ពលរដ្ឋខ្មែរក្រោម តវ៉ាការពារដីកេរដូនតារបស់ខ្លួន នៅខេត្តព្រះត្រពាំង ត្រូវបានចាប់ខ្លួន
ដោយ ស៊ឺន ចែងចើន
អាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង នៅព្រឹកថ្ងៃ ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ បានចាប់ខ្លួនប្រជាពលរដ្ឋខ្មែរក្រោមមួយរូប ដែលចេញមុខតវ៉ាការពារទឹកដីបន្សល់ទុកពីដូនតា ជាមួយរដ្ឋអំណាចយួន ។ ការឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរក្រោម ដោយសមត្ថកិច្ចវៀតណាម អះអាងថា បានបង្កការរំខាន និងរារាំងដល់អាជ្ញាធរក្នុងការអនុវត្តច្បាប់របស់ពួកគេ ។

សកម្មជនការពារសិទ្ធិពលរដ្ឋខ្មែរក្រោម លោក តោ ហ្វាងចឿង ដែលបានតាមដានករណីនេះ បានមានប្រសាសន៍ប្រាប់ សំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ ថា លោក ថាច់ ញ៉ឹក ជាប្រជាពលរដ្ឋខ្មែរក្រោម រស់នៅភូមិផ្នោលើ ឃុំដំបូកបី ស្រុកផ្នោដាច់ នៃ ខេត្តព្រះត្រពាំង ដែលចេញមុខតវ៉ារឿងដីធ្លី ត្រូវបានអាជ្ញាធរវៀតណាម ចាប់ឃាត់ខ្លួន ក្រោមហេតុផលថា បានធ្វើសកម្មភាពបង្កការរំខានដល់អាជ្ញាធរ ពេលកំពុងបំពេញការងារ ។ លោក តោ ហ្វាងចឿង ឲ្យដឹងទៀតថា មុនការចាប់ឃាត់ខ្លួននោះ អាជ្ញាធរយួន បានប្រើអំពើហិង្សាមកលើសមាជិកក្រុមគ្រួសាររបស់លោក ថាច់ ញ៉ឹក ជាច្រើននាក់ ក្នុងខណៈពេល ដែលពួកគេនាំគ្នាសម្រុកចូលទៅការពារដីរបស់ខ្លួន ដែលក្រុមអាជ្ញាធរវៀតណាម ព្យាយាមបោះបង្គោលកំណត់ព្រំដី ដើម្បីរឹបអូសយកធ្វើជាកម្មសិទ្ធិរបស់រដ្ឋ ។
គួរជម្រាបជូនថា កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ អាជ្ញាធរវៀតណាម បានដាក់ពង្រាយកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ បញ្ជាឱ្យគ្រឿងចក្រឈូសឆាយ និងគាស់កកាយ រំលោភបំពានសិទ្ធិលំនៅឋានរបស់លោក ថាច់ ញ៉ឹក ដែលជាម្ចាស់ដីម្តងរួចមកហើយ ។ នៅក្នុងពេលជាមួយគ្នានោះ លោក ថាច់ ញ៉ឹក ប្រកាសសុខចិត្តស្លាប់ នៅមុខកង់រថក្រោះឈូសឆាយដី ដោយមិនចុះចាកចេញពីដីរបស់ខ្លួនជាដាច់ខាត ទើបអាជ្ញាធរវៀតណាម ដកថយចេញពីដី ដែលកំពុងប្រឈមមុខដាក់គ្នា ។
លោក ថាច់ ញ៉ឹក បានអះអាងទៀតថា រដ្ឋាភិបាល នៃ បក្សកុម្មុយនិស្តយួន ទើបតែមកបង្កើត និងចូលកាន់កាប់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ទេ តែទឹកដីកេរដូនតារបស់គាត់ មានរាប់ពាន់ឆ្នាំមកហើយ មិនគួរណារដ្ឋាភិបាលវៀតណាម មករំលោភបំពានប្លន់យកដីរបស់គាត់ដូច្នោះឡើយ ។