ខ្មែរក្រោម​សោកស្ដាយ​ចំពោះ​ការបាត់បង់​ស្រះ​ប្រុស​ស្រះស្រី​ខេត្ត​ឃ្លាំង​

0 592

ដោយ លី ឈូ​ន​

​គូ​ស្រះ​ប្រុស​ស្រះស្រី​ជា​មរតក​វប្បធម៌​ខ្មែរក្រោម​ដ៏​សំខាន់ ដែល​សម្ងំ​ស្ដូកស្ដឹង​ក្នុងស្រុក​កំពង់ ខេត្ត​ឃ្លាំង មិនសូវមាន​នរណា​ចាប់អារម្មណ៍​ដល់​នោះ ពេលនេះ បាន​បាត់​ខ្លួន​ហើយ ។ ទីឋាន​ស្រះ​ប្រុស​ត្រូវ​អាជ្ញាធរ​វៀតណាម​យក​សាងសង់​ធ្វើជា​មន្ទីរឃុំឃាំង រីឯ​ស្រះស្រី​ត្រូវ​អាជ្ញាធរ​លក់​ឲ្យ​ឈ្មួញ​ឯកជន​កសាង​ជា​ភូមិ​វប្បធម៌​ខ្មែរ ។ អង្គការ​សង្គម​ស៊ីវិល​ខ្មែរក្រោម ហៅ​ការបាត់បង់​មរតក​វប្បធម៌​ដ៏​មានតម្លៃ​នៅពេលនេះ ចាត់ទុកជា​មេរៀន​សម្រាប់​ខ្មែរក្រោម​គ្រប់រូប​ឲ្យ​នាំគ្នា​ខិតខំ​ថែរក្សា​មរតក​ជាតិ ដែល​នៅ​សេសសល់​កុំឱ្យ​បាត់​តទៅទៀត ព្រោះថា​វប្បធម៌​ជា​ដួងព្រលឹង​នៃ ជាតិ ។​

​ពេលធ្វើ​ដំណើរ​ចេញពី​ទី​រួម​ខេត្ត​ឃ្លាំង​ឆ្ពោះទៅ​ស្រុក​ខ្សាច់ ដែល​វៀតណាម ហៅថា កេ​សិត (Ke Sach) នៅ​ចម្ងាយ​ប្រហែលជា ១.០០០ ម៉ែត្រ​ពី​វត្ត​បួន​ព្រះភ័ក្ត្រ រួច​ងាក​ទៅខាង​ស្ដាំ​ដៃ​គេ​នឹង​ឃើញ​ផ្ទះ​ដំបូល​ស័ង្កសី​នៃ​អគារ​ធំៗ នោះ​ហើយ ជា​មន្ទីរឃុំឃាំង​ដែល​អាជ្ញាធរ​យួន​សាងសង់​នៅលើ​ផ្ទៃដី​ស្រះ​ប្រុស​នេះឯង ។​

​លុះ​បន្តដំណើរ​ទៅដល់​វត្ត​បួន​ព្រះភ័ក្ត្រ គេ​នឹង​ឃើញ​ទីវាល​ធំ​ល្វឹងល្វើយ​មួយ​ស្ថិតនៅ​ខាងឆ្វេង​ដៃ នោះ​ហើយ ជាទី​វាល​ស្រះស្រី​ដែល​គ្រឿង​ច័​ក្រ​កំពុងតែ​ឈូសឆាយ ដើម្បី​កសាង​មណ្ឌល​ទេសចរណ៍​ស្រះស្រី ឬ ភូមិ​វប្បធម៌​ខ្មែរ ។​

​ការកកើតឡើង​នៃ​គូ​ស្រះ​ប្រុស​ស្រះស្រី​នៅ​ស្រុក​កំពង់ធំ ដែល​វៀតណាម​ហៅ ថា យុង​ធើ​ម (Vung Thom) នា​ទឹកដី​ខេត្ត​ឃ្លាំង​នេះ ក៏មាន​ដំណើររឿង​ស្រដៀង​គ្នា​នឹង​រឿង​ភ្នំ​ប្រុស​ភ្នំ​ស្រី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង ដូចជា​រឿង​គូ​ស្រះ​ប្រុស​ស្រី​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង​ដែរ ។ គឺ​ដើម្បី​បំបាត់​នូវ​ទំនៀម​ទំលាប់​ស្រី​ចូល​ស្ដីដណ្ដឹង​ប្រុស​នេះឯង ។​

ពិធីបើកការដ្ឋានសាងសង់គម្រោងតំបន់ទេសចរណ៍ស្រះស្រី​ ស្ថិតនៅក្បែរ​វត្ត​បួន​ព្រះភ័ក្ត្រ ស្រុក​កំពង់ធំ ខេត្តឃ្លាំង ។ រូបៈ Internet
ពិធីបើកការដ្ឋានសាងសង់គម្រោងតំបន់ទេសចរណ៍ស្រះស្រី​ ស្ថិតនៅក្បែរ​វត្ត​បួន​ព្រះភ័ក្ត្រ ស្រុក​កំពង់ធំ ខេត្តឃ្លាំង ។ រូបៈ Internet

​ស្ត្រី​ដែល​ផ្ដើមគំនិត​និង​ដឹកនាំ​ការជីក​ស្រះ​នៅ​ស្រុក​កំពង់ធំ​នេះ​មាន​ឈ្មោះថា ទេព ដោយ​នាង​មាន​សម្រស់​ស្រស់ស្អាត​គ្មាន​ពីរ​ក្នុង​ខេត្ត​ទើប​អ្នកស្រុក​ហៅ​នាង​ថា ស្រី ទេព ឯ​ស្រះ​ក៏​ជាប់​ឈ្មោះ​ហៅថា ស្រះស្រី​ទេព ឬ ស្រះស្រី ដល់​សព្វថ្ងៃ ដែល​វៀតណាម​ហៅ យៀង​ទៀង (Gieng Tien) ។​

​បុរស​ខ្មែរក្រោម​ម្នាក់​ឈ្មោះ សឺ​ន ភៀ​ង អាយុប្រមាណ ៣៩ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ធំ ហើយ សព្វថ្ងៃ​កំពុង​រស់នៅ​ប្រទេស​ដា​ណា​ម៉ាក បាន​ឲ្យ​ដឹងថា កាលពី​ជាង ២០ ឆ្នាំមុន លោក​ធ្លាប់​ឃ្វាលគោ​នៅ​ជុំវិញ​ស្រះ​ប្រុស​និង​ស្រះស្រី​នេះ​រាល់ថ្ងៃ ស្រះ​នីមួយ ៗ មាន​ទំហំ​មិនតូច​ជាង ៥០ ម៉ែត្រ បួន​ជ្រុង​នោះទេ ហើយ​បរិវេណ​ផ្ទៃដី​ស្រី​នីមួយៗ មិនតិចជាង ៥ ហិច​តា​ឡើយ ។​

​លោក ភៀ​ង បាន​បន្តថា ស្រះស្រី មានទឹក​ជ្រៅ​ថ្លាយង់ មាន​ដើមឈើ​តូចធំ​ដុះ​ជុំជិត ចំណែក​ស្រះ​ប្រុស​វិញ​មិនមាន​ដើមឈើ​ដុះ​ច្រើន​នោះទេ ជា​វាលស្រែ​ហើយ​ហើយក៏​មិនសូវមាន​ទឹក​ដក់​ច្រើន​ដែរ ។ មាន​ប្រឡាយ​ធំ​មួយ​ទទឹង​ប្រមាណ ៥ និង​ប្រវែង​ប្រហែល​ជាជាង ១.០០០ ម៉ែត្រ នាំ​ផ្លូវ​កាត់​ពី​ស្រះ​ប្រុស​ទៅ​ស្រី​ដែល​ចាស់ ៗ ដំណាល​ជា​ផ្លូវ​ដានដែល​ប្រុស​នាំគ្នា​លូន​ទៅ​លបមើល​ស្រី ៗ ជីក​ស្រះ​កាលសម័យ​នោះ ។ លោក សឺ​ន ភៀ​ង បញ្ជាក់ថា សព្វថ្ងៃ​បរិវេណ​ស្រះ​ប្រុស​ត្រូវបាន​អាជ្ញាធរ​វៀតណាម​បាន​យក​ធ្វើជា​មន្ទីរឃុំឃាំង ដោយ​គ្មាន​មន្ត្រី​ខ្មែរក្រោម​ណាមួយ​តវ៉ា​ឡើយ ។​

​លោក សឺ​ន ភៀ​ង​៖ «​កាល​នៅ​ក្មេង​លោក ខ្ញុំ​នៅ​តូច​ខ្ញុំ​ឃ្វាលគោ​នៅតាម​ហ្នឹង​ដែរ ស្រះស្រី ហ្នឹង បើ​ជុំវិញ​ព្រៃ នៅក្នុង​អណ្ដូងទឹក យើង​អត់​បាន​ដែល​ចុះ​ទេ វា​ជ្រៅ​ពេក​អ្នកណា​ហ៊ាន​ចុះ ឯ​ស្រះ​ប្រុស​ដែល​ចុះ វា​មានទឹក​ល្ហ ដូច​វាលស្រែ​អីចឹង ។ កា​លក​ម្លោះ​នៅ​ឆ្នាំ ១៩៩២ ពេល​ខ្ញុំ​នៅ​ឃ្វាលគោ នៅឡើយ​ស្រះ​ប្រុស​ហ្នឹង ទើបតែ​បាត់​បច្ចុប្បន្ន​ហ្នឹង​ទេ កាល​ឆ្នាំ ២០០០ អីហ្នឹង​ទេ គេ​យក​ធ្វើ​មន្ទីរឃុំឃាំង​របស់​ខេត្ត​» ។​

ផ្លូវចូលទៅកាន់ស្រះស្រី មុនពេលបើកការដ្ឋានសាងសង់គម្រោងតំបន់ទេសចរណ៍ស្រះស្រី​ ស្ថិតនៅក្បែរ​វត្ត​បួន​ព្រះភ័ក្ត្រ ស្រុក​កំពង់ធំ ខេត្តឃ្លាំង ។ រូបៈ Internet
ផ្លូវចូលទៅកាន់ស្រះស្រី មុនពេលបើកការដ្ឋានសាងសង់គម្រោងតំបន់ទេសចរណ៍ស្រះស្រី​ ស្ថិតនៅក្បែរ​វត្ត​បួន​ព្រះភ័ក្ត្រ ស្រុក​កំពង់ធំ ខេត្តឃ្លាំង ។ រូបៈ Internet

​ស្រដៀង​គ្មាន​នេះដែរ​ស្ត្រី​ខ្មែរក្រោម​ម្នាក់ទៀត​ឈ្មោះ សឺ​ន ម៉ុង​ធី​លិ​ន មាន​អាយុ ៣៨ ឆ្នាំ មាន​ស្រុកកំណើត​នៅ ស្រុក​កំពង់ធំ ដែរ ហើយ​សព្វថ្ងៃ កំពុង​រស់នៅ​ប្រទេស​ដា​កណា​ម៉ាក បាន​ឲ្យ​ដឹងថា ពីមុន​ស្រះ​ទាំងពីរ​ហ្នឹង សុទ្ធ​តែមាន​សាលាឆទាន​សម្រាប់​ពលរ​ដ្ឋ​ខ្មែរក្រោម​ធ្វើបុណ្យ​កម្សាន្ត​ជា​រៀងរាល់ឆ្នាំ​មិនដែល​អាក់ខាន​ឡើយ ។​

​លោក សឺ​ន ម៉ុង ធី​លិ​ន ៖«​ដី​ស្រះស្រី​ហ្នឹង​អត់​មានអី​ទេ អត់​មាន​អ្នកណា​នៅទេ មួយឆ្នាំ គេ​ធ្វើបុណ្យ​ម្ដង​កន្លែង​ហ្នឹង ស្រះស្រី ស្រះ​ប្រុស​។ គឺ​មួយឆ្នាំ​ធ្វើបុណ្យ​ម្ដង ធ្វើបុណ្យ​កំសាន្ត​ស្រុក នៅ​កន្លែង​ស្រះ​ហ្នឹង​ហ្អា៎ ឆ្នាំ​ណា​ក៏មាន​បុណ្យ​ដែរ សុទ្ធតែ​ខ្មែរ​ធ្វើ​ទាំង​អស់ហ្នឹង ហើយ​កន្លែង​ស្រះស្រី អត់​មានផ្ទះ​អី​ទេ ដី​ចោល​ទូលាយ​» ។​

​ចំណែក​បុរស​ខ្មែរក្រោម​វ័យ​ចំណាស់ ៦២ ឆ្នាំ​ម្នាក់ ឈ្មោះ ឡឹម ផន រស់នៅ​ជិត វត្ត​បួន​ព្រះភ័ក្ត្រ ក្នុងស្រុក​កំពង់ធំ​លោក​បាន​ឲ្យ​ដឹងថា សព​ជីដូន​របស់លោក​បញ្ចុះ​ក្នុង​បរ​វេណ​ស្រះស្រី​ដែលជា​ដី​ទំនេរ ។ កាលពី​ពីរ​ឆ្នាំ​មុ​នេះ​លោក​ត្រូវ​បង្ខំចិត្ត​លើកសព​ជីដូន​របស់លោក​ចេញពី​ដី​នេះ ដោយសារតែ​អាជ្ញាធរ​តម្រូវ​ឲ្យ​លោក​លក់​ដី​កប់​សព​ឲ្យ​ឈ្មួញ វៀតណាម​ម្នាក់​ឈ្មោះ វៀង លិ​ន (Quyen Linh) ជា​សិល្បករ​វៀតណាម យកទៅ​ធ្វើជា​មណ្ឌល​ទេសចរណ៍ ឬ ភូមិ​វប្បធម៌​ខ្មែរ ។ លោក​បន្តថា ទោះជា​លោក និង​អ្នក​ដទៃទៀត​ខំ​តវ៉ា​ថា មិន​ព្រម​លក់​យ៉ាងណា ក៏​មិន​ឈ្នះ​អាជ្ញាធរ​វៀតណាម​ដែរ ព្រោះ​គេ​អាង​អំណាច ។​

​លោក ឡឹម ផន ៖«​មកពី​អីចេះ​ណែ​រដ្ឋ​បង្ខំ​ឲ្យ​លក់ បើ​មិន​លក់​ក៏​គេ​ទន្ទ្រាន​យក​ដែរ មកពី​គេ​តម្រូវ​ធ្វើ​មណ្ឌល​ទេសចរណ៍ កម្សាន្ត ឲ្យ​ប្រជាជន​មកលេង​។ ខ្ញុំ​ផ្នូរ​ជីដូន​ខ្ញុំ​នៅ​ចំ​កន្លែង​ហ្នឹង ដល់​ហើយ​បានគាស់​ចេញ​វិញ​ហ្នឹង វា​សង​បាន​ប៉ុន្មាន​លាន​ដុង ធ្វើ​ផ្នូរ​ថ្មី​មកវិញ​ឲ្យ​គាត់​»​។

ទិដ្ឋភាពស្រះស្រី មុនពេលបើកការដ្ឋានសាងសង់គម្រោងតំបន់ទេសចរណ៍ស្រះស្រី​ ស្ថិតនៅក្បែរ​វត្ត​បួន​ព្រះភ័ក្ត្រ ស្រុក​កំពង់ធំ ខេត្តឃ្លាំង ។ រូបៈ Internet
ទិដ្ឋភាពស្រះស្រី មុនពេលបើកការដ្ឋានសាងសង់គម្រោងតំបន់ទេសចរណ៍ស្រះស្រី​ ស្ថិតនៅក្បែរ​វត្ត​បួន​ព្រះភ័ក្ត្រ ស្រុក​កំពង់ធំ ខេត្តឃ្លាំង ។ រូបៈ Internet

​រីឯ​អ្នក​ប្រើ​បណ្ដាញ​ព័ត៌មាន​សង្គម (Facebook) ជាច្រើន​បាន​បង្ហោះ​សារ​ប្រតិកម្ម​មិន​ពេញ​ចិត្តនឹង​ទង្វើ​របស់​អាជ្ញាធរ​វៀត​ណា​ម ដែល​កែ​ច្ឆៃ​គូ​ស្រះ​ប្រុស​ស្រះស្រី​នេះឡើយ ។ គណនេយ្យ ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Cuonh Tra លើកឡើងថា ៖ «​គាត់​ទិញ​ស្រះស្រី​ឡើង​ហើយ​សាងសង់​ឲ្យ​ទៅជា​មណ្ឌល​វប្បធម៌​ខ្មែរ​ទៀត​ដដែល មើលទៅ​វា​ដូចជា​ស្នាម​ដាន​វប្បធម៌​ខ្មែរក្រោម ដូច្នេះ​មិនមាន​អី​ប៉ះពាល់​ទេ តាម​ស្តាប់​និង​ឃើញ​នៅ​ទីនោះ​» ។​

​តែ​ចំពោះ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Siveth Lam មើលឃើញថា​៖ «​ប្រវត្តិសាស្ត្រ​ជាន់​ដាន​ដដែលៗ ហេតុអ្វី​ខ្មែរ​យើង​មិន​ព្រម​យកចិត្តទុកដាក់​អី​សោះ​អីចឹង ថ្ងៃ​ណាមួយ​មិនយូរ​ទេ ស្រះ​គូ​នឹងត្រូវ​លុបឈ្មោះ​ចេញពី​ក្រាំង​ពង្សាវតារ​ខ្មែរ​យើង​មិន​ខាន​»​។​

​ចំណែក​គណនេយ្យ ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អមរិន្ទ អមរា សំណព្វចិត្ត លើកឡើង​យ៉ាងខ្លី​ថា​៖«​យី​…​យួន​មិន​ចោល​ពុត​មែន​»​។​

​ការលើក​ឡើងជា​បន្តបន្ទាប់​មកនេះ គឺ​ក្រោយពី​ក្រុមហ៊ុន​ទេសចរណ៍ យៀង ទៀង (Gieng Tien) ឈ្មោះ ថៅ លិ​ន (Thao Linh) របស់​សិល្បករ វ៉ាង លិ​ន (Quan Linh) សម្ពោធ​បើក​ការដ្ឋាន​សាងសង់ តំបន់​ទេសចរណ៍​ស្រះស្រី​កាលពី​ថ្ងៃទី ២០ ខែកុម្ភៈ ដើមឆ្នាំ​នេះ លើ​ផ្ទៃដី​ជាង ១០ ហិច​តា ដែលមាន​ទុនវិនិយោគ​ប្រមាណ​ជា ២០០ (​ពីរ​រយ​) កោដិ​ដុង ស្មើនឹង​ប្រមាណ​ជា ១០ (​ដប់​) លាន​ដុល្លារ​អាមេរិក ដើម្បី​អភិវឌ្ឍ​មណ្ឌល​ស្រះស្រី​របស់​ខ្មែរក្រោម​នៅ​ស្រុក​កំពង់ធំ ខេត្ត​ឃ្លាំង ឱ្យទៅជា​តំបន់​ទេសចរណ៍​បែប​ភូមិ​វប្បធម៌​របស់​ខ្មែរ​នៅ​កម្ពុជា​ក្រោម ឲ្យ​សម្រេច​ជា​ស្ថាពរ​នៅ​ដំណាច់ ២០២៥ ខាងមុខនេះ ។​

ម្ចាស់ក្រុមហ៊ុន​ទេសចរណ៍ យៀង ទៀង (Gieng Tien) និងជាសិល្បករឈ្មោះ ក្វៀង លិ​ន (Quyền Linh) (រូបឈរពាក់អាវធំទី ៥ រាប់ពីឆ្វេង) ក្នុងថ្ងៃសម្ពោធ​បើក​ការដ្ឋាន​សាងសង់ តំបន់​ទេសចរណ៍​ស្រះស្រី​ កាលពី​ថ្ងៃទី ២០ ខែកុម្ភៈ ២០២០ ។ រូបៈ Internet
ម្ចាស់ក្រុមហ៊ុន​ទេសចរណ៍ យៀង ទៀង (Gieng Tien) និងជាសិល្បករឈ្មោះ ក្វៀង លិ​ន (Quyền Linh) (រូបឈរពាក់អាវធំទី ៥ រាប់ពីឆ្វេង) ក្នុងថ្ងៃសម្ពោធ​បើក​ការដ្ឋាន​សាងសង់ តំបន់​ទេសចរណ៍​ស្រះស្រី​ កាលពី​ថ្ងៃទី ២០ ខែកុម្ភៈ ២០២០ ។ រូបៈ Internet

​ទាក់ទង​នឹង​ករណីនេះ សំឡេង​កម្ពុជា​ក្រោម ( VOKK) និង សារព័ត៌មាន ព្រៃនគរ បាន​ផ្ញើ​សារ​អ៊ី​ម៉ែ​ល​សួរ​នាំទៅ​ក្រុមហ៊ុន​ទេសចរណ៍ ថៅ លិ​ន និង​អាជ្ញាធរខេត្ត​ឃ្លាំង ជាច្រើន​ថ្ងៃ​មកហើយ តែ​រហូតមក​ដល់ពេលនេះ ស្ថាប័ន​ទាំងនោះ​មិនបាន​ឆ្លើយតប​ឡើយ ។​

ទន្ទឹមនឹង​រឿងនេះ​ដែរ ប្រធាន គណៈកម្មការ​សាសនា​អន្តរជាតិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ បាន​លើកឡើងថា វៀតណាម​ជា​ជាតិ​សាសន៍​មួយ​មិនមាន​វប្បធម៌​ប្រពៃណី​ខ្លួនឯង​ច្បាស់លាស់​ទេ តែងតែ​ចម្លង​របស់គេ មក​ធ្វើជា​របស់​ខ្លួនឯង ដូចជា​ករណី​អាវ​ផាយ​យួន (Ao dai) |​ដើមកំណើត​អាវ​នេះ​គឺជា​របស់​ជនជាតិ​ចាម​ទេ ។​

​ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ ៖ «​សិក្សា​មើលទៅ​អាវ ផាយ (Ao dai) ១.៩.៦៣.​របស់​ប្រពន្ធ​ខ្មោច ង៉ោ ឌិន យី​ម (Ngo Dinh Diem) គេ​ហៅថា អាវ ផាយ របស់​យួន តាមពិត​អាវ​ផាយ​ហ្នឹង​ទៀតសោត​មិនមែនជា​របស់​យួន​ទេ បើ​ប្រាកដប្រជា​មែន​ទេ​ន (Ao dai) ១៩៦៣ ដែល​យួន​ប្រើ​រាល់ថ្ងៃ​ហ្នឹង (Ao dai) ហ្នឹង​យកមក​ពី​ចាម តើ ។ យក​របស់​ចាម មក​កាឡៃ កាត់​កន្លែង​ចង្កេះ (​ឆែក​) ហ្នឹង​ឲ្យ​វែង​បន្តិច ចំណែក​ដៃ​អាវ របស់​ចាម​ខ្លី របស់​យួន​យកមក​ថែម​ដៃ​ឲ្យ​វែង ។ វា​កាឡៃ​ទៅជា​រឿង​មួយ​ឲ្យ​ពិភពលោក​យល់ថា អាហ្នឹង​ជា​សម្បត្តិ​វប្បធម៌​របស់​យួន តែ​តាមពិត​យក​របស់​ចាម​មក​កាលៃ​ទេ​»​។

ផ្ទះគំរូបរចនាបែបខ្មែរ ក្នុងតំបន់​ទេសចរណ៍​ស្រះស្រី​ ។ រូបៈ Internet
ផ្ទះគំរូបរចនាបែបខ្មែរ ក្នុងតំបន់​ទេសចរណ៍​ស្រះស្រី​ ។ រូបៈ Internet

​ប្រធាន ប្រធាន គណៈកម្មការ​សាសនា​អន្តរជាតិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​អំពាវនាវ​ថា ការបាត់បង់​ស្រះ​ប្រុស​ស្រះស្រី មរតក​វប្បធម៌​ខ្មែរ​ដ៏​មានតម្លៃ​នៅ​ខេត្ត​ឃ្លាំង​នេះ​ គឺជា​មេរៀន​មួយ​សម្រាប់​ខ្មែរក្រោម​គ្រប់រូប​ត្រូវ​រួបរួមគ្នា​ខំប្រឹង​ថែរក្សា​រាប់​ចាប់តាំងពី​ដើមឈើ ​ដែលមាន​ចំណាស់​ធំៗ ស្រះ​ទឹក ឬ ភ្នំ​ប្រវត្តិសាស្ត្រ ខ្ទម​អ្នកតា​បូរាណ វត្ត​អារាម និង​សិល្បៈ តន្ត្រី ជាដើម​ឲ្យ​បាន​គង់វង្ស ព្រោះ​វត្ថុ​ទាំងនេះ គឺ​បេតិកភណ្ឌ​ជាតិ វប្បធម៌​ជាតិ និង​ជា​ដួងព្រលឹង​នៃ​ជាតិខ្មែរ​ក្រោម​ហើយ ៕

Leave A Reply

Your email address will not be published.