ថ្នាក់ដឹកនាំខ្មែរក្រោម នៅកម្ពុជាចង់ឃើញឆ្នាំថ្មីជាឆ្នាំ ដែលខ្មែរក្រោមមានសេរីភាព
ដោយ គឹម សាវតា
កាលពីថ្ងៃទី ៩ ខែមេសាកន្លងទៅ អង្គការ សមាគមខ្មែរកម្ពុជាក្រោម បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ ក្នុងពិធីនោះ ថ្នាក់ដឹកនាំអង្គការ សមាគមខ្មែរ កម្ពុជាក្រោម ចង់ឃើញឆ្នាំថ្មីនេះ គឺជាឆ្នាំដែលពលរដ្ឋខ្មែរក្រោម នៅទូទាំងពិភពលោក ជាពិសេស គឺនៅដែនដីកម្ពុជាក្រោម មានសិទ្ធិសេរីភាពពេញលេញ ។

លោក សឺន យឿង ប្រធានលេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម មានប្រសាសន៍ថា កាលពីឆ្នាំមុនស្ថានភាពសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋខ្មែរក្រោម ទាំងនៅកម្ពុជា និងនៅកម្ពុជាក្រោម មានការរំលោភច្រើនជាងឆ្នាំកន្លងទៅ ដោយសារតែខ្មែរក្រោមគ្រប់ស្ថាប័ន បានអន្តរាគមន៍ទៅអង្គការសហប្រជាជាតិ ហើយពលរដ្ឋខ្មែរក្រោម បានទាមទារសិទ្ធិក្នុងនាមជាជនជាតិដើម ប៉ុន្តែ រដ្ឋាភិបាលវៀតណាមមិនអនុញ្ញាតិ និងបានធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋខ្មែរក្រោម ជាបន្តបន្ទាប់ ។ ករណីនេះ លោកចង់ឃើញថា នៅឆ្នាំថ្មីឆ្នាំប្រពៃណីខ្មែរនេះ ពលរដ្ឋខ្មែរក្រោម នឹងទទួលបានសិទ្ធិសេរីភាពល្អប្រសើរជាងមុន ។
សម្រាប់នៅកម្ពុជាវិញ លោក សឺន យឿង ឱ្យដឹងថា បញ្ហាដែលនៅតែកើតមានចំពោះពលរដ្ឋខ្មែរក្រោម គឺការរើសអើងពីសំណាក់អាជ្ញាធរមូលដ្ឋានមួយចំនួន បើទោះជាក្រសួងមហាផ្ទៃ បានទទួលស្គាល់ថា ខ្មែរក្រោម គឺជាខ្មែរដោយស្វ័យប្រវត្តិក្តី ។ ក្នុងឆ្នាំថ្មីនេះ លោកចង់ឃើញអាជ្ញាធរមូល ដែលមានពលរដ្ឋខ្មែរក្រោមរស់នៅ បានយល់ដឹងពីខ្មែរក្រោម ព្រមទាំងសហការជាមួយអង្គការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីឱ្យពលរដ្ឋខ្មែរក្រោមរស់នៅកម្ពុជាមានសិទ្ធិដូចពលរដ្ឋខ្មែរដទៃទៀត ។
លោក តាំង សារៈ ប្រធានតំបន់ប្រចាំប្រទេសកម្ពុជា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបែងចែកស្ថានភាពសិទ្ធិមនុស្សជា ២ គឺផ្នែកអវិជ្ជមានគឺ អាជ្ញាធរវៀតណាម ជាពិសេសគឺនៅខេត្តឃ្លាំង គឺមានការរឹតបន្ដឹង និងធ្វើទុក្ខបុកម្នេញលើខ្មែរក្រោមទូទៅ មិនថាតែយុវជន ឬប្រជាពលរដ្ឋ ដែលមានវ័យចំណាស់នោះទេ ។ លោកបន្តថា ករណីនេះ នឹងងមិនមិនអាចបញ្ចប់នៅដំណាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនោះទេ ។ សម្រាប់ចំណុចវិជ្ជមានវិញលោកថា បើប្រៀបធៀបសកម្មភាពដូចគ្នានេះ ទៅនឹងកំឡុងឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៥ ព្រោះថា នៅពេលនេះ អាជ្ញាធរវៀតណាមគ្រាន់តែហៅទៅសួរចម្លើយរួចដោះលែងឱ្យត្រឡប់មកវិញ ប៉ុន្តែឆ្នាំ ១៩៧៩ ដល់ ១៩៨៥ ប្រសិនបើអាជ្ញាធរវៀតណាម កោះហៅហើយនោះ គឺនឹងត្រូវឃាត់ខ្លួនដាក់ពន្ធនាគារតែម្ដង ។
សម្រាប់ស្ថានភាពពលរដ្ឋខ្មែរ ដែលរស់នៅកម្ពុជាវិញ លោក តាំង សារៈ ឱ្យដឹងថា នៅមានការខ្វៈខាតច្រើន គឺអាជ្ញាធរមិនទាន់បានបំពេញឯកសារផ្លូវច្បាប់ឱ្យពលរដ្ឋខ្មែរក្រោម ដែលរស់នៅកម្ពុជា និងបញ្ហាមួយទៀត គឺពេលដែលអង្គការ សមាគមខ្មែរកម្ពុជាក្រោម បើកកិច្ចប្រជុំនានា គឺនៅតែមានអាជ្ញាធរមកតាមដាន ។ អ្វីដែលចំណុចវិជ្ជមាន គឺជីវភាពរបស់ពលរដ្ឋខ្មែរក្រោម ដែលមករស់នៅកម្ពុជា គឺហាក់បានប្រសើរឡើងច្រើន ។
ជាមួយគ្នានេះ ក្នុងសារប្រគេន និងជូនពរឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលចុះហត្ថលេខាដោយលោក សឺន ហួរ អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានបង្ហាញផែនការចុះទៅដែនដីកម្ពុជាក្រោម និងបន្តសាងគ្រិះរឹងមាំរបស់សហព័ន្ធ សំដៅលើកកម្ពស់ការពារសិទ្ធិមនុស្ស និងអនុវត្តយុទ្ធសាស្ត្រ SDG និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង សម្រាប់ខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ៕