ពលរដ្ឋខ្មែរក្រោម នៅខេត្តមាត់ជ្រូក ទទូចឲ្យក្រុមហ៊ុនអាជីវកម្មកិនថ្មភ្នំ និងអាជ្ញាធរដោះស្រាយផលប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ
ដោយ ស៊ឺន ចែងចើន
ប្រជាពលរដ្ឋខ្មែរក្រោម នៅស្រុកក្របៅ ឬយួនហៅថា Tịnh Biên ខេត្តមាត់ជ្រូក នៃដែនដីកម្ពុជាក្រោម ព្រួយបារម្ភថា ក្រុមហ៊ុនធ្វើអាជីវកម្មវាយកម្ទេចថ្មភ្នំ ធ្វើឲ្យរំខានដល់ការរស់នៅ ដោយធ្វើសកម្មភាពវាយថ្មភ្នំបង្កមានសំឡេងឮខ្លាំង ហើយប្រឈម នឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ នៅតំបន់នោះ ។ អ្នកភូមិទទូចឲ្យអាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនធ្វើអាជីវកម្មកិនថ្មភ្នំដោះស្រាយបញ្ហានេះ ជូនពលរដ្ឋជាបន្ទាន់ ។
តំណាងប្រជាពលរដ្ឋខ្មែរក្រោមម្នាក់ឈ្មោះ គឹម ហិន (Kim Hinh) រស់នៅស្រុកក្របៅ បានសរសេរលិខិតមួយច្បាប់បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី ១២ មីនា សប្តាហ៍នេះ ក្នុងគោលបំណងស្នើទៅក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែថ្ម ដែលមានឈ្មោះហៅថា «ក្រុមហ៊ុនសំណង់ទទួលខុសត្រូវលីមីតធីត MTV អានយ៉ាង» ជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ ។
ខ្លឹមសារនៃលិខិតស្នើរបស់តំណាងពលរដ្ឋខ្មែរក្រោម ដែលហាក់ដូចអស់ជំនឿលើអាជ្ញាធរមូលដ្ឋាន ក្នុងការដោះស្រាយជូនពួកគាត់នោះ រៀបរាប់ថា ក្រុមហ៊ុនធ្វើអាជីវកម្មវាយបំបែកថ្មភ្នំនេះ បានបាញ់បំផ្ទុះភ្នំ ចំនួនពីរដង ក្នុងមួយថ្ងៃ ពោលនៅថ្ងៃត្រង់ និងពេលរសៀល ហើយនៅពេលបាញ់បំបែកថ្មម្ដងៗ សំឡេងឮខ្ទរខ្លាំង ហើយបានខ្ទាតកម្ទេចថ្មទៅប៉ះដំបូលផ្ទះ និងរង្គើប្រេះផ្ទះរបស់ប្រជាពលរដ្ឋ នៅក្បែរជើងភ្នំជាញឹកញាប់ ។ ជាពីសេស បានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ពីព្រោះអាចបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ដែលកើតឡើងជាយថាហេតុ ។
ពលរដ្ឋរូបនេះ រៀបរាប់បន្តក្នុងលិខិតរបស់ខ្លួនថា ការធ្វើអាជីវកម្មថ្មភ្នំនេះ ពុំបានផ្ដល់ផលប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋ នៅតំបន់នោះឡើយ ដោយអះអាងថា មិនត្រឹមតែមិនមានប្រយោជន៍ដល់ពលរដ្ឋ នៅតំបន់នោះហើយ ថែមទាំងរំខានដល់ការរស់នៅ និងធ្វើឲ្យហិនហោចសម្បត្តិធនធានធម្មជាតិទៀតផង ។ លិខិតដដែលនេះ បញ្ជាក់ទៀតថា ផ្លូវមានទំហំតូចចង្អៀតនេះ ជាផ្លូវសំខាន់មួយរបស់ស្រុក ដែលបានតភ្ជាប់ទៅកាន់ភូមិនីមួយៗ សម្រាប់ប្រជាពលរដ្ឋ និងកូនចៅខ្មែរក្រោម ធ្វើដំណើរ បានរងនូវការខូចខាត់យ៉ាងដំណំ ដោយសារតែឡានធំៗ ដឹកថ្មចេញចូលរបស់ក្រុមហ៊ុនមួយនេះ ។ ជាពិសេស នៅពេលក្មេងៗ សិស្សសាលា ធ្វើដំណើរទៅសាលារៀនដោយខ្លួនឯង ឬជីដូន ជីតា របស់ពួកគេជូនដំណើរ (ដោយហេតុតែឪពុកម្តាយរបស់ពួកគេ ទៅធ្វើការស៊ីឈ្នួលគេនៅឆ្ងាយ) ។ ដូច្នេះ ពួកគេអាច នឹងជួបប្រឈម នឹងគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលធ្វើដំណើរ នៅពេលឡានធំៗ ទាំងនេះ បើកប្រជែងគ្នាយ៉ាងលឿន ឬបញ្ចៀសគ្នាម្តងៗ ធ្វើឲ្យអ្នកដំណើរ និងពលរដ្ឋដែលរស់នៅតាមដងផ្លូវមានការភ័យខ្លាច និងអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរតាមដងផ្លូវផង ។ លើសពីនេះទៅទៀត នៅពេលឡានដឹកថ្មរាប់សិបគ្រឿង របស់ក្រុមហ៊ុននេះ បានបើកឆ្លងកាត់មុខផ្ទះរបស់ពលរដ្ឋម្តងៗ ធ្វើឲ្យដីហុយខ្លាំងមើលផ្លូវមិនឃើញ ពិបាកដកដង្ហើម ដែលបង្កឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ជាពិសេស គឺកុមារតូចៗ ដែលប្រឈម នឹងបញ្ហាសុខភាពយ៉ាងខ្លាំង ។
សូមបញ្ជាក់ថា ក្រុមហ៊ុនសំណង់ទទួលខុសត្រូវលីមីតធីត MTV អានយ៉ាង ទទួលបានអាជ្ញាប័ណ្ណជាក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែថ្ម នៅស្រុកក្របៅ ខេត្តមាត់ជ្រូក ចាប់តាំងពីឆ្នាំ ១៩៩២ មក ។ ក្រុមហ៊ុននេះ មានសិទ្ធិប្រកបអាជីវកម្ម ដូចជា បំផ្ទុះគ្រាប់ ជីកកកាយ យកថ្មភ្នំ ខ្សាច់ភ្នំ កិនថ្ម ។ល។ បច្ចុប្បន្ន ក្រុមហ៊ុននេះ កំពុងតែបង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋខ្មែរក្រោម ដែលរស់នៅក្បែជើងភ្នំនេះ ជាខ្លាំង ៕
មើលរូបភាពខ្លះ នៃសកម្មភាពរបស់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែថ្ម នៅស្រុកក្របៅ ខេត្តមាត់ជ្រូក