ពលរដ្ឋ​ខ្មែរក្រោម​ ​ចង់បាន​ការ​ផ្ដល់​សិទ្ធិ​ពេញលេញ​ ​ជាជាង​ការ​ជូនពរ​ឆ្នាំ​ថ្មី​ ​ពី​នាយក​រដ្ឋ​ម​ន្រ្តី​វៀតណាម

0 114

ដោយ គឹម សាវតា

លោកនាយករដ្ឋមន្ត្រី នៃ សាធារណសង្គមនិយមវៀតណាម កាលពីពេលថ្មីៗ នេះ បានផ្ញើសារប្រសិទ្ធិពរឆ្នាំថ្មីដល់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលកាន់តែខិតជិតចូលមកដល់នោះ ។ ការផ្ញើសារជូនពរដល់ពលរដ្ឋខ្មែរក្រោមនេះ ហាក់បង្ហាញថា ថ្នាក់ដឹកនាំប្រទេសកុម្មុយនិស្តមួយនេះ យកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរក្រោម ដែលរស់នៅលើដែនដីកម្ពុជាក្រោម ។ យ៉ាងនេះក្តី ពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ស្រុក ចង់ឃើញថ្នាក់ដឹកនាំរដ្ឋាភិបាកវៀតណាម ផ្តល់សិទ្ធិឲ្យបានពេញដល់ពលរដ្ឋខ្មែរក្រោម ជាពិសេស គឺឲ្យពលរដ្ឋខ្មែរក្រោមឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីមានឱកាសប្រារព្ធពិធីតាមទំនៀមទម្លាប់របស់ដូនតា ។

​អតីត​នាយក​រដ្ឋ​ម​ន្រ្តី ​និង​បច្ចុប្បន្ន​ជា​ប្រធាន​រដ្ឋ​វៀតណាម​ ​លោក​ ង្វៀ​ន​ ស្វឹ​ង​ភុ​ក​ (N​guy​ễn Xuân ​P​h​úc) ​ជួប​សំណេះសំណាល​ ​និង​ចែក​អំណោយ​ដល់​ព្រះសង្ឃ​ខ្មែរក្រោម​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ​២​០​១​៩​ ​។​ ​រូ​បៈ ​Inter​net
​អតីត​នាយក​រដ្ឋ​ម​ន្រ្តី ​និង​បច្ចុប្បន្ន​ជា​ប្រធាន​រដ្ឋ​វៀតណាម​ ​លោក​ ង្វៀ​ន​ ស្វឹ​ង​ភុ​ក​ (N​guy​ễn Xuân ​P​h​úc) ​ជួប​សំណេះសំណាល​ ​និង​ចែក​អំណោយ​ដល់​ព្រះសង្ឃ​ខ្មែរក្រោម​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ​២​០​១​៩​ ​។​ ​រូ​បៈ ​Inter​net

កាលពីថ្ងៃទី ២៤ ខែមីនា កន្លងទៅថ្មីៗ នេះ នាយករដ្ឋមន្ត្រី នៃ ប្រទេសវៀតណាម លោក ផាម មិន ជិន (Phạm Minh Chính) បានចេញលិខិតជាសាធារណៈ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន ប្រសិទ្ធិពរឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព. ស. ២៥៦៦ គ. ស. ២០២២ ដល់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ស្របពេលដែលបុណ្យចូលឆ្នាំខ្មែរ នឹងឈានចូលមកដល់នៅពាក់កណ្ដាលខែមេសាខាងមុខនេះ ។ នៅក្នុងសារប្រសិទ្ធិពរនេះ លោក ផាម មិន ជិញ ប្រមុខរដ្ឋាភិបាលវៀតណាម ដែលធ្វើអាណានិគមលើខ្មែរក្រោមនោះ បានប្រសិទ្ធិពរឲ្យពលរដ្ឋខ្មែរក្រោមគ្រប់រូបមានសំណាង និងសុខភាពល្អ  ធ្វើស្រែចម្ការបានទទួលភោគផល សំបូរ សប្បាយ និងសុភមង្គល ។ ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីយួនរូបនេះ ក៏បានអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោម ប្រុងប្រយ័ត្នឆ្លងជំងឺកូវីដ-១៩ ផងដែរ ។ ប៉ុន្តែ ពលរដ្ឋខ្មែរក្រោម ចង់ប្ដូរពីការជូនពរនេះ មកជាផ្ដល់ឲ្យពលរដ្ឋខ្មែរក្រោម បានឈប់សម្រាក ដើម្បីបានទៅធ្វើបុណ្យបែបប្រពៃណីមួយនេះ ។

យុវជន ថាច់ កឿង ដែលរស់នៅក្នុងខេត្តព្រះត្រពាំង  ដែនដីកម្ពុជាក្រោម បានប្រាប់សារព័ត៌មានព្រៃនគរ និងសំឡេងកម្ពុជាក្រោម ថា ការដែលនាយករដ្ឋមន្ត្រីវៀតណាម ផ្ញើសារដូចនេះ គឺជាការសមគួរតាមបែបពិធីការមួយផ្លូវរដ្ឋប៉ុណ្ណោះ ប៉ុន្តែ អ្វីដែលសំខាន់ពលរដ្ឋខ្មែរមិនមានឱកាសធ្វើបុណ្យតាមប្រពៃណីខ្មែរនោះទេ ប្រសិនបើរដ្ឋាភិបាលវៀតណាម មិនអនុញ្ញាតិឲ្យពលរដ្ឋខ្មែរក្រោមឈប់សម្រាក ។

លោក ថាច់ កឿង «សូមឲ្យរដ្ឋមន្ត្រីវៀតណាម ផ្ដល់អទិភាពដល់ខ្មែរក្រោម ព្រោះខ្មែរក្រោមជាជនជាតិដើម ដូច្នេះបុណ្យជាតិដូចជាបុណ្យចូលឆ្នាំថ្មីអីចឹង សូមឲ្យរដ្ឋមន្ត្រីវៀតណាមហ្នឹងមានការអនុញ្ញាតិឲ្យកម្មករខ្មែរក្រោម មានការឈប់សម្រាក»

ព្រះតេជព្រះគុណ ថាច់ ចន្ទតារា គង់នៅវត្តពោធិ៍ភិរម្យរង្សី ក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង មានថេរដីកាថា ក្នុងពេលថ្មីៗ នេះ គឺថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម បានចាប់អារម្មណ៍ដល់ពលរដ្ឋខ្មែរក្រោម ។ ព្រះអង្គបន្តថា ពលរដ្ឋខ្មែរក្រោម គឺជាជនជាតិដើមហើយមានចំនួនច្រើនទើបធ្វើឲ្យមានការចាប់អារម្មណ៍ ប៉ុន្តែ ដើម្បីឲ្យជនជាតិដើម ដូចជាខ្មែរក្រោមបានប្រតិបត្តិនូវវប្បធម៌ ប្រពៃណីរបស់ខ្លួនបានគង់វង្ស គួរតែឲ្យពលរដ្ឋខ្មែរក្រោម បានឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ។

ព្រះតេជព្រះគុណ ថាច់ ចាន់តារា «បើសិនជាថ្នាក់ដឹកនាំរបស់រដ្ឋភិបាលវៀតណាមទូទៅទាំងអស់មានការចាប់អារម្មណ៍ដល់ជនជាតិដើម គួរតែតបស្នងទៅវិញដោយការឲ្យកម្មករ ឬក៏ប្រជាជនខ្មែរដែលរស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាមនេះ មានសិទ្ធិសម្រាកក្នុងពេលទទួលឆ្នាំថ្មីរយៈពេល ៣ ថ្ងៃ» ។

អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មានប្រសាសន៍ទាក់ទងនឹងករណីនេះថា ការចេញសារលិខិតជូនពរក្នុងរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម ដល់ពលរដ្ឋខ្មែររួមទាំងខ្មែរក្រោមនេះ គឺលោកសង្កេតឃើញមាន ២ ទៅ៣ ឆ្នាំចុងក្រោយ ប៉ុន្តែ ការអនុញាតិជាផ្លូវការឲ្យពលរដ្ឋខ្មែរ ដែលប្រកបកិច្ចការផ្សេងៗ នៅក្នុងប្រទេសវៀតណាម គឺមិនមាននោះទេ ខណៈដែលតំបន់ខ្លះ ដែលមានពលរដ្ឋខ្មែរក្រោមរស់នៅច្រើនមានការអនុញាតិ និងលើកលែងបន្តិចបន្តួច ។

លោក សឺន ជុំជួន «ការដែលចេញសេចក្តីណែនាំអំពាវនាវទៅដល់បណ្ដារោងចក្រក្រុមហ៊ុនហ្នឹង វាគ្រាន់តែជាអាជ្ញាធរមូលដ្ឋាន នៅតាមបណ្ដាខេត្តមួយចំនួន ដែលខ្មែរក្រោមរស់នៅច្រើនតែប៉ុណ្ណោះ  ហើយបើថាជាទូទៅគឺថាអត់មានទេ»

កាលពីឆ្នាំ ២០១៨ កន្លងទៅ ពលរដ្ឋខ្មែរក្រោម បានផ្ដិតមេដៃនៅញាត្តិផ្ញើទៅរដ្ឋសភាវៀតណាមជាច្រើនលើក ដើម្បីស្នើរដ្ឋាភិបាលវៀតណាម អនុម័តច្បាប់ឲ្យមានថ្ងៃឈប់សម្រាកទូទាំងដែនដីកម្ពុជាក្រោម នៅក្នុងថ្ងៃបុណ្យចូលឆ្នាំរបស់ខ្មែរក្រោមរយ:ពេល ៣ ថ្ងៃ ។ តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ នៅមិនទាន់មានការសម្រេចជាផ្លូវការណាមួយ ចំពោះការស្នើសុំនេះនៅឡើយទេ ។ ពលរដ្ឋខ្មែរក្រោម ដែលរស់នៅដែនដីកម្ពុជាក្រោម សព្វថ្ងៃឲ្យដឹងថា ក្នុងមួយឆ្នាំរដ្ឋាភិបាលវៀតឲ្យឈប់សម្រាក ៥ លើកប៉ុណ្ណោះ ដែលក្នុងលើកមានរយៈពេលពី ៧ ថ្ងៃទៅ ១០ ថ្ងៃ ៕

Leave A Reply

Your email address will not be published.