ពលរដ្ឋ​ខ្មែរក្រោម នៅតែ​ប្រឈម​ផល​លំបាក ក្នុង​ការផ្ដល់​លិខិតស្នាម​ស្របច្បាប់ នៅ​កម្ពុជា​

0 270

ដោយ ស៊ឺន ចែងចើន

​ទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ជា​សាធារណៈ​ថា ពលរដ្ឋ​ខ្មែរ ដែលមាន​ដើមកំណើត នៅឯ​ដែនដី​កម្ពុជា​ក្រោម ពេលមកដល់​ប្រទេស​កម្ពុជា គឺជា​ប្រជាពលរដ្ឋ​ខ្មែរ​ក្តី តែ​ក្នុងស្ថានភាព​ជាក់ស្តែង​ច្បាប់​ជាតិ ពុំបាន​ចែង​ពី​បែបបទ​ផ្នែក​រដ្ឋបាល ឬ​ផ្លូវច្បាប់​ឲ្យ​បានជា​ក់លាក់ ដើម្បី​ឲ្យ​ខ្មែរក្រោម​អាច​ទទួលបាន​សិទ្ធិ​នេះ នៅឡើយ​ទេ ។ ស្រប​ពេលដែល​លក្ខខណ្ឌ​តម្រូវ​តឹងរឹង សម្រាប់​បុគ្គល​ម្នាក់ៗ ខ្មែរក្រោម​ជាច្រើន​ពុំ​អាច​ទួលបាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ និង​ទទួលបាន​សិទ្ធិ​ផ្សេងៗ ដែល​បុគ្គល​ម្នាក់​គួរ​ទទួលបាន​ក្នុងនាម​ជា​ពលរដ្ឋ​នោះទេ ។​

លោក សឺ​ន ជុំ​ជួន អគ្គលេខាធិការ​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អ​ភ​វឌ្ឍន៍ ។ រូប​ថតៈ ជា សុភារិន
លោក សឺ​ន ជុំ​ជួន អគ្គលេខាធិការ​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អ​ភ​វឌ្ឍន៍ ។ រូប​ថតៈ ជា សុភារិន

​នៅពេល​ថ្មីៗ នេះ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បានធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរខេត្ត​មួយចំនួន រឿង​មិន​ផ្តល់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ និង​ការមិនទទួលបាន​នូវ​សិទ្ធិ​ផ្សេងៗ ក្នុងនាម​ជា​ពលរដ្ឋ​នោះ​ខ្មែរ ដូច​បានចែង​នៅក្នុង​ច្បាប់ ដែល​បាន​ធានាថា ខ្មែរក្រោម​នៅ​កម្ពុជា អាច​ទទួលបាន​សិទ្ធិ​ជា​ពលរដ្ឋ​ដូច ខ្មែរ​នៅ​កម្ពុជា ។​

មន្រ្តីសមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អ​ភ​វឌ្ឍន៍ ជួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​សៀម​​រាប ។ រូបថតៈ ផ្តល់ឲ្យ
មន្រ្តីសមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អ​ភ​វឌ្ឍន៍ ជួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​សៀម​​រាប ។ រូបថតៈ ផ្តល់ឲ្យ

​អគ្គលេខាធិការ​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អ​ភ​វឌ្ឍន៍ លោក សឺ​ន ជុំ​ជួន នៅក្នុង​បទសម្ភាសន៍ ជាមួយ​ទូរទស្សន៍ ព្រៃនគរ និង​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ឲ្យ​ដឹងថា កាលពី​ថ្ងៃទី ៤ មករា ២០១៩ កន្លងទៅនេះ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ បាន​ចូលជួប​ជាមួយ​អភិបាលរង​ខេត្តសៀមរាប ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​មួយចំនួន ពាក់ព័ន្ធ នឹង​សិទ្ធិ​ជា​ពលរដ្ឋ​របស់​ខ្មែរក្រោម​នៅ​កម្ពុជា ដែល​ពុំមាន​អត្តសញ្ញាណប័ណ្ណ​បន្ត​ប្រឈម នឹង​ផល​លំបាក​នានា ក្នុងការ​រស់នៅក្នុង​ប្រទេស​កម្ពុជា រួមមាន​ការរើសអើង កង្វះ​លំនៅដ្ឋាន និង​កង្វះ​ការទទួលស្គាល់ ពី​អាជ្ញាធរ​មួយចំនួន ។​

​ជា​លទ្ធផល​នៅក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប​នោះ លោក សឺ​ន ជុំ​ជួន ឲ្យ​ដឹងថា លោកស្រី យ៉ូ សុធា អភិបាលរង​ខេត្តសៀមរាប បាន​ជម្រាប​មក​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អ​ភ​វឌ្ឍន៍ ថា នឹង​ណែនាំ​ទៅដល់​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ពិនិត្យមើល​លទ្ធភាព​ក្នុងការ​ផ្ដល់​លិខិតស្នាម​ស្របច្បាប់ ជូន​ប្រជាពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​តា​មូលដ្ឋាន​របស់ខ្លួន ។ ដោយ​លោកស្រី​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរក្រោម ត្រូវ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន ដែល​បញ្ជាក់ថា ជា​ឯកសារ​ស្របច្បាប់ នៅ​ដែនដី​កម្ពុជា​ក្រោម ដើម្បី​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​កម្ពុជា ដឹង​ច្បាស់​ថា នរណា​ជា​ខ្មែរក្រោម នរណា​ជា​ជនជាតិ​វៀតណាម និង​ដើម្បី​ជាការ​ងាយស្រួល​ក្នុងការ​បញ្ជាក់​លិខិតស្នាម ឬ​ទទួលស្គាល់​ជា​ខ្មែរក្រោម​ពេញសិទ្ធិ​ស្របតាម​លក្ខណៈ​ច្បាប់ ។​

​នៅពេល​សួរថា ភាគច្រើន​នៃ​ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា អ្នកខ្លះ​រស់នៅ​ជាង ១០ ឆ្នាំ និង​ខ្លះទៀត​ជិត ២០ ឆ្នាំ​មកហើយ​ក្តី ។ ក៏ប៉ុន្តែ ហេតុអ្វី​ពួកគាត់​នៅតែ​ប្រឈម នឹង​បញ្ហា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ។ លោក សឺ​ន ជុំ​ជួន បានលើកឡើង​យ៉ាងនេះ​ថា ៖

​គួរ​ជម្រាបជូន​ថា ព្រះ​បរម​រតន​កោដ្ឋ អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ ចេញ​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០០៦ ថា នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម ព្រះអង្គ និង​រាជរដ្ឋាភិបាល​សម័យ​នោះ បានផ្ដល់​ជូន​ជនរួមជាតិ​ខ្មែរ ដែលមាន​ដើមកំណើត នៅ​កម្ពុជា​ក្រោម ឲ្យ​ទទួលបាន​យ៉ាង​ពេញចិត្ត​ពេញ​ថ្លើម​នូវ​រាល់​សិទ្ធិ ដែល​ជនរួមជាតិ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​កម្ពុជា​លើ ទទួល​អំពី​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម ។ ព្រះអង្គ​គាំទ្រ​សំណើ​ទាមទារ​សិទ្ធិ​មួយចំនួន​របស់​ជនរួមជាតិ​ខ្មែរ ដែលមាន​ដើមកំណើត​នៅ​កម្ពុជា​ក្រោម ដែល​លោក​ពុំទាន់​បានទទួល​មាន​ជាអាទិ៍ សិទ្ធិ​ទទួល​អត្តសញ្ញាណប័ណ្ណ ប័ណ្ណគ្រួសារ ការចុះបញ្ជី​សៀវភៅ​អត្រានុកូលដ្ឋាន និង​លិខិតឆ្លងដែន ។​ល​។​

​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប៉ាន់ប្រមាណ​ថា ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា មាន​ប្រមាណ ១ លាន​នាក់ ។​

​ជារឿយៗ ក្រុម​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម តែង​ស្វេ​ង​រក​ឱកាស​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ពន្យល់​ពី​ការស្នើ​បង្កើត​ឲ្យ​មាន​បទដ្ឋាន​គតិយុត្តិ​ជាក់លាក់ សម្រាប់​ឋានៈ​ជា​ពលរដ្ឋ​ដើមកំណើត​ខ្មែរក្រោម ៕

Leave A Reply

Your email address will not be published.