មេដឹកនាំខ្មែរក្រោមនៅអាមេរិកថា មន្ត្រីអាមេរិកាំងអាណិតខ្មែរក្រោម ដែលរងទុក្ខទោសនៅវៀតណាម
មេដឹកនាំខ្មែរកម្ពុជាក្រោមម្នាក់ក្នុងសហរដ្ឋអាមេរិក គឺលោក ប្រាក់ សេរីវុឌ្ឍ បានស្នើសុំឲ្យមន្ត្រីសហរដ្ឋអាមេរិក (ស.រ.អា) ជួយធ្វើអន្តរាគមន៍បន្ត ដើម្បីឲ្យវៀតណាម បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីខ្មែរកម្ពុជាក្រោម ដែលកាន់កាប់ដោយវៀតណាម ។ លោក ប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានជួបជាមួយមន្ត្រីក្រសួងការបរទេសអាមេរិក មន្ត្រីទីភ្នាក់ងារអន្តរសាសនា សមាជិកព្រឹទ្ធសភាផងដែរ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនសប្តាហ៍នេះ ។ លោកថា ក្រុមមន្ត្រីអាមេរិកាំង ដែលលោកបានជួបមានការអាណិតអាសូរ ដល់ពលរដ្ឋខ្មែរក្រោម ដែលរងទុក្ខទោសទាំងនោះ ហើយអះអាងថា នឹងធ្វើការអំពីរឿងរំលោភបំពានសិទ្ធិពលរដ្ឋខ្មែរក្រោមទាំងនោះ ។ ជំនួបទាំងនេះធ្វើឡើង បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចក្នុងប្រទេសអឺរ៉ុបកាលពីសប្តាហ៍មុន ដើម្បីជួបប្រជុំជាមួយ នឹងសមាជិកអង្គការនៃប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង ឬហៅកាត់ថា យូ.អិន.ភី.អូ (UNPO) ។ VOA នឹងជួបសម្ភាសន៍ជាមួយអាជ្ញាធរវៀតណាម ដើម្បីសុំការបំភ្លឺបើមានការអនុញ្ញាត ។ លោក សុខ ខេមរា នៃ VOA បានសម្ភាសលោក ប្រាក់ សេរីវុឌ្ឍ កាលពីថ្ងៃអង្គារ៍ទី ២៧ ខែមីនា ឆ្នាំ ២០១៨ ហើយវិទ្យុសំឡេងកម្ពុជាក្រោម សូមលើកយកមកចាក់ផ្សាយបន្ត ដែលមានខ្លឹមសារដើមទាំងស្រុង ដូចតទៅ៖