ខ្មែរក្រោម​នៅ​ខេត្ត​មាត់ជ្រូក​រក្សា​ប្រពៃណី​ស្លៀក​ក្បិន​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​

0 282

​បើតាម​ទំនៀម​ទំលាប់ ប្រជាប្រិយ ដែល​បញ្ជា​ក់ដោយ​បដិមា​កម្ម​បុ​រេ​អង្គរ​ខ្មែរ​ទាំង​ពីរភេទ មាន​ទម្លាប់​និយម​ស្លៀក​ក្បិន​តាំងពី​បុរាណ​មក​ម្លេះ ។ បដិមា​កម្ម​នានា បញ្ជាក់​ជា​ប្រយោល​ថា សម្លៀកបំពាក់​បែបនេះ​មាន​វ័យ​ចំណាស់​ប្រមាណ​ជា ២០០០ ឆ្នាំ​មកហើយ ។​

យាយៗខ្មែរក្រោមនៃខេត្តមាត់ជ្រូក ចង់ក្បិងមកព្រលានយន្តហៅ តឹងសឺងញ៉ឹក នៅទីក្រុងព្រៃនគរ កាលពីថ្ងទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៣ ។
យាយៗខ្មែរក្រោមនៃខេត្តមាត់ជ្រូក ចង់ក្បិងមកព្រលានយន្តហៅ តឹងសឺងញ៉ឹក នៅទីក្រុងព្រៃនគរ កាលពីថ្ងទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៣ ។

ចុចស្ដាប់ ខ្មែរក្រោម​នៅ​ខេត្ត​មាត់ជ្រូក​រក្សា​ប្រពៃណី​ស្លៀក​ក្បិន​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​

នៅ​សម័យ​នគរ​ភ្នំ ឬ​ហ្វូណន យើង​បានឃើញ​ទេវរូប​មួយចំនួន​ស្លៀកសំពត់​ចងក្បិន តាម​លំនាំ​នៃ​ពួក​ព្រាហ្មណ៍ នៅ​ភូមិភាគ ខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា ជាពិសេស​ពួក​តា​មិ​ល​នៅ​ស្រីលង្ការ ។ កត្តា​នេះហើយ​ដែល​បញ្ជាក់​ប្រភព​ឥណ្ឌា​នៃ​ក្បិន​ខ្មែរ ដែល​ជនជាតិ​សៀម និង​លាវ (​ឡាវ​) បាន​ខ្ចី​ត​ពី​ខ្មែរ​កាលពី​អំឡុង​សតវត្ស​ទី​១៣ និង​ទី​១៤ នៃ​គ​.​ស​. ។​

សំពត់ចងក្បិន, ចម្លាក់នៅ ស.វ.ទី ៥-៦ នៃ គ. ស. ។ (សារមន្ទីរជាតិភ្នំពេញ)
សំពត់ចងក្បិន, ចម្លាក់នៅ ស.វ.ទី ៥-៦ នៃ គ. ស. ។ (សារមន្ទីរជាតិភ្នំពេញ)

សូមជម្រាបថា រហូតមកដល់​សព្វថ្ងៃ​នេះ មាន​ខ្មែរ​តិច​ណាស់​ដែល​ស្គាល់​ច្បាស់​ពី​ប្រភព​ឥណ្ឌា​នៃ​ក្បិន​ខ្មែរ ដែលជា​កម្ចី​ឥណ្ឌា​តាមរយៈ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ គឺ​ឥណ្ឌូ​រូបនីយកម្ម ពីព្រោះ​ជាទូទៅ​កម្រិត នៃ​ការចេះដឹង​ស្ថិត​ត្រឹមតែ​ក្នុង​ជួរ​បញ្ញា​វ័​ន្ត​ប៉ុណ្ណោះ ។ ចំពោះ​យើង ភាពស្រពិចស្រពិល ក្នុងការ​ស្គាល់​អំពី​ឫសកែវ នៃ​ខឿន វប្បធម៌​ខ្មែរ​ដើម​នេះហើយ ដែល​បានធ្វើ​ឲ្យ​ពួកគេ​យល់ច្រឡំ​ថា ប្រជាជន​ខ្មែរ​បាន​ខ្ចី ប្រពៃណី​នេះ​ពី​ជនជាតិ​សៀម ឬ​លាវ​ទៅវិញ ។ តាមពិតទៅ​គំនិត​ខុស​បែបនេះ មកពី​គេ​បានឃើញ​ជនជាតិ​ទាំងពីរ​នេះ​បាន​ប្រើ​សំពត់​ចងក្បិន​ដូច​ខ្មែរ ហើយ​មួយវិញទៀត​សោត​ពាក្យ​ចងក្បិន ដែលជា​ពាក្យ​ខ្មែរ​ក៏​ដូចគ្នា​ទៅនឹង​ពាក្យ​សៀម និង​លាវ​ទាំងស្រុង​ដែរ ។​

ការប្រើ​ក្បិន​ក្នុងសង្គម​ខ្មែរ មាន​តាំងពី​បុរាណកាល​មក ។ រហូតដល់​សព្វថ្ងៃ ទាំង​ស្ត្រី ទាំង​បុរស​បាន​ប្រើ​ក្បិន តែ​សព្វថ្ងៃ​ស្ត្រី​ប្រើ​ច្រើនជាង​បុរស ដោយ​គិត​តាំងពី​ការនិយម​នៅក្នុង​ទីក្រុង​រហូតដល់​ជនបទ ។ ពី​សម័យ​មហានគរ​ម​ក​ដល់​សម័យ​ទំនើប ការនិយម​សំពត់​ចងក្បិន ក៏​នៅតែមាន​ជា​ប្រក្រតី ទោះបី​នា​ដើម​សតវត្ស​ទី​២១ នេះ ការនិយម​មិនមាន​ភាព​ញឹកញាប់​ដូច​សម័យ​ដើម​ក៏ដោយ ។ មូលហេតុ​ចម្បង​បណ្ដាលមកពី​ការវិវត្ត​របស់​សង្គម​វប្បធម៌ ។ ដូច្នេះហើយ​បានជា​សព្វថ្ងៃ គេ​គ្រាន់តែ​ប្រើប្រាស់​សំពត់​ចងក្បិន​ជា​ផ្លូវការ ឬ​ក្នុង​ពិធី​ផ្សេងៗ​តែ​ប៉ុណ្ណេះ ។ ផ្ទុយទៅវិញ​អ្វីដែល​យើង​មិន​នឹកស្មាន​ដល់​គឺ នៅ​អតីត​ខេត្ត​ខ្មែរ​មួយចំនួន​នៅ​ប្រទេស​សៀម​(​សុ​រិ​ន្ទ្រ​), វៀតណាម​ខាងត្បូង (​ខេត្ត​មាត់ជ្រូក​) និង​លាវ (​អត្តា​ពើ​) ស្ត្រី​ខ្មែរ​ចាស់ៗ​នៅ​ពេញនិយម ប្រើ​សំពត់​ចងក្បិន​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ។

ព្រះតេជព្រះគុណ ចៅ សុខ មាន​ស្រុកកំណើត​នៅ​ខេត្ត​មាត់​ជ​ញ​រូ​ក និង​សព្វថ្ងៃ ជា​សមណ​និស្សិត​ថ្នាក់ អនុបណ្ឌិត ផ្នែក​អភិវឌ្ឍ​សង្គម នៃ សកល វិទ្យាល័យ មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ នៅក្នុង​ប្រទេស ថៃ បាន​មាន​ថេរ​ដីកា ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ថា​៖ “​គាត់​ក៏បាន​រៀបរាប់​ដែរ​ថា គាត់​មិនមែន​ទើបតែ ស្លៀក ពាក់ [​ក្បិន​] នៅ​សម័យនេះ​ទេ ។ គាត់​ថា មាន​តាំងពី​យូរលង់​ណាស់​មកហើយ​……” ។​

នេះ​ស​ឲ្យ​ឃើញថា ដូនតា​របស់​ជនជាតិ​ខ្មែរ ដែល​បានទទួល​មរតក​វប្បធម៌​ពី​សម័យ​នគរ​ភ្នំ ក្នុង​ប្រព័ន្ធ​អប់រំ​របស់​ពួកគាត់ សំពត់​ចងក្បិន​របស់​ព្រាហ្មណ៍​គឺ​ឧ​ត្តុ​ង​ឧ​ត្ត​ម និង​ត្រូវបាន​លើកតម្កើង ព្រោះ​ពួកគាត់​ចាត់ទុកថា ក្បិន​តំណាង​ឲ្យ​សេចក្ដីថ្លៃថ្នូរ ។​

ដូចនេះ ការដែល​មនុស្ស​ខ្មែរ​គ្រប់​សម័យកាល​និយម​សំពត់​ក្បិន ពិតជា​មិនមែនជា​រឿង​ចៃដន្យ​ទេ ក៏ប៉ុន្ដែ​មាន​ប្រភព​មូលហេតុ និង​ផល​យ៉ាង​ជាក់ច្បាស់ ពោល​គឺមាន​ក្បួនខ្នាត ឬ​ក្រិ​ត្យ​ក្រម​យ៉ាង​ត្រឹមត្រូវ ។ សូមជម្រាបថា ក្បួនខ្នាត​នៅទីនេះ​សំដៅ​ទៅលើ​ការ​ចងក្រង​ជា​ក្បួន​ទុក​ឲ្យ​កូនចៅ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត​មើល ព្រមទាំង​ត្រាប់​តាម ពោលគឺ​រក្សា​នូវ​រាល់​បទពិសោធន៍ ឬ​ទំនៀម​ទំលាប់​ដែល​ធ្លាប់មាន​ក្នុងសង្គម កុំ​ឲ្យ​បាត់បង់​និង​នៅ​ស្ថិតស្ថេរ​ជា​រៀងរហូត ។

ដូច្នេះហើយ​បានជា​ក្នុងសង្គម​ខ្មែរ មាន​ក្បួន​ចងក្បិន​ដែល​បានកើត​ឡើង ហើយ​មូលដ្ឋាន​នៃ​ការនិយម​ប្រតិបត្តិ​ពី​សំណាក់​ប្រជាជន​ខ្មែរ គ្រប់លំដាប់​ថ្នាក់ ។​

ដោយ​ប្រការ​នេះហើយ ទើបបានជា​យើង​ឃើញថា សំពត់​ចងក្បិន ដែល​ស្ត្រី ឬ​បុរស ខ្មែរ​ស្លៀក​តាម​លំនាំ​ដូនតា​ក្នុង​ពិធី​ផ្សេងៗ សុទ្ធសឹង​តែមាន​ពណ៌​ខុសប្លែក​ពីគ្នា ហើយ​ពណ៌​នីមួយៗ គេ​ស្លៀក​តាម​ថ្ងៃ​នីមួយៗ នៃ​សប្តាហ៍ ដែលមាន​ចំនួន​ទាំងអស់ ៧ ថ្ងៃ ដូច​អ្វីដែល​ចែង​ក្នុង​ក្បួន​ស្លៀក​ក្បិន ។​

ក្នុងការ​បកស្រាយ​អំពី​ការនិយម សំពត់​ចងក្បិន ក្នុង​សប្តាហ៍ យើង​បានឃើញ​មាន​កំណាព្យ​មួយ​កត់ត្រា​ដោយ​អ្នកគ្រូ កែវ ណា​រុំ ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​នេះ :

[twocol_one]“ក្រហម​ឲ្យ​ស្លៀក​ថ្ងៃអាទិត្យ

ពណ៌​លឿងទុំ​ពិត​ច័ន្ទ

ពណ៌​ស្វាយ​ទុក​ប្រើ​ថ្ងៃ​អង្គារ

ពុធ​ជា​បៃតង​ពណ៌​ស្លឹក​លៀប ។​​[/twocol_one] [twocol_one_last]

ព្រហស្បតិ៍​បៃតង​ត្រួយ​ចេក ខ្ចី​

សុក្រ​សិរី​ពណ៌​ខៀវ​តាមរបៀប

សៅរ៍​ព្រីង​ទុំ​ប្រាជ្ញ​លោក បាន​ប្រៀប​

ត្រូវ​តាមរបៀប​ពី ព្រេងនាយ ។”​[/twocol_one_last]

តាម​ខ្លឹមសារ​នៃ​កំណាព្យ​ខាងលើ យើង​ឃើញថា​ប្រពៃណី​ស្លៀកសំពត់​ចងក្បិន មាន​ចំណាស់​តាំង ពី​ព្រេងនាយ​ដ៏​យូរលង់ ដូច​រូបសំណាក​បុរាណ​ជា​ភស្តុតាង​ស្រាប់ ។ ក៏ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ការប្រើ​ពណ៌​ទាំង ៧ តាម​ថ្ងៃ​នីមួយ ៗ ដែលមាន​ក្នុង​សប្តាហ៍​នោះ មានការ​ទាក់ទង​ទៅនឹង​តារាសាស្ត្រ​យ៉ាង​ប្រាកដ ។

​សូម​រំលឹកថា មួយឆ្នាំ​មាន ៣៦៥ ថ្ងៃ ដែល​ត្រូវ​ចែកចេញជា​១២​ខែ ។ ក្នុង​១ ខែ​មាន​៤ អាទិត្យ ហើយ​ក្នុង ១​អាទិត្យ​មាន ៧​ថ្ងៃ ដែលជា​រួមមាន​ថ្ងៃ ច័ន្ទ​,​អង្គារ​,​ពុធ​,​ព្រ​ហ​ស្យ​តិ៍​,​សុក្រ​,​សៅរ៍ និង អាទិត្យ ។ យើង​ក៏បាន​ដឹង​ទៀតថា​ថ្ងៃ​ទាំង ៧​នៃ​សប្តាហ៍​នេះ គឺ​តំណាង​ឲ្យ​ភព​ទាំង ៧ គឺ ភព ច័ន្ទ​,​អង្គារ​,​ពុធ​ជាដើម ដែលជា​ផ្កាយ​នព្វគ្រោះ ។

​តាម​ការស្រាវជ្រាវ​កន្ល​ង​មក ខាង​តារាសាស្ត្រ យើង​ឃើញថា​ថ្ងៃ​នីមួយៗ​ក៏​បុព្វការី​ជន​ខ្មែរ​បាន​ចង​ក្រ​ងុ​ជា​ក្បួនខ្នាត និង​បាន​ខិតខំ​បកស្រាយ​នូវ​បញ្ហា​ដ៏​សំខាន់​នានា ហើយ​បញ្ចេញ​ជា​ទស្សនៈ ដូចជា​:

  • -​ថ្ងៃ​ច័ន្ទ​តំណាង​ឲ្យ​ភព​ផ្កាយ​ព្រះ​ច័ន្ទ​ដែលមាន​ពណ៌​លឿង​,
  • -​ថ្ងៃ​អង្គារ​តំណាង​ឲ្យ​ព្រះ​អង្គារ​ដែលមាន​ពណ៌​ស្វាយ​,
  • -​ថ្ងៃ​ពុធ ជា​តំណាង​ឲ្យ​ព្រះ​ពុធ ដែលមាន​ពណ៌​បៃតង ត្រួយ​លៀប​,
  • -​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ តំណាង​ឲ្យ​ផ្កាយ​ព្រ​ហ​ស្ប​ត៍ ពណ៌​បៃតង​,
  • -​ថ្ងៃ​សុក្រ​ជា​ទីនាំង​ផ្កាយ​នព្វគ្រោះ​ព្រះ​សុក្រ ដែលមាន​ពណ៌​ខៀវចាស់​លាយ​ពណ៌​ខ្មៅ​បន្ដិច​,
  • -​ថ្ងៃ​សៅរ៍​តំណាង​ឲ្យ​នព្វគ្រោះ​ព្រះ​សៅរ៍ មាន​ពណ៌​ព្រីង​ទុំ លាយ​ពណ៌​ក្រហម ខ្មៅ​ច្រើន​ហើយ​និង​ពណ៌​ខៀវ​បន្ដិច​,
  • -​ថ្ងៃអាទិត្យ គឺ​តំណាង​ឲ្យ​រូបភព​ផ្កាយ​ព្រះអាទិត្យ ដែលមាន​ពណ៌​ក្រហម ។​

​ម្យ៉ាងទៀត មិនមែន​ដូច​អ្នកខ្លះ​យល់​នោះទេ ជនជាតិខ្មែរ​ពាក់​សំពត់​ពណ៌​ខុសៗ​គ្នា មិនមែន​សម្រាប់​ល្អ​លើសគេ និង​ក៏​មិនមែន​សម្រាប់​បញ្ចេញ​ភាពឆើតឆាយ និង​សម្បូរបែប​នោះដែរ ។ ទង្វើ​នេះ​មាន​ប្រភព​ចេញពី​ជំនឿ​សាសនា លើ​ទ្រឹស្ដី​ថ្ងៃ​ល្អ និង​ថ្ងៃ​អាក្រក់​នៃ​សប្តាហ៍ ដែលមាន​ក្នុង​ក្បួន​ទស្ស​ទាយ​ខ្មែរ ឬ​តារាសាស្ត្រ ។​

cul_trad_1_25_02_10

​តាម​ទំនៀម​ទំលាប់​ប្រជាប្រិយ​ខ្មែរ​បុរាណ ថ្ងៃ​ច័ន្ទ​ដែលជា​ទីនាំង​របស់​ផ្កាយ​នព្វគ្រោះ​ច័ន្ទ បន្ទាប់ពី​ថ្ងៃអាទិត្យ​មាន​ពណ៌​លឿង ហើយ​ពណ៌​នេះ​មាន​ពន្លឺ​ស្រទន់​ត្រជាក់ ស្លូតបូត​រាបសារ គួរ​ឲ្យ​ស្រលាញ់ ហើយ​ការដែល​គេ​ស្លៀក​ក្បិន​ពណ៌​លឿង​នេះ អាច​ផ្តល់នូវ​ជោគជ័យ​សិរី​មង្គល​គ្រប់ប្រការ​ពុំខាន​ឡើយ ។

​ថ្ងៃអាទិត្យ​ដែលមាន​ពណ៌​ក្រហមឆ្អៅ គឺជា​និមិត្តរូប​នៃ​តេ​ជៈម​ហិ​ទ្ធ​រិ​ទ្ធិ ឬ​អានុភាព​យ៉ាងខ្លាំង​ក្លា គួរ​ឲ្យ​រន្ធត់​ញាប់​ញ័រ​ចិន្តា ។ ហើយ​អ្នក​ដែល​ស្លៀកសំពត់​ចងក្បិន​ពណ៌​ក្រហម​នៅ​ថ្ងៃអាទិត្យ ពិតជា​ទទួលបាន​នូវ​ឥទ្ធិពល គួរ​ឲ្យ​ស្ងប់​ស្ងែ​ង​ពុំខាន ។​

​ដូច្នេះ​គុណសម្បត្តិ​របស់​ផ្កាយ​នីមួយៗ​ខាងលើនេះ ដែល​ខ្មែរ​បុរាណ​ចាត់ទុកថា ជា​ព្រះ​នោះ​អាច​ជះ​លើ​វាសនា​របស់​មនុស្ស ក្នុងសង្គម​យ៉ាង​ប្រាកដ ៕

Leave A Reply

Your email address will not be published.