​ព្រះសង្ឃ និងប្រជាពលរដ្ឋតវ៉ា​មុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម ២ អង្គ​

169

ដោយ ស៊ឺន ចែងចើន l សារព័ត៌មាន ព្រៃនគរ

ព្រះសង្ឃ​ខ្មែរក្រោម និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥០ អង្គ​/​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ១៩ សីហា ២០១៥ នេះ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា នៅមុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់ ការចោទប្រកាន់​មកលើ​ព្រះសង្ឃ​ខ្មែរក្រោម​ទាំង ២ អង្គ ដែល​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាប់​ព្រះកាយ និង​ផ្សឹក កាលពី​ថ្ងៃទី ១ ខែសីហា ២០១៥ កន្លងទៅនេះ ។​

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ តវ៉ា​នៅមុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម ២ អង្គ​ ។ រូបថតៈ ស៊ឺន ចែងចើន
ព្រះសង្ឃ និង​ប្រជាពលរដ្ឋ តវ៉ា​នៅមុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម ២ អង្គ​ ។ រូបថតៈ ស៊ឺន ចែងចើន

​ការតវ៉ា​ដោយមាន​លើក​បដា​សរសេរ​ជា​សារ​សុំ​ឲ្យ «​តុលាការ​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម ២ អង្គ​» របស់​ព្រះសង្ឃ​ខ្មែរក្រោម និង​ពលរដ្ឋ​នោះ ធ្វើឡើង ក្នុងខណៈដែល​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​សាកសួរ​អតីត​ព្រះសង្ឃ ជា វណ្ណដា ។

​អតីត​ព្រះសង្ឃ​ខ្មែរក្រោម ១ អង្គ​ទៀត ព្រះនាម ដាវ ទេ​ព្យ ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​នាំខ្លួន​យកទៅ​ឃុំ​ឃំ​ង​ជា​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ ស កាលពី​ថ្ងៃទី ៣ សីហា ដើម្បី​រង់ចាំ​ថ្ងៃ​បើកសវនាការ ។​

ញោមប្រុសរបស់ ព្រះតេជព្រះគុណ ជាវណ្ណដា ក៏បានចូលរួមតវ៉ា នៅ​មុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម ២ អង្គ​ ។ រូបថតៈ ស៊ឺន ចែងចើន
ញោមប្រុសរបស់ ព្រះតេជព្រះគុណ ជាវណ្ណដា ក៏បានចូលរួមតវ៉ា នៅ​មុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម ២ អង្គ​ ។ រូបថតៈ ស៊ឺន ចែងចើន

​ព្រះសង្ឃ​ខ្មែរក្រោម​ទាំង ២ អង្គ​នេះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​គំរាមកំហែង នឹង​សម្លាប់ ការរក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែងក្លាយ ។

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ តវ៉ា​នៅមុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម ២ អង្គ​ ។ រូបថតៈ ស៊ឺន ចែងចើន
ព្រះសង្ឃ និង​ប្រជាពលរដ្ឋ តវ៉ា​នៅមុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម ២ អង្គ​ ។ រូបថតៈ ស៊ឺន ចែងចើន

​ក្រោយពី​បញ្ចប់​ការសាកសួរ​របស់​ចៅក្រម​ស៊ើបសួរ នៅវេលា​ម៉ោងជាង ១១ ព្រឹក​ថ្ងៃនេះ ព្រះតេជព្រះគុណ ជា វណ្ណដា ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស​បន្តទៀត ។​

ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​ឃើញ​រថយន្ត​ទ្រុង​នាំខ្លួន ព្រះតេជព្រះគុណ ជា វណ្ណដា យកទៅ​ឃុំ​បន្ត ព្រះតេជព្រះគុណ ថាច់ ហា​សំអាង ព្រះចៅអធិការ​វត្ត​សាមគ្គី​រង្សី និង​ជា​អគ្គហិរញ្ញិក​នៃ​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម បាន​មាន​សង្ឃ​ដិ​កា​ថា ព្រះអង្គ នឹង​ដឹកនាំ​ព្រះសង្ឃ និង​ពលរដ្ឋ​ធ្វើ​យុទ្ធនា​ការតវ៉ា​ទៅកាន់​ស្ថាប័ន​ពាក់ព័ន្ធ បើ​តុលា​ការមិន​ព្រម​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម​ទាំងពីរ​អង្គ ក្នុង​រយៈពេល​ខ្លី ខាងមុខនេះ ។​

អតីត​ព្រះសង្ឃ​ខ្មែរក្រោម ព្រះតេជព្រះគុណ ជា វណ្ណដា ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស​បន្តទៀត ដោយរថយន្ត​ទ្រុង​ ។​
អតីត​ព្រះសង្ឃ​ខ្មែរក្រោម ព្រះតេជព្រះគុណ ជា វណ្ណដា ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស​បន្តទៀត ដោយរថយន្ត​ទ្រុង​ ។​

​គួររំឭកថា កាលពី​ថ្ងៃ ទី ១ ខែសីហា ២០១៥ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រុង និង​មន្ត្រី​ធម្មការ បាន​ចុះទៅ​ត្រួតពិនិត្យ​រដ្ឋបាល នៅក្នុង​វត្ត​អង្គ​តា​ម៉ិ​ញ ស្ថិតនៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្នុង​ប្រតិបត្តិការ​នោះ អាជ្ញាធរ​បាន​ឃាត់ខ្លួន​ព្រះសង្ឃ​ពីរ​អង្គ ដែលជា​ព្រះ​ខ្មែរក្រោម បន្ទាប់មក​អាជ្ញាធរ​ចម្រុះ ក៏បាន​រកឃើញ​នៅក្នុង​កុដិ​ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ នូវ​គ្រឿងញៀន​មួយកញ្ចប់​តូច ដាវ​សាំ​មា​រ៉ៃ ១ កូនកាំបិត ១ ប៉័ងតោ ១ ស្រោមអនាម័យ ១ កញ្ចប់ និង​សម្ភារៈ​មួយចំនួនទៀត ។ ក្រោយពី​ចាប់​ផ្សឹក​រួចមក សមត្ថកិច្ច​ក៏បាន​ចាប់បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​តុលាកា​បានសម្រេច​ឲ្យ​យកទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ ស ៕

Comments are closed.