ខ្មែរក្រោម​ប្រតិកម្ម​ នឹង​វៀតណាម​ ដែល​មិន​ប្រើ​ភាសា​ខ្មែរ​ក្នុង​ពិធី​ប្រណាំងទូក ង​

0 193

ដោយ លី ឈូ​ន​

ពលរដ្ឋ​ខ្មែរក្រោម​ទាំង​នៅក្នុង និង​ក្រៅ​ស្រុក នៅតែ​បន្ត​ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ព្រះ​ត្រពាំង ចំពោះ​ការ​ប្រើតែ​ភាសា​វៀតណាម មិន​ប្រើ​ភាសា​ខ្មែរ សម្រាប់​អត្ថាធិប្បាយ ក្នុង​ពិធី​ប្រណាំងទូក ង ដែលជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ។ អង្គការ​សង្គម​ស៊ីវិល​ខ្មែរក្រោម ហៅ​ទង្វើ​របស់​អាជ្ញាធរ​វៀត​ណា​ម​ថា ជា​ល្បិច​ពុតត្បុត​របស់​របប​កុ​ម្មុយ​និ​ស្ត​វៀតណាម​ក្នុងការ​លុបបំបាត់​ភាសា និង​អក្សរសាស្ត្រ​ខ្មែរ នៅ​កម្ពុជា​ក្រោម ។​

 ពិធីបុណ្យអុំទូកង នៅ​ខេត្ត​ព្រះ​ត្រពាំង ឆ្នាំ ២០២០ ។ រូបៈ ហ្វេសប៊ុក
ពិធីបុណ្យអុំទូកង នៅ​ខេត្ត​ព្រះ​ត្រពាំង ឆ្នាំ ២០២០ ។ រូបៈ ហ្វេសប៊ុក

​លោក គឹម ស៊ីសំ​ណា ជា​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ មាន​ដើម កំណើត​នៅ​ខេត្ត​ព្រះ​ត្រពាំង ដែល​កំពុង​រស់នៅ​ទីក្រុង​ភ្នំពេញ ប្រាប់ វិទ្យុ សំឡេង​កម្ពុជា​ក្រោម និង សារព័ត៌មាន ព្រៃនគរ នៅពេល​ថ្មីៗ ​នេះ​ថា លោក​គាំទ្រ​នូវ​មតិ​រិះគន់​របស់​បងប្អូន​ក្នុង​បណ្ដាញ​សង្គម (Facebook) ចំពោះ​ភាព​អសកម្ម​របស់​អាជ្ញាធរ​វៀតណាម​ខេត្ត​ព្រះ​ត្រពាំង ដែល​ប្រើ​សុទ្ធតែ​ភាសា​វៀតណាម មិន​ប្រើ​ភាសា​ខ្មែរ​ក្នុង​នាទី​អត្ថាធិប្បាយ​ការប្រណាំង​ទូក ង នា​កម្មវិធី​បុណ្យអុំទូក អកអំបុក​សំពះ​ព្រះ​ខែ ប្រពៃណី​ជាតិខ្មែរ ដែល​រៀបចំឡើង​នៅ​ទី​រួម ខេត្ត​ព្រះ​ត្រពាំង នៅក្នុង​ឆ្នាំ ២០២០ នេះ ។​

​លោក គឹម ស៊ីសំ​ណា បន្តថា នេះ​ជា​ចេតនា​របស់​អាជ្ញាធរខេត្ត​ព្រះ​ត្រពាំង ក្នុង​កាត់បន្ថយ​ការប្រើប្រាស់​ភាសា​ខ្មែរ​ក្នុង​សហគមន៍​ខ្មែរ​ច្បាស់​ណាស់​មិនអាច​ប្រកែក​បានឡើយ ។ ព្រោះ​នៅ​ខេត្ត​ព្រះ​ត្រពាំង​មានកម្ម​វិធី​ទូរទស្សន៍ វិទ្យុ និង​ទស្សនាវដ្ដី ជា​ភាសា​ខ្មែរ​ដែរ ។ បន្ថែម​ពីលើ​ហ្នឹង​ទៀត ខេត្ត​ព្រះ​ត្រពាំង ជា​ខេត្ត​មួយ​ដែលមាន​ប្រជាជន​ខ្មែរ​រស់នៅ​ច្រើនជាងគេ និង​មាន​កម្មវិធីសិក្សា​ភាសា​ខ្មែរ​ទាំង​ផ្លូវលោក និង​លោក​ផ្លូវធម៌​ក៏​ច្រើនជាងគេ ក្នុងចំណោម​ខេត្ត​ខ្មែរ​ធំៗ​នៅ​ដែនដី​កម្ពុជា​ក្រោម ដូចជា​ខេត្ត​ឃ្លាំង ខេត្ត​ក្រមួនស និង​ខេត្ត​ពល​លាវ ជាដើម ។

​លោក គឹម ស៊ីសំ​ណា​៖ «​នេះ​ជា​កំហុសឆ្គង​របស់​រដ្ឋាភិបាល គាត់​អត់​រៀបចំ​ជា​ភាសា​ខ្មែរ​ផង ព្រោះ​ហ្នឹង​ជា​បុណ្យប្រពៃណី​ជាតិខ្មែរ ហ្នឹង​ទីមួយ​កំហុសឆ្គង​របស់​រដ្ឋាភិបាល​យួន​ហ្នឹង ទី​ពីរ​ទៀត​ជា​កំហុសឆ្គង​របស់​កម្មាភិបាល​ខ្មែរ ដែលមាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​ជាមួយ​គេ​ហ្នឹង គាត់​ក៏​មិន​ជួយ​មើលមុខ មើល​ក្រោយ​កន្លែង​ហ្នឹង​ផង​ណា​។​ហ្នឹង​មិនដឹងថា​តើ​គាត់​ខ្លាច​អី ឬក៏​គាត់​យល់ឃើញ មេច​ដែរ ខ្ញុំ​មិនដឹង​ដែរ​»​។

​ស្រដៀង​គ្នា​នេះដែរ មន្ត្រី​សម្របសម្រួល​នៃ​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម​នៅ​រដ្ឋ​ញឺ​វសា​វ៉ែល ប្រទេស​អូស្ត្រាលី ព្រះតេជព្រះគុណ ប៉ សា វឿ​ង ព្រះអង្គ​សំណូមពរ​ថា​រាល់​វេទិកា​ជួបជុំ​ឬ​កម្មវិធី​បុណ្យ​ណា​ដែល​ទាក់ទិន​នឹង​កម្មវត្ថុ​កម្ពុជា​ក្រោម ពិសេស​រាល់​កម្មវិធី​ដែល រៀបចំឡើង​ដោយ​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​ទីណា​ក៏ដោយ​គឺ​ត្រូវតែ​ប្រើ ភាសា​ខ្មែរ អក្សរ​ខ្មែរ​។​អ្នករៀបចំ​កម្មវិធី​មិនគួរ​ថា​ពលរដ្ឋ​ខ្មែរក្រោម​ចេះ​ភាសា​វៀតណាម​ហើយ មិនបាច់​ប្រើ​ភាសា​ខ្មែរ​នោះ ទង្វើ​នេះ ជាហេតុ​ផល​នាំ​ឲ្យ​បាត់បង់​ភាសា អក្សរសាស្ត្រ​ជាតិខ្មែរ ហើយក៏​នឹង​ឈានដល់​បាត់បង់​ខ្មែរ​កម្ពុជា​ក្រោម​ដែរ​។​
ព្រះ​តេជគុណ​ប៉ សា វឿ​ង អំពាវ​ដល់​ខ្មែរក្រោម​គ្រប់រូប ឲ្យ​ខិតខំ​ពង្រឹង ពង្រីក​វប្បធម៌ អក្សរសាស្ត្រ​ជាតិ តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ភាព​គង់វង្ស​នៃ​ជាតិ​ខ្មែរក្រោម​កម្ពុជា​ក្រោម​។​

​ភិក្ខុ ពរ សា​វឿ​ង​៖ «​សំខាន់​គឺ​ចៅអធិការ គណៈកម្មការ​វត្ត​ហ្នឹង សំខាន់​យើង​ផ្សព្វផ្សាយ​នូវ​គំនិត​ជាតិនិយម​របស់​យើង​ហ្នឹង​ឲ្យ​រឹង កុំ​ឲ្យ​ពុទ្ធបរិស័ទ​គ្នា​ហ្នឹង រេ​តាម​ជំនោរ​ខ្យល់​គេ​បក់​ទៅណា​ចេះតែ​តាម​គេ​ហ្នឹង​ណា ។ យើង​ផ្សព្វផ្សាយ​ឲ្យ​ពួកគាត់​ហ្នឹង​យល់ដឹង​ឲ្យ​បាន​ច្រើន កាលណា​យើង​មិន​ផ្សព្វផ្សាយ​មិន​ពន្យល់​ទេ ពួកគាត់​នឹង​ភ្លេច​ណា លង់ខ្លួន កាលណា​ភ្លេច​ទៅ យើង​អត់​បាន​ដាស់តឿន​ទៀត អាហ្នឹង​វារឹតតែ​ធ្ងន់​ទៅ ធ្ងន់​ទៅហើយ​»​។​

​ចំណែក​ទីប្រឹក្សា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រឹទ្ធាចារ្យ សឺ​ង សម្រេច បាន​លើកឡើងថា លោក​ដឹង​ហើយ​អំពី​ការយល់ដឹង​របស់​ពល​រដ្ឋ​ខ្មែរក្រោម​ទាំង​ព្រះសង្ឃ​ទាំង​គ្រហស្ថ​ទាំង​មន្ត្រី​រដ្ឋការ នូវ​ការងារ​ដែល​គួរ​ធ្វើ និង​ការងារ​ណា​ដែល​មិនគួរ តែ​លោក​សុំ​ចិត្ត​ថា កុំ​គួរ​ខ្លាច​ពេក តែ​កាលណា​ខ្លាច​ពេក​គឺ​ស្លាប់ កាច​មានភ័ព្វ​អាយុ​យឺនយូរ ។ លោក​ព្រឹទ្ធាចារ្យ​បន្តថា ហេតុ​អី​ក៏​ឲ្យ​មិន​ខ្លាច ព្រោះថា ការងារ​ដែល​ពលរដ្ឋ​ខ្មែរក្រោម ធ្វើ​ដើម្បី​ការរីកចម្រើន​សង្គមជាតិ​សព្វថ្ងៃ​គឺ ធ្វើ​ដោយ​សន្តិវិធី និង​អហិង្សា​ស្របទៅតាម​ច្បាប់​ជាតិ និង​អន្តរជាតិ ។ ដូច្នេះ អាជ្ញាធរ​វៀតណាម​នឹងមិន​ហ៊ាន​រារាំងឡើយ ។

លោក សឺ​ង សម្រេច​៖«​ឥឡូវនេះ នៅ​ក្លោងទ្វារ​វត្តមាន​សរសេរ​អក្សរ​យួន​អីហ្នឹង​ណា អាហ្នឹង​យើង​នៅក្នុង​អាណានិគម​គេ គេ​អាច​និយាយថា អ្នកឯង​ដាក់​តែ​ខ្មែរ​អីចឹង ខ្ញុំ​ដឹង​វត្ត​ហ្នឹង​វត្ត​អី ទោះ​អ្នកឯង​ដាក់​ខ្មែរ​ក៏​ដាក់ចុះ​តែ​ដាក់​វៀតណាម​ផង ។ បើ​គេ​និយាយ​អីចឹង​មក​គេ​ជា​រដ្ឋបាល​ដែនដី អាជ្ញាធរ​ដែនដី អាហ្នឹង​យើង​ប្រកែក មិន​រួច​ទេ​ណា​»​។​

​ការលើកឡើង​មកនេះ បន្ទាប់ពី​មានប្រតិកម្ម​ជាច្រើន​ទាំង​ក្នុង និង​ក្រៅ​បណ្ដាញ​ព័ត៌មាន​សង្គម ជុំវិញ​ព្រឹត្តិការណ៍​អាជ្ញាធរ​វៀតណាម​ខេត្ត​ព្រះ​ត្រពាំង​មិនបាន​ប្រើ​ភាសា​ខ្មែរ​ក្នុង​នាទី​អត្ថាធិប្បាយ​ការប្រណាំង​ទូក ង ក្នុង​ពិធីបុណ្យ​អកអំបុក ដែល​រៀបចំឡើង​នៅ​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង កាលពី​ថ្ងៃ ១៤ កើត និង​ថ្ងៃពេញបូណ៌មី ខែកត្តិក ត្រូវ​នឹង​ទី ៣០ និង ៣១ ខែតុលា នេះ ។ ចំពោះ​ពិធី​ដែល​រៀបចំ​នៅ​ទី​រួម​ខេត្ត​ឃ្លាំង​វិញ មិនត្រូវ​បាន​រង​ការរិះគន់​ទេ ព្រោះ​បាន​ប្រើ​ភាសា​ខ្មែរ​ក្នុង​ពិធី​នេះ ។​

​ពិធីបុណ្យ​អកអំបុក នៅ​ដែនដី​កម្ពុជា​ក្រោម តែងតែ​ប្រារព្ធ​រយៈពេល ៣ ថ្ងៃ គឺ ចាប់ពី​ថ្ងៃ ១៤ កើត​ដល់​ថ្ងៃ ១ រោច ខែកត្តិក ជា​រៀងរាល់ឆ្នាំ តែ បច្ចុប្បន្ននេះ កម្ពុជា​ក្រោម ប្រារព្ធ​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ គឺ​ចាប់​ពីថ្ងៃ ១៤ កើត និង​ថ្ងៃពេញបូណ៌មី ខែកត្តិក ។​

​ឯកសារ​ប្រជុំ​ទំនៀមទម្លាប់​ឱ្យដឹងថា ពិធី​នេះ​ធ្វើឡើង ដើម្បី​រំឭក​ទៅដល់​កងទ័ពជើងទឹក​ដ៏​ខ្លាំងក្លា​នៅ​កម្ពុជា​ក្រោម ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ពញា តាត ជា​ស្ដេចត្រាញ់​នៅ​ស្រុក​បាសាក់ ក្នុងសម័យ​លង្វែក ក្នុង​រាជ​ព្រះបាទ​អង្គចន្ទ​ទី ១ ។​

​ព្រះតេជព្រះគុណ តា ង៉ុ​ក កោ ជា​អតីត​ព្រះចៅអធិការ វត្ត​ដំបង​ពាក់ នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង ដែល​បាន​និពន្ធ​បទ​ចម្រៀង​ជាច្រើន​បទ ស្ដីពី​ប្រវត្តិ​ភូមិ​ស្រុក​នៅ​កម្ពុជា​ក្រោម ពេលដែល​នៅមាន​ព្រះជន្ម បាន​បង្ហោះ​សារ​រំឭក​ដល់​សកម្មជន​ខ្មែរក្រោម​ទាំង​ព្រះសង្ឃ និង​គ្រហស្ថ​ថា កុំ​ឲ្យ​យក​ភាសា​វៀតណាម​ទៅប្រើ​ប្រាស់​នៅក្នុង​វេទិកា​របស់​ខ្មែរក្រោម ។ ធ្វើ​ដូច្នេះ គឺ​ដើម្បី​រក្សា​តម្លៃ​ភាសា​ខ្មែរ និង​លើកទឹកចិត្ត​ដល់​យុវជន​ខ្មែរក្រោម ដែល​ពួកគេ​កំពុង​ខិតខំ​រៀនអក្សរ​សាស្ត្រ​ខ្មែរ​ផង ៕

Leave A Reply

Your email address will not be published.