អង្គការសមាគមខ្មែរកម្ពុជាក្រោម ស្នើកម្ពុជាលើកយកបញ្ហារបស់ខ្មែរក្រោម ប្រាប់មេដឹកនាំវៀតណាម ឲ្យគោរពសិទ្ធិមនុស្ស
ពលរដ្ឋខ្មែរក្រោមអះអាងថា អាជ្ញាធរវៀតណាម នៅតែរំលោភបំពានសិទ្ធិពលរដ្ឋខ្មែរក្រោម បើទោះជាវៀតណាម គឺជាសមាជិកនៃអង្គការសហប្រជាជាតិ ដែលមានកាតព្វកិច្ចគោរពសិទ្ធិជនជាតិដើម ដែលចែងដោយអង្គការសហប្រជាជាតិក្ដី ។ ទាក់ទងបញ្ហានេះ អង្គការ-សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ស្នើដល់មេដឹកនាំរបបក្រុងភ្នំពេញ ជួយលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស ការរឹតត្បិតសិទ្ធិសេរីភាពខាងការសិក្សាអប់រំភាសាខ្មែរ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌របស់ពលរដ្ឋខ្មែរដើមនៅកម្ពុជាក្រោម ក្នុងជំនួបជាមួយមេដឹកនាំវៀតណាម ដែល នឹងមកទស្សនកិច្ចរយៈពេល២ថ្ងៃ នៅកម្ពុជា ។

អគ្គលេខាធិការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ឲ្យដឹងថា រដ្ឋាភិបាលវៀតណាម នៅតែបន្តរឹតត្បិតការសិក្សាអប់រំភាសាខ្មែរ ដែលមានបង្រៀនតាមទីវត្តអារាមនានា ជាពិសេសនៅក្នុងខេត្តដែលមានជនជាតិខ្មែរដើមរស់នៅច្រើន ដូចជាខេត្តព្រះត្រពាំង និងខេត្តឃ្លាំង ។ ក្រៅពីនេះ ក៏នៅមានបញ្ហាចាប់ព្រះសង្ឃខ្មែរក្រោមដាក់គុកដោយសារតែទាមទារការគោរពសិទ្ធិសេរីភាព និងការព្យាយាមបង្កើតសាលារៀនអក្សរខ្មែរនៅក្នុងវត្ត ។
លោក សឺន ជុំជួន បន្តថា វៀតណាម មិនអនុញ្ញាតឲ្យខ្មែរក្រោមបានសិក្សាអក្សរសាស្ត្រ ប្រវត្តិសាស្ត្រ ភូមិសាស្ត្រខ្មែរឲ្យបានទូលំទូលាយឡើយ ។ ផ្ទុយទៅវិញ វៀតណាម បានឲ្យខ្មែរក្រោមរៀនប្រវត្តិសាស្ត្ររបស់គេ ជាពិសេសគឺប្រវត្តិរបស់លោក ហូ ជី មិញ ។ លោក សឺន ជុំជួន ឲ្យដឹងដែរថា បច្ចុប្បន្ននេះ អាជ្ញាធរវៀតណាម តម្រូវឲ្យពលរដ្ឋខ្មែរកម្ពុជា សុំច្បាប់អនុញ្ញាត នៅពេលប្រារព្ធពិធីបុណ្យ ទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរម្ដងៗ ។ បន្ថែមពីនេះ អាជ្ញាធរវៀតណាម បន្តតាមដាន ឬកោះហៅពលរដ្ឋខ្មែរក្រោមទៅសួរនៅពេលទៅលេងស្រុកកំណើតជួបជុំគ្រួសារម្តងៗ ជាពិសេសអ្នកដែលគេដឹងថាតែងធ្វើការតស៊ូមតិប្រឆាំងការរំលោភសិទ្ធិមនុស្សរបស់វៀតណាម នៅក្រៅប្រទេស ។
លោក សឺន ជុំជួន ស្នើដល់រដ្ឋាភិបាលកម្ពុជា ជួយលើកឡើងអំពីបញ្ហាប្រឈមរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម ដាក់ជូនមេដឹកនាំវៀតណាម ខណៈប្រធានាធិបតីប្រទេសវៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) កំពុងបំពេញទស្សនកិច្ច ២ ថ្ងៃ នៅប្រទេសកម្ពុជា នៅថ្ងៃ២៥ និងទី ២៦ ខែកុម្ភៈ ។
«តាមរយៈហ្នឹងយើងក៏ស្នើដល់រដ្ឋាភិបាលកម្ពុជាយើង ប្រមុខរដ្ឋកម្ពុជាយើងនៅពេលដែលស្វាគមន៍ ប្រធានរដ្ឋវៀតណាម តាមរយៈហ្នឹង យើងក៏សូមឲ្យគាត់ជួយលើកយកបញ្ហាដែលយើងធ្លាប់តែធ្វើរបាយការណ៍ដាក់ជូនរដ្ឋាភិបាលរាល់ដងហ្នឹង។ លើកបញ្ហាប្រាប់ដល់ប្រធានាធិបតីវៀតណាមហ្នឹង ពិចារណាក្នុងដោះស្រាយបញ្ហានានា ដែលពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនៅឯកម្ពុជាក្រោម។ ខ្ញុំសូមស្នើឲ្យរដ្ឋាភិបាលវៀតណាម អាជ្ញាធរវៀតណាមគួរតែមានការយកចិត្តទុកដាក់ដូចដែលរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ប្រជាជនរបស់ខ្លួននៅកម្ពុជាអ៊ីចឹង»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា លោកមិនបានដឹងអំពីសំណើរបស់អង្គការ-សមាគមខ្មែរកម្ពុជាក្រោម ដាក់មេដឹកនាំប្រទេសវៀតណាម តាមរយៈជំនួបទ្វេភាគី ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមនេះទេ ។ ចំណែករបាយការណ៍អំពីការរំលោភសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលសមាគមខ្មែរកម្ពុជាក្រោម ថាបានដាក់ជូនរដ្ឋាភិបាលកម្ពុជា ក៏លោកមិនបានដឹងដែរ ។
«ខ្ញុំអត់ដឹងសាច់រឿងហ្នឹងសោះ អត់ដឹង។ មិនដឹងជាបងប្អូនខ្មែរកម្ពុជាក្រោម លោកស្នើអ្វីខ្លះ អត់ដឹងអាលីង។ ទី១ ខ្ញុំអត់បានដឹងពីការដាក់របាយការណ៍ជូនរដ្ឋាភិបាលកម្ពុជា។ គាត់ដាក់មកខាងណា ដាក់ពីថ្ងៃណា ខ្ញុំអត់ដឹង។ ហើយទាក់ទងនឹងការជជែកគ្នា ក្នុងជំនួបថ្នាក់ដឹកនាំកំពូលរបស់វៀតណាម ក៏ខ្ញុំមិនដឹងដែរ»។
អង្គការខ្មែរក្រោមប៉ាន់ប្រមាណថា បច្ចុប្បន្នមានពលរដ្ឋខ្មែរក្រោមប្រមាណពី ៨ ទៅ ១០ លាននាក់កំពុងរស់នៅលើដែនដីកម្ពុជាក្រោម ហើយមានវត្តអារាមជិត ៥៦០ វត្ត ។
អង្គការ-សមាគមខ្មែរកម្ពុជាក្រោម បញ្ជាក់ជំហរថា ដរាបណាវៀតណាម មិនគោរពសិទ្ធិសេរីភាពខ្មែរក្រោមឲ្យបានពេញលេញនោះទេ ខ្មែរក្រោមនឹងនៅតែបន្តការតវ៉ាទាមទារឲ្យវៀតណាម គោរពកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាប្រទេសសមាជិកនៃអង្គការសហប្រជាជាតិ ។
ចំណែក សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរៀបចំយុទ្ធសាស្ត្រមួយចំនួនសម្រាប់ឆ្នាំ ២០១៩ ដើម្បីធ្វើការតស៊ូមតិនៅលើឆាកអន្តរជាតិ ដើម្បីធានាឱ្យរដ្ឋាភិបាលវៀតណាមផ្ដល់សិទ្ធិសេរីភាពពេញលេញ និងសិទ្ធិស្វ័យសម្រេច ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់លើទឹកដីកំណើត ដែលកំពុងគ្រប់គ្រងដោយវៀតណាម ៕ RFA