មេដឹកនាំ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​កម្ពុជា​ចូល​គោរព​ព្រះ​សព​ព្រះ​ពហូស្សូត​ឆ្វេង​វត្ត​សាមគ្គី​រង្សី​

84

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​នៅ​ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៥ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា លោក តាំង សារៈ និង​សហការី​របស់ខ្លួន​បាន​ចូលទៅ​គោរព ព្រះ​សព ភិក្ខុ ថាច់ ខាន់ នៅ​វត្ត​សាមគ្គី​រង្សី ដែល​ទើបតែ​ត្រូវ​បានទទួល អនិច្ចធម្ម កាលពី​ថ្ងៃទី ១២ ខែមករា កន្លងទៅនេះ ។​

គណៈកម្មការ សមាជិក សមាជិកានៃ​លេខាធិការដ្ឋាន ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចូលគោរពព្រះសព ភិក្ខុ ថាច់ ខាន់ នៅវត្តសាមគ្គីរង្សី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន|ព្រៃនគរ
គណៈកម្មការ សមាជិក សមាជិកានៃ​លេខាធិការដ្ឋាន ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចូលគោរពព្រះសព ភិក្ខុ ថាច់ ខាន់ នៅវត្តសាមគ្គីរង្សី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន|ព្រៃនគរ

​លោក តាំង សារៈ បាន​សម្ដែង​នូវ​ការ​សោក​សា្ដ​យ​ចំពោះ​មរណភាព​របស់ ភិក្ខុ ថាច់ ខាន់ ព្រះ​ពហូស្សូត​ឆ្វេង​នៃ​វត្ត សាមគ្គី​រង្សី និង​បាន​សរសេរ​នៅលើ​សៀវភៅ​ខ្មែរ​នៃ​ពិធីបុណ្យ​ឈាបនកិច្ច​ថា​៖

“​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក និង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ក្ដី សោកស្ដាយ​ជាទីបំផុត ចំពោះ​មរណភាព​ដ៏​ក្រៀមក្រំ​របស់​ព្រះតេជព្រះគុណ ថាច់ ខាន់ ព្រះ​ពហូស្សូត​ឆ្វេង​វត្ត​សាមគ្គី រង្សី​” ។​

​នៅ​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ម្សិលមិញ​នេះដែរ ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា លោក ថាច់ ឡែ​ន ក៏បាន​ដឹកនាំ​គណៈកម្មការ និង​សហការី​របស់ខ្លួន​ទៅ គោរព​ព្រះ​សព ភិក្ខុ ថាច់ ខាន់ ផងដែរ ។​

​នៅក្នុង​ពិធីបុណ្យ​ឈាបនកិច្ច​ដែល​រៀបចំ​នៅក្នុង​បរិវេណ​វត្ត​សាមគ្គី​រង្សី ជាយ​ទីក្រុង​ភ្នំពេញ លោក ថាច់ ឡែ​ន បាន សម្តែង​នូវ​សេចក្តី​រន្ធត់​ក្រៀមក្រំ​យ៉ាងខ្លាំង និង​សោកស្តាយ​ជាទីបំផុត ចំពោះ​មរណភាព​របស់​ព្រះ​ភិក្ខុ ថាច់ ខាន់ និង បាន​នាំយក​ថវិកា​មួយចំនួន​ចូល​កុសល​ជាមួយ​ក្រុមគ្រួសារ​នៃ​សព ដែល​ទើបតែ​បានធ្វើ​ដំណើរ​មកពី​ដែនដី​កម្ពុជា ក្រោម និង​សហរដ្ឋអាមេរិក ។​

​ចំណែក​ពី​ប្រទេស​កាណាដា​វិញ នៅ​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុ​ក ថាច់ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ប្រគេន​ចំពោះ​ព្រះសង្ឃ​វត្ត​សាមគ្គី​រង្សី និង ព្រះតេជព្រះគុណ ថាច់ ហាន់ ព្រះ​ចៅ អធិការ​វត្ត​ពុទ្ធិកៈ​ខ្មែរ​នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក ដែល​ត្រូវជា​បង​បង្កើត​របស់​ព្រះ​សព ។ ក្នុង​សារលិខិត លោក ថាច់ ង៉ុ​ក ថាច់ បាន​បានចាត់ទុក ព្រះ​ភិក្ខុ ថាច់ ខាន់ ថា ជា​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ​តែងតែ​ចូលរួម ក្នុង​សកម្មភាព​តស៊ូ​ដើម្បី សិទ្ធិ មនុស្ស និង​សេរីភាព​នៅក្នុង​សង្គម​ខ្មែរ​យ៉ាងសកម្ម​ដែលជា​គំរូ​សម្រាប់​ព្រះសង្ឃ ឯទៀត ។​

​សារលិខិត​បញ្ជាក់ថា​៖

​តាងនាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម យើងខ្ញុំ​ព្រះករុណា ខ្ញុំបាទ មាន​សេចក្តី​រន្ធត់​ក្រៀមក្រំ​យ៉ាងខ្លាំង​ចំពោះ​មរណភាព របស់ ព្រះ​ភិក្ខុ ថាច់ ខាន់ ដែលជា​គ្រូសូត្រឆ្វេង​នៃ វត្ត​សាមគ្គី​រង្សី​-​កម្ពុជា​ក្រោម ឋិត​នៅក្នុង​ក្រុងភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ ។​

​ព្រះ​ភិក្ខុ ថាច់ ខាន់ បាន​បំពេញ​នូវ​តូ​នាទី​ជា​កុលបុត្រ​ដ៏​ប្រសើរ​ដោយបាន​សាង​ព្រះ​ផ្នួស​សងគុណ​មាតាបិតា និង​បាន បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​កុលបុត្រ​ខ្មែរក្រោម​មួយអង្គ ដោយបាន​ចូលរួម​បំរើកា​រងារ​ក្នុងសង្គម​ខ្មែរ​យ៉ាងសកម្ម នា ពេលកន្លងមក ។​

​ព្រះទ័យ​សន្ដោស​សង្គ្រោះ​ដល់​ជនរងគ្រោះ​ខ្មែរ​ដែល​មកពី​បណ្តា​ខេត្ត​នានា នៅក្នុង​ប្រទេស​កម្ពុជា និង​ការចូលរួម សកម្មភាព ដើម្បី​សិទ្ធិសេរីភាព​ជំនឿ​សាសនា និង​សង្គម​នៅ​ប្រទេស​កម្ពុជា​ជានិច្ច របស់​ព្រះ​ភិក្ខុ ថាច់ ខាន់ ជា​គំរូ មួយ សម្រាប់​ព្រះសង្ឃ​ខ្មែរ​នានា​យកតម្រាប់​តាម​”​។​

​ភិក្ខុ ថាច់ ខាន់ ប្រសូត​នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៨១ នៅ​ភូមិ​ដើម​ជ្រៃ ឃុំ​ដើម​ពោធិ៍ ស្រុក​ខ្សាច់ ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម ជាព្រះពហូស្សូត នៃវត្តសាមគ្គីរង្សី នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ត្រូវ​ព្រះសង្ឃ​វ័យក្មេង​ឈ្មោះ លី ទឹង ជា​ព្រះសង្ឃ​ខ្មែរក្រោម​មកពី​ខេត្ត​ឃ្លាំង ចាក់​នឹង​កាំបិត​ចិត​ផ្លែឈើ​ចំ​កញ្ចឹងក និង​ត្រូវ​ដៃ បណ្តាល​ឲ្យ​រងគ្រោះ​ដល់​បាត់បង់​ជីវិត នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ក្នុង​ជម្លោះ​រឿង​វិន័យ​នៅក្នុង​វត្ត ​នៅ​ព្រឹកថ្ងៃ​ចន្ទ ៨ រោច ខែបុស្ស ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវ​នឹង​ថ្ងៃ ទី ១២ ខែមករា គ្រឹស​សករាជ ២០១៥ ។​

​នៅ​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ អតីត​សាមណេរ​ឈ្មោះ លី ទឹង អាយុ ១៧ ឆ្នាំ ដែលជា​អ្នក​បាន​ចាក់​សម្លាប់​ភិក្ខុ ថាច់ ខាន់​នោះ ត្រូវបាន​តុលាការ​ខ្មែរ​ចោទប្រកាន់​ពីបទ «​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​» តាម​មាត្រា ២២៤ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​នឹង​អាច​ជាប់ពន្ធនាគារ​រហូត​ពី ៧ ដល់ ១៥ ឆ្នាំ ហើយ​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ដដែល ៕

Comments are closed.