ខ្មែរក្រោម នៅ​កម្ពុជា ប្រារព្ធ​ខួប ១០៥ ឆ្នាំ នៃ​ទិវា​នារី​អន្តរជាតិ ៨ មីនា​

142

ដោយ ស៊ឺន ចែងចើន l សារព័ត៌មាន ព្រៃនគរ

លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃអាទិត្យទី ៦ មីនា ម្សិលមិញ​នេះ បាន​ប្រារព្វ​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨ មីនា ដែលមាន​ទីតាំង ស្ថិតនៅ​វត្ត​សាមគ្គី​រង្សី ភូមិ​ទ្រា ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ​ជាង ១០០ នាក់ ។​

_DSC0487

ពិធី​រំឭក​ខួប​ទី ១០៥ ឆ្នាំ នៃ​ទិវា​នារី​អន្តរជាតិ ដែល​រៀបចំ​ដោយ​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គឺ​ផ្តោត​សំខាន់​ទៅលើ​ការផ្សព្វផ្សាយ​ដល់​មនុស្ស​គ្រប់រូប ទាំង​បុរស ទាំង​ស្ដ្រី ដើម្បី​ជួយ​ឲ្យស្ដ្រី​មាន​ភាពយុត្តិធម៌​ក្នុង​ការទទួល​សិទ្ធិ និង​ការកាត់បន្ថយ ទប់ស្កាត់ លុបបំបាត់ចោល​នូវបញ្ហា​ទាំងឡាយ ដែល​កើតមាន​ចំពោះ​ស្ដ្រីភេទ ភាពស្មើគ្នា​រវាង​បុរស និង​ស្ដ្រី ។ ជាពិសេស​ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរក្រោម កំពុង​រស់​នៅឯ​ដែនដី​កម្ពុជា​ក្រោម យល់ដឹង​កាន់តែច្បាស់ អំពី​សិទ្ធិ​របស់ខ្លួន ។​

នៅក្នុង​សុន្ទរកថា ដែល​អាន​ដោយ អ្នកស្រី គៀង ធី​ប៉ា តំណាង​ឲ្យ​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា បាន​លើក​បង្ហាញ​នូវ​បញ្ហា​ប្រឈម​មួយចំនួន ដែល​កើតមាន​ចំពោះ​ស្ត្រី​ខ្មែរក្រោម កំពុង​រស់នៅ​ដែនដី​កំណើត​របស់ខ្លួន តាំងពី​អ​តី​តៈ​រហូតដល់​បច្ចុប្បន្នកាល​នេះ ។​

​តាម​របាយការណ៍​បង្ហា​ញ​ថា ព្រឹត្តិការណ៍​រំលោភសិទ្ធិ​ស្ត្រី​ខ្មែ​ក្រោម​យ៉ាងធ្ងន់ធ្ងរ ពី​សំណាក់​អាជ្ញាធរវៀតណាម  មានដូចជា ការចាប់​ឃុំឃាំង ធ្វើ​ទារុណកម្ម និង​សម្លាប់​ជាដើម ។​

​របាយការណ៍​ដដែល បាន​លើកយក​បង្ហាញ​នូវ​ព្រឹត្តិការណ៍​ថ្មីៗ មួយចំនួន ដែល​កើតមាន​ចំពោះ​ស្ត្រី​ខ្មែរក្រោម ។ ដូច​ករណី កាលពី​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០០៨ ស្ដ្រី​ខ្មែរក្រោម នៅ​ស្រុក​ក្របៅ ខេត្ត​មាត់ជ្រូក ត្រូវបាន​រដ្ឋអំណាច​កុម្មុយនីស្ដ​វៀតណាម វាយ​ធ្វើបាប​ដោយ​ប្រើ​ដំបងឆក់​ឲ្យ​រងរបួស ២៩ នាក់ យ៉ាង​អាណោច​អ​ធ័​ម ក្នុងនោះ​មាន​ស្ត្រី​ខ្មែរក្រោម​យ៉ាងតិច​ពីរ​នាក់ គឺ​អ្នកស្រី នាង យ៉េន និង​អ្នកស្រី នាង យ៉​ន ជាប់ពន្ធនាគារ​ក្នុង​ឆ្នាំ ២០០៩ ដោយ​រង​ការ​ចោទ​ពីបទ​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សង្គម​។​

ព្រឹត្តិការណ៍​ដ៏​ល្វីង​ជូរចត់​មួយទៀត គឺ​ការ​គម្រាម​ចាប់ចង​ដាក់គុក​ច្រ​វ៉ា​ក់ កើតមានឡើង​កាល​ចុងឆ្នាំ ២០០៧ ទៅលើ​រូបអ្នក​ស្រី លី ធី​ហឿង ដោយ​មូលហេតុ​អ្នកស្រី​តវ៉ា​សុំ​យកមក​វិញ​នូវ​ដីស្រែ ដែល​រដ្ឋអំណាច​កុម្មុយនីស្ដ​វៀតណាម រឹបអូស​យក​ឲ្យ​ជនជាតិ​វៀតណាម​គ្នា​គេ ។ កាលពី​ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១០ អ្នកស្រី ត្រឹង ធី​ចូ​វ នៅ​ភូមិ​ផ្នោ​លើ ឃុំ​ដំបូក​បី ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់ពន្ធនាគារ រហូតមកដល់​ពេលនេះ​មិនទាន់បាន​ដោះលែងនៅឡើយទេ​ ។ ពិសេស​ថ្មីៗ នេះ នៅ​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ ស្ដ្រី​ខ្មែរក្រោម ៣ នាក់ នៅ​ខេត្ត​ឃ្លាំង ត្រូវបាន​តុលាការ​វៀតណាម​ខេត្ត​ឃ្លាំង កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី ១០ ខែ​ទៅ ១ ឆ្នាំ ដោយ​ចោទ ពីបទ​បង្ករ​អសន្តិសុខ​ក្នុងសង្គម ដោយ​គ្រាន់តែ​ស្ដ្រី​ទាំង ៣ នាក់​នោះ ចូលរួម​ទូងស្គរ​ក្នុង​វត្ត​ព្រៃ​ជាប់ ក្នុងស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ដើម្បី​ប្រឆាំង នឹង​អាជ្ញាធរ​វៀតណាម ចាប់​ផ្សឹក​ព្រះ​តេជគុណ លី ចិន្តា ។ ស្ដ្រី​ខ្មែរក្រោម​ទាំង ៣ រូបនោះ​គឺ​៖ ១. អ្នកស្រី លី ធី​សា​ប៊ុត​, ២. អ្នកស្រី លី ធី​យ៉ុ​ន​, ៣. អ្នកស្រី ឡឹម ធី​ឡង​។

តាម​របាយការណ៍ បានបញ្ជាក់​ទៀតថា ស្ដ្រី​ខ្មែរ​នៅ​កម្ពុជា​ក្រោម គ្មាន​សាលារៀន​ជា​ភាសា​ខ្មែរ​ទេ ដូច្នេះ ស្ដ្រី​ខ្មែរ​នៅ​កម្ពុជា​ក្រោម ៩៥% មិនចេះ​អក្សរ​ខ្មែរ​ឡើយ ការមិន​ចេះអក្សរ​នោះ ប្រៀបដូចជា មនុស្ស ពិការភ្នែក​ទាំងសង្ខាង ។

ចុងបញ្ចប់​នៃ​សុន្ទរកថា នៅក្នុង​ឱកាស​ទិវា​នារី​អន្តរជាតិ អ្នកស្រី គៀង ធី​ប៉ា បានធ្វើការ​អំពាវនាវ ដល់​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ ព្រមទាំង​អ្នកសារព័ត៌មាន​នានា ទូទាំង​សកលលោក ជួយ​ដល់​ស្ដ្រី​ខ្មែរក្រោម ដែល​កំពុង​ប្រឈមមុខ នឹង​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​នេះ ឲ្យ​មាន​សិទ្ធិសេរីភាព ដូច​ស្ដ្រីទាំងឡាយ នៅលើ​ពិភពលោក​នេះ ។​

សូមបញ្ជាក់ថា ទិវា​នារី​អន្តរជាតិ ឬ​ទិវា​អង្គការសហប្រជាជាតិ ដើម្បី​សិទ្ធិ​ស្ត្រី និង​សន្តិភាព​អន្តរជាតិ ត្រូវបាន​អង្គការសហប្រជាជាតិ ចាត់ទុកជា​ថ្ងៃ​ផ្លូវការ​ចាប់ពី​ឆ្នាំ ១៩៧៧ មក ។ ក្នុង​មួយ​សតវត្សរ៍​កន្លងមក​នេះ ស្ត្រី​បានទទួល​នូវ​សមភាព នៅ​ចំពោះមុខ​ច្បាប់​គ្រប់​វិស័យ​នៅក្នុង​ពិភពលោក តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏មាន​ស្ត្រី​ជាច្រើន​នៅក្នុង​ប្រទេស​នានា ជុំវិញ​ពិភពលោក កំពុងតែ​ប្រឈម​នឹង​ការរំលោភ​សិទ្ធិមនុស្ស មានការ​រើសអើង និង​រង​នូវ​អំពើហិង្សា ហើយ​ពួកគេ​កំពុងតែធ្វើការ​តស៊ូ​មិន​ឈប់ឈរ ដើម្បី​សិទ្ធិ​សមភាព​របស់​នារី​ឲ្យ​ស្មើ នឹង​បុរស ៕

ខាងក្រោមជារូបថតខ្លះៗ ក្នុងពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨ មីនា ២០១៦ ៖ រូបថតៈ ស៊ឺន ចែងចើន

_DSC0465 _DSC0471 _DSC0475 _DSC0476 _DSC0477 _DSC0479 _DSC0482 _DSC0485 _DSC0487 _DSC0491 _DSC0492 _DSC0493 _DSC0494 _DSC0498 _DSC0499 _DSC0501 _DSC0505 _DSC0510 _DSC0516 _DSC0522 _DSC0524 _DSC0526 _DSC0531 _DSC0537 _DSC0539 _DSC0540 _DSC0543 _DSC0551 _DSC0553 _DSC0557 _DSC0558 _DSC0565 _DSC0571 _DSC0573 _DSC0574

Comments are closed.