ព្រះសង្ឃខ្មែរក្រោម ធ្វើយុទ្ធនាការផ្សព្វផ្សាយ រូបខ្លោងទ្វារ ចូលទៅកាន់ខេត្តព្រះត្រពាំង ដែលត្រូវបានអាជ្ញាវៀតណាម វាយកម្ទេចចោលកាលពី ៨ ឆ្នាំមុន
ដោយ លី ឈូន
ក្រៅពីផ្សព្វផ្សាយរូបថតអតីតខ្លោងទ្វារ ចូលទៅខេត្តព្រះត្រពាំង ទៅកាន់មហាជន នៅទូទាំងដែនដីកម្ពុជាក្រោម ព្រះសង្ឃខ្មែរក្រោម នៅខេត្តព្រះត្រពាំង ក៏ថែមទាំងបានកសាងខ្លោងទ្វារចូលទៅកាន់វត្តរបស់ខ្លួន ឲ្យដូចទៅនឹងអតីតក្លោងទ្វារ ចូលទៅកាន់ខេត្តព្រះត្រពាំងទៀតផង ។ ការធ្វើបែបនេះ របស់ព្រះសង្ឃខ្មែរក្រោម ដើម្បីដាស់ពលរដ្ឋខ្មែរក្រោម ឲ្យក្រោកឡើងព្រមគ្នា ក្នុងការទាមទារឲ្យអាជ្ញាធរវៀតណាម ត្រូវតែកសាងខ្លោងទ្វារខេត្តព្រះត្រពាំងសងមកខ្មែរវិញជាបន្ទាន់ តាមរចនាបទខ្មែរដូចដើម ។ អតីតខ្លោងទ្វារខេត្តព្រះត្រពាំង ត្រូវបានអាជ្ញាធរខេត្តនេះ វាយកម្ទេចចោល ហើយអាជ្ញាធរបានសន្យាថា នឹងកសាងឡើងវិញតាមរចនាបទខ្មែរដដែល តែរហូតមកដល់ពេលនេះ មានរយៈពេល ៨ ហើយ អាជ្ញាធរនៅតែមិនទាន់បានកសាងសងមកឲ្យខ្មែរក្រោមវិញ នៅឡើយ ។ ពលរដ្ឋខ្មែរក្រោម សាទរចំពោះចំណាត់ការរបស់ព្រះសង្ឃខ្មែរក្រោម ដែលបន្តទាមទារឲ្យអាជ្ញាធរវៀតណាម កសាងខ្លោងទ្វារខេត្តព្រះត្រពាំងសងខ្មែរវិញ តាមរចនាបទខ្មែរ ។

ព្រះភិក្ខុសង្ឃខ្មែរក្រោម មួយព្រះអង្គព្រះនាម ឯករាជ្យ ថាច់ គង់នៅវត្តមុនីរង្សីមេពាំង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ដែលវៀតណាមដាក់ឈ្មោះថ្មីថា ខេត្តត្រាវិញ ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរ ថ្ងៃនេះ ថា មូលហេតុដែលព្រះអង្គរផ្ដិតរូបខ្លោងទ្វារចូលទៅកាន់ទីរួមខេត្តព្រះត្រពាំង ចែកជូនជាសាធារណដូច្នេះ គឺទីមួយដើម្បីរំលឹកដល់គុណូបការៈ ដូនតាខ្មែរដែលបានខិតខំកសាងខ្លោងទ្វារប្រកបដោយរចនាបថខ្មែរដ៏ល្អប្រពៃនេះ និងដើម្បីរំលឹកទៅដល់អាជ្ញាធររៀតណា មឲ្យប្រញាប់កសាងខ្លោងទ្វារសងពលរដ្ឋឡើងវិញ ទៅតាមរចនាបថដើម បើមិនធ្វើតារចនាបថដើម ចម្រុះវប្បធម៌នោះទេ បានន័យថា អាជ្ញាធរមិនខ្វល់ពីសុខទុក្ខរបស់ពលរដ្ឋឡើយ៖ «អាជ្ញាធរខេត្តក្នុងនាមយើងជាម៉ែជាឪ ជាអ្នកដឹកនាំអីចឹងងហើយ បែរជាបំបាត់នូវវប្បធម៌ជាតិ ពិសេសគឺខ្លោងទ្វារចូលខេត្ត ដែលបំពាក់ដោយរចនាបទជនជាតិខ្មែរផង ជនជាតិយួនផង ជនជាតិចិនផង ដែលជាលក្ខណៈបង្ហាញឱ្យឃើញនូវសាមគ្គីភាពរវាងជនជាតិទាំងឡាយនៅក្នុងខេត្តព្រះត្រពាំងយើង ។ យើងជាអាជ្ញាធរបំផ្លាញចោលនូវក្លោងទ្វារ ដែលមានរចនាបទល្អស្អាតយ៉ាងនេះ ហើយព្រងើយកន្តើយមិនខ្វល់ពីការស្ដាយស្រណោះរបស់ពលរដ្ឋ បានន័យថា អាជ្ញាធរនឹងមិនយកចិត្តទុកដាក់ដល់សុខទុក្ខ របស់ជនជាតិទាំងអស់ ដែលនៅក្នុងខេត្តព្រះត្រពាំង ត្រាវិញរបស់យើងអីចឹងដែរ» ។
ស្រដៀងគ្នានេះដែរ បុរសខ្មែរក្រោមម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ ថាច់ យកជាតិជាធំ លើកឡើងថា ការចែករំលែករូបភាពវាជាប្រការសំខាន់មួយហើយ តែប្រការសំខាន់ ដែលជំរុញឲ្យអាជ្ញាធរត្រូវតែកសាងខ្លោងទ្វារខេត្តព្រះត្រពាំងសងដល់ពលរដ្ឋខ្មែរក្រោមវិញ ឲ្យបានសមរម្យទាន់ពេលវេលានោះ គឺ ខ្មែរក្រោមគួរតែនាំគ្នាធ្វើញត្តិទាមទារដល់អាជ្ញាធរមានសមត្ថកិច្ច ហើយបើនៅតែមិនមានប្រសិទ្ធភាពទៀត គួរធ្វើពាក្យបណ្ដឹង ប្ដឹងទៅអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិបន្ថែមទៀត៖ «មិនខុលអីដូចជាយើងបាត់បង់ឪពុកម្ដាយ ប្ដី ប្រពន្ធ បងប្អូនជាទីស្រឡាញ់របស់យើង ហើយទៅពង្រីកឲ្យធំដាក់ក្នុងផ្ទះចេញឃើញ ចូលឃើញ ដល់ឃើញរូបអញ្ចឹងទៅក៏នឹកដល់រឿងអតីតកាល ខ្លោចផ្សាក្នុងខ្លួនប៉ុណ្ណោះឯង ។ ហេតុដូច្នេះ យើងត្រូវហ៊ានសរសេរញត្តិដាក់ទៅ អារឿងសរសេរញត្តិ ដាក់អីហ្នឹងខ្ញុំមិនខ្លាចទេ ខ្ញុំសុញ្ញេឲ្យ » ។
ការលើកឡើងនេះ ព្រោះតែការទន្ទឹងរង់ចាំរបស់ពលរដ្ឋខ្មែរក្រោមអស់រយៈពេល ៨ ឆ្នាំមកហើយ ដែលអាជ្ញាធរខេត្តបានវាយកម្ទេចចោលនូវខ្លោងទ្វារ សម្រាប់ចូលទៅកាន់ទីរួមខេត្តព្រះត្រពាំង ដោយលើកហេតុផលថា ខ្លោងទ្វារចាស់ហើយថែមទាំងតូច ទាបទៀតផង ។ អាជ្ញាធរបានបង្ហាញប្លង់ខ្លោងទ្វារថ្មីជារចនាបថខ្មែរ តាមកិច្ចសន្យាជាមួយថ្នាក់ដឹកនាំសង្ឃខ្មែរក្រោម ខេត្តព្រះត្រពាំងមែន តែរហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់បានកសាង សងខ្មែរវិញឡើយ ។
ក្រៅពីព្រះសង្ឃវត្តមុន្នីរង្សីមេពាំង ផ្ដិតរូបខ្លោងទ្វារខេត្តព្រះត្រពាំងចែកជូនជាសាធារណៈនោះ ព្រះសង្ឃ និងពុទ្ធបរិស័ទ នៅវត្តចុងព្រៃ ក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំងដដែល ក៏កំពុងសាងសង់ខ្លោងទ្វារវត្តរបស់ខ្លួនតាមរចនាបថខ្លោងទ្វារខេត្តព្រះត្រពាំង ដូច្នោះដែរ ។

ព្រះភិក្ខុសង្ឃគង់នៅវត្តមន្នីរង្សីមេពាំងដដែល ដែលមានតួនាទីជាប្រធម្មាចារ្យផងនោះ ព្រះអង្គលើកឡើងថា ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរធ្វើដូច្នេះ មិនមែនជាការផ្ចាញ់ផ្ចាល់ ឬប្រឆាំងអាជ្ញាធរនោះទេ វាគ្រាន់តែជាការរំលឹកទៅដល់អាជ្ញាធរៀតណាម ឲ្យតម្កល់ផលប្រយោជន៍ជាតិជាធំ អនុវត្តច្បាប់ទៅតាមរដ្ឋធម្មនុញជាតិ និងកុំយកលេសរឿងប្រវត្តិសាស្រ្ត មកគាបសង្កត់ខ្មែរក្រោមមន្តទៀតនោះវាមិនល្អឡើយ៖ «ក្នុងនាមយើងជាម្ដាយឪពុក ជាថ្នាក់ដឹកនាំហ្នឹងត្រូវយល់នូវទឹកចិត្តរបស់ព្រះសង្ឃ របស់ប្រជាជនខ្មែរដែលគេចង់បានហ្ន៎ កុំឲ្យទុកដល់គេនិយាយ គេថា ហើយបែរជាចោទគេថាប្រឆាំង ចោទគេថាមិនយល់ការអីហ្នឹង កុំនិយាយអីចឹង ។ ក្នុងនាមជនជាតិទាំងមួយរួមរស់នៅជាមួយគ្នា កសាងទឹកដី កសាងជាតិជាមួយគ្នា រឿងរ៉ាវអី ក៏គេយល់ គេដឹងទាំងអស់ហ្នឹង តែគេមិននិយាយ កាលណាបើនិយាយទៅវាប៉ះពាល់ដល់សតិអារម្មណ៍ថ្នាក់ដឹកនាំ ។ អីចឹងហើយទើបគេប្រកាន់យកនូវការយោគយល់គ្នាវិញ តែអស់លោនៅតែធ្វើមិនដឹង លុះដល់គេលើកឡើង គេរិះគន់ បែជាអស់លោកចោទគេថាប្រឆាំង ហេតុដូច្នេះហើយអស់លោកត្រូវយោគយល់ ត្រូវគិតឃើញកន្លែងហ្នឹង» ។
អតីតខ្លោងទ្វារខេត្តព្រះត្រពាំង ដែលមានអាយុកាលជិត ១០០ ឆ្នាំ ហើយដែលត្រូវអាជ្ញាធរវៀតណាម វាយកំទេចចោល កាលពីថ្ងៃទី ២៧ ខែវិច្ឆកា ឆ្នាំ ២០១៤ នោះ ស្ថិតនៅភូមិសំរោង បច្ចុប្បន្នយួនប្តូរទៅជាភូមិ ង្វៀកហ្វា (Ap Nguyet Hoa) ផ្លូវជាតិលេខ ៥៣ (QL 53) ជាផ្លូវចេញចូលទៅកាន់ទីក្រុងព្រៃនគរ និងខេត្តក្រុងនានា ហើយ និងមានទីតាំងមិនឆ្ងាយពីវត្តសំរោងឯកឡើយ ។
ខ្លោងទ្វារនេះ មានបណ្ដោយប្រមាណជា ១៥ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ និងកម្ពស់ប្រមាណជា ១១ ម៉ែត្រ រចនាដោយជហ្វា ៦ មានសណ្ឋានទ្រវែង គងលើថ្នល់ជាតិ តាមបែបព្រះវិហារជហ្វា ៦ ដំបូល ៣ ជាន់ ប្រក់ដោយក្បឿងបែបចិន ដំបូលទាំង ៣ ជាន់ បំពាក់ដោយដងក្តារក្បាច់ផ្កាច័ន្ទ និងលំអដោយនាគរាជចំនួន ១២ ។ នៅមេដំបូល (ជាន់ទីបី) ព្រំដោយបដិមារាហ៊ូចាប់ចន្ទ ទ្រត្រៃសូល៍ ។ រីឯជហ្វាដងក្ដារទាំង ៤ ជ្រុង នៃជាន់ទី ៣ លំអដោយនាគរាជក្បាល ៥ ចំណែកជហ្វាដងក្ដារ នៃជាន់ទី ២ និងទី១ លំអដោយនាគរាជក្បាល ១ ។ ដំបូលខ្លោងទ្វារទាំងមូលទ្រដោយសសរបេតុង ៤ ជ្រុងធំ ៗ ចំនួន ៤ ដើម នៅក្បាលសសរនីមួយ ៗ ប្រដាប់ដោយគ្រុឌ និងកិន្នរ សរុបទាំងអស់ កិន្នរ ៤ គ្រុឌ ៤ ក្នុងនោះដែរ យួនក៏មិនភ្លេចលួចបន្លំដាក់ដៃរណែងវប្បធម៌ចិន ដែលយួនទទួលយកធ្វើជាវប្បធម៌របស់ខ្លួន ព្រោះតាំងតែពីដើមមកយួនមិនមានវប្បធម៌ក្បូរក្បាច់រចនាផ្នែកខាងសំណង់ទេ ៕