ពលរដ្ឋ​ខ្មែរ​ក្រោម ​ប្ដេជ្ញា​តស៊ូ​មតិ​ដោយ​អហិង្សា​ ដើម្បី​អាច​ទទួល​បាន​សិទ្ធិ​ស្វ័យ​សម្រេច​ សម្រាប់​ឆ្នាំ​ ២០២៣

0 69

ដោយ យន់ សាមៀន | RFA Khmer

ខ្មែរ​កម្ពុជា​ក្រោម​ ទាំង​អ្នក​រស់​នៅ​លើក​ទឹក​ដី​កំណើត​ និង​ប្រទេស​មួយ​ចំនួន​ទៀត បាន​តស៊ូ​មតិ​ដោយ​អហិង្សា​ ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ និង​សិទ្ធិ​ចាំបាច់​មួយ​ចំនួន​ទៀត ​កាលពី​ឆ្នាំ ​២០២២ ។ សម្រាប់​ឆ្នាំ ​២០២៣ ​ខាង​មុខ ពួកគេ​បាន​ប្ដេជ្ញា​ចិត្ត​នឹង​បន្ត​ការ​តស៊ូ​ឲ្យ​ខ្លាំងក្លា ​ដើម្បី​ទទួល​បាន​សិទ្ធិ​ជាជន​ជាតិ​ដើម​ទៅ​ថ្ងៃ​អនាគត​ ។

មន្ត្រីសហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ។ Photo Provided
មន្ត្រីសហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ។ Photo Provided

ព្រះសង្ឃ ​ពលរដ្ឋ ​និង​យុវជន​បាន​បន្ត​ជម្នះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ទៅ​ថ្ងៃ​អនាគត​ កាល​ពី​ឆ្នាំ ​២០២២ ។ ពួកគេ​បាន​បន្ត​ងើបឡើង​ប្រមូល​ផ្តុំ​គ្នា​តស៊ូ​មតិ​ ទោះបី​ជា​អាជ្ញាធរ​វៀតណាម បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ ​គំរាម​កំហែង​ ហិង្សា ​និង​ចាប់​ដាក់​ពន្ធនាគារ​ក្តី ។

ប្រធាន​ប្រតិបត្តិ​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​លោក ​ប្រាក់ សេរីវុឌ្ឍ លើកឡើង​ថា ការ​តស៊ូ​មតិ​របស់​សហព័ន្ធ ​ពលរដ្ឋ និង​ព្រះសង្ឃ​ មិន​ខាត​ប្រយោជន៍​នោះ​ទេ ។ ​លោក​ថា សហព័ន្ធ​បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​ពលរដ្ឋខ្មែរ​ក្រោម​ដឹង​ពី​សិទ្ធិ​របស់​ជា​ជន​ជាតិ​ដើម រហូត​ដល់​ពួកគេ​ហ៊ាន​ទាមទារ​ជា​សាធារណៈ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ ដែល​មាន​ចែង​ក្នុង​ច្បាប់​អន្តរជាតិ ។ លោក ប្រាក់ សេរីវុឌ្ឍ ថា ​ឆ្នាំ​ ២០២២​ គឺ​ឆ្នាំ​ប្រវត្តិសាស្ត្រ​មួយ ​ដែល​ខ្មែរ​ក្រោម​អាច​រៀប​ចំ​ដោយ​ជោគជ័យ​ នូវ​ព្រឹត្តិការណ៍​សំខាន់ៗ​ ដើម្បី​អបអរសាទរ​សេចក្តី​សម្រេច​របស់​អង្គការ​សហ​ប្រជាជាតិ ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម (UNDRIP) ​និង​សេចក្តី​ប្រកាស​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស ​ទោះបី​វៀតណាម​រារាំង​ក្តី ។

លោក ប្រាក់ សេរីវុឌ្ឍ៖ «ចលនា​របស់​យុវជន​ខ្មែរ ​នៅ​កម្ពុជា​ក្រោម ​ហ៊ាន​ងើប​បញ្ចេញ​មតិ​ ទោះបី​មាន​ការ​គាប​សង្កត់​ដោយ ​រដ្ឋាភិបាល​វៀតណាម​តាម​រយៈ​អាជ្ញាធរ​នៅ​មូល​ដ្ឋាន​ចាប់​យក​ទៅ​សួរ​ចម្លើយ​អី ។ ពួកគេ​នៅ​មិន​ព្រម​ស្ងប់​ស្ងៀម​តាម​ការ​ដែល​គេ​បង្ខំ»

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម និងអ្នក​ជំនាញ​ផ្សេងទៀត កាល​ពីខែ​តុលា​កន្លង​ទៅ បាន​ស្នើ​ឲ្យ ​វៀតណាម​បកស្រាយ​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ​។ ពួកគេ​កត់​សំគាល់​ថា វៀតណាម​បរាជ័យ​ទទួល​ស្គាល់​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម​ ការ​រំលោភ​បំពាន សិទ្ធិ​សេរី​ផ្នែក​បញ្ចេញមតិ ការ​ចូលរួម​ប្រជុំ សុខភាព ម្ហូបអាហារ ផ្ទះ​សម្បែង​ បរិស្ថាន​ ការ​រំលោភ​បំពាន​សេរីភាព​សាសនា​ ភាសា និង​វប្បធម៌​ ។ ព្រឹត្តិការណ៍​សំខាន់ៗ​ មួយ​ចំនួន​មាន​ដូចជា ឃាត់​ខ្លួន​យុវជន​ខ្មែរក្រោម​ លោក យឿង ខាយ ​និង​ លោក​ ថាច់ កឿង​ ដែល​សកម្ម​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ជនជាតិ​ដើម ។ ​ពួកគេ​ត្រូវ​បាន​វៀតណាម ​ឃុំខ្លួន ​សួរ​ចម្លើយ ​និង​បង្ខំ​ឲ្យ​សារភាព​ទោស ​ដែល​ពួកគេ​មិន​បាន​ប្រព្រឹត្ត ។

ករណី​ពិសេស​មួយ​ទៀត ​គឺ​ករណី លោក ថាច់ រីន ដែល​ត្រូវ​វៀតណាម​ ចាប់​ដាក់​ពន្ធនាគារ​រយៈ​ពេល​ ៦ ខែ ​ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​អតីត​មេ​ដឹក​នាំ​វៀតណាម ​លោក ហូ ជីមិញ ការ​ផ្សព្វផ្សាយ ​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ក្រោម និង​ចែក​រំលែក​ចំណេះដឹង​ផ្នែក​សិទ្ធិ​ជន​ជាតិ​ដើម សិទ្ធិ​មនុស្ស​ និង​គោលដៅ​អភិវឌ្ឍន៍ ប្រកប​ដោយ​ចីរភាព (SDG) របស់​អង្គការ​សហប្រជាជាតិ ។

ដោយ​ឡែក​ចំពោះ​សិទ្ធិ​សាសនា​វិញ​ ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​ត្រូវ​ក្រុម​ជើងកាង​វៀតណាម​ ព្រួត​គ្នា​វាយ​ឲ្យ​រង​របួស ​អាជ្ញាធរ​វៀតណាម​បន្ត​ធ្វើ​ទុក្ខបុកម្នេញ ការ​ប្រតិបត្តិ​សាសនា​របស់​ព្រះសង្ឃ ​និង​ការ​ព្យាយាម​វាយ​កម្ទេច សាលាឆទាន​ខ្មែរ​ក្រោម​ជា​ដើម ។ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​បាន​កំណត់​ឲ្យ​វៀតណាម​ឆ្លើយតប​នឹង​ការ​លើកឡើង ​ចំពោះ​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ក្នុង​រយៈ​ពេល ៦០ ​ថ្ងៃ ។

យុវជន​ខ្មែរ​ក្រោម លោក យឿង ខាយ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ​អាជ្ញាធរ​វៀតណាម​​បន្ត​ធ្វើ​ទុក្ខបុកម្នេញ ដោយសារ​តែ​សកម្មភាព​តស៊ូ​មតិ​ដោយ​អ​ហិង្សា​ ដើម្បី​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម ។ លោក​ចង់​ឃើញ​ពលរដ្ឋ​ខ្មែរក្រោម មាន​សិទ្ធិ​ជា​ជាតិ​ដើម ។

លោក យឿង ខាយ៖ «ប្រសិន​ជា​អាចចង់​ឲ្យ​ខ្មែរក្រោម​ឯករាជ្យ​បង ​ព្រោះ​យើង​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​យួន ​។ ​យើង​រស់នៅ​គ្មាន​សិទ្ធិ​សេរីភាព​ទេ​បង វេទនា​ណាស់​បង»

ពាក់ព័ន្ធ​នឹង​រឿង​រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ​ដែរ ព្រះភិក្ខុ ធីធី ធម្មោ នាយក​អន្តរ​សាសនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ក៏​អំពាវនាវ​ពលរដ្ឋ​ខ្មែរ​ក្រោម ​បន្ត​ធ្វើ​ការងារ តស៊ូ​មតិ​ ដើម្បី​សិទ្ធិ​ស្វ័យ​សម្រេច​ទៅ​ថ្ងៃ​អនាគត ។

ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​នេះ ​រដ្ឋាភិបាល​វៀតណាម​ មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់ អ្នករាយការណ៍​ពិសេស​របស់អង្គការ​សហប្រជាជាតិ​នៅ​ឡើយ​ទេ ។ វៀតណាម​ បន្ត​បដិសេធ​ការរំលោភ​សិទ្ធិ និង​សិទ្ធិ​សាសនា​មនុស្ស​ខ្មែរ​ក្រោម ។

សម្រាប់​ឆ្នាំ ​២០២៣​ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ លោក​ ប្រាក់ សេរីវុឌ្ឍ​ បន្ត​ទៀត​ថា ​សហព័ន្ធ​នឹង​បន្ត​ផ្ដោត​លើ​ដំណើរការ​ស្វែង​រក​យុត្តិធម៌​ដល់​ខ្មែរ​ក្រោម ។ លោក​ថា សហព័ន្ធ​នឹង​ធ្វើ​ការងារ​នឹង​ប្រទេស​មហា​អំណាច​ ដូចជា​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប​ ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ​ទទួល​សិទ្ធិ​ស្វ័យ​សម្រេច​ទៅ​ថ្ងៃ​អនាគត ប្រគល់​ដី​ស្រែ​ដែល​វៀតណាម​ រឹប​អូស​ឲ្យ​កសិករ​ខ្មែរ​ក្រោម​វិញ ​និង​មាន​សិទ្ធិ​ប្រតិបត្តិ​សាសនា ៕

Leave A Reply

Your email address will not be published.