សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្សព្វផ្សាយការរំលោភសិទ្ធិសេរីភាពសាសនា នៅកម្ពុជាក្រោម ក្នុងសន្និសីទសេរីភាពអន្តរសាសនា នៅរដ្ឋធានីវ៉ាស៊ីនតោន
ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធខ្មែរកម្ពុជាក្រោម បានយកឱកាស នៃ សន្និសីទសេរីភាពសាសនាពិភពលោក នៅរដ្ឋធានីវ៉ាស៊ីនតោនផ្សព្វផ្សាយ ពីការរំលោភសិទ្ធិសេរីភាពផ្នែកសាសនា នៅលើទឹកដីកម្ពុជាក្រោម ។ សហព័ន្ធ ក៏បានជំរាបជូនមេដឹកនាំសាសនាមួយចំនួន អំពីប្រវត្តិខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាម ។

នាយកដ្ឋានអន្តរសាសនាសហព័ន្ធខ្មែរកម្ពុជាក្រោម ទទួលលទ្ធផលជោគជ័យក្នុងសន្និសីទសេរីភាពសាសនាអន្តរជាតិ ដែលបានបញ្ចប់កាលពីសប្តាហ៍មុន ។ ប្រធាននាយកដ្ឋានអន្តរសាសនា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ធីធី ធម្មោ ដែលបានដឹកបានប្រតិភូមកចូលរួមសន្និសីទមានថេរដីកាថា ព្រះអង្គបានឆ្លៀតឱកាស នៃ សន្និសីទជំរាបជូនមេដឹកនាំសាសនា និងមន្ត្រីជាន់ខ្ពស់ផ្នែកសេរីភាពសាសនាអាមេរិក អំពីសកម្មភាពរបស់រដ្ឋាភិបាលវៀតណាម ដែលបន្តធ្វើទុក្ខបុកម្នេញការប្រតិបត្តិសាសនារបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម៖
«ប្រតិភូ បានចូលក្នុងសន្និសីទជាឱកាសដ៏វិសុទ្ធវិសាលមិនមែន ដើម្បីបញ្ចេញកំហឹងទេ គឺដើម្បីសិក្សា និងទំនាក់ទំនងនឹងអន្តរជាតិ ។ បានក្រេបជញ្ជក់ខ្លឹមសារ នៃ ការតស៊ូដោយអហិង្សាពាក់ព័ន្ធ និងសេរីភាពខាងជំនឿហ្នឹង» ។
សន្និសីទសេរីភាពអន្តរសាសនា ចាប់ផ្តើមកាលពីថ្ងៃទី ៣១ ខែមករា និងបិទបញ្ចប់ថ្ងៃទី ១ ខែកុម្ភៈ នៅរដ្ឋធានីវ៉ាស៊ីនតោន ។ សន្និសីទនេះ រៀបចំឡើងដោយ គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិក (United States Commission on International Religious Freedom) ដើម្បីបង្កើតឲ្យមានក្រុមអង្គការចម្រុះធ្វើការងាររួមគ្នា លើកតម្កើងសេរីភាពសាសនាអន្តរជាតិ និងជំរុញឲ្យមានការដឹងលឺ និងស្វែងយល់ពីសេរីភាពសាសនាអន្តរជាតិ ។ គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិក ហៅកាត់ថា (USCIRF) ជាស្ថាប័នឯករាជ្យ មានតំណាងមកពី ពីរគណបក្ស និងជាគណៈកម្មការសហព័ន្ធរដ្ឋាភិបាលអាមេរិកបង្កើតឡើង កាលពីឆ្នាំ ១៩៩៨ ដើម្បីឃ្លាំមើលសិទ្ធិសេរីភាពសាសនាជាសកល និងជំនឿប្រតិបត្តិសាសនានៅក្រៅប្រទេស ។ ស្ថាប័ននេះ ប្រើប្រាស់ស្តង់ដារកំរិតអន្តរជាតិ ដើម្បីឃ្លាំមើលការរំលោភសិទ្ធិសាសនាសកលលោក និងផ្តល់អនុសាសន៍បង្កើតគោលនយោបាយឲ្យប្រធានាធិបតី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសភាអាមេរិក ។ ព្រះភិក្ខុ ធីធី ធម្មោ មានថេរដីកាបន្តថា ប្រតិភូមេដឹកនាំសាសនាសកលលោក បានចាប់អារម្មណ៍នឹងស្ថានភាពសេរីភាពសាសនា នៅកម្ពុជាក្រោម ជាខ្លាំង នៅពេល ប្រតិភូខ្មែរក្រោម បានផ្តល់ព័ត៌មាននិងផ្តល់ជូនឯកសារ ។ ប្រតិភូផ្ដោតការយកចិត្តទុក្ខដាក់ និងចង់ឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ករណីអាជ្ញាធរវៀតណាម កំពុងធ្វើទុក្ខបុកម្នេញសាមណេរយឿងខាយ ដែលសកម្មធ្វើការងារផ្នែកសិទ្ធិមនុស្ស និងជនជាតិដើម ។ វៀតណាមកំពុងគំរាមព្រះសង្ឃខ្មែរក្រោម កុំឲ្យទទួលស្គាល់ និងឲ្យសាមណេរ យឿង ខាយគង់ក្នុងវត្ត ដើម្បីប្រតិបត្តិសាសនានៅខេត្ត លង់ហោរ៖
«យើងបានជំរាបឲ្យគេដឹងសុខទុក្ខព្រះសង្ឃខ្មែរក្រោម កំពុងជួបប្រទះបញ្ហា នៅលើទឹកដីកម្ពុជាក្រោម ដែលវៀតណាមសង្កត់សង្កិនលើសាមណេរយឿងខាយ ។ នេះ ជាសារនយោបាយដែលបានធ្វើនៅទីនោះ» ។
របាយការណ៍សេរីភាពរបស់ គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិកសម្រាប់ឆ្នាំ ២០២២ រកឃើញថា វៀតណាមបន្តធ្វើទុក្ខបុកម្នេញលើក្រុមសាសនាឯករាជ្យដែលមិនបានចុះឈ្មោះ និងរដ្ឋាភិបាលកុម្មុយនីស្តវៀតណាម និងចាប់ខ្លួនអ្នកតស៊ូមតិផ្នែកសាសនាដាក់ពន្ធនាគាររយៈពេលយូរ ។ គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិក បានស្នើឲ្យអាមេរិកឃ្លាំមើល និងបង្ហាញពីស្ថានភាពអ្នកទោសមនសិការផ្នែកសាសនា ដែលកំពុងជាប់ពន្ធនាគារ និងស្នើឲ្យមានការដោះលែង និងស្នើឲ្យសភាអាមេរិកបង្កើតច្បាប់ជំរុញឲ្យមានការអនុវត្តសិទ្ធិសេរីភាពសាសនានៅវៀតណាម ។
ក្រសួងការបរទេសអាមេរិក កាលពីដើមឆ្នាំ ២០២៣ បានសម្រេចដាក់ប្រទេសវៀតណាមក្នុងបញ្ជីឃ្លាំមើលជាប្រទេសរំលោភសិទ្ធិសាសនាធ្ងន់ធ្ងរ ។ ទោះបីជាយ៉ាងណាវៀតណាមបដិសេធការរកឃើញ របស់ក្រសួងការបរទេសអាមេរិក ។ វៀតណាមថា ការចោទប្រកាន់នេះ មិនមែនជាការពិត ។
ពាក់ព័ន្ធទៅនឹងសន្និសីទសេរីភាពសាសនានេះដែរ ប្រធាន នាយកដ្ឋានអន្តរសាសនាសហព័ន្ធខ្មែរកម្ពុជាក្រោមព្រះភិក្ខុ ធីធី ធម្មោ បញ្ជាក់ថា ក្រោយជោគជ័យក្នុងសន្និសីទសេរីភាពសាសនាអន្តរជាតិ សហព័ន្ធនឹងដឹកនាំប្រតិភូទៅអឺរ៉ុប ដើម្បីជួបនឹងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិសេរីភាពសាសនា ដើម្បីជំរាបលោកបន្ថែមជុំវិញស្ថានភាពសេរីភាពផ្នែកសាសនា និងសុំកិច្ចអន្តរាគមន៍ទៅវៀតណាម ឲ្យឈប់ធ្វើទុក្ខបុកម្នេញសេរីភាពសាសនារបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ៕