ព្រះសង្ឃខ្មែរក្រោម ស្នើឱ្យស្ថាប័នអប់រំព្រះពុទ្ធសាសនា នៅកម្ពុជាទទួលស្គាល់សញ្ញាប័ត្រ ពីកម្ពុជាក្រោម
ដោយ យន់ សាមៀន | RFA Khmer
ព្រះសង្ឃខ្មែរក្រោម ដែលកំពុងស្នាក់នៅរៀនសូត្រ នៅក្នុងប្រទេសកម្ពុជា និងថៃ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យទទួលស្គាល់សញ្ញាប័ត្រគ្រប់កម្រិតរបស់ព្រះសង្ឃខ្មែរក្រោម ដែលបានខិតខំសិក្សា នៅដែនដីកម្ពុជាក្រោម ដើម្បីផ្តល់ឱកាសឱ្យសមណសិស្សនិស្សិតខ្មែរក្រោម បានចូលរៀនបន្តដោយស្របច្បាប់ នៅតាមសាលាពុទ្ធិកនានា ដូចព្រះសង្ឃនៅកម្ពុជាដែរ ។

ការអំពាវនាវរបស់ព្រះសង្ឃខ្មែរក្រោមដូច្នេះ ដោយសារជាង ៣០ ឆ្នាំកន្លងទៅនេះ វិស័យពុទ្ធិកសិក្សាកម្ពុជាមិនបានទទួលស្គាល់សញ្ញាប័ត្ររបស់ព្រះសង្ឃខ្មែរក្រោមនោះឡើយ ដែលធ្វើឲ្យព្រះសង្ឃខ្មែរក្រោមភាគច្រើន ជួបការលំបាកក្នុងការបន្តសិក្សា ។ សមណនិស្សិត ព្រះតេជព្រះគុណ យឿង វិជ័យ ដែលនិមន្តមកពីកម្ពុជាក្រោម មានថេរដីកាថា ព្រះអង្គ និងព្រះសង្ឃខ្មែរក្រោមផ្សេងទៀត កំពុងជួបប្រទះបញ្ហា ស្វែងរកសាលារៀន ។ ព្រះតេជព្រះគុណបញ្ជាក់ថា បច្ចុប្បន្នព្រះអង្គ ដែលបានចូលរៀននៅសកលវិទ្យាល័យឯកជនមួយបាន ដោយសារការអនុគ្រោះពីថ្នាក់ដឹកនាំសាលា មិនមែនដោយសារសញ្ញាប័ត្រ ដែលព្រះអង្គនាំមកពីកម្ពុជាក្រោមឡើយ ។ ព្រះអង្គស្នើសុំឲ្យថ្នាក់ដឹកនាំវិស័យពុទ្ធិកសិក្សាឲ្យទទួលស្គាល់សញ្ញាប័ត្ររបស់ព្រះសង្ឃខ្មែរក្រោម និងអនុញ្ញាតឲ្យព្រះសង្ឃខ្មែរក្រោម បានបន្តការសិក្សាតាមក្ដីប្រាថ្នារបស់ខ្លួន៖ «ខ្ញុំព្រះករុណាអាត្មាភាព ស្នើឲ្យក្រសួងធម្មការ និងកិច្ចការសាសនា អនុញ្ញាតឲ្យព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលលោកមានសញ្ញាប័ត្រគរុកោសល្យ សូមក្រសួងធម្មការ និងសាសនា អនុញ្ញាតឲ្យលោក បានចូលរៀននៅសាកលវិទ្យាល័យផង ពីព្រោះសញ្ញាប័ត្រគរុកោសល្យ បើយើងវាយតម្លៃស្មើ នឹងថ្នាក់ទី ១២ ដែរ»។
ចំណែកសមណនិស្សិតខ្មែរក្រោម មួយអង្គទៀត ដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិតសង្គមសាស្ត្រ នៅសកលវិទ្យាល័យថៃ ព្រះតេជព្រះគុណ ថាច់ រក្សា មានថេរដីកាថា ដំបូងឡើយព្រះអង្គមានគោលបំណងចង់បន្តការសិក្សានៅកម្ពុជា ប៉ុន្តែដោយសារតែកម្ពុជាមិនទទួលស្គាល់សញ្ញាប័ត្ររបស់ព្រះអង្គ ទើបព្រះអង្គ សម្រេចបន្តដំណើរទៅរៀនដល់ប្រទេសថៃ ដែលមានការទទួលស្គាល់សញ្ញាប័ត្ររបស់ព្រះសង្ឃខ្មែរក្រោម៖ «បើសម្រាប់យើងប្រៀបធៀបសញ្ញាប័ត្រ នៅកម្ពុជាក្រោមយើង យើងមិននិយាយអីនៅខ្មែរទេ ដោយឡែកនៅកម្ពុជាក្រោមយើង យើងអាចយកមកប្រៀបធៀបនៅប្រទេសថៃ គេអាចទទួលយកជាផ្លូវការបាន ។ ព្រោះអីនៅប្រទេសថៃ គឺជាប្រទេសមួយផ្ដល់ឱកាស ឬមួយជាប្រទេសមួយលើកតម្កើង លើកស្ទួយព្រះពុទ្ធសាសនា ឲ្យកាន់តែល្អប្រសើរ ឲ្យកាន់តែរុងរឿងខ្លាំងណាស់» ។
ព្រះតេជព្រះគុណ ថាច់ រក្សា បានអំពាវនាវដល់ក្រសួងធម្មការ និងសាសនា ព្រមទាំងស្ថាប័នពាក់ព័ន្ធ ពិចារណាឡើងវិញ ហើយគួរទទួលស្គាល់នូវសញ្ញាប័ត្ររបស់ព្រះសង្ឃខ្មែរក្រោម ព្រោះប្រទេសថៃ ដែលជឿនលឿនជាងកម្ពុជាផងនោះ ប្រទេសនេះ បានទទួលស្គាល់កម្រិតសិក្សារបស់ព្រះសង្ឃ នៅកម្ពុជាក្រោម ថា មានលក្ខណៈគ្រប់គ្រាន់ហើយ៖ «ប្រទេសថៃរៀនមានការបែងចែកការសិក្សា មានពីរកម្រិតដូចគ្នា មួយបរិយត្តិ ដូចនៅខ្មែរ ដូចនៅកម្ពុជាក្រោមយើង ប៉ុន្តែមុខវិជ្ជាដែលប្រទេសថៃរៀន គឺតិចជាងមុខវិជ្ជាដែលយើងសិក្សា នៅកម្ពុជាក្រោម ដូចជា ធ្លាប់ដឹងហើយ នៅកម្ពុជាក្រោមយើង រៀនមួយថ្នាក់អ៊ីចឹងមិនមែនតិចឯណា យ៉ាងតិចបំផុត ១២ មុខវិជ្ជាដែរ ហើយរៀនធ្ងន់មែនទែន រៀនធ្ងន់ជាងនៅថៃនេះផង» ។
ទាក់ទង នឹងរឿងនេះ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បដិសេធមិនឆ្លើយតបសំណួរអាស៊ីសេរីនោះទេ ហើយបានបង្វែរសំណួរទៅសួរសកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះតេជគុណ ឃី សុវណ្ណរតនា ដែលទទួលបន្ទុកការងារនេះ ប៉ុន្តែព្រះអង្គបដិសេធមិនឆ្លើយ នឹងសំណួរអាស៊ីសេរី ។
រីឯអតីតប្រធានសម្ព័ន្ធសមណនិស្សិតខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅកម្ពុជា ព្រះតេជព្រះគុណ សឺន សុផារិន្ទ ឲ្យដឹងថា វិស័យពុទ្ធិកសិក្សានៅកម្ពុជា មិនទទួលស្គាល់សញ្ញាប័ត្ររបស់ព្រះសង្ឃកម្ពុជាក្រោមនោះ ដោយលើកហេតុផលថា សមាគមព្រះសង្ឃខ្មែរក្រោមតាមខេត្តនិមួយៗ បើកសាលាដោយខ្លួនឯង ដែលមិននៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរវៀតណាម ហើយមិនទាន់គ្រប់លក្ខណៈ ដែលកម្ពុជាអាចទទួលយកបាន ។
ព្រះតេជព្រះគុណ សឺន សុផារិន្ទ បន្តថា ទោះយ៉ាងណា កម្ពុជាទទួលស្គាល់សញ្ញាប័ត្ររបស់ព្រះសង្ឃខ្មែរក្រោម ចេញដោយគ្រឹះស្ថានសិក្សាចំនួនពីរ ដែលគ្រប់គង់ដោយអាជ្ញាធរវៀតណាម គឺពុទ្ធិកសាកលវិទ្យាល័យនៅខេត្តឃ្លាំង និងវិទ្យាស្ថានពុទ្ធសាសនាខ្មែរក្រោម ដែលវៀតណាមហៅថាខ្មែរណាមបូ (Nam Bo) នៅទីក្រុងព្រែកឫស្សី ។ ប៉ុន្តែព្រះសង្ឃខ្មែរមិនសូវចង់សិក្សានៅសាលាទាំងពីរនេះទេ ព្រោះបង្រៀនតែទ្រឹស្ដីកុម្មុយនិស្តរបស់មេដឹកនាំវៀតណាម និងមានភាសាខ្មែរតិចតូចប៉ុណ្ណោះ ។
ព្រះតេជព្រះគុណ សឺន សុផារិន្ទ មានថេរដីកាបន្តទៀតថា អង្គការសមាគមខ្មែរកម្ពុជាក្រោម តែងតែសុំការអនុគ្រោះពីវិស័យពុទ្ធិកសិក្សាកម្ពុជា ព្រោះព្រះសង្ឃខ្មែរក្រោមយល់ថា ការសិក្សារបស់ខ្លួនគ្រប់លក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវតាមស្តង់ដារ៖ «មានការស្នើទាំងពីសម័យព្រះតេជគុណ ត្រឹង យន់ លោកធ្វើជាមេគុណខេត្តត្រាវិញម្ល៉េះ កាលហ្នុងសម័យគ្រូ ចៅ សាង អីម្ល៉េះ ហើយខាងយើងឯណោះទទួលយកលក្ខខណ្ឌរបស់គេអត់បាន ហើយដល់ទទួលយកអត់បាន អីចឹងយើងមិនអាចទៅសុំអន្តរាគមន៍ ឲ្យគេទទួលស្គាល់នូវសញ្ញាប័ត្ររបស់យើងបានទេ ។ លក្ខខណ្ឌហ្នឹងគេចង់តម្រូវឲ្យយើងរៀនចំណេះដឹងទូទៅឲ្យបានដូចថ្នាក់ទី ១០ ទី ១១ ទី ១២ អីចឹងដែរ» ។
គណៈកម្មការអន្តរសាសនាសហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យដឹងថា សព្វថ្ងៃមានមានសមណនិស្សិតខ្មែរក្រោមជាង ១០០ អង្គ កំពុងសិក្សានៅកម្ពុជា និងប្រមាណជាង ២០០ អង្គទៀត កំពុងសិក្សានៅប្រទេសថៃ ។ ប្រទេសថៃ ទទួលស្គាល់ការសិក្សាអប់រំរបស់ព្រះសង្ឃ នៅដែនដីកម្ពុជាក្រោម ថា មានលក្ខណៈគ្រប់គ្រាន់អាចទទួលយកបាន ៕