​ខំ​សិក្សា​ ​និង​ចងក្រង​ ​។​

​បើ​តាម​លោក​ ​សឺ​ន​ ​ជុំ​ជួន​ ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ននេះ​ ​គ្រឹះស្ថាន​ឧត្តម​សិក្សា​បាន​ផ្ដល់​អាហារូបករណ៍​ខ្លះ​ ​៥​០​% ​និង​កន្លែង​ខ្លះទៀត​ដល់​ ​១​០​០​% ​ទៀត​ផង​ ​ដែល​នេះ​ ​ជា​ឱកាស​សម្រាប់​យុវជន​ខ្មែរក្រោម​ ​ដែល​ចង់​បន្ត​ការសិក្សា​ឱ្យ​បាន​ខ្ពង់ខ្ពស់​ ​ដើម្បី​សម្រួល​ដល់​ជីវភាព​ផ្ទាល់ខ្លួន​ ​និង​សង្គមជាតិ​។​

​បើ​ទោះ​ជា​ពេល​ចប់​ថ្នាក់បណ្ឌិត​ ​លោក​​​មានការងារ​សមរម្យ​ ​ដើម្បី​ទ្រទ្រង់​ជីវភាព​ ​ប៉ុន្តែ​ ​អ្វី​ដែល​សំខាន់​គឺ​លោក​ចង់​ចូល​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ខ្មែរក្រោម​ ឱ្យ​មាន​កាន់តែ​ច្រើន​។​

​លោក​ ​ថា​ច់ ​គឹម​សា​រាង​ ​យុវជន​ខ្មែរក្រោម​មួយ​រូប​មកពី​ខេត្ត​ព្រះត្រពាំង​ ​ដែល​ទទួល​បាន​អាហារូបករណ៍​រហូត​ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​បាន​ប្រាប់​ថ្លែង​ថា​ ​ការ​ទទួល​បាន​អាហារូបករណ៍​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​និស្សិត​ខ្មែរក្រោម​ ​រួម​ទាំង​រូបលោក​ផង​ដែរ​ ​ព្រោះ​អាហារូបករណ៍​នេះ​ ​បាន​ជួយ​សិស្ស​ខ្មែរក្រោម​មួយ​ផ្នែក​ក្នុង​ការ​កាត់បន្ថយ​បន្ទុក​លើ​ថ្លៃ​សិក្សា​ ​។​

​លោក​បន្ត​ថា​ ​កម្មវិធី​អាហារូបករណ៍​ពេញលេញ​របស់​ខ្មែរក្រោម​ ​គឺជា​ស្ពាន​សម្រាប់​និស្សិត​ខ្មែរក្រោម​ដែល​មាន​ការលំបាក​ ​មានឱកាស​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួនឯង​ ​។​

​បន្ទាប់ពី​លោក​បាន​ទទួល​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ ​លោក​បាន​ផ្សព្វផ្សាយ​ដល់​គ្រួសារ​ខ្មែរក្រោម​ ​ដែល​មាន​តម្រូវ​ការទាក់ទង​សុំ​អាហារូបករណ៍​ ​ដើម្បី​បន្ត​ក្តី​សុបិន​ ​និង​កសាង​អនាគត​សម្រាប់​យុវជន​ខ្មែរក្រោម​ផ្សេងទៀត​ផង​ ​។​

​លោក​ឱ្យ​ដឹង​ ​អំពី​ភាព​ខុសប្លែក​គ្នា​មុន​ ​និង​ក្រោយ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ថា​ ​លោក​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​ ​ពង្រឹង​ចំណេះ​ដឹង​ទូទៅ​ ​ពង្រឹង​ចំណេះ​ដឹង​ជំនាញ​ ​ពី​ចំណេះ​ដឹង​នោះ​យកទៅ​ប្រើប្រាស់​ក្នុង​ការងារ​ដោយមាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​។​

​ព្រះ​តេជ​ព្រ​គុណ​ ​ចៅ​ ​រ៉េ​ន​ ​ព្រះ​ប្រធាន​ស​ម្ព័ន្ធ​សមណ​និសិត្ស-និសិត្ស​ខ្មែរ​កម្ពុជាក្រោម​ ​មាន​ថេរ​ដីកា​ថា​ ​ការងារ​សំខាន់​របស់​ស​ម្ព័ន្ធ​សមណ​និសិត្ស-និសិត្ស​ខ្មែរ​កម្ពុជាក្រោម​ ​គឺ​បណ្ដុះ​ធនធានមនុស្ស​ខ្មែរក្រោម​ ​ដូចនេះ​គឺ​ត្រូវតែ​ខិតខំ​ស្វែងរក​ធនធាន​ថវិកា​ ​ដើម្បី​ជួយ​ដល់​សមណ​និសិត្យ ​និង​និសិត្ស​ខ្មែរក្រោម​ ​សិក្សា​បាន​កាន់តែ​ខ្ពស់​ ​។​ ​ព្រះអង្គ​បន្ត​ថា​ ​ថវិកា​សម្រាប់​ឧបត្ថម្ភ​ដល់​ការសិក្សា​របស់​សមណ​និសិត្ស និសិត្ស​ខ្មែរក្រោម​ ​គឺ​បាន​មកពី​ការ​បរិច្ចាគ​ ​និង​ការ​ធ្វើបុណ្យ​ផ្កា​នានា​ ​រួម​ទាំង​ស​ប្បុ​រ​ជ​ ​ន​ដែល​ស្រឡាញ់​ ​និង​មាន​ទឹកចិត្ត​ជួយ​ដល់​សង្គម​ខ្មែរក្រោម​ ​មិនថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ឬនៅ​បរទេស​នោះ​ទេ​ ​។​

​ព្រះតេជព្រះគុណ​ ​ចៅ​ ​រ៉េ​ន​ ឱ្យ​ដឹង​បន្ថែម​ថា​ ​មិន​ត្រឹមតែ​សមណ​និសិត្ស និសិត្ស​ខ្មែរក្រោម​សិក្សា​ថ្នាក់ឧត្តម​សិក្សា​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ​គឺ​មាន​សមណ​និសិត្ស ​និង​និសិត្ស​ខ្មែរក្រោម​មួយ​ចំនួន​ ​ក៏​កំពុង​សិក្សា​ថ្នាក់ឧត្តម​នៅ​ក្រៅ​ទេស​ផង​ដែរ​ ​ដូចជា​នៅ​ប្រទេស​ថៃ​ ​និង​ប្រទេស​ដទៃទៀត​តាមរយៈ​ជំនួយ​អាហារូបករណ៍​នេះ​ ​។​

​លោក​ ​ថា​ច់ ​សុវណ្ណ​មុនី​ ​អនុប្រធាន​កិច្ចការ​និស្សិត​ ​អាហារូបករណ៍​ខ្មែរក្រោម​ ​នៃ​ ​មជ្ឈមណ្ឌល​ពុទ្ធសាសនា​អ្នកប្រាជ្ញ​ខ្មែរក្រោម​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​មានប្រសាសន៍ថា​ ​កន្លងមក​ ​និង​ពេល​បច្ចុប្បន្ន​ ​គឺ​មាន​សប្បុរស​ជន​ ​បាន​ឧបត្ថម្ភ​ដល់​សមណ​និសិត្ស និសិត្ស​ខ្មែរក្រោម​ជាបន្តបន្ទាប់​ ​ដើម្បី​បន្ត​ការសិក្សា​ ​ក្នុង​នោះ​ ​មជ្ឈមណ្ឌល​ពុទ្ធសាសនា​អ្នកប្រាជ្ញ​ខ្មែរក្រោម​ ​ក៏បាន​ចាប់ផ្តើម​ស្វែងរក​ជំនួយ​ ​ដើម្បី​ផ្ដល់​អាហារូបករណ៍​ ​ហើយ​សមណ​និសិត្ស និសិត្ស​ខ្មែរក្រោម​ ​បាន​ទទួល​អាហារូបករណ៍​នេះ​ ​ជាបន្តបន្ទាប់​ ​។​ ​ក្រៅពី​នេះ​ស្ថាប័ន​របស់​លោក​ ​ក៏បាន​ស្នើសុំ​កិច្ច​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ផ្សេងៗ​ ​ដើម្បី​ទទួល​បាន​អាហារូបករណ៍​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​ផង​។​

​បើ​តាម​លោក​ ​ថា​ច់ ​សុវណ្ណ​មុនី​ ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​យុវជន​ខ្មែរក្រោម​ទទួល​ការសិក្សា​បាន​ខ្ពស់​ច្រើន​ ​បន្ទាប់ពី​មានការ​ផ្ដល់​អាហារូបករណ៍​ពី​សប្បុរស​ជន​ទាំង​នៅ​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​ដែល​នេះ​ជា​ធនធាន​ដ៏​សំខាន់​សង្គម​ខ្មែរ​ ​ជាពិសេស​ខ្មែរក្រោម​ ​៕

Leave A Reply

Your email address will not be published.