អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា គ្រោង​រៀបចំ​សន្និបាត​ប្រចាំឆ្នាំ​ ​និង​ជ្រើសរើស​ប្រធាន​ថ្មី​

0 686

ដោយ ស៊ឺន ចែងចើន| VOKK

លេខាធិការដ្ឋាន ដែលជា​បណ្តុំ​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​នៅ​ប្រទេស​កម្ពុជា គ្រោង នឹង​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៧ ប្ដូរ​វេន​ប្រធាន​លេខាធិការដ្ឋាន និង​លើក​ផែនការ​ឆ្នាំ ២០១៨ នៅ​ថ្ងៃទី​អាទិត្យ ទី ១១ ខែកុម្ភៈ ខាងមុខនេះ ។​

លោក សឺ​ន ជុំ​ជួន (រូបឈរ) ត្រូវបានអង្គសន្និបាត ជ្រើសតាំងធ្វើជា​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្រាប់​អាណត្តិ​ទី ៦ ឆ្នាំ ២០១៧ ។ រូបថតៈ ស៊ឺន ចែងចើន
លោក សឺ​ន ជុំ​ជួន (រូបឈរ) ត្រូវបានអង្គសន្និបាត ជ្រើសតាំងធ្វើជា​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្រាប់​អាណត្តិ​ទី ៦ ឆ្នាំ ២០១៧ ។ រូបថតៈ ស៊ឺន ចែងចើន

​សន្និបាត​ប្រចាំឆ្នាំ​របស់​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹងធ្វើ​ឡើង​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ស្ថិតនៅ​សហគមន៍​បុរី​ព្រៃនគរ ភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​មានការ​និមន្ត និង​អ​ញ្ចើ​ញ​ចូលរួម ពី​សមាជិក សមាជិកា ថ្នាក់ដឹកនាំ និង​តំណាង​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ។​

នៅក្នុង​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃទី ៣ ខែកុម្ភៈ កន្លងទៅនេះ គណៈកម្មការ​រៀបចំ​សន្និបាត បាន​លើកឡើងថា អង្គសន្និបាត នឹងមាន​របៀបវារៈ​សំខាន់ៗ មួយចំនួន មាន​ជាអាទិ៍ កិច្ចពិភាក្សា​ទៅលើ​ការកែទម្រង់​គោលនយោបាយ និង​ដាក់​ទិសដៅ សម្រាប់​ឆ្នាំ ២០១៨ និង​ការជ្រើសតាំង​ប្រធាន​ថ្មី ក្រៅពីនេះ ក៏ នឹងមាន​របាយការណ៍​របស់​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នានា ដែល នឹង​ឡើង​ធ្វើ​សេចក្ដីរាយការណ៍ ស្តីពី​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​ជម្រាប​ដល់​អង្គសន្និបាត​បាន​ជ្រាប​ដែរ ។​

គួរ​ជម្រាបជូន​ថា លេខាធិការដ្ឋាន​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម តែង​ធ្វើ​ពិធី​ប្តូរ​វេន​ប្រធាន​មួយឆ្នាំ​ម្តង ដោយ​ធ្វើការ​ជ្រើសរើស​ប្រធាន​មួយរូប មកពី​អង្គការ សមាគម ឬ​ស្ថាប័ន​ជា​សមាជិក មកកាន់​តំណែង ជា​ប្រធាន​លេខាធិការដ្ឋាន ។ នៅ​ឆ្នាំ ២០១៧ លោក សឺ​ន ជុំ​ជួន ប្រធាន​បណ្តាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​នាយក​កម្មវិធី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ។​

សូមបញ្ជាក់ដែរថា លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជា​ស្ថាប័ន​មួយ​បាន​បង្កើតឡើង ដើម្បី​ទទួលបន្ទុក​ចាត់ចែង​ការងារ​រួម​របស់​ខ្មែរ​កម្ពុជា​ក្រោម នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង ជា​មធ្យោបាយ​យ​បម្រើ​ឲ្យ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទាំងអស់ ធ្វើការ​ដោយ​ឈរលើ​គោលនយោបាយ​ខ្មែរ​កម្ពុជា​ក្រោម​រួម​តែមួយ ។​

លេខាធិការដ្ឋាន​នេះ បាន​បង្កើតឡើង​តាំងពី​ឆ្នាំ ២០១១ ដោយមាន​ការចូលរួម​របស់​អង្គការ សមាគម និង​ស្ថាប័ន​ចំនួន ១១ ។ ស្ថាប័ន ដែលជា​តំណាង​របស់​ពលរដ្ឋ​ខ្មែរក្រោម មាន​មូលដ្ឋាន នៅ​ព្រះរាជាណាចក្រ​កម្ពុជា ទាំងនោះ​រួមមាន ៖

  • ១ សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​
  • ២ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​
  • ៣ មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម​
  • ៤ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង អភិវឌ្ឍន៍​
  • ៥ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​
  • ៦ មូលនិធិ​សម្រាប់​អ្នកក្រីក្រ​
  • ៧ អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​អភិវឌ្ឍន៍​
  • ៨ មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម​
  • ៩ កម្មវិធី​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​
  • ១០ សារព័ត៌មាន​ព្រៃនគរ​
  • ១១ អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​

Leave A Reply

Your email address will not be published.