៧០ ឆ្នាំ​ក្រោម​ការត្រួតត្រា​របស់​វៀតណាម ​ការតស៊ូ​របស់​ខ្មែរ​ក្រោម​មានសំទុះ​ឡើងវិញ

0 606

ដោយ ម៉ែន គឹមសេង | VOA

សកម្មជនខ្មែរក្រោម​រក្សា​ក្តីសង្ឃឹម​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ នឹង​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ក្នុងពេល​ខាងមុខ​ដោយសារតែ​មានយន្តការច្បាប់ និង​ការយល់​ដឹង​កាន់តែ​ច្រើន​នៅ​លើ​ឆាក​អន្តរជាតិ​ ពី​បុព្វហេតុរបស់ពួកគេ​ក្នុងការទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ នៅ​លើ​ទឹកដី​កំណើត ប៉ុន្តែ​បាន​អះអាង​ពីការបន្ត​ប្រើប្រាស់​យន្តការអហិង្សា​ ។ ​

អ្នកចូលរួមក្នុង​សន្និសីទ​ស្តីពី​«សិទ្ធិខ្មែរក្រោម​ក្នុងការសម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង‍»។
អ្នកចូលរួមក្នុង​សន្និសីទ​ស្តីពី​«សិទ្ធិខ្មែរក្រោម​ក្នុងការសម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង‍»។

ក្រុម​ពលរដ្ឋ​ និងព្រះសង្ឃ​ខ្មែរក្រោម ​ដែលនៅ​ជុំវិញ​ពិភពលោក ​និង​ក្រុម​សកម្មជន​តស៊ូ​បរទេស​គ្មាន​តំណាង នៅ​អង្គការ​សហប្រជាជាតិ​រួមទាំង​អ្នកជំនាញសិទ្ធិ​មនុស្សអន្តរជាតិចំនួន​ ២០០ នាក់​ បានជួប​ប្រជុំគ្នា​នៅ​ឯ​សន្និសីទ​លើកទី ២ ស្តីពី «សិទ្ធិខ្មែរក្រោម​ ក្នុងការ​សម្រេច​ជោគ​វាសនា​ ដោយ​ខ្លួន​ឯង‍»​ និង​ក៏​ដើម្បីរំឭក​ដល់រយៈពេល​ ៧០ ឆ្នាំនៃការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ទៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​វៀតណាម​ផង​ដែរ ។

ពិធី​ដែលមាន​លក្ខណៈ​អន្តរជាតិ​នេះ ត្រូវ​បាន​ប្រារព្ធឡើង​ក្នុង​ទីក្រុង​ឡាអេ ​ប្រទេស​ហូឡង់ ​កាលពី​ថ្ងៃសៅរ៍​ទី​ ១ ខែមិថុនា​ ។

លោក សឺន ស៊ូប៊ែរ្តិ៍ ​អតីត​សមាជិកក្រុមប្រឹក្សា​ធម្មនុញ្ញ​ ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ ការណ៍​ដែល​ប្រទេស​បារំាងបាន​ប្រគល់ទឹកដី​ខ្មែរកម្ពុជា​ក្រោម​ឱ្យ​ទៅ​វៀតណាម​គ្រប់​គ្រង​គឺ​ជា​រឿង «​អយុត្តិធម៌‍» មួយ ​ដូច្នេះ​មានតែ​យន្តការច្បាប់​អន្តរជាតិ​ទេ​ ដែល​អាច​ទាមទារ​សិទ្ធិ​សម្រាប់​ពលរដ្ឋ​ខ្មែរកម្ពុជាក្រោម​ឡើងវិញ ។​

លោក​ ស៊ូប៊ែរ្តិ៍​បាន​បន្ថែម​ថា៖

«ដូច្នេះហើយ​យើងត្រូវតែ​ទាមទារ​ក្នុងមូលដ្ឋានច្បាប់​ ទាមទារ​សិទ្ធិ​សេរីភាព​ និងការសម្រេច​វាសនា​ខ្លួនឯងហ្នឹង ដែល​អង្គការ​សហប្រជាជាតិ​បាន​ចារនៅក្នុងធម្មនុញ្ញ​របស់​ខ្លួន ​។ យើង​អត់​ចង់​ទៅ​បះបោរ​ ដូច​ជាយួន​គំរាមកំហែង​ទៅ​អង្គការ​សហប្រជាជាតិ​ថា​ឱ្យ​ខ្មែរក្រោម​មានសិទ្ធិ​សេរីភាព វាគឺ​ជា​ការបំបែក​ស្រុកយួន ។ យើង​អត់​ចង់ធ្វើ​អីចឹង​ពីព្រោះ​យើង​ស្រុក​ខ្មែរ​និង​ស្រុក​យួន គឺ​យើង​នៅក្នុង​តំបន់​មួយ​ដែលគេ​ហៅ​ថា​អាស៊ាន​ ហើយម្ល៉ោះហើយ​វា​អត់​អាច​ទៅ​ឈ្លោះ​គ្នាបាន‍ទេ» ។

សន្និសីទ​រយៈពេល​មួយថ្ងៃនេះ​ ត្រូវបាន​រៀបចំឡើង​ដោយ​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម វិទ្យាស្ថាន​ហាវ៉ៃ​សម្រាប់​សិទ្ធិ​មនុស្ស និង​អង្គការ​ពលរដ្ឋ​និង​ប្រជាជាតិ​គ្មានតំណាង ហើយ​មាន​វាគ្មិន​សំខាន់ៗ ដែល​ចូលរួម​ចែក​រំលែក​បទពិសោធនៃការតស៊ូ​របស់​ពួកគេ​ និងសិក្សា​ពី​ក្រុមខ្មែរ​កម្ពុជា​ក្រោម ។ ពួកគេ​មក​ពី​ចលនា​រួបរួម​តស៊ូ​រំដោះ​ប៉ាពួខាងលិច (United Liberation Movement for West Papua) សភាជាតិ​កាតាឡូញ៉ា (Catalan National Assembly) និង​ សហព័ន្ធ​អាស៊ីរី​នៃ​អឺរ៉ុប​(Assyrian Confederation of Europe) ។

សកម្មជនខ្មែរកម្ពុជាក្រោម លើកឡើងថា​ ផ្អែកលើ​បទពិសោធន៍នៃក្រុមតស៊ូ​ទាំងនេះ​ ដែល​ចំណាយ​ពេល​តស៊ូ​ជាយូរ​ឆ្នាំ​មកហើយ​ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​សម្រេច​គោលដៅ គឺ​ពួកគេដឹងថាការពឹង​ពាក់មហាអំណាច ​ដើម្បី​បុព្វហេតុរបស់​ជនជាតិ​ខ្លួន​ក៏​ត្រូវ​ថ្លឹងថ្លែង ​ពី​ផល​ប្រយោជន៍​សេដ្ឋកិច្ចដែល​គេ​អាច​ នឹង​ទទួល​បាន​វិញនិងកត្តាខ្លួនឯងផងដែរ ។

លោក​ប្រាក់ សេរីវុឌ្ឍ ​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​លើកឡើង​ថា​ក្រុមសកម្មជន​ខ្មែរ​​ក្រោម​ នឹង​ខិតខំ​ពង្រឹងបន្ថែម​ទៀត​លើ​កិច្ចការផ្នែកការទូតដោយ​ទាក់ទង​ប្រទេស​ធំៗ ​ដែល​មាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាមួយ​នឹង​វៀតណាម ។ ទន្ទឹមនឹងនោះដែរ​គឺ​ការពង្រឹង​ធនធានមនុស្ស​បន្ថែម​ ដែលមានក្រុម​យុវជន​ដើម្បី​បន្ត​បុព្វហេតុ​ក្នុង​រយៈពេល​យូរ ។

លោក​បាន​បន្ថែម​ថា៖

«បញ្ហា​ធនធាន​មនុស្ស​ក៏យើង​ត្រូវ​រៀបចំ​ពីឥឡូវទៅរហូត​ទៅដល់មុខ​ហ្នឹង ​ពីព្រោះយើង​មិន​អាច​ពឹង​ផ្អែក​តែលើ​អ្នក​ ដែល​ធ្វើ​ការ​ជំនាន់ឥឡូវទៅមុខ​ទៀត​បាន​ទេ​ គឺ​ត្រូវមានមនុស្ស​ដែល​ផ្លាស់ប្តូរ​យើង​គឺ​អ្នកដែលមានគំនិតថ្មីៗ​ យុវជនជំនាន់ក្រោយ​សម្រាប់​ឱ្យ​យល់​ហើយ​ធ្វើ​ម៉េច​ផ្សព្វផ្សាយ​ឱ្យ​ច្រើន​ជាងនេះ​ទៅទៀត​ដើម្បី​ឱ្យ​បងប្អូនខ្មែរ​នៅ​ទឹកដីកម្ពុជាក្រោម​បាន​យល់ច្បាស់​ពី​ស្ថានការណ៍អន្តរជាតិ​ ពីច្បាប់​ទម្លាប់​អន្តរជាតិ​ ។ អីចឹងទៅ​ហ៊ាន​ងើបតស៊ូ តវ៉ា​ដោយ​សន្តិវិធីច្រើន​ជាងមុន‍» ។​

រូបឯកសារ៖ លោក ប្រាក់ សេរីវុឌ្ឍ ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក ប្រាក់ សេរីវុឌ្ឍ ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។

អាណានិគម​បារំាងបានសម្រេច​កាត់ដែនដី​កម្ពុជា​ក្រោម​ឬកូសាំងស៊ីន ទៅ​ឱ្យ​ស្តេច​បាវ​ដាយរបស់​វៀតណាមគ្រប់គ្រងជាផ្លូវការតាំងពីថ្ងៃទី​ ៤ ខែមិថុនា ឆ្នាំ​១៩៤៩ ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​នឹង​ព្រះមហាក្សត្រខ្មែរទេ ។ ចំណាត់ការនាពេលនោះ ​គឺ​ក្នុងគោលបំណងទប់​ស្កាត់​ការរីក​រាលដាល​នៃ​ក្រុម​កុម្មុយនិស្ត​ ដែល​បាន​គ្រប់គ្រង​វៀតណាមខាងជើងរួចទៅហើយ ។ ដែនដីកម្ពុជា​ក្រោមមានទំហំ ​៦៧.៧០០​ គីឡូម៉ែត្រ​ការ៉េនិង​ត្រូវ​ជា​ ២១ ខេត្ត​ដែល​មាន​កោះ​ធំៗ​ ចំនួន​ពីរ​គឺ​កោះត្រល់​ និង​កោះត្រឡាច ។

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ប៉ាន់ស្មាន​ថា​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន​ ៧​ លាន​នាក់​ កំពុងរស់​នៅ​ក្នុង​ទឹកដី​ដូនតា​ដែល​បច្ចុប្បន្ន​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម ។ នៅ​ប្រទេស​កម្ពុជា​ ខ្មែរ​​ក្រោម​មានចំនួន​ ១,២ លាននាក់ ។ ក្រៅពីនោះ​ នៅ​ជុំវិញ​ពិភពលោកមាន​ចំនួន​ប្រហែល​៤០.០០០ នាក់ ដែលភាគច្រើន​គឺ​រស់នៅសហរដ្ឋ​អាមេរិក​ ដែល​មានចំនួនរហូតដល់​ជាង​ ៣០.០០០ ​នាក់ ។ ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម​ បាន​វាយ​តម្លៃ​ថា​ពលរដ្ឋ​វៀតណាម​ដើម​កំណើតខ្មែរ (ជាឈ្មោះផ្លូវការ) មាន​ប្រហែល​តែ​ ១,៤ លាននាក់តែប៉ុណ្ណោះ ។

ពលរដ្ឋ​ខ្មែរ​ក្រោម​ភាគច្រើន​កាន់ព្រះពុទ្ធសាសនា​នីកាយ​ថេរវាទ និង​និយាយ​ភាសា​ខ្មែរ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ។ មានវត្តចំនួន ​៥៦០ ស្ថិតនៅ​ក្នុង​ដែន​ដី​កម្ពុជា​ក្រោម ហើយសកម្មជនបានសាងសង់​វត្ត​ថ្មី នៅ​ទូទាំង​ពិភព​លោកដែលសរុប​ទាំងអស់​ចំនួន​ ៤០ ទៀត ។

ក្នុងរយៈពេល ​៧០ ឆ្នាំ​កន្លងមក​នេះ​ មានអ្នកតស៊ូ​ខ្មែរ​ក្រោម​មួយ​ចំនួន​ បាន​ដឹកនាំ​ចលនា​តស៊ូ​បះបោរ​ប្រដាប់​អាវុធ​ទាំង​ក្នុងរបប​សាធារណរដ្ឋ​វៀតណាម ឬ​វៀតណាម​ខាងត្បូង​រហូតដល់របប​កុម្មុយនីស្ត​វៀតណាម ​ប៉ុន្តែបាន​រង​នូវការបង្ក្រាប​ទៅវិញយ៉ាងជូចត់ ។ នេះ​បើតាមការរៀបរាប់​របស់​អតីត​អ្នកតស៊ូខ្លះ​ក្នុងពេល​កន្លងមក ។

​បច្ចុប្បន្ន​ខ្មែរ​ក្រោម​រងការរំលោភ​បំពាន​ផ្នែកសិទ្ធិមនុស្ស ​ដែល​ប៉ះពាល់​ដីស្រែចម្ការ​ការ​ធ្វើទុក្ខបុកម្នេញ​ខាងផ្នែក​សាសនា កង្វះការសិក្សា​ភាសា​ខ្មែរឱ្យ​បាន​ទូលំទូលាយ គ្មានសិទ្ធិ​សេរីភាព​ក្នុងការ​និយាយ​ស្តី ​ផលប៉ះពាល់ខាងផ្នែកបរិស្ថាន​លើ​ជីវភាព​រស់​នៅនិង​ត្រូវ​ធ្វើ​ចំណាកស្រុក​ក្នុង​ប្រទេស​ ដើម្បី​ស្វែងរកការងារធ្វើ ហើយ​អ្នកខ្លះ​ក៏ត្រូវ​រត់ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស ​ដើម្បី​គេចចេញ​ពីការធ្វើទុក្ខ​បុកម្នេញ​ទាំងនោះ ។

យ៉ាងណាក៏ដោយ​សកម្មជន​មើលឃើញ​ថា​ពលរដ្ឋ​ខ្មែរ​​ក្រោម​ មានចំណុចខ្លាំង​ ដែល​ពួកគេ​អាច​ នឹង​ប្រើប្រាស់​តាមផ្លូវច្បាប់នោះ គឺការ​រក្សា​អត្តសញ្ញាណជាតិ​ដែលមានការ​គោរព​ព្រះពុទ្ធសាសនា រក្សា​វប្បធម៌​ខ្មែរ​ហើយ​ត្រូវ​បន្តប្រើប្រាស់ភាសា​និង​អក្សរ​សាស្រ្ត​ខ្មែរ​ជាដើម ។

លោក សឺន ស៊ូប៊ែរ្តិ៍​ បាន​បន្ត​ថា៖

«នៅស្រុកក្រោមយើងនៅរក្សាភាសា​របស់យើង​ អក្សរសាស្រ្ត​របស់យើង ។ នេះជាការសង្ឃឹម​យ៉ាងខ្លាំង​ដើម្បីតស៊ូតទៅមុខទៀត ដូចព្រះអង្គ​មហាឃោសនន្ទ​លោក​មានសង្ឃដីការ​កាលពី​លោក​នៅ​មាន​ជីវិត​នៅឡើយ​ថា​យើង​ត្រូវ​ធ្វើ​មួយ​ជំហានម្តងមួយ​ជំហានម្តង​ទៅមុខ​កុំ​ថយ​ក្រោយ ។ ម្ល៉ោះហើយ​យើង​បាន​លទ្ធផល​ជាច្រើន​រួចទៅហើយ​យើង​អត់​ថយក្រោយ​ទេ​រហូតដល់គោល​បំណង​របស់យើង​បាន​សម្រេច‍» ។

រូបឯកសារ៖ លោក សឺន ស៊ូប៊ែ ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ថ្លែង​ទៅ​កាន់​ព្រះសង្ឍ​ និង​អ្នក​ចូលរូម ប្រមាណ​ជាង​៧០០​នាក់​នៅ​វត្តចាស់​នៃ​រាជធានី​ភ្នំពេញ នៅថ្ងៃទី​០៤​មិថុនា​ ឆ្នាំ​២០១៦ នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​៦៧​ឆ្នាំ​ ថ្ងៃ​អាណានិគម​បារាំង​កាត់​ផ្ទេរ​ទឹកដី​ខ្មែរ ដែល​បច្ចុប្បន្ន​ហៅថា កម្ពុជា​ក្រោម​ ​ឲ្យ​ប្រទេសវៀតណាមនៅ​ឆ្នាំ​១៩៤៩។ ​(VOA)
រូបឯកសារ៖ លោក សឺន ស៊ូប៊ែ ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ថ្លែង​ទៅ​កាន់​ព្រះសង្ឍ​ និង​អ្នក​ចូលរូម ប្រមាណ​ជាង​៧០០​នាក់​នៅ​វត្តចាស់​នៃ​រាជធានី​ភ្នំពេញ នៅថ្ងៃទី​០៤​មិថុនា​ ឆ្នាំ​២០១៦ នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​៦៧​ឆ្នាំ​ ថ្ងៃ​អាណានិគម​បារាំង​កាត់​ផ្ទេរ​ទឹកដី​ខ្មែរ ដែល​បច្ចុប្បន្ន​ហៅថា កម្ពុជា​ក្រោម​ ​ឲ្យ​ប្រទេសវៀតណាមនៅ​ឆ្នាំ​១៩៤៩។ ​(VOA)

លោករ៉ាលហ្វ​ ​បាន់ជ្ហិ៍​ (Ralph Bunche) អគ្គលេខាធិការ​នៃអង្គការ​ពលរដ្ឋ​និង​ប្រជាជាតិ​គ្មាន​តំណាង​បានបន្ថែម​ថា៖

«ដរាបណា​ពលរដ្ឋ​នៅ​រក្សា​បាន​វប្បធម៌ ទំនាក់ទំនង និង​សាមគ្គីភាព​ឆ្លងព្រំដែន គឺ​ពួកគេ​មាន​ឱកាស​ហើយនិង​បើសិនជា​បស្ចិមប្រទេស​ដូច​ជា​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​ដាក់សម្ពាធខ្លះ​ លើ​វៀតណាម​ឱ្យ​បើកសិទ្ធិ​ផ្តល់​សិទ្ធិ​ស៊ីវិល ​និង​នយោបាយ​នោះគឺ​សហគមន៍ ​និង​មាន​កម្លាំង​គ្រប់​គ្រាន់ ​ដើម្បី​ប្រើប្រាស់​សិទ្ធិដែល​ផ្តល់​ឱ្យ​ ដើម្បី​គ្រប់គ្រង​ដោយ​ខ្លួន​ឯងបាន‍» ។

លោកចូស្សួរ កូផើ (Joshua Cooper) ​ប្រធាន​វិទ្យាស្ថាន​ហាវ៉ៃ​សម្រាប់​សិទ្ធិ​មនុស្ស​ បាន​បញ្ជាក់​ថា​ពលរដ្ឋ​ខ្មែ​ក្រោម​មាន​មូលដ្ឋាន​ច្បាប់​ ក្នុង​ការទាមទារ​របស់​ពួកគេ​ដែលមាន​ចែង​នៅក្នុង​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ ស្តីពី​សិទ្ធិ​ជនជាតិដើម​ ដោយផ្អែក​តាម​អនុសញ្ញា​អន្តរជាតិ​ ស្តីពី​សិទ្ធិ​ស៊ីវិល​ និង​សិទ្ធិ​នយោបាយ​និង​អនុសញ្ញាស្តីពី​សេដ្ឋកិច្ច សង្គមកិច្ច​និង​វប្បធម៌ ។

លោក​ចូស្សួរបាន​ពន្យល់បន្ថែមថា សន្និសីទ​នេះ​ ជាការពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ ដែលមាន​សិទ្ធិ​សេរីភាព​ក្នុងការបដិបត្តិសាសនា​ ការចូលរួម​របស់​យុវជន​ក្នុង​ការធ្វើ​សេចក្តី​សម្រេច​ចិត្ត ​និង​សិទ្ធិ​ក្នុងការកំណត់អត្តសញ្ញាណ​ផ្ទាល់ខ្លួន​ ដែល​រដ្ឋាភិបាល​វៀតណាម​បាន​កំណត់​ខុស​លើពួកគេ ។​

លោក​ចូស្សួរ បាន​បន្ថែម​ថា៖

«ដូច្នេះ​វាគឺជាការសំឡឹងមើលវិធី​ថ្មីមួយ​ឆ្ពោះទៅមុខ ​ដែល​ខ្មែរក្រោម​អាច​វិលត្រឡប់​មក​រកប្រព័ន្ធ​ជនជាតិដើម ​ដែល​ពួកគេ​រស់នៅ​ដោយ​សុខសាន​ជាមួយ ​នឹង​ធម្មជាតិ ជាមួយ​នឹង​ទន្លេ​មេគង្គ ប៉ុន្តែ​ក៏ផ្តល់​នូវ​អនាគតមួយ​ដល់​កូនចៅ​ជំនាន់នេះ​និង​ជំនាន់​ក្រោយ​ ។ ដូច្នេះ​ដីធ្លី​មាននៅ​ទីនោះសម្រាប់​ពួកគេ​ហើយ​សំខាន់ជាងនេះ​ទៀត​ គឺ​វប្បធម៌​មួយ​ដែល​កំណត់​គោល​នយោបាយ ​និង​ធានា​យ៉ាងច្បាស់​ថា​សន្តិភាព​ នឹង​កើតមានឡើង​សម្រាប់ពលរដ្ឋ​ខ្មែរ​ក្រោម ក្នុងពេល​អនាគត‍» ។​

លោកស្រី កៀន សុធី ​ប្រធាន​យុវជននៃសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ទទូច​ឱ្យ​យុវជនដទៃទៀត​ឱ្យ​ចូលរួម​ ក្នុង​សកម្មភាព​ទាមទារ​សិទ្ធិស្វ័យសម្រេច​ជោគវាសនា​របស់​ខ្លួន​ហើយ​បាន​ស្នើ​ឱ្យ​ជនរួមជាតិ​រក្សាក្តីសង្ឃឹម៖

«ដូច្នេះ​ហើយ​ថ្វីត្បិតតែ​យើង​នៅក្រោម​អាណានិគមយួន​មែន​ ហើយ​អ្វីដែល​យើង​ចង់​និយាយ​មាន​ការលំបាក​ខ្លាំងមែនទែន​ ក៏ប៉ុន្តែ​យើង​ត្រូវតែ​ស៊ូទ្រាំ​ហើយ​មានក្តីសង្ឃឹម​ថា​ យើង​មាន​សហព័ន្ធដែល​ជា​ពន្លឺ​មួយ​ ដែលខ្លាំង​មែនទែន​ ដែល នឹង​ជួយ​បង្ហាញ​ផ្លូវដើម្បី​ឱ្យ​យើង​មាន​សេរីភាព​ក្នុងការនិយាយស្តី​ក្នុង​ព្រះពុទ្ធសាសនា​ហើយ​ជាពិសេស​ក្នុងការដែល​យើង​ចង់​សម្រេច​វាសនា​ដោយ​ខ្លួនឯង‍» ។​

ក្រុមសកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​នៅ​ទូទាំងពិភពលោ​ក​តែងតែ​ដឹកនាំធ្វើបាតុកម្ម​នៅសហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប​ និង​ធ្វើ​សកម្មភាព​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​នៃ​បណ្តាប្រទេស​ទាំងនោះ ​ឱ្យ​លើកឡើង​ពី​ទុក្ខលំបាក​របស់​ពលរដ្ឋ​ខ្មែរកម្ពុជាក្រោម ​នៅរាល់ពេល​ដែលមាន​ក្រុមប្រតិភូ​ត្រូវ​ទៅ​ទស្សនកិច្ច​ប្រទេស​វៀតណាម ។

លោកប្រាក់ សេរីវុឌ្ឍ​ ក៏បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ចងចាំថា​ខ្មែរកម្ពុជា​ក្រោម​ក៏​ជាផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ផងដែរ ។

«រឿងរ៉ាវ​តស៊ូ​របស់​យើង​បើបងប្អូនខ្មែរ​ នៅកម្ពុជា​មិន​ខ្វល់មិន​រវីរវល់ទេ​ ការប្រឹងរបស់​ខ្មែរ​ក្រោម​ទទេ​មិន​គ្រប់កម្លាំងទេ​ ត្រូវគិត​ដល់បងប្អូនខ្មែរក្រោម​ទោះបី​តាមផ្លូវចិត្តក្តី​ឱ្យ​តែ​យល់​រឿង​យើង ។ នេះ​ហើយ​ជារឿង​មួយ​ដែល​យួន​វាព្រួយបារម្ភ​។ យួន​វាមិន​ចង់​ឱ្យ​ខ្មែរ​នៅ​កម្ពុជា​យល់​ដឹង​ពីរឿង​កម្ពុជា​ក្រោម​ ហើយ​បំភ្លេច​រឿង​ហ្នឹង​ថា​រឿងនៅស្រុកយួន​ប៉ុន្តែបើខ្មែរនៅកម្ពុជា​ចេះ​នឹក​ឃើញ​ដល់​កម្ពុជា​ក្រោម​គឺ​រឿង​យើង​អត់បាត់ទេ‍» ។

លោក​ក៏បានអំពាវនាវ​ដល់អាជ្ញាធរ​កម្ពុជា ​ជួយសម្រួល​ឱ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទទួល​បាន​ការជ្រកកោន​ផង នៅ​ពេល​ដែលពួកគេ​រត់ភៀសខ្លួន​មក​ដល់ទឹកដីកម្ពុជា ៕ ​

Leave A Reply

Your email address will not be published.