ខ្មែរក្រោម រំឭក​ពី​ការដាក់​ញត្តិ​របស់ខ្លួន​ឡើងវិញ ខណៈ​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ៣ ថ្ងៃ​

250

ដោយ ស៊ឺន ចែងចើន| VOKK

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២២ កក្កដា ខាងមុខ ។ នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិកម្ពុជា ចុះ​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី ​១៦ កក្កដា ២០១៧ ។​

លោក សឺ​ន ជុំ​ជួន ប្រធានលេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ដាក់ញត្តិនៅក្រសួងការបរទេសកម្ពុជា ។ រូបថត៖ KT/Chor Sokunthea
លោក សឺ​ន ជុំ​ជួន ប្រធានលេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ដាក់ញត្តិនៅក្រសួងការបរទេសកម្ពុជា ។ រូបថត៖ KT/Chor Sokunthea

​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ៥ មិថុនា ២០១៧ បានដាក់​ញត្តិ​ម្តង​រួចហើយ​ទៅ​រដ្ឋាភិបាល​វៀតណាម តាមរយៈ​ក្រសួងការបរទេស​កម្ពុ​ជា ក្នុងឱកាស​ពលរដ្ឋ​ខ្មែរក្រោម នៅ​ទូទាំង​ពិភពលោក​ប្រារព្វ​ទិវា ៤ មិថុនា ដែលជា​ខួប ៦៨ ឆ្នាំ នៃ​ថ្ងៃ​បារាំង​បាន​កាត់​ដែនដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​យួន​ធ្វើ​អាណានិគម​បន្ត​លើ​ប្រជាជាតិ​ខ្មែរក្រោម ។

​ទាក់ទិន​បញ្ហា​នេះ នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក សឺ​ន ជុំ​ជួន ឲ្យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ដឹងថា គិត​មកដល់​ថ្ងៃទី ១៩ កក្កដា​នេះ ខាង​លោក​នៅ​មិនទាន់​ទទួលបាន​ការឆ្លើយតប​បែបណា​ទេ ពី​ក្រសួងការបរទេស​កម្ពុ​ជា ។​

​ក្នុង​ខ្លឹមសារ​នៃ​ញត្តិ​នោះ អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ត្រូវតែ​បញ្ឈប់​នូវ​រាល់​ការរំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិដើម ។ សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ត្រូវតែ​បញ្ឈប់​រាល់​ការ​រឹតត្បិត​អំពី​ការសិក្សាអប់រំ ដូចជា​ការហាម​ប្រាម​មិន​ឲ្យ​សិក្សា​អំពី​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម​។ សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​រាល់​ការ​រឹម​អូស ឬ​ដកហូត​ដីធ្លី និង​បញ្ហា​ផ្សេងៗ ទៀត ។​

​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​យើង​បាន​ផ្ញើ​ទៅ​រដ្ឋាភិបាល​វៀតណាម តាមរយៈ​ក្រសួងការបរទេស​កម្ពុ​ជា និង​សហប្រតិបត្តិការ​អន្តរជាតិ ប៉ុន្តែ​ហាក់ដូចជា​មិនមាន​ការឆ្លើយតប​ជា​ផ្លូវការ​ណាមួយ ​ពី​រដ្ឋាភិបាល​វៀតណាម ​។ យើងខ្ញុំ​សង្ឃឹមថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា របស់​ឯកឧត្តម​អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម ចាប់ពី​ថ្ងៃទី ២០ ដល់ ២២ កក្កដា នេះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​លើកយក​បញ្ហា​របស់​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដើម្បី​ស្នើ​រក​ដំណោះស្រាយ ។ នេះ​ជាការ​លើកឡើង​របស់លោក សឺ​ង ជុំ​ជួន ។

ដោយ​អស់ជំនឿ​មកលើ​ស្ថាប័ន​ក្រសួងការបរទេស​ខ្មែរ លោក ស៊ឺន ជុំ​ជួន លើកឡើងថា «​យើង នឹងធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ញត្តិ តាម​បណ្តាញ​ព័ត៌មាន​សង្គម​វិញ​»

សូមបញ្ជាក់ថា ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក ង្វៀន ភូត្រុង នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ ព្រម​ទាំង​លោក ហេង សំរិន ប្រធាន​រដ្ឋសភា លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។

ក្រៅពីនេះ លោក សាយ ឈុំ និង​លោក ង្វៀន ភូត្រុង ក៏ ​នឹង​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា-វៀតណាម នៅ​ខេត្ត​ព្រះសីហនុ ផង​ដែរ ។

ក្នុងពេលជាមួយគ្នា​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម មក​កម្ពុជា​លើក​នេះ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម សូម​លើកយក​ញត្តិ ដែល​បានដាក់​ទៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃទី ៥ មិថុនា ២០១៧ មក​ផ្សាយ​ឡើងវិញ ៖

Comments are closed.