ខ្មែរក្រោម នៅ​ប្រទេស​អូស្ត្រាលី ប្រារ​ព្ច​ខួប​លើក​ទី ៧២ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ «១០ ធ្នូ​»

0 422

ដោយ ស៊ឺន ចែងចើន

​ពលរដ្ឋ​ខ្មែរក្រោម នៅ​ប្រទេស​អូស្ត្រាលី បាននាំគ្នា​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ លើក​ទី ៧២ ឆ្នាំ ២០២០ នេះ ។ ពួកគេ​ចាត់ទុកថា ការ​រំឭក​ទិវា​នេះ ជា​ឱកាស​មួយ ដើម្បី​ជំរុញ​ឲ្យ​ពលរ​ដុ្ឋ​ខ្មែរក្រោម នៅក្នុង​ស្រុក និង​ក្រៅប្រទេស ខិតខំ​ប្រឹងប្រែង​ត​ទៅមុខទៀត ដើម្បី​តស៊ូ​មតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួលស្គាល់​សិទ្ធិ​ខ្មែរក្រោម ដែលជា​សិទ្ធិ​មូល​ដ្ធា​ន​របស់​មនុស្សជាតិ ។ ពួកគេ​ថ្លែងថា ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ជា​ទិវា​សម្រាប់​មនុស្សជាតិ​ទូទាំង​ពិភពលោក ក្នុងនោះ ក៏មាន​ខ្មែរក្រោម ផងដែរ ។ យ៉ាងនេះ​ក្តី ខ្មែរក្រោម​លើកឡើងថា បើទោះជា​ពិភពលោក​មាន​សេចក្តីថ្លែងការណ៍ ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ​រយៈពេល ៧២ ឆ្នាំ​មកហើយ​ក៏ដោយ ប៉ុន្តែ រហូតមកទល់​ពេលនេះ ពលរដ្ឋ​ខ្មែរក្រោម នៅតែ​គ្មាន​សិទ្ធិសេរីភាព​ឡើយ ។​

ទិដ្ឋភាពអ្នកចូលរួមទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ នៅប្រទេសអូស្រ្តាលី ។ រូបៈ ទំព័រហ្វេសប៊ុក វត្ត​រតនា​រាម
ទិដ្ឋភាពអ្នកចូលរួមទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ នៅប្រទេសអូស្រ្តាលី ។ រូបៈ ទំព័រហ្វេសប៊ុក វត្ត​រតនា​រាម

​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​នៅ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃអាទិត្យ​ទី ៦ ខែធ្នូ សប្តាហ៍​កន្លងទៅនេះ បាន​ជួបជុំគ្នា​ប្រារព្ធ​ខួប​លើក​ទី ៧២ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ។ ការ​ប្រារព្ធ​ពិធី​នេះ គឺ​ក្នុង​បំណង ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី ៧២ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅជា​ផ្លូវការ នៅ​ថ្ងៃទី ១០ ខែធ្នូ ផង និង​ដើម្បី​លើកឡើង ពី​ការរំលោភ​សិទ្ធិមនុស្ស នៅ​ដែនដី​កម្ពុជា​ក្រោម ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម ផង ។​

​ពិធី​ជួបជុំ​នេះ បានធ្វើ​ឡើង​នៅ​វត្ត​រតនា​រាម ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ដែលមាន​ពលរដ្ឋ​ខ្មែរ និង​ខ្មែរក្រោម ជិត ៥០ នាក់​ចូលរួម ។​

​នៅក្នុង​ពិធី​នោះ តំណាង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅតាម​រដ្ឋ​នានា​នៃ​ប្រទេស​អូស្ត្រាលី បាន​ឡើង​ថ្លែង​ម្តងម្នាក់ៗ ដោយ​ចាត់ទុក​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ថា ជា​ទិវា​លើកកម្ពស់​ការយល់ដឹង និង​តស៊ូ​មតិ ដើម្បី​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួនឯង​របស់​ជនជាតិដើម​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​ក្រោម​អាណានិគម​របស់​វៀតណាម ។

ពលរដ្ឋ​ខ្មែរក្រោម ដែល​ចូលរួម​នៅក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ នៅ​ប្រ​ទេ​អូស្ត្រាលី លើកឡើង​ស្រដៀងៗ គ្នា​ថា ចាប់តាំងពី​ដែនដី​កម្ពុជា​ក្រោម ត្រូវបាន​បារាំង កាត់​ប្រគល់​ឲ្យ​ប្រទេស​វៀតណាម គ្រប់គ្រង​ពី​ឆ្នាំ ១៩៤៩ មក ខ្មែរក្រោម បានទទួល​រង​នូវ​ភាពអយុត្តិធម៌ ការឈឺចាប់ និង​គ្មាន​សិទ្ធិសេរីភាព​ឡើយ ។

​លោក ទៀ ថេ​ន ទីប្រឹក្សា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលជា​វាគ្មិន​ម្នាក់ នៅក្នុង​ពិធី​នោះ បាន​ថ្លែង​អំពី​ទុក្ខវេទនា​របស់​ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រង​ការរំលោភ​សិទ្ធិមនុស្ស គ្មាន​សិទ្ធិសេរីភាព ក្នុង​ការគោរព និង​អនុវត្ត​ទំនៀមទម្លាប់​ប្រពៃណី​របស់ខ្លួន ខ្វះ​សេរីភាព​ក្នុង​ជំនឿ និង​ប្រតិបត្តិ​សាសនា ព្រមទាំង​ការ​ប្រឈម​ជាច្រើន​ផ្សេងទៀត ដូចជា សេរីភាព​ក្នុងការ​បញ្ចេញមតិ សេរីភាព​ក្នុងការ​ទទួលបាន​ព័ត៌មាន និង​សេរីភាព​ក្នុងការ​ដើរហើរ​ដោយ​សេរី ជាដើម ។

​លោក ទៀ ថេ​ន ទីប្រឹក្សា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថ្លែងនៅក្នុងទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ នៅប្រទេសអូស្រ្តាលី ។ រូបៈ ទំព័រហ្វេសប៊ុក វត្ត​រតនា​រាម
​លោក ទៀ ថេ​ន ទីប្រឹក្សា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថ្លែងនៅក្នុងទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ នៅប្រទេសអូស្រ្តាលី ។ រូបៈ ទំព័រហ្វេសប៊ុក វត្ត​រតនា​រាម

លោក ទៀ ថេ​ន ក៏បាន​លើកឡើង ពី​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ខ្មែរក្រោម ដែល​បាន​កើតឡើង នៅពេល​ថ្មីៗ ទៅដល់​អ្នកចូលរួម​ផងដែរ ។ លោក​កត់សម្គាល់​ឃើញថា ការ​ធ្វើទុក្ខបុកម្នេញ​ថ្មីៗ នេះ តាមរយៈ​ការកោះហៅ​ការ​កោះ​ពលរដ្ឋ​ខ្មែរក្រោម ទៅ​សាកសួរ ដោយ​គំរាមកំហែង​សម្លុត​បំភ័យ និង​ពិន័យ​ប្រាក់​ជាដើម ដែល​នេះ លោក​ចាត់​ថា ជា​អំពើ​រំលោភច្បាប់ និង​សិទ្ធិ​មកលើ​ខ្មែរក្រោម ។​

​គួរ​ជម្រាបជូន​ថា សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស ត្រូវបាន​អនុម័ត​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី ១០ ធ្នូ ឆ្នាំ ១៩៤៨ ។ សេចក្ដីប្រកាស​នេះ បានទទួល​ស្គាល់​នូវ​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​របស់​មនុស្ស​ទាំង​អស់ ទាំង​ស្ត្រី និង​បុរស នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​ទូទាំង​ពិភពលោក ដោយ​មិនមាន​ការរើសអើង​អ្វី​ទាំងអស់ ។ ចាប់តាំងពី​ត្រូវបាន​អនុម័ត​នៅ​ឆ្នាំ​១៩៤៨ រួចមក សេចក្ដីប្រកាស​នេះ ត្រូវ​ចាត់ទុកថា ជា​បទដ្ឋាន​សាកល​មួយ​នៃ​សមិទ្ធផល​របស់​មនុស្ស​គ្រប់​ប្រជាជាតិ​ទាំងអស់ ។​

​ចាប់តាំងពី​បាន​សិទ្ធិ​គ្រប់គ្រង​ពី​បារាំង​មក រដ្ឋាភិបាល​នៃ​បក្ស​កុ​ម្មុយ​និ​ស​វៀតណាម បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​បំបាត់​វប្បធម៌ អត្តសញ្ញាណ សាសនា ភាសា និង​ប្រពៃណី ទំនៀមទម្លាប់ ។ រដ្ឋាភិបាល​វៀតណាម ក៏បាន​ធ្វើទុក្ខបុកម្នេញ ដោយ​ចាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ដាក់ពន្ធនាគារ ដើម្បី​កុំ​ឲ្យ​ងើបឡើង ទាមទារ​សិទ្ធិ​ជា​ជនជាតិដើម​ម្ចាស់​ស្រុក ។ ដោយសារតែ​ពួកគេ​មិនអាច​ទ្រាំ​បាន នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ពលរដ្ឋ​ខ្មែរក្រោម ជាច្រើន​រយ​នាក់ បាន​ភៀសខ្លួន​មក​រស់​នៅលើ​ទឹកដី​កម្ពុជា ។ ចំណែក​ពលរដ្ឋ​ខ្មែរក្រោម ខ្លះទៀត ក៏បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​បី ផងដែរ ។

​កាលពីដើមឆ្នាំ ២០២០ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង ជូន​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កំណើត ទៅ​ថ្ងៃ​អនាគត ។ ក្រៅពីនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​កំពុងតែ​ពង្រីក និង​ពង្រឹងសមត្ថភាព​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅតាម​ប្រទេស​នានា បន្ថែមទៀត​ផងដែរ ៕

Leave A Reply

Your email address will not be published.