ពលរដ្ឋខ្មែរក្រោមប្រតិកម្មនឹង ការកសាងវត្តខ្មែរនៅហាណូយ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ពលរដ្ឋខ្មែរក្រោមប្រតិកម្មទៅនឹងរដ្ឋាភិបាលវៀតណាមដែលបានកសាងវត្តខ្មែររបស់រដ្ឋាភិបាលវៀតណាម នៅហាណូយ ថា ជាការឃោសនាឲ្យពលរដ្ឋខ្មែរក្រោម និងអន្តរជាតិមើលឃើញថា ខ្លួនយកចិត្តទុកដាក់លើក តម្កើងវប្បធម៌ខ្មែរ របស់ ពលរដ្ឋខ្មែរក្រោមនៅដែន ដីកម្ពុជាក្រោម ។ ផ្ទុយពីរូបភាពនៃការកសាងវត្តនៅក្នុងភូមិវប្បធម៌ ជនជាតិនេះរដ្ឋាភិបាល វៀត ណាម បាន ចាប់ ព្រះសង្ឃធ្វើទារុណកម្ម និងដាក់ គុកយ៉ាងព្រៃផ្សៃ ខណៈដែលព្រះសង្ឃនៅកម្ពុជាក្រោម គ្រាន់តែ ទាក់ទងខ្មែរក្រោមនៅក្រៅប្រទេស ។

ចុចស្ដាប់ ពលរដ្ឋខ្មែរក្រោមប្រតិកម្មនឹង ការកសាងវត្តខ្មែរនៅហាណូយ
លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា បានថ្លែងប្រាប់វិទ្យុសំឡេង កម្ពុជាក្រោមថា ការកសាងវត្តខ្មែរ នៅហាណូយរបស់រដ្ឋាភិបាលវៀតណាមនោះវាមិនមានន័យទេ ខណៈដែលអាជ្ញាធរបក្សកុម្មុយនិស្ត វៀតណាមនៅ តែបង្ក្រាបចាប់ផ្សឹកធ្វើទារុណកម្ម និងដាក់គុកព្រះសង្ឃយ៉ាង ព្រៃផ្សៃ ។
“បើគេគោរពព្រះពុទ្ធសាសនាខ្មែរមែន ហេតុម៉េចក៏គេបង្កភាព ដូចមើលទៅ ដែលខ្មែរយើងនៅក្រោម ហៅថា ឱឡារិក ដូចជា ចាប់ព្រះសង្ឃផ្សឹក រហូតដល់វាយព្រះសង្ឃ ដោយមិនប្រគល់ភារកិច្ច ទៅគណៈមន្ត្រីសង្ឃវិនិច្ឆ័យទៅលើទោសកំហុសរបស់លោក មិនមែនចាប់ផ្សឹកឆៅៗ យកកម្លាំង នគរបាលទៅទាត់ធាក់ព្រះសង្ឃ ។ ទោះបីអ្នកឯងកសាងវត្ត កសាងវត្តធ្វើអ៊ី “។
លោក តាំង សារៈ បានថ្លែងបន្តទៀតថា ការកសាងវត្តនេះ គ្រាន់តែជាការធ្វើប្រជាភិថុតិរបស់ រដ្ឋាភិបាលបក្ស កុម្មុយនិស្ត វៀតណាម ដើម្បីឲ្យខ្មែរក្រោមមើលឃើញថា ខ្លួនបានយកចិត្តទុកដាក់ និងលើកតម្កើងដល់វប្បធម៌ខ្មែរ ។ លោកបន្តទៀត ថា រដ្ឋាភិបាលវៀតណាម គួរតែកសាងផ្នែកស្មារតីសម្រាប់ខ្មែរក្រោម ដូចជាឧបត្ថម្ភព្រះសង្ឃ និងពលរដ្ឋខ្មែរ ក្រោមសិក្សា ព្រះពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ ជាជាងការកសាង វត្តបែបនេះ ។
“ដែលបានបង្កើតវត្តអារាម ក៏ប៉ុន្តែថា ធាតុពិតទៅវិញ យើងយល់ឃើញថា គ្រាន់តែជាការធ្វើប្រជាភិថុតិ ដើម្បីទាក់ទាញ និងបំភាន់មតិសាធារណជនខ្មែរកម្ពុជាក្រោម ដែលកំពុងតែមិនសូវមានការពេញចិត្ត ជាមួយ នឹងរដ្ឋាភិបាលវៀតណាមតែប៉ុណ្ណោះឯង ” ។
លោក សម្បត្តិសេនា យុវជនខ្មែរក្រោមមួយរូបនៅប្រទេសកម្ពុជា បានថ្លែងថា ការកសាងវត្តនេះ វៀតណាមណាមធ្វើ ឡើងដើម្បីបង្ហាញដល់មតិជាតិ និងអន្តរជាតិឲ្យឃើញថា វៀតណាមយកចិត្តទុកដាក់ដល់ ខ្មែរក្រោមទាំងពីវិស័យ វប្បធម៌ និង ព្រះពុទ្ធសាសនា ។ ជាពិសេស ដើម្បីទប់ស្កាត់ការងើបតវ៉ារបស់ពល រដ្ឋខ្មែរក្រោមនៅ ដែនដីកម្ពុជាក្រោម ។
“គ្រាន់តែជាលេះដើម្បីឲ្យបរទេសមើលឃើញថា វៀតណាមបានយកចិត្តទុកដាក់ក្នុងការពង្រីក ឬ ជួយ ពង្រឹង នូវស្ថាប័នព្រះពុទ្ធសាសនារបស់ខ្មែរកម្ពុជាក្រោម ហើយក៏ជាលេះមួយទៀត ដើម្បីធ្វើឲ្យមានការ ចាប់ អារម្មណ៍ របស់ប្រជាពលរដ្ឋដែលរស់នៅកម្ពុជាក្រោម ថា អាជ្ញាធរវៀតណាម មានការយកចិត្ត ទុកដាក់ ហើយស្រឡាញ់ប្រជាពលរដ្ឋ ខំធ្វើវត្តអារាមដើម្បីទុកធ្វើជាទីសក្ការបូជា ហើយជាលេះមួយ ទៀតសម្រាប់ លុបបំបាត់ កុំឲ្យមានការតវ៉ាទាមទារពីសិទ្ធិសេរីភាព ឬ កាន់នូវព្រះពុទ្ធសាសនា ជាដើម ។ អាហ្នឹងជាលេះ មួយ របស់អាជ្ញាធរវៀតណាម” ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៣ គណៈកម្មការគ្រប់គ្រង ភូមិវប្បធម៌ តំណាងក្រសួង វប្បធម៌ កីឡា និង ទេសចរណ៍ និង អាជ្ញាធរវៀតណាម បានបានសម្ពោធឆ្លងវត្តខ្មែរ នៅភូមិវប្បធម៌ជន ជាតិ ដែលឋិតនៅក្នុងស្រុក សឺនតៃ ទីក្រុងហាណូយ ។ ប្រភពព័ត៌មានបានបញ្ជាក់ថា វត្តខ្មែរដែលវៀត ណាមបានកសាងនោះ ចាប់ ថ្ងៃទី ១៦ ខែមករា ឆ្នាំ ១០១០ មកម្ល៉េះ ដោយចម្លងតាមទាំងស្រុងតាម រចនាបទ្ម វត្តមហាទប់ និង វត្តឃ្លាំង នៅខេត្តឃ្លាំង ដោយមាន ស្ថាបត្យ ករ លី លេត ជាអ្នកទទួលខុសត្រូវ ខាងឆ្លាក់ក្បាច់ក្បូរ រចនា ផ្កាភ្ញី វត្តថ្មីនេះ ។
តាមព័ត៌មានពីកាសែត ញ៉ឹន យ៉ឹន (Nhân Dân) របស់បក្សកុម្មុយនិស្តវៀតណាម វត្តនេះ ជាវត្តព្រះពុទ្ធ សាសនាគណៈ ថេរវាទ ខ្មែរទី ៤៥៤ នៅប្រទេសវៀតណាម ហើយជាវត្តមុនដំបូងបំផុតបានកសាង នៅ ហាណូយ ។ កាសែតនេះក៏បាន ឲ្យ ដឹងថា បរិវេណវត្ត មាន ក្លោងទ្វារ ព្រះវិហារ ស្រះឈូក ចេតិយ ប៉ាឆា កុដិ សាលា សាលាទាន កន្លែងទុកទូក ង ។
បើយោងតាមគេហទំព័រផ្លូវការនៃ “ភូមិវប្បធម៌-ទេសចរណ៍ជនជាតិ” ទាំង ៥៤ នៅវៀតណាម បានបញ្ជាក់ អំពីមូលហេតុ ដែលនាំឲ្យមានកម្មវិធីអ្វីមួយនេះថា ដើម្បីបង្កើតជាពហុវប្បធម៌ និងលើកតម្កើងស្មារតីសាមគ្គី នៅក្នុងសហគមន៍ ជនជាតិ ទាំងអស់នៅវៀតណាម ។
ការរៀបចំពិធីនេះ រដ្ឋាភិបាលវៀតណាមបានអញ្ជើញមន្ត្រីរាយការណ៍ពិសេសផ្នែកវប្បធម៌ នៃអង្គការសហ ប្រជាជាតិ (United Nations Special Rapporteur) អ្នកស្រី Farida Shaheed ឲ្យទៅបំពេញទស្សន កិច្ចនៅប្រទេសវៀតណាម ចាប់ ពីថ្ងៃទី ១៨ ដល់ ២៩ ខែវិច្ឆិកា នេះផងដែរ ដើម្បីពិនិត្យមើលនូវការអនុវត្ត តាមកិច្ចព្រមព្រៀងរបស់អាជ្ញាធរ វៀតណាម ក្នុង ការសន្យា និង ធានាថា រាល់ជនជាតិទាំងអស់មានសិទ្ធិរក្សាវប្បធម៌របស់ពួកគេនៅក្នុងប្រទេស វៀតណាម ។
សព្វថ្ងៃ ខ្មែរក្រោម ជាជនជាតិដើមនៃដែនដីកម្ពុជាក្រោម ឬ ភាគខាងត្បូងវៀតណាម ត្រូវបានរដ្ឋាភិបាល វៀតណាម ចាត់ ទុកថា ជាជនជាតិភាគតិចមួយក្នុងចំណោមជនជាតិភាគតិចទាំង ៥៣ នៅក្នុងប្រទេសវៀតណាម ។ សហព័ន្ធខ្មែរ កម្ពុជា ក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក តែងចេញសេចក្ដី រាយការណ៍ជាបន្តបន្ទាប់ថា វៀតណាមតែងតែ រំលោភ សិទ្ធិលើពលរដ្ឋខ្មែរក្រោម ក្នុងនោះ មានការហាម ពលរដ្ឋ ខ្មែរក្រោមអាន ប្រវត្តិដែនដីកម្ពុជាក្រោម ជាដើម ៕