អង្គការ​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​រដ្ឋាភិបាល​ឱ្យ​ទទួល​ស្គាល់​ខ្មែរ​ក្រោម​នៅ​កម្ពុជា ជា​ពលរដ្ឋ​ខ្មែរ​ដោយ​ស្វ័យប្រវត្តិ

0 364

ដោយ យន់ សាមៀន | RFA Khmer

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​នៅ​កម្ពុជា គ្រោង​នឹង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី៧២ នៅ​ចុង​ខែ​ឆ្នូ​នេះ ដើម្បី​ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន ដែល​ពលរដ្ឋ​ខ្មែរក្រោម កំពុង​ជួប​ប្រទះ​នៅ​កម្ពុជា ដែល​បណ្ដាល​ឲ្យ​ពួក​គេ​មិន​ទទួល​បាន​សិទ្ធិ​គ្រប់​គ្រាន់ ។ អង្គការ​ខ្មែរ​កម្ពុជាក្រោម ​ក៏​ស្នើ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​ឈប់​រើសអើង និង​រំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​កំណើត ។

កសិករ​ខ្មែរ​ក្រោម ៤ នាក់ ក្នុង​តុលាការ​ខេត្ត​ក្រមួនស នៃ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី ៣ ខែធ្នូ ឆ្នាំ ២០២០ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី ៦ ខែ​ដល់​ជិត ៣ ឆ្នាំ ពី​បទ​ប្រើ​ហិង្សា​លើ​កងកម្លាំង​សមត្ថកិច្ច ពេល​តវ៉ា​នឹង​ការ​បង្ខំ​បណ្ដេញ​ពី​ដី​ស្រែ​ចម្ការ ។ រូបៈ ខ្មែរ​នៅ​កម្ពុជាក្រោម
កសិករ​ខ្មែរ​ក្រោម ៤ នាក់ ក្នុង​តុលាការ​ខេត្ត​ក្រមួនស នៃ​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី ៣ ខែធ្នូ ឆ្នាំ ២០២០ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី ៦ ខែ​ដល់​ជិត ៣ ឆ្នាំ ពី​បទ​ប្រើ​ហិង្សា​លើ​កងកម្លាំង​សមត្ថកិច្ច ពេល​តវ៉ា​នឹង​ការ​បង្ខំ​បណ្ដេញ​ពី​ដី​ស្រែ​ចម្ការ ។ រូបៈ ខ្មែរ​នៅ​កម្ពុជាក្រោម

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​រក​ឃើញ​ថា ខ្មែរ​ក្រោម​នៅ​កម្ពុជា និង​នៅ​ស្រុក​កំណើត ដែល​វៀតណាម​គ្រប់គ្រង កំពុង​រងគ្រោះ​ដោយសារ​តែ​ការ​រំលោភបំពាន ។ របាយការណ៍​អង្គការ​នេះ ​ឲ្យ​ដឹង​ថា វប្បធម៌​ខុស​គ្នា​រវាង​ខ្មែរ​ក្រោម និង​វៀតណាម បង្ក​ឲ្យ​មាន​សម្ពាធ​ទៅ​លើ​ខ្មែរ​ក្រោម ដើម្បី​រក្សា​អត្តសញ្ញាណ​ជា​ខ្មែរ ហើយ​ពេល​ខ្លះ​ខ្មែរ​ក្រោម​ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​សម្រប​សម្រួល​ទៅ​តាម​វប្បធម៌​វៀតណាម ។ វៀតណាម​ ក៏​បាន​ប្រើប្រាស់​អំពើ​ហិង្សា​បង្ក្រាប​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ហ៊ាន​តវ៉ា​បញ្ហា​ការ​រំលោភ​បំពាន​ដីធ្លី និង​ទាមទារ​សិទ្ធិ​សេរីភាព ។ របាយការណ៍​ដដែល​បន្ត​ថា វៀតណាម​ក៏​ជ្រៀតជ្រែក​ចូល​កិច្ចការ សាសនា​របស់​ពលរដ្ឋ និង​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ហើយ​ព្រះសង្ឃ​ខ្មែរ​ក្រោម ក៏​រង​ការ​ចោទ​ប្រកាន់​ផ្សេងៗ និង​ប្រឈម ការ​ឃុំឃាំង​ក្នុង​វត្ត​ជា​ដើម ។

ដោយឡែក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​វិញ ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ជំរុញ​ឲ្យ​វៀតណាម គោរព​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម និង​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ម្ចាស់​ស្រុក ជនជាតិ​ដើម ។ សេចក្ដី​ថ្លែង​ការណ៍​បន្ត​ថា ក្នុង​រយៈ​ពេល ៧២ ឆ្នាំ ដែល​ខ្មែរ​ក្រោម ​បាត់បង់​ទឹក​ដី​ដោយសារ​តែ​បារាំង​កាត់​ដី​ខ្មែរ​ទៅ​ឲ្យ​វៀតណាម​ទាំង​ខុស​ច្បាប់​នោះ ខ្មែរ​ក្រោម​រាប់​លាន​នាក់ រស់នៅ​ដោយ​គ្មាន​សិទ្ធិមនុស្ស និង សាសនា ។ ពួក​គេ​រស់​នៅ​ក្នុង​គុក​ឥត​ជញ្ជាំង ។ ក្នុង​ឆ្នាំ ២០២០ នេះ អាជ្ញាធរ​វៀតណាម ​បាន​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្មែរ​ក្រោម ​ឥត​ឈប់​ឈរ ទាំង​សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​កាន់កាប់​ដីធ្លី សាសនា និង​សិទ្ធិ​អ៊ិនធឹណែត។ យុវជន​ខ្មែរ​ក្រោម ​ជា​ច្រើន​រូប​ត្រូវ​បាន​វៀតណាម​ផាក​ពិន័យ​ជា​ច្រើន​រយ​ដុល្លារ ដោយសារ​តែ​ពួក​គេ​ប្រើប្រាស់​បណ្ដាញ​សង្គម (Facebook) បញ្ចេញ​មតិ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ពិត និង​រិះគន់​រដ្ឋាភិបាល​វៀតណាម ។

យុវជន​ខ្មែរ​ក្រោម​ម្នាក់ ដែល​ត្រូវ​វៀតណាម​ផាក​ពិន័យ ដោយសារ​តែ​លោក​បាន​បង្ហោះ​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ក្រោម ប្រាប់​អាស៊ី​សេរី​ថា វៀតណាម​ព្យាយាម​រឹតត្បិត​សិទ្ធិ​សេរីភាព​យុវជន​ខ្មែរ​ក្រោម ដើម្បី​បំបាក់​ស្មារតី​យុវជន៖ «ប្អូន​យល់​ឃើញ​ហ្នឹង រដ្ឋាភិបាល​យួន ដែល​ផាក​ពិន័យ​រូប​ប្អូន​ផ្ទាល់ ដែល​ហ៊ាន​បញ្ចេញ​មតិ​ហ្នឹង ហ៊ាន​និយាយ​ហ៊ាន​ថា តាម​សង្គម​ហ្វេសប៊ុក​ហ្នឹង ជា​ករណី​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ។ ប្អូន​សង្កេត​ឃើញ​ថា ការ​បញ្ចេញ​មតិ​តាម​សង្គម​ហ្វេសប៊ុក​ហ្នឹង រដ្ឋាភិបាល​វៀតណាម ​រំលោភ​មក​លើ​តែ​ខ្មែរ​ក្រោម»

វៀតណាម​មិន​ត្រឹមតែ​ធ្វើ​ទុក្ខ​យុវជន​ខ្មែរ​ក្រោម​នោះ​ទេ កាល​ពី​ថ្មីៗ នេះ កសិករ​ខ្មែរ​ក្រោម ៤ នាក់ ដែល​ត្រូវ​វៀតណាម​រឹបអូស​យក​ដី​ស្រែ​ទាំង​ខុស​ច្បាប់ ដោយ​គ្មាន​សំណង​នោះ ត្រូវ​បាន​តុលាការ​វៀតណាម កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ពី ៦ ខែ ទៅ ២ ឆ្នាំ​កន្លះ​ថែម​ទៀត ។ វៀតណាម​ចោទ​កសិករ​ខ្មែរ​ក្រោម​ ទាំង​នោះ​ថា ប្រឆាំង​អាជ្ញាធរ​សាធារណៈ ពេល​សមត្ថកិច្ច​វៀតណាម​ចុះ​ទៅ​រំលោភ​យក​ដី​ពួក​គេ ។ បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នោះ កំពុង​ស្វែង​រក​មេធាវី ដើម្បី​ប្ដឹង​ឧទ្ធរណ៍ ។

ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ មន្រ្តី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ថ្កោលទោស​វៀតណាម ហើយ​អំពាវនាវ​ដល់​វៀតណាម ត្រូវ​តែ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន ស្រប​តាម​ច្បាប់​អន្តរជាតិ និង​សិទ្ធិ​ជា​ជន​ជាតិ​ដើម ដែល​វៀតណាម​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់៖ «អាត្មាភាព​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​វៀតណាម​ ត្រូវ​តែ​គោរព​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម ​ជា​ម្ចាស់​ស្រុក​ជន​ជាតិ​ដើម ហើយ​ដោះ​លែង​កសិករ​ខ្មែរ​ក្រោម​ទាំង​បួន​នោះ​ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​ថា ពួក​គាត់​អត់​មាន​ទោស​កំហុស​អ្វី​ទេ ។ ដូច្នោះ​ហើយ​កុំ​ប្រើ​តុលាការ និង​សិទ្ធិ​អំណាច ដើម្បី​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ត​ទៅ​ទៀត»

ដោយ​ឡែក ពលរដ្ឋ​ខ្មែរ​ក្រោម ​ដែល​រត់​មក​រស់​នៅ​កម្ពុជា ឯណេះ​វិញ​ក៏​រង​រំលោភ​សិទ្ធ និង​រើសអើង​ផង​ដែ រ។

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា​មួយ​ចំនួន​ធំ ពុំ​ទាន់​មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​ស្រប​ច្បាប់ និង​គ្មាន​អត្តសញ្ញាណ​ប័ណ្ណ ដើម្បី​អាច​យក​ទៅ​ប្រើប្រាស់ ដើម្បី​ទទួល​បាន​សេវា​សុខភាព អប់រំ កម្មសិទ្ធិ​ដីធ្លី និង​លិខិត​ឆ្លង​ដែន​ជា​ដើម ។ ចំណែក​នៅ​ថ្នាក់​មូលដ្ឋាន​វិញ ខ្មែរ​ក្រោម​រង​ការ​រើសអើង​ដោយសារ​តែ ពលរដ្ឋ​ខ្មែរ​គិត​ថា ខ្មែរ​ក្រោម​ជា​ជនជាតិ​វៀតណាម ។

អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ប្រាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី ១៣ ធ្នូ​ថា សមាគម​ខ្មែរ​ក្រោម​ស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ពន្លឿន ការងារ​ផ្តល់​លិខិត​ស្នាម​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ដើម្បី​អាច​រស់​នៅ​កម្ពុជា​ដោយ​ស្រប​ច្បាប់៖ «បើ​យើង​និយាយ​អំពើ​ស្ថានភាព​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា វា​មាន​បញ្ហា​បី ដែល​កំពុង​ប្រឈម៖ ទី ១ ពាក់ព័ន្ធ​នឹង​ការ​ទទួល​បាន​ភាព​ស្រប​ច្បាប់​ផ្សេងៗ ទី ២ ពាក់ព័ន្ធ និង​បញ្ហា​ដីធ្លី ​និង​សិទ្ធិ​លំនៅឋាន​ជា​ដើម និង​ទី ៣ ពាក់ព័ន្ធ​នឹង​ការ​អប់រំ សំដៅ​ទៅ​លើ​ស្ត្រី​ខ្មែរ​ក្រោម ដែល​គាត់​ពុំ​បាន​សិក្សា​អប់រំ»

ពាក់ព័ន្ធ​នឹង​បញ្ហា​រដ្ឋាភិបាល​ខ្មែរ​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្រ្តី​រដ្ឋាភិបាល​បាន​ទេ កាល​ពី​ថ្ងៃ​ទី ១៣ ធ្នូ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ត្រូវ​ធ្វើ​តាមច្បាប់​សញ្ជាតិ ប្រសិន​បើ​ចង់​បាន​សញ្ជាតិ​ខ្មែរ​ស្រប​ច្បាប់ ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ កន្លង​មក​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ធ្លាប់​បញ្ជាក់​ថា ខ្មែរ​ក្រោម​នឹង​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​ស្វ័យប្រវត្តិ ប្រសិន​បើ​ពួក​គេ​មក​រស់​នៅ​កម្ពុជា ។ ការណ៍​ដែល​អាជ្ញាធរ​ខ្មែរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ ទើប​បណ្ដាល​ឲ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស និង​ការ​រើសអើង ។​ ពលរដ្ឋ​ខ្មែរ ដែល​ភៀស​ខ្លួន​ពី​វៀតណាម ដោយសារ​តែ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ មិន​អាច​រស់​នៅ​កម្ពុជា​បាន ហើយ​ពួក​គេ​សម្រេច​គេច​ចេញ​ពី​កម្ពុជា​ជា​បន្ត​ទៀត ទៅ​រស់​នៅ​ប្រទេស​ថៃ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​ប្រទេស​ទីបី ៕

Leave A Reply

Your email address will not be published.