ពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេសនៅតែជួបបញ្ហាពេលត្រឡប់ទៅលេងស្រុក
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
(សហរដ្ឋអាមេរិក) ដោយសង្ឃឹមថា នឹងទទួលបាននូវលុយដុល្លារជាច្រើនពីសំណាក់ពលរដ្ឋវៀតណាម នៅក្រៅប្រទេស ត្រឡប់ទៅលេងស្រុកវិញ ដើម្បីស្ដារសេដ្ឋកិច្ចជាតិ រដ្ឋាភិបាលវៀតណាម បានប្រកាសថា នឹងមិនតម្រូវឱ្យមានអនិកជនវៀតណាម ដែលរស់នៅបរទេសទៅចុះឈ្មោះជាមួយប៉ូលីស នៅក្នុងតំបន់ មូលដ្ឋានទៀតទេ ។ ទោះជាយ៉ាងនេះក្ដី គោលនយោបាយនេះ នៅតែត្រូវបានអនុវត្តលើខ្មែរក្រោម ដដែល នៅពេលដែលពួកគេបានមកទស្សនាស្រុកកំណើតរបស់ខ្លួន នៅដែនដីកម្ពុជាក្រោម ។

នៅពេលថ្មីៗនេះ គេហទំព័របណ្ដាញខ្មែរក្រោម ដែលមានអសយដ្ឋាន khmerkrom.net បានចេញផ្សាយ អត្ថបទជាភាសាអង់គ្លេសមួយរិះគន់ដល់រដ្ឋាភិបាលវៀតណាមថា “ពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេសនៅតែ ជួបបញ្ហាពេលត្រឡប់ទៅលេងស្រុក” ។
អត្ថបទនេះបានបន្តថា “ពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេស តែងតែប្រឈមមុខនឹងការយាយី ដោយអាជ្ញា ធរវៀតណាមនៅតាមមូលដ្ឋាន និង ប៉ូលីស ខណៈដែលពួកគេ ត្រូវបានតម្រូវឱ្យចុះឈ្មោះ និង អង្គុយ ឆ្លើយជាមួយការសួរចម្លើយ អំពីសមាគម និងបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេនៅក្រៅប្រទេស ។
អត្ថបទដដែលបានបន្តទៀតថា ទង្វើនេះបង្ហាញឲ្យឃើញថា រដ្ឋាភិបាលវៀតណាម នៅតែប្រើគោល នយោបាយរើសអើងពូជសាសន៍លើពលរដ្ឋខ្មែរក្រោម មិនត្រឹវតែខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ប៉ុណ្ណោះ ទេ វាថែមទាំងរើសអើងលើខ្មែរក្រោមនៅបរទេសទៀតផង ។ សកម្មភាពទាំងនេះ គឺផ្ទុយនឹងសារ ដែលវៀត ណាមតែងតែឃោសានាថា ប្រជាជនដែលរស់នៅក្រៅប្រទេសអាចធ្វើមាតុភូមិនិវត្តចូលស្រុកវិញបាន ។
នៅពេលដែលខ្មែរក្រោមនៅក្រៅប្រទេសទៅដល់ភូមិស្រុករបស់ពួកគេ រឿងដំបូងដែលពួកគេ មានការ ព្រួយបារម្ភនោះ គឺ ត្រូវបំពេញកិច្ចការមួយ គឺទៅជួបនគរបាលវៀតណាមនៅតាមមូលដ្ឋាន ដើម្បីចុះ ឈ្មោះ និងឆ្លើយនឹងសំនួរដែលគេសួរចម្លើយ ។ ក្រៅពីនេះ ប៉ូលីសវៀតណាម បានបង្ខំឲ្យខ្មែរក្រោម បំពេញសំណុំបែបបទចុះកិច្ចសន្យាមួយថា “ នឹងមិនធ្វើការឃោសនាប្រឆាំងនឹងរដ្ឋាភិបាលបក្សកុម្មុយ និស្តវៀតណាមទៀតឡើយ” ។ អត្ថបទនេះ បានចោទអាជ្ញាធរវៀតណាមថា “ទាំងនេះ គឺជាទង្វើ នៃការ បំភិតបំភ័យ និងជាទម្រង់ នៃការគំរាមកំហែងប្រឆាំងនឹងប្រជាពលរដ្ឋខ្មែរក្រោម” ។
ការសួរចម្លើយរបស់អាជ្ញាធរវៀតណាម អាចចំណាយពេលរហូតដល់ទៅ ៣០ នាទី ឬ ២ ម៉ោង ឬ ច្រើនជាងនេះ ។ សំណួរដែលប៉ូលិស្តវៀតណាមសួរច្រំដែលៗនោះ មានដូចជា តើអ្នកធ្វើការអ្វីនៅបរ ទេស ? ប្រាក់ខែរបស់អ្នកមួយខែប៉ុន្មាន ? តើអ្នកមានបានចូលរួមជាមួយចលនាសហព័ន្ធខ្មែរកម្ពុជា ក្រោមដែរឬទេ ? តើអ្នកដឹងថា អ្នកណាជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ? ។
អត្ថបទដដែលបានថ្កោលទោសរដ្ឋាភិបាលវៀតណាមថា មានការប្រកាន់ពូជសាសន៍លើពលរដ្ឋខ្មែរ ក្រោម ព្រោះជនជាតិយួននៅក្រៅប្រទេសទៅស្រុកកំណើតលេង អាជ្ញាធរវៀតណាមមិនបានសួរចម្លើយឡើយ ប៉ុន្តែគោលនយោបាយនេះ នៅតែអនុវត្តលើពលរដ្ឋខ្មែរក្រោម ។
ខ្មែរក្រោម នៅក្រៅប្រទេសមានសិទិ្ធចូលរួមនៅក្នុងអង្គការណាមួយ និងគណបក្សនយោបាយ ដោយសេរី វៀតណាមមិនមានសិទ្ធិសួរជីកឫស្សជីគល់នូវបញ្ហាផ្ទាល់ខ្លួនរបស់គេទេ ។ ប្រសិនបើវៀតណាម បាន ចេញទិដ្ឋាការសម្រាប់ពួកគេឱ្យទៅកម្សាន្តនៅប្រទេសរបស់ខ្លួនហើយ អាជ្ញាធរវៀតណាមមិនមានសិទ្ធិ ឲ្យនគរបាលដើម្បីសួរចម្លើយភ្ញៀវទេសចរខ្មែរក្រោមទាំងនេះ ដូចអ្នកទោសនោះទេ ។
នេះជាពេលវេលាមួយសម្រាប់ប្រទេសវៀតណាមបង្ហាញដល់ពិភពលោកថា វៀតណាមជាប្រទេសមាន ច្បាប់ និងមានការគោរពសិទ្ធិមនុស្សស្មើគ្នា ដោយមិនមានការប្រកាន់ពូជសាសន៍ទៀតឡើយ ។ ជាពិសេស ទាំងពលរដ្ឋខ្មែរក្រោមជាជនជាតិដើម នៃដែនដីកម្ពុជាក្រោមឋិតនៅភាគខាងត្បូងវៀតណាម សព្វថ្ងៃ ទាំងខ្មែរក្រោមនៅក្រៅប្រទេសដែលទៅលេងស្រុកកំណើតរបស់ពួកគេផ្ទាល់ សមនឹងទទួលបាន នូវការគោរព និងភាពថ្លៃថ្នូរដូចជាជនជាតិយួន ឬ ជនជាតិកិន (Kinh) ផងដែរ ។
គួររំឮកដែរថា កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៣ នេះ ចាងហ្វាង កាសែត ព្រៃនគរ លោក លី ឈូន ត្រូវអាជ្ញាធរវៀតណាមចាប់ឃុំខ្លួន និងប្រពន្ធកូន ដើម្បីសួរចម្លើយ និងឆែកឆេរតាំង ពីក្បាលដល់ចុងជើង ហើយបង្ខំឲ្យគាត់បើកអ៊ីមែលឲ្យឆែកទៀត នៅច្រកព្រំដែនខេត្តមាត់ជ្រូក ឬ ខេត្តអាយ៉ាង ខណៈដែល គ្រួសាររបស់លោកធ្វើដំណើរឆ្លងដែនពីប្រទេសកម្ពុជា ទៅស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាតិក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ។ ក្រោយពីត្រូវឃាត់ខ្លួននៅព្រំដែន អស់រយៈពេល ៤៨ ម៉ោង មក ប៉ូលិសព្រំដែនបានពិន័យប្រាក់លោកចំនួន ៣០ លានដុង ដែលអាចស្មើនឹង ១.៥០០ ដូល្លារអាមេរិក ជាថ្នូរនឹងការដោះលែងឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ ៕