ខ្មែរក្រោម គ្រោងដាក់លិខិតសុំជួបផ្ទាល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ករណីធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋខ្មែរកម្ពុជាក្រោម

នាយកប្រតិបត្តិនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន យឿង ឲ្យដឹងនៅព្រឹកថ្ងៃទី ២៩ សីហានេះថា ការដាក់លិខិតស្នើជួបលោក ស ខេង ដោយផ្ទាល់ គឺក្នុងគោលបំណងស្នើឲ្យជួយអន្តរាគមន៍ករណីអត្តសញ្ញាណប័ណរបស់ពលរដ្ឋខ្មែរក្រោម នៅខេត្តសៀមរាប និងនៅតាមបណ្តាខេត្តមួយចំនួន ដែលត្រូវបាន អាជ្ញាធរបដិសេធធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពួកគាត់ បើទោះជាពួកគាត់ទាំងនោះមួយចំនួនមានអត្តសញ្ញាណប័ណ្ណគំរូចាស់ហួសសុពលភាពក៏ដោយ តែសមត្ថកិច្ចទាំងនោះ លើកហេតុផលថា ជួបការលំបាកលើទិដ្ឋភាពច្បាប់ ឬពួកគាត់ជាខ្មែរក្រោម ។
លោក សឺន យឿង បានបញ្ជាក់ថា នាពេលកន្លងមក ពលរដ្ឋខ្មែរក្រោមនាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណ និងប្តូរអត្តសញ្ញាណប័ណ្ណចាស់ ដែលផុតកំណត់ ហើយត្រូវធ្វើថ្មីឡើងវិញ ។ ប៉ុន្តែត្រូវបានខាងអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តាខេត្តមួយចំនួន មិនព្រមធ្វើជូនពលរដ្ឋខ្មែរក្រោមឡើយ ។ លោកអៈអាងថា ការបដិសេធក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ពលរដ្ឋខ្មែរក្រោមនោះ ថាជាចេតនានៃការរើសអើង ចំពោះពលរដ្ឋខ្មែរក្រោម ។
«ជាញឹកញាប់ ក្រុមអាជ្ញាធរទាំងនោះ តែងយកលេសថា ពួកគាត់ជាជនអន្តោប្រវេសន៍ ហើយតម្រូវឲ្យមានការបញ្ជាក់ពីក្រសួងមហាផ្ទៃជាចាំបាច់» ។ នេះជាការលើកឡើងរបស់ លោក សឺន យឿង ។
លោក សឺន យឿង បានបន្តថា នៅមុនបោះឆ្នោតឃុំ/សង្កាត់ ខាងសមាគមខ្មែរកម្ពុជាក្រោម និងអង្គការសិទ្ធិមនុស្សចំនួនពីរ បានដាក់លិខិតទៅក្រសួងមហាផ្ទៃម្តងរួចមកហើយ ។ ប៉ុន្តែ ខាងក្រសួងមហាផ្ទៃឆ្លើយតបមកថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង មានកិច្ចការរវល់ច្រើន មិនអាចជួបផ្ទាល់តាមការស្នើសុំនោះទេ ។ យ៉ាងណា ខាងក្រសួងមហាផ្ទៃ បានអនុញ្ញាតិឲ្យជួប លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ ប៉ុន្តែ តម្រូវឲ្យដាក់លិខិតជាថ្មីម្តងទៀត នៅក្រោយការបោះឆ្នោតឃុំ/សង្កាត់រួច ។
អង្គការសមាគមខ្មែរកម្ពុជាក្រោម ប៉ាន់ប្រមាណថា ពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកម្ពុជា មានប្រមាណ ១ លាននាក់ ។
ជារឿយៗ ក្រុមអង្គការ សមាគមខ្មែរកម្ពុជាក្រោម តែងរកឱកាស ដើម្បីជួបពិភាក្សាផ្ទាល់ជាមួយមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពន្យល់ពីការស្នើបង្កើតឲ្យមានបទដ្ឋានគតិយុត្តិជាក់លាក់ សម្រាប់ឋានៈជាពលរដ្ឋរបស់ខ្មែរក្រោម ៕