ថ្នាក់ដឹកនាំខ្មែរក្រោម ផ្ញើលិខិតរំលែកទុក្ខ ចំពោះមរណភាពឪពុក លោក ថាច់ សេដ្ឋា
ដោយ ស៊ឺន ចែងចើន
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្នាក់ដឹកនាំនៃអង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម និងក្រុមអតីតមេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ បានផ្ញើសារលិខិតរំលែកទុក្ខជូន លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម ចំពោះមរណភាពរបស់ឪពុករបស់លោក ។ នេះបើយោងតាមសារលិខិតដាច់ដោយឡែកពីគ្នា ដែលក្រុមអង្គការ សមាគមខ្មែរកម្ពុជាក្រោម បានបង្ហោះតាមទំព័រហ្វេសប៊ុករបស់ពួកគេ ។

ឪពុករបស់លោក ថាច់ សេដ្ឋា គឺព្រឹទ្ធាចារ្យ ថាច់ អឿង បានទទួលមរណភាពដោយសារជរាពាធក្នុងអាយុ ៨៣ ឆ្នាំ នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ។ សពរបស់ឧបាសក ថាច់ អឿង តម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅភូមិអញ្ចាញ់ ឃុំតាសឹក ស្រុកថ្កូវ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ។
យោងតាមសារលិខិតរបស់លោក តាំង សារៈ តំណាងឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវ «សេចក្តីក្រៀមក្រំ» និងចូលរួមរំលែកទុក្ខសោក ជាមួយលោក ថាច់ សេដ្ឋា និងក្រុមគ្រួសារទាំងអស់នៃសព ដោយសេចក្តីសង្វេគក្រៃលែង ។
ក្នុងលិខិតដដែល លោក តាំង សារៈ បានសរសេរតាមខ្លឹមសារដើមថា «យើងខ្ញុំ មានសេចក្តីសោកស្តាយ និងរន្ធត់ជាពន់ពេក ដោយទទួលបានព័ត៌មានថា លោកឧបាសក ថាច់ អឿង ដែលត្រូវជាឪពុករបស់លោក បានទទួលមរណភាព» ។ នៅក្នុងសារលិខិតរំលែកទុក្ខរបស់តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម បញ្ចប់ដោយការឧទ្ទិសបួងសួង សូមឲ្យដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធាចារ្យ ថាច់ អឿង បានធ្វើដំណើរទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
ចំណែក ថ្នាក់ដឹកនាំអង្គការ សមាគមខ្មែរកម្ពុជាក្រោម ជាច្រើនទៀត ដែលនៅតាមប្រទេសមួយចំនួន ដូចជា នៅប្រទេសកម្ពុជា សហរដ្ឋអាមេរិក និងនូវែលហ្សេឡងដ៍ ជាដើម ក៏បានផ្ញើលិខិតរំលែកទុក្ខជូន លោក ថាច់ សេដ្ឋា និងក្រុមគ្រួសារនៃសព ចំពោះមរណភាពឪពុកជាទីស្រឡាញ់របស់ខ្លួនផងដែរ ។
នៅក្នុងសារលិខិតរបស់មេដឹកនាំស្ថាប័នខ្មែរកម្ពុជាក្រោម ដែលវិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ ទទួលបាន នៅថ្ងៃទី ១១ ខែវិច្ឆិកា នេះ រួមមាន លោក សឺន យឿង ប្រធានលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម និងជាប្រធានប្រតិបត្តិ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក ប៊ុន មុនី ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ ចៅ រេន ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងសមាគមខ្មែរក្រោម ទីក្រុងអកឡិនដ៍ នូវែលហ្សេឡងដ៍ ។ ចំពោះខ្លឹមសាររបស់សារលិខិត ចូលរួមរំលែកមរណទុក្ខទាំងអស់ គឺមានអត្ថន័យប្រហាក់ប្រហែលគ្នា ដោយពួកគេលើកឡើង ជុំវិញការសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ សោកស្តាយ អាឡោះអាល័យ ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់នៃក្រុមគ្រួសារសព ។
ក្រៅពីនេះ នៅមានក្រុមអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងមេដឹកនាំបក្សប្រឆាំង ដែលកំពុងស្ថិតនៅក្រៅប្រទេស បានផ្ញើជាសារចូលរួមរំលែកទុក្ខដ៏សែនសោកសៅ និងក្រៀមក្រំ ជូនចំពោះលោក ថាច់ សេដ្ឋា និងភរិយា ដែលមានឪពុកជាទីស្រឡាញ់របស់លោក គឺព្រឹទ្ធាចារ្យ ថាច់ អឿង បានទទួលមរណភាព កាលពីពេលថ្មីៗ នេះ ។ ក្រុមអតីតមេដឹកនាំគណបក្សប្រឆាំង មានដូចជា លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្ទ្រ និងលោក ឡុង រី ជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ ។
លោក សម រង្ស៊ី បានសរសេរ នៅក្នុងសារលិខិតរំលែកទុក្ខរបស់លោកផ្ញើជូនលោក ថាច់ សេដ្ឋា និងភរិយា ថា «មរណភាពរបស់ឧបាសក ថាច់ អឿង គឺជាការបាត់បង់ឪពុក និងជីតា ជាទីគោរពស្រឡាញ់បំផុត និងប្រកបដោយព្រហ្មវិហារធម៌ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំកូនចៅទាំងអស់ ដោយគន្លង់ធម៌» ។

គួរជម្រាបជូនថា លោកព្រឹទ្ធាចារ្យ ថាច់ អឿង កាលពីលោកនៅមានជីវិត គឺជាប្រធានគណៈកម្មកាវត្តគោបាលនិគ្រោធ (ផ្នោព្រាល) ឋិននៅភូមិអញ្ចាញ់ ឃុំតាសឹក ស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ។ លោកព្រឹទ្ធាចារ្យរូបនេះ បានចំណាយពេលស្ទើរតែពេញមួយជីវិតរបស់លោក ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាមរតកអក្សរសាស្ត្រ អត្តសញ្ញាណ វប្បធម៌ និងពុទ្ធសាសនា នៅកម្ពុជាក្រោម ។ បន្ថែមពីលើនេះ លោកព្រឹទ្ធាចារ្យ ថាច់ អឿង ក៏ជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងវិស័យអប់រំ ដោយលោកជាអ្នកបង្ហាត់បង្រៀនភាសាខ្មែរ និងភាសាបាលីដល់កូនចៅខ្មែរក្រោមជំនាន់ក្រោយ រហូតដល់មានអ្នកខ្លះ ក្លាយខ្លួនជាស្សិតបញ្ញវ័ន្ត មន្ត្រីរាជការតូចធំ គឺសុទ្ធតែបានទទួលការបណ្តុះបណ្តាល ពីរូបលោកព្រឹទ្ធាចារ្យ ថាច់ អឿង ។ លើសពីនេះ ក្នុងតួរនាទីជាញោមវត្ត ព្រឹទ្ធាចារ្យ ថាច់ អឿង បានចូលរួមកសាងនូវសេនាសានៈក្នុងទីអារាមរបស់វត្តផ្នោព្រាល មានជាអាទិ៍ ខ្លោងទា្វរ របង វិហារ ចេតិយ កុដិ សាលាធម្មសភា សាលាឆទាន ។ល។
លោក ថាច់ សេដ្ឋា បានឲ្យដឹងដែរថា ក្រោយទទួលដំណឹង ពីមរណភាព លោកព្រឹទ្ធាចារ្យ ថាច់ អឿង មានព្រះសង្ឃ និងពុទ្ធបរិស័ទ នៅតាមវត្តអារាមនានា ក្នុងខេត្តព្រះត្រពាំង ជាពិសេសសិស្សគណរបស់លោកព្រឹទ្ធាចារ្យ បាននិមន្តមកធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យ ថាច់ អឿង ផងដែរ ។
សូមបញ្ជាក់ថា លោកថាច់ សេដ្ឋា កើតនៅឆ្នាំ ១៩៥៣ នៅភូមិអញ្ចាញ់ ឃុំតាសឹក ស្រុកថ្កូវ ខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម ។ តាំងពីនៅវ័យកុមារមក នៅពេលលោកធំដឹងក្តីបន្តិច លោកបានចូលរួមក្នុងចលនាតស៊ូររបស់ខ្មែរក្រោម ដើម្បីការពារ និងរក្សាអត្តសញ្ញាណជាតិ ការគោរពព្រះពុទ្ធសាសនា រក្សាវប្បធម៌ ភាសា និងអក្សរសាស្ត្រខ្មែរ ជាដើម ។ នៅឆ្នាំ ១៩៨៤ រដ្ឋាភិបាលនៃបក្សកុម្មុយនិស្តវៀតណាម បានបើកយុទ្ធនាការតាមចាប់ជនស្នេហាជាតិខ្មែរក្រោម ដែលប្រឆាំង នឹងរបបខ្លួន ក្នុងនោះ លោក និងវីរជនខ្មែរស្នេហាជាតិជាច្រើននាក់ផ្សេងទៀត បានរត់គេចពីការតាមចាប់ខ្លួនរបស់វៀតណាម ឡើងមកប្រទេសកម្ពុជា ។

នៅលើទឹកដីកម្ពុជា លោកបានចូលប្រឡូកក្នុងសកម្មភាពនយោបាយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយផ្តើមចេញពីគណបក្សរបស់លោកតា ស៊ឺន សាន នៅឆ្នាំ ១៩៨៨ ។ ក្រៅពីនេះ អ្នកនយោបាយកំណើតខ្មែរក្រោមរូបនេះ ក៏ធ្លាប់ជាគ្រូបង្រៀន និងជាអ្នកាសែត ហើយបច្ចុប្បន្ន លោកជានាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម ។
ខ្សែជីវិតនយោបាយរបស់លោក គឺរួមរស់តែជាមួយគណបក្សប្រឆាំងរហូតមក ដោយនៅក្នុនោះ លោកក៏ជាបុគ្គលម្នាក់ ដែលបានចូលរួមបង្កើតគណបក្សប្រឆាំងផង នោះគឺគណបក្សជាតិខ្មែរ ក្នុងឆ្នាំ ១៩៩៥ និងជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ ដោយអំណាចតុលាការ កាលពីឆ្នាំ ២០១៧ ។ លោក ថាច់ សេដ្ឋា ដែលធ្លាប់ជាសមាជិកព្រឹទ្ធសភា នៅឆ្នាំ ១៩៩៩ ផងនោះ ក៏ស្ថិតនៅក្នុងចំណោមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិចំនួន ១១៨ រូប ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ រយៈពេល ៥ ឆ្នាំផងដែរ ។ បើទោះជាបែបនេះក្តី លោកថាច់ សេដ្ឋា ដែលមានដើមកំណើតកើតជាខ្មែរក្រោម រូបនេះ នៅតែបន្តធ្វើសកម្មភាព ក្នុងនាមជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ដដែល ។ លោក ថាច់ សេដ្ឋា ដែលមានវ័យ ៦៧ ឆ្នាំ ថា លោក នឹងបណ្តុះអ្នកបន្តវេនពីលោក ដើម្បីបន្តបេសកកម្មដឹកនាំសហគមន៍ខ្មែរកម្ពុជាក្រោម ដែលលោកបង្កើត តាំងពីឆ្នាំ ២០០០ មក ៕