ព្រះសង្ឃ​ខ្មែរក្រោម ដែល​ភៀសខ្លួន នៅ​ប្រទេស​បារាំង​មិន​មាន​វត្ត​ស្នាក់អាស្រ័យ ធ្វើឲ្យ​ពិបាក​ក្នុង​ការប្រតិបត្តិ​ធម៌អាថ៌ វិន័យ និង​សិក្សា​រៀនសូត្រ

0 381

ដោយ លី ឈូន

ព្រះសង្ឃ​ភៀសខ្លួន​ខ្មែរក្រោម ជាង ៥០ អង្គ នៅ​ប្រទេស​បារាំង ជួលផ្ទះ​កន្តាំង​បារាំង ស្នាក់​បណ្ដោះអាសន្ន ប្រមាណ​ជា ៨ កន្លែង មាននៅ​ទី​ក្រុង​ប៉ារិស និង នៅ​តាម​ខេត្ត​នានា មួយចំនួន​ទៀត ។ ព្រះ​ស្ឃ​ទាំងនោះ ភាគច្រើន​រត់គេច​ពី​ការ​តាម​ធ្វើទុក្ខ​បុកម្នេញ ពី​រប​បកុម្មុយ​និ​ស្តុ​វៀតណាម ក្នុងអំឡុងឆ្នាំ ២០០៧ រហូតមកដល់​ពេលនេះ ។ ចំណែក​ព្រះសង្ឃ​ខ្លះទៀត ក៏​ទទួល​បាន​សិទ្ធិ​ស្នាក់នៅ​ប្រទេស​បារាំង និង​មួយចំនួន​អង្គ​ខ្លះទៀត នៅ​មិនទាន់​បា​នន​សិទ្ធិ​ស្នាក់នៅ​ឡើយ ។ ការ​ស្នាក់អាស្រ័យ គ្មាន​ទីតាំង​ពិតប្រាកដ​បែបនេះ ធ្វើ​ព្រះសង្ឃ​ខ្មែរក្រោម​ទាំងនោះ ពិបាក​ក្នុង​ការប្រតិបត្តិ​ធម៌អាថ៌ វិន័យ និង​សិក្សា​រៀនសូត្រ​ទៀតផង ។ ដូច្នេះហើយ បាន​ជា​ព្រះសង្ឃ​ខ្មែរក្រោម និង​ពលរដ្ឋខ្មែរ នៅ​ខេត្ត​អរ​លេ​អង់​ស៍ សម្រេចចិត្ត​កសាង​វត្ត​មួយ​ដាក់ឈ្មោះ​ថា វត្ត​ខេមរ​ធម្ម​រាម (អរ​លេ​អង់​ស៍​) ដែល​ជាវ​ត្ត​ធំ​ទី ២ បន្ទាប់ពី​វត្ត​ចន្ទរង្សី (ត្រាំ​ប្លេរ​) នៅ​ទីក្រុង​ប៉ារីស ។ តែ​អាស្រ័យ​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​អរ​លេ​អង់​ស៍ មាន​ចំនួន​តិច​ផង និង​ដើម្បី​រក​ថវិកា សង​ថ្លៃ​ជាវដី​ឲ្យឆាប់​រួចរាល់​ទាន់ពេល​វេលា​ផង ព្រះសង្ឃ និង​ពលរដ្ឋខ្មែរ​នៅ​ខេត្ត​អរ​លេ​អង់​ស៍ អំពាវនាវ​ដល់​សប្បុរសជន​គ្រប់ទិសទី ឲ្យ​ជួយ​ចូលរួម​កសាង វត្ត​ខេមរ​ធម្ម​រាម (អរ​លេ​អង់​ស៍​) នេះ​ផង ។

វត្តថ្មីមួយ ឈ្មោះ​វត្តខេមរធម្មារាម (អរលេអង់ស៍ ) ប្រទេសបារាំង
វត្តថ្មីមួយ ឈ្មោះ​វត្តខេមរធម្មារាម (អរលេអង់ស៍ ) ប្រទេសបារាំង

ព្រះសង្ឃខ្មែរក្រោមវ័យចំណាស់មួយព្រះអង្គ ជាប្រធានសហគមន៍ព្រះសង្ឃខ្មែរក្រោម ប្រចាំទ្វីបអឺរុប ព្រះនាម អ៊ួង សុខ​ ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរឲ្យដឹងថា សព្វថ្ងៃព្រះអង្គ​ជាព្រះចៅអធិការវត្តមង្គលសុភ័ណ្ឌ ហៅវត្ត​ប្ល៊រ្ស នៅខេត្ត ប្ល៊រ្ស ហើយមូលហេតុ​ដែល​ព្រះអង្គ​កសាង​វត្ត​​ថ្មីមួយទៀតនេះ​ គឺដោយអាស្រ័យពលរដ្ឋខ្មែរនៅខេត្ត អរ លេ អង់រ៍ និមន្ត​ព្រះអង្គឲ្យ​ទៅជួយជា​ជំហរ​​​ដឹក​នាំកសាង​វត្តថ្មីនេះ ព្រោះវត្តមិនទាន់មានព្រះសង្ឃគង់នៅឡើយ ។

ព្រះតេជព្រះគុណអ៊ួង សុខប្រាប់ឲ្យដឹងទៀតថា វត្តនេះជាសម្បត្តិរបស់ខ្មែររួម សម្រាប់​ព្រះសង្ឃគង់​ទូទៅ​​មិន ​ប្រកាន់​ថា​ព្រះសង្ឃ​និមន្តមក​ពីទីណានោះ​ឡើយ ហើយវត្តថ្មីនេះ​ក៏ជាមជ្ឈ​មណ្ឌល​វប្បធម៌​ខ្មែរ​ផង​ដែរ ។

ព្រះតេជព្រះគុណអ៊ួង សុខ ៖ «វត្តដែលកំពុងកសាងនេះបានដាក់ឈ្មោះនាមវត្តហើយគឺ វត្ត​ខេមរៈធម្មារាម (អរ លេ អង់ស៍) កន្លែង​ទីតាំង​កសាងវត្តនេះ​ ស្ថិត​នៅ​ក្នុង​ខេត្ត​អរ លេ អង់ស៍ មាន​ចម្ងាយ​​​ប្រមាណជាង ១៥០ គីឡូម៉ែត្រពីទីក្រុងប៉ារីស មានព្រះសង្ឃគង់នៅវត្តនេះចំនួន ៤ អង្គ​ហើយវត្តនេះ ជា​សម្បត្តិរបស់ខ្មែរទូទៅ មិនមែនជា សម្បត្តិបុគ្គលណាទេ គឺជារបស់​ខ្មែរ​រូមទាំង​អស់​គ្នា​ គឺខ្មែរ​កណ្ដាល ខ្មែរលើ ខ្មែរក្រោម»

ស្រដៀងគ្នានេះដែរ បុរសខ្មែរក្រោមម្នាក់​ឈ្មោះ ​ព្រហ្ម ចំរើន ​លោកមានស្រុកកំណើត នៅខេត្តឃ្លាំង​ លោកជាអតីតប្រធានអន្តរសាសនានៃសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុម លើកឡើងថា ការកសាងវត្តថ្មី របស់ប្រជាពលរដ្ឋខ្មែរ នៅខេត្តអរ លេអងស៍ គឺជារឿង​ប្រពៃ​ហើយ ដូចជារឿងរបស់លោកដែរ លោកទៅដល់ប្រទេសបារាំងក្នុងឆ្នាំ ២០១០ ដោយសារតែ​​លោក រក​កន្លែង​ស្នាក់​អាស្រ័យមិនបាន​ លោកក៏បានប្រមូលបច្ច័យ ដែល​បាន​មក​អំពីការ​ធ្វើ​បុណ្យ សុន្ទរ៍​ទាន​របស់ពុទ្ធបរិស័ទ យកទៅជួលផ្ទះមួយកន្លែង នៅខេត្តសេ​អឺ​រ៉ង់​ធ្វើ​ជា​ទីស្នាក់អាស្រ័យ​សម្រាប់​ព្រះសង្ឃខ្មែរក្រោម ដោយ​ដាក់ឈ្មោះ​ទីតាំងនេះ ថា វត្តរតនសាមគ្គី (សេ​អឺ​រ៉ង់) ។

​លោកព្រហ្ម ចំរើន ៖ «ជួលផ្ទះគេបង្កើតវត្ត ហើយត្រូវបង់ថ្លៃជួលផ្ទះ ១ ខែ ៩០០ (ប្រាំបួនរយ) គឺ ជាង ១.០០០ (មួយពាន់) ដុល្លារអាមរិក ។ ទាំងអស់ហ្នឹង​គឺ​ជា​បច្ច័យ​ ដែលបានមកពីការសូត្រមន្ត ទេសនាជាដើម​ កាល​ខ្ញុំ​នៅ​ជាព្រះសង្ឃខំសន្សំសងថ្លៃផ្ទះហ្នឹង ។ ក្រោយ ៗ មក​ទៀត​ឃើញ​មាន​ការ​រីក​​ចម្រើន​អីចឹង​ទៅ​ក៏​មាន​ព្រះសង្ឃ​និមន្ត​មកសុំនៅ រហូតព្រះសង្ឃកើនឡើងដល់ ៩ អង្គ ហើយ​ខ្ញុំ​ក៏​ជួយ​រត់​ការធ្វើឯកសារ សម្រាប់ស្នាក់នៅហ្នឹងទៅ »

ចំណែកពលរដ្ឋខ្មែរក្រោមម្នាក់ទៀត ឈ្មោះ​ថាច់ សារុម លោក​មានស្រុកកំណើត​ នៅ​ខេត្តព្រះត្រពាំង​ លោក​ទៅដល់ប្រទេសបារាំងក្នុងឆ្នាំ ២០១១ លោឲ្យដឹងថា ពេលទៅដល់ប្រទេសបារាំង​ដើម​ដំបូង​ លោក​ពិបាក​រកវត្តស្នាក់អាស្រ័យណាស់ ទៅនៅន្លែងនេះបន្តិច កន្លែងនោះបន្តិច រសាត់​អណ្ដែត​រហូត ទៅដល់ប្រទេសហូឡង់​ ទីបំផុតក៏​វិលចូល​ប្រទេសបារាំងវិញ នៅទីក្រុង​ប៉ារីស​ រួចហើយនៅ​មិន​បាន​ប៉ុន្មាន ក៏ចេញពីទីក្រុងប៉ារីស ទៅសុំស្នាក់អាស្រ័យនៅក្នុងវត្តមង្គលសុភ័ណ្ឌ ហៅ វត្តប្ល៊រ្ស ខេត្ត ប្ល៊រ្ស​ ដែល​​​គ្រប់គ្រង​ដោយ​ព្រះតេជព្រះគុណ អ៊ួង សុខ ។

លោកថាច់ សារុម ៖ «មកមុនដំបូងហ្នឹង​ខ្ញុំស្នាក់អាស្រ័យ​នៅវត្ត ត្រាំ ប្លេរ ទីក្រុងប៉ារីស​បាន​ពីរបី​ខែ​បន្ទាប់​មក​ខ្ញុំ​ក៏ទៅប្រទេសហូឡង់ ១ ឆ្នាំ រួចហើយ ត្រឡប់មកបារាំងវិញ​ ចុះនៅខេត្តម៉ាក់ សី អត់​មាន​ស្គាល់​អ្នកណា​ម្នាក់ទេ ។ ដល់​ពេល​ហ្នឹង ​ទើប​កាកបាទ​ក្រហម​បារាំង​ គេជួយ​ធ្វើ​ក្រដាស់ស្នាម​ស្នាក់​នៅ​ ដល់​បានក្រដាស​ស្នាមស្នាក់​នៅ​រួចហើយ​ ក៏​បន្តដំណើរ​ទៅប៉ារីសវិញ​ ហើយក៏ទៅរហូត​ដល់​ប្ល៊រ្ស» ។

ការលើកឡើងមកនេះ បន្ទាប់ពីមានលិខិតអំពាវនាវមួយ​ច្បាប់របស់ព្រះសង្ឃ ​និងពុទ្ធបរិស័ទខ្មែរ​ពី​វត្តថ្មីមួយ ឈ្មោះ​វត្តខេមរៈធម្មារាម (អរលេអង់ស៍ ) ប្រទេសបារាំង សុំឲ្យសប្បុរស​គ្រប់រូប​ជួយ​បំពេញ​កុសល កសាង​វត្ត​ថ្មី​នេះ​ផង​ ។​

ឆ្លើយតបនឹងការលើកឡើងនេះ ព្រះតេជព្រះគុណ​អ៊ួង សុខ​ជាព្រះចៅអធិការវត្ត ខេមរៈធម្មារាម និង​ជាប្រធានសហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប ពន្យល់ថា ចាប់ពីឆ្នាំ ២០០៧ មកដ​ល់​ពេលនេះ មាន​ព្រះសង្ឃ​ ខ្មែរ​ក្រោម​ជា​ច្រើន​ព្រះអង្គ ​រត់​គេច​ខ្លួន​ពីការគាប​សង្កត់​សពីរបប​កុម្មុយនីស្តវៀតណាម​ ទៅប្រទេសបារាំង តែគ្មាន​កន្លែង​ស្នាក់​អាស្រ័យ​ឲ្យបាន​សម​រម្យ​ឡើយ ។ ដោយអាស្រ័យហេតុនេះ ទើបព្រះសង្ឃ ​និងពុទ្ធបរិស័ទខ្មែរនៅខេត្ត អរ លេ អង់ស៍ ផ្ដើម​កសាង ​វត្ត​ខេមរៈធម្មារាម នេះឡើង ។

ព្រះ​ចៅអធិការវត្តខេមរៈធម្មារាម (អរ លេ អង់ស៍) ឲ្យដឹងទៀតថា ផ្ទៃដីវត្តនេះ មានទំហំ ៥៥០ ម៉ែត្រការ៉េ ជាវ​ក្នុង​តម្លៃ ២៧៥.០០០ ( ពីរសែនប្រាំពីរម៉ឺនប្រាំពាន់ ) អឺរ៉ ស្មើនឹងប្រមាណជាង ៣ សែនដុល្លារអាមេរិក ។ ព្រះ​ចៅអធិការវត្ត ព្រះអង្គបវារណាដល់ ពុទ្ធបរិស័ទ និងសប្បុរស ជិតឆ្ងាយ​គ្រប់រូប ឲ្យចូលរួម​បំពេញកុសលជាវជាប្លង់ ឬ ជាការ៉េ នីមួយៗ ដោយក្នុង ១ ប្លង់ ឬ ការេ ថ្លៃ ៥០០ (ប្រាំរយ) អឺរ៉ូ ស្មើនឹងប្រមាណជាង ៦០០ (ប្រាំមួយរយ) ដុល្លារអាមេរិក ហើយរហូត​មក​ដល់​ពេលនេះ ពុទ្ធបរិស័ទ ទើប​តែ​ជួយជាវបាន ២ ប្លង់ ឬ ការ៉េ​តែ​ប៉ុណ្ណោះ​ ។

ព្រះតេជព្រះគុណ​អ៊ួង សុខ​ បញ្ជាក់ថាបន្ថែមថា ពុទ្ធបរិស័ទ សប្បុរសជន ដែលមានសទ្ធា​ជ្រះ​ថ្លា​ជួយ​កសាង​វត្តខេមរៈធម្មារាម សូម​ទំនាក់ទំនង​តាម​រយៈលេខទូរស័ព្ទចំនួន ៤ ខ្សែរគឺ ៖

១ ព្រះតេជព្រះគុណ​អ៊ួង សុខ ៖ ០៦ ៧១៨២ ០៩០២

២ លោកអារ្យ៖ ០២ ៣៨៨ ៨៥១៩

៣ លោក លីម សាន ៖ ០៦ ៤១២០ ០៧៣២

៤ លោក ណារិន្ទ ៖ ០៧ ៨៨១០ ៧៩៦៣ ។

ព្រះតេជព្រះគុណ​អ៊ួង សុខ​ ៖ «វត្តខេមរៈធម្មារាម អាត្មាភាពសុំពឹងដល់​សប្បុរសជនគ្រប់ ៗ មជ្ឈដ្ឋាន នៅជិត​ឆ្ងាយ​ទាំងអស់​​ នានាប្រទេស ទូទាំងពិភពលោក មាននៅបារាំងជាដើម​ សូមជួយជ្រោមជ្រែង​ ជួយ​កសាងវត្តថ្មី​ខេមរៈធម្មារាមកុំខានផង ។​ ជាទីបញ្ចប់ សូមជូនពរឪ្យដល់​អស់លោកអ្នក​សប្បុសជន និងពុទ្ធបរិស័ទទាំងអស់ ឲ្យជួបប្រទះ​តែនឹងពុទ្ធពរទាំងឡាយ ៥ ប្រការគឺ ​អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ចំរើនពរ»

គិតត្រឹមឆ្នាំ ២០០៧ រហូតមកដល់ពេលនេះ មានព្រះសង្ឃខ្មែរក្រោមមិនតិចជាង ៦០ ព្រះអង្គទេ ដែល​គេច​ចេញ​ពីការ​ធ្វើ​ទុក្ខ​បុកម្នេញ​ជិះ​ជាន់​សង្កត់​សង្កិន​ពី​បបគម្មុនីស​វៀតណាម​ ហើយ​ទៅ​រស់​នៅ​ប្រទេសបារាំង តែ​សព្វថ្ងៃនេះ គង់នៅប្រហែលជាជាង ៣០ អង្គប៉ុណ្ណោះ ព្រោះព្រះសង្ឃទាំង​នោះ​បានលាចាកសិក្ខាបទ បន្ទាប់ពីពួកព្រះអង្គបានទទួលសិទ្ធិ​រស់នៅ​ស្របច្បាប់​ក្នុងប្រទេសបារាំង ។

ដោយនៅប្រទេសបារាំង ពិបាកក្នុងការស្វែងរកវត្ត ស្នាក់នៅ ព្រះសង្ឃភៀសខ្លួនខ្មែរក្រោមទាំងនោះ ត្រូវជួលផ្ទះកន្តាំង​បារាំង​ធ្វើជាវត្ត នៅបណ្ដោះអាសន្នរាប់ឆ្នាំ ការស្នាក់នៅបែបនេះ​យ៉ាងតិចណាស់​ក៏​មាន​ចំនួន​ ៨ កន្លែងដែរ​ទូទំាង​ប្រទេស​បារាំង​ ។ ក្នុង​ផ្ទះកន្តាំងនិមួយ ៗ ព្រះសង្ឃ​អាចគង់នៅ​ពី ៤ ទៅ ៥ អង្គ ទៅ​តាមទំហំផ្ទះទាំងនោះ ។ ប្រសិន​ជា​មិន​បាន​ឃើញ​នៅ​ខាង​មុខ​ផ្ទះទាំងនោះ​ដំឡើង​ទង់​ព្រះពុទ្ធសាសនា​ ដំឡើង​ទង់​ជាតិ​កម្ពុជា និងមិន​បាន​ឃើញពុទ្ធាសនៈ នៅក្នុងផ្ទះទាំងនោះទេ គេនឹង​មិន​ដឹងថា​នោះ​ គឺជាវត្តឡើយ ។

ការស្នាក់អាស្រ័យវត្តផ្ទះកន្តាំង តូច​ចង្អៀតដូច្នេះ​ ពេល​ត្រូវការធ្វើបុណ្យទាន​ប្រពៃណីព្រះ​ពុទ្ធ​សាសនា ប្រពៃណីជាតិ ឬ ក៏ជួនកាលប្រារព្ធពិធីជួបជុំខ្មែរក្រោម ម្ដង ៗ ព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរ​ក្រោម​ទាំង​នោះ​ តែងតែ​ជួល​រង្គសាល​ និងសុំទីវត្តព្រះសង្ឃខ្មែរកម្ពុជា ដើម្បី​ប្រារព្ធពិធីទាំងនោះ ។

សម្រាប់ពេលនេះ នៅប្រទេសបារាំង វត្ត​ខ្មែរក្រោម ដែលមាទីធ្លា ធំទូលាយ សមរម្យល្មម អាចឲ្យ​ព្រះសង្ឃ និងពុទ្ធបរិស័ទ​ខ្មែរ​ក្រោម​ធ្វើ​បុណ្យ​តាម​ទំនៀម ទម្លាប់ប្រពីណីជាតិបាន​ គឺ​មានវត្តច័ន្ទរង្សី​ ដែលគេ​និយមហៅ​ថាវត្ត ត្រាំ ប្លេរ មាន​ទីតាំង​នៅ​ទីក្រុងប៉ារីស និងបន្ទាប់គឺវត្តខេមរៈធម្មារាម ដែល​កំពុងកសាងនៅខេត្ត អរ លេ អង់ស៍​នេះឯង ៕

Leave A Reply

Your email address will not be published.