សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​ស្នើ​វៀតណាម ​ឱ្យ​ជួយ​ខ្មែរ​ក្រោម​ ដែល​រង​គ្រោះ​ដោយសារ​ជំងឺ​កូវីដ-១៩

0 196

ដោយ យន់ សាមៀន | RFA Khmer

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​វៀតណាម ​ឱ្យ​ជួយ​ខ្មែរ​ក្រោម​ ដោយ​ឥត​រើសអើង​ពូជសាសន៍​ក្រោយ​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ មួយ​ចំនួន​បាន​ស្លាប់ និង​ឆ្លង​ជំងឺ​កូវីដ-១៩ ដ៏​កាច​សាហាវ​នេះ ។ បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​ក្រោម ក៏​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជីវភាព និង​ខ្វះខាត​ស្បៀង​អាហារ​ ដោយសារ​តែ​វៀតណាម បាន​ដាក់​វិធានការ​រាំង​ខ្ទប់​ភូមិ​ឃុំ មិន​ឲ្យ​ពួក​គេ​ឲ្យ​ចេញ​ក្រៅ​ផ្ទះ ។

ព្រះសង្ឃខ្មែរក្រោម ចែកអំណោយដល់ពុទ្ធបរិស័ទ នៅក្នុងចំណុះជើងវត្តរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយសារអាជ្ញាធរវៀតណាម អនុវត្តវិធានការបិទខ្ទប់ភូមិ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ។ រូបៈ ហ្វេសប៊ុក ព្រះតេជព្រះគុណ Khmer Srey Pheap
ព្រះសង្ឃខ្មែរក្រោម ចែកអំណោយដល់ពុទ្ធបរិស័ទ នៅក្នុងចំណុះជើងវត្តរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយសារអាជ្ញាធរវៀតណាម អនុវត្តវិធានការបិទខ្ទប់ភូមិ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ។ រូបៈ ហ្វេសប៊ុក ព្រះតេជព្រះគុណ Khmer Srey Pheap

យ៉ាងហោចណាស់ ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​បី​នាក់ នៅ​ខេត្ត​ផ្សេង​គ្នា បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​បាន​ឆ្លង​ជំងឺកូវីដ-១៩ ក្នុង​ពេល​ដែល​ជំងឺ​នេះ កំពុង​រាតត្បាត​យ៉ាង​ធ្ងន់ធ្ងរ និង​បាន​បណ្ដាល​ឲ្យ​ជន​ជាតិ​វៀតណាម ​ប្រមាណ​ជាង​មួយ​ពាន់​នាក់​បាន​ស្លាប់ និង​ជាង​មួយ​សែន​នាក់​ឆ្លង​ជំងឺ​នេះ គិត​ត្រឹម​ថ្ងៃ​ទី ៣១ កក្កដា ។ វៀតណាម​ មាន​កំណើន​អ្នក​ឆ្លង​ជំងឺ Covid-19 នេះ ចាប់​ពី​ចុង​ខែ​មេសា ហើយ​កើន​កាន់​តែ​ខ្លាំង​ថែម​ទៀត កាល​ពី​ខែ​មិថុនា ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អាជ្ញាធរ​វៀតណាម​ មិន​សូវ​យក​ចិត្ត​ទុក​ដាក់ និង​ជួយ​ឧបត្ថម្ភ​ខ្មែរ​ក្រោម ដែល​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ជំងឺ​កូវីដ-១៩ នោះ​ទេ ។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​​អាមេរិក ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា ចាប់តាំង​ពីជំងឺកូវីដ-១៩ វាយ​ប្រហារ​​ប្រទេស​វៀតណាម​ខ្លាំង​មក ពលរដ្ឋ​ខ្មែរ​ក្រោម ​ក៏​រង​គ្រោះ​ដែរ៖ «សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​តែងតែ​មាន​ការ​ព្រួយ​បារម្ភ ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ឆ្លង​ជំងឺ​កូវីដ-១៩ ។ ពលរដ្ឋ​ខ្មែរ​ក្រោម ​បាន​អាក់​ខាន​ការងារ ខ្លះ​ជាប់​នៅ​ផ្ទះ និង​កន្លែង​ការងារ​ត្រូវ​បាន​បិទ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ លំបាក​ក្នុង​ជីវភាព»

ពាក់ព័ន្ធ​នឹង​វិបត្តិ​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា​ក្រោម​នេះ យុវជន​ខ្មែរ​ក្រោម​ម្នាក់ ដែល​កំពុង​ជាប់​ការ​រាំង​ខ្ទប់​ នៅ​ទីក្រុង​ព្រៃ​នគរ​ ឲ្យ​ដឹង​ថា លោក​បាន​ជាប់​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​ពីរ​ខែ​មក​ហើយ ដោយ​មិន​ហ៊ាន​ចេញ​ទៅ​ក្រៅ ដើម្បី​ប្រកបរបរ​រកស៊ី​នឹង​គេ​ទេ ដោយ​ខ្លាច​អាជ្ញាធរ​វៀតណាម ​យកលេស​ដើម្បី​ចាប់ខ្លួន ដោយសារ​អាជ្ញាធរ​វៀតណាម ​ធ្លាប់​ចោទ​ប្រកាន់​លោក​រឿង ប្រើប្រាស់​បណ្ដាញ​សង្គម​និយាយ​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជាក្រោម​ ម្ដង​រួច​ហើយ ។

យុវជន ថាច់ កឿង ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ​បង្ខំ​ឲ្យ​បង់​ប្រាក់​វិន័យ ៣០០ ដុល្លារ ដោយ​ចោទ​លោក​ថា ល្មើស​ច្បាប់​សន្តិសុខ​អ៊ិនធឹណិត​វៀតណាម ​អះអាង​ថា អាជ្ញាធរ​វៀតណាម​ ហាក់​មិន​អើពើ មិន​ព្រម​ជួយ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​ជួប​វិបត្តិ​​ដោយសារ​តែ ជំងឺ​កូវីដ-១៩ នៅ​ឡើយ​ទេ៖ «សំណូមពរ​ទៅ​ខាង​រដ្ឋាភិបាល​វៀតណាម ​ប្រសិន​បើ​មាន​ជំនួយ​ជួយ​ដល់​កម្មករ​ខ្មែរ​ក្រោម​ហ្នឹង​ ត្រូវ​ជួយ​ឲ្យ​ទាន់​ពេល ឮ​តែ​ផ្សាយ​ព័ត៌មាន​ថា ជួយ ប៉ុន្តែ​មិន​ទាន់​ឃើញ​ធ្វើ»

ចំណែក យុវជន តោ ហ្វាងចឿង រស់នៅ​ខេត្ត ព្រះត្រពាំង ​វិញ ក៏​អះអាងស្រដៀង​គ្នា​នេះ​ ដែរ​ថា លោក និង​អ្នក​ភូមិ​ផ្សេង​ទៀត កំពុង​ជួប​វិបត្តិ​កូវីដ-១៩ នេះ​ដែរ ។ លោក​ថា អាជ្ញាធរ​វៀតណាម​ មិន​ត្រឹម​មិន​ជួយ​ឧបត្ថម្ភ​ពលរដ្ឋ​ខ្មែរ​ក្រោម វៀតណាម​ថែម​ទាំង​តម្រូវឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម បង់​ថ្លៃ​សេវា​សុខភាព ពេល​ពិនិត្យ​រក​ជំងឺ​កូវីដ-១៩ ថែម​ទៀត​ផង៖ «បច្ចុប្បន្ន​គ្មាន​សោះ ជីវភាព​វា​ទាល់​ធ្វើ​ការងារ​អ្វី ក៏​មិន​បាន​នៅ​តែ​ផ្ទះ ។ យើង​ធ្វើ​មិន​បាន ហើយ​ហូប​ចុក គ្មាន​ចំណូល មាន​តែ​ចំណាយ គ្មាន​ធ្វើ​អ្វី​បាន ។ ចុង​ក្រោយ​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ជំនួយ​មិន​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ឬ​ក៏​យួន​អ្វី​ទេ»

ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ទៀត រស់​នៅ​ខេត្ត លង់ហោរ ប្រាប់​អាស៊ី​សេរី​ថា ភូមិ​ស្រុក​លោក ឋិត​នៅ​តំបន់​ដាច់​ស្រយាល មិន​ទាន់​មាន​ជំងឺ Covid-19 ឆ្លង​ក្នុង​តំបន់​លោក​នៅ​ឡើយ​ទេ ប៉ុន្តែ​ លោក​ថា ពលរដ្ឋ​តំបន់​លោក​ក៏​ជួប​នឹង​បញ្ហា​ខ្វះខាត​ជីវភាព​ដែរ៖ «វា​ប៉ះពាល់​ ព្រោះ​យើង​នៅ​ស្រុក​ស្រែ យើង​ពឹង​នៅ​លើ​ការ​ស៊ីឈ្នួល ។ ក្រៅ​ពី​ធ្វើ​ស្រែ ពួក​ខ្ញុំ​ក៏​ទៅ​ធ្វើ​ពលកម្ម​នៅ​តាម​រោងចក្រ ។ រោងចក្រ គេ​ក៏​បិទ​ដែរ វា​លំបាក​ណាស់ ប៉ុន្តែ​ គ្រាន់​បើ​ជាង​ទីក្រុង​បន្តិច ពីព្រោះ ​យើង​នៅ​មាន​ខ្យង ក្ដាម និង​មាន​បន្លែ​យើង​អាច​រស់​បាន»

ទាក់ទង​នឹង​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ ព្រះភិក្ខុ សឺង យ៉ឹងរតនា បន្ត​ថា បច្ចុប្បន្ន​សហព័ន្ធ​ខ្មែរកម្ពុជាក្រោម កំពុង​ធ្វើ​យុទ្ធនាការ​ស្វែង​រក​ជំនួយ និង​ថវិកា​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ជីវភាព និង​ម្ហូប​អាហារ ។ ព្រះអង្គ​ស្នើ​ដល់​អាជ្ញាធរ​វៀតណាម​ ឱ្យ​ជួយ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ជួយ​អ្នក​ ដែល​កំពុង​រង​គ្រោះ ដោយសារ​តែ​ជំងឺកូវីដ-១៩ ដោយ​គ្មាន ការ​រើសអើង​ពូជ​សាសន៍៖ «សំណូម​ដល់​រដ្ឋាភិបាល​វៀតណាម​ហ្នឹង ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​ក្ដី និង​ពលរដ្ឋ​ទូទៅ​ នៅ​លើ​ដែន​ដី​កម្ពុជា​ក្រោម​ ត្រូវ​តែ​រក​ជំនួយ​នឹង​មធ្យោបាយ​សង្គ្រោះ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ជួប​ការ​លំបាក​ក្នុង​ជីវភាព»

បច្ចុប្បន្ន​ ខ្មែរ​ក្រោម​រាប់​លាន​នាក់ ជា​ជន​ជាតិ​ដើម កំពុង​រស់នៅ​លើ​ទឹក​ដី​កំណើត ចំនួន ២១​ ខេត្ត​ក្រុង ។ ខ្មែរ​ក្រោម​ភាគ​ច្រើន​រស់នៅ​ពឹង​ពាក់​អាស្រ័យ​លើ​មុខ​របរ​កសិកម្ម និង​មួយ​ចំនួន​ទៀត​ ជា​យុវជន​បាន​ចាក​ចេញ​ពី​ស្រុក​ទៅ​ធ្វើ​ការងារ​នៅ​រោងចក្រ​តាម​ទីក្រុង​ធំៗ ៕

Leave A Reply

Your email address will not be published.