អង្គការ-សមាគមខ្មែរកម្ពុជាក្រោម នឹងប្រារព្វទិវាអន្តរជាតិនៃជនជាតិដើមពិភពលោក
ដោយ ស៊ឺន ចែងចើន| VOKK
លេខាធិការដ្ឋាន ដែលជាបណ្តុំនៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី ៩ ខែសីហា ខាងមុខនេះ នឹងប្រារព្វទិវាអន្តរជាតិនៃជនជាតិដើមពិភពលោក ។
សម្រាប់ឆ្នាំ ២០១៧ ទិវាជនជាតិដើមអន្តរជាតិពិភពលោក គឺជាខួបលើកទី ២៣ ប្រារព្ធនៅទូទាំងពិភពលោក និងជាលើកទី ១៣ សម្រាប់ប្រទេសកម្ពុជា ។

នៅក្នុងកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃទី ១៥ កក្កដា កន្លងទៅនេះ លេខាធិការដ្ឋានអង្គការ-សមាគមខ្មែរកម្ពុជាក្រោម គ្រោង នឹងរៀបចំទិវាអន្តរជាតិនៃជនជាតិដើមពិភពលោក នៅឯទីស្នាក់ការកណ្តាលរបស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅវេលាម៉ោង ៨ ព្រឹក ដោយមានការនិមន្ត និងអញ្ជើញចូលរួម ពីសំណាក់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមជាង ១០០ អង្គ/នាក់ ។
តាមអង្គការ-សមាគមខ្មែរកម្ពុជាក្រោម ការប្រារព្វទិវានេះ គឺក្នុងគោលបំណងផ្សព្វផ្សាយ ពីសិទ្ធិជនជាតិដើម ដែលត្រូវបានអនុម័តច្បាប់ ដោយមហាសន្និបាត អង្គការសហប្រជាជាតិ ស្តីពីសិទិ្ធជនជាតិដើម កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដែលមានចំនួន ៤៦ មាត្រា ចូលជាធូរមាន ដោយតម្រូវឲ្យប្រទេសនានា លើពិពភលោក ត្រូវគោរពសិទ្ធិមូលដ្ឋានរបស់ជនជាតិដើម ជាម្ចាស់ទឹកដី ។
សេចក្តីប្រកាស ជាសាកលនេះ បានទទួលស្គាល់នូវសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ជនជាតិដើមភាគតិចទាំងអស់ ទាំងស្ត្រី និងបុរស នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងពិភពលោក ដោយមិនមានការ រើសអើងអ្វីទាំងអស់ ជាពិសេស នៅក្នុងមាត្រា នៃសេចក្តីប្រកាសនេះ បានចែងអំពី «សិទ្ធិស្វ័យសម្រេច វាសនាខ្លួន ដោយខ្លួនឯង» របស់ជនជាតិដើម ។
តាមអង្គការ-សមាគមខ្មែរកម្ពុជាក្រោមដដែល នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ គឺមានរយៈពេល ១០ ឆ្នាំហើយ ដែលវៀតណាមជាប្រទេសហត្ថលេខីមួយ ក្នុងបណ្ដាប្រទេសទាំង ១៤៣ បានគ្រាំទ្រលើសេចក្តីអនុម័តនេះ មិនបានគោរព និងលើកស្ទួយសិទ្ធិជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលកំពុងរស់ក្រោមអាណានិគមរបស់ខ្លួន ឲ្យពេញលេញនៅឡើយទេ ។
គួររំឭកថា ទិវាអន្តរជាតិនៃជនជាតិដើមពិភពលោក ត្រូវបានអនុម័តដោយកិច្ចប្រជុំពេញអង្គរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៩៤ សំដៅលើកស្ទួយសិទ្ធិរបស់ជនជាតិដើមភាគតិច តាមរយៈការទទួលស្គាល់ជាសាធារណៈ និងជំរុញការយល់ដឹងទូទៅរបស់ប្រជាជនអំពីវប្បធម៌ និងបញ្ហារបស់ជនជាតិដើម នៅក្នុងពិភពលោក ៕
Comments are closed.