ខ្មែរក្រោមនឹងបានធូរស្បើយបើកម្ពុជាមានរដ្ឋាភិបាលមួយដែលមិនទុកខ្មែរគ្នាឯងជាសត្រូវ
នៅពេលថ្មីនេះ ការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោម បានទទួលលិខិតមួយច្បាប់តាម រយៈសារអ៊ីម៉ែលពីអ្នកស្ដាប់នៅកម្ពុជាក្រោម ។ ម្ចាស់លិខិតនេះ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនជុំវិញ ព្រឹត្តិការណ៍ បោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី ៥ នៅក្នុងប្រទេសកម្ពុជា និងអំពីការ ចូលរួមរបស់ខ្មែរក្រោម ដើម្បីផ្លាស់ប្ដូរនៅក្នុងប្រទេសកម្ពុជា ។ ពីប្រទេសកាណាដា អ្នកនាង ថាច់ សុជាតា សូមធ្វើសេចក្ដីរាយការណ៍ខ្លឹមសារដើមនៃលិខិតនេះដូចតទៅ ៖

រដ្ឋាភិបាលខ្មែរមួយ ដែលមិនទុកខ្មែរគ្នាឯងជាសត្រូវ
“ សូមថ្វាយបង្គំព្រះថេរានុថរៈគ្រប់ព្រះអង្គជាទីគោរព !
សូមជំរាបមកបងប្អូនខ្មែររួមលោហិត ជាទីនឹករឭកស្នេហា !
នៅពេលដែលរដូវវស្សាធ្វើដំណើរមកដល់ ជាមួយនឹងភ្លេកបន្ទោរផ្គររន្ទះសូរកក្រើកប្រថពី នៅ កម្ពុជា ឯណោះ សភាពការណ៍នយោបាយក៏ហាក់ដូចជាកំពុងកក្រើករំជួយយ៉ាងខ្លាំងក្លាប្លែកពីធម្មតា ។ គឺដោយសារការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ កាន់តែរំកិលមកជិត ការបង្ហាញភាពគាំទ្រចំពោះបក្សប្រឆាំង គឺបក្សសង្គ្រោះជាតិ ពី សំណាក់មហាជនខ្មែរ និងអន្តរជាតិ ហាក់ដូចជាមានសន្ទុះកាន់តែស្រួចស្រាវពីមួយថ្ងៃទៅមួយថ្ងៃ ។ សន្ទុះកម្លាំងក្នុងការចង់ ឃើញឲ្យមានការផ្លាស់ប្តូរមួយថ្មីនៅកម្ពុជា ដែលមានរដ្ឋាភិបាលបន្តុបឡើង ដោយបក្សកុម្មុយនិស្តវៀត ណាមតាំងពីឆ្នាំ ១៩៧៩ មក បន្ទាប់ពីការផ្លាស់ប្តូរមួយដែលទទួលបរាជ័យ ក្រោយការបោះឆ្នោតដែល រៀបចំដោយអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៩៣ ដែលជាផ្លែផ្កានៃកិច្ច ព្រមព្រៀងក្រុងប៉ារីស នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ កំពុងឡើងកំរិតខ្ពស់ ដែលគេមិនអាចទាយ ទុកថា តើឆន្ទៈមហាជនក្នុងរឿងនេះ នឹងឡើងដល់កម្រិតណាដែរ ។ ហើយនៅក្នុងពេលជាមួយគ្នានោះ មានខ្មែរខ្លះ រហូតដល់មានការព្រួយ បារម្ភថា បើបក្សសង្គ្រោះជាតិឈ្នះឆ្នោត ហើយនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនព្រមចុះចេញពីដំណែង ដោយអាងលើការគាំទ្រពីបរទេស ដែលអាចពីសំណាក់ ប្រទេរសវៀតណាមផង ពីប្រទេសចិនផង ព្រមទាំងកម្លាំងយោធានិងមន្ត្រីរាជការក្នុងជួររដ្ឋាភិបាលផង កម្ពុជាអាចប្រឈមនឹង វិបត្តិមួយថ្មី ទៀត…។ ល។
ព្រះតេជព្រះគុណ ព្រមទាំងបងប្អូនខ្មែររួមលោហិតជាទីគោរពស្នេហា !
ដោយយើងមានខ្សែលោហិតជាជាតិខ្មែររួមគ្នា បន្តពូជជាតិសាសន៍មួយដ៏ប្រកបទៅដោយ អរិយធម៌ អតីតកាលរុងរឿងស្ទើរតែផុតគេនៅក្នុងសកលលោក ទោះបីជាព្រះអង្គនិងបងប្អូនរួម លោហិត នៅកម្ពុជាពុំបានជ្រួតជ្រាបពិតប្រាកដ អំពីសុខទុក្ខដែលព្រះសង្ឃនិងខ្មែរក្រោមជាងដប់ លាននាក់ ដែលត្រូវ គេកាត់ផ្តាច់ឲ្យទៅរស់នៅក្រោមកណ្តាប់ដៃដែករបស់យួន តំណវង្សត្រកូលមក ហើយនោះ ក៏ខ្មែរក្រោមនៅតែព្យាយាមផ្ញើក្តីសង្ឃឹម និងចងភ្ជាប់ភព្វវាសនា ជាមួយបងប្អូននៅកម្ពុជា ជារហូតមក ។ គ្រប់ពេលវេលា ពួកខ្ញុំតែងគិតថា សុខទុក្ខរបស់បងប្អូនខ្មែរនៅឯនាយខ្សែព្រំដែនម្ខាង ដែលមានរូបប្រសាទ អង្គរវត្ត បោះឡើងលើទង់ជ័យជាតិ គឺជាសុខទុក្ខរួមរបស់យើងទាំងអស់គ្នា។ នេះគឺជាជម្រើសមួយដែល កើតឡើងដោយឯងៗ ពីក្នុងបេះដូងខ្មែរក្រោមដ៏អភព្វ ដែលត្រូវបានគេ បំភ្លេចចោល ស្ទើរតែទាំងស្រុង។ ទោះជាតាមការចងចាំ និងឯកសារប្រវត្តិសាស្ត្រ ពុំបានបង្ហាញអំពី សកម្មភាពណាមួយរបស់ រដ្ឋាភិបាលខ្មែរ ក្នុងការការពារព្រះសង្ឃព្រមទាំងប្រជាពលរដ្ឋខ្មែរក្រោម ដែលត្រូវពួកយួនរំលោភសិទ្ធិ សេរីភាពតាមអំពើចិត្ត ក៏ខ្មែរក្រោមតែងតាំងចិត្តធ្វើពលិកលម្មសព្វបែប យ៉ាង ដើម្បីប្រទេសកម្ពុជា ឯករាជ្យ។ មានជាឧទ្ទាហរណ៍ ពលិកម្មដ៏សុទ្ធចិត្តរបស់ទ័ពម៉ៃហ្វក និង កន្សែងស មកជួយច្បាំងការពារ បូរណភាពទឹកដីកម្ពុជា ដែលត្រូវទ័ពយៀកកុងវាយលុកឈ្លានពាន នាទសវត្សរ៍ឆ្នាំ ១៩៧០ ជាដើម ។ ប៉ុន្តែយើងក៏ចងចាំដែរ អំពីសកម្មភាពនៃរដ្ឋាភិបាលខ្មែរបច្ចុប្បន្ន ដែលមិនបានបង្ហាញការឈឺឆ្អាល ទាល់តែសោះ ចំពោះទុក្ខលំបាករបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ ខ្មែរក្រោម ទាំងនៅកម្ពុជាក្រោម ទាំងនៅកម្ពុជា ហើយថែមទាំងជួយដល់រដ្ឋាភិបាលលយួន ក្នុងការ តាមចាប់ព្រះសង្ឃនិងខ្មែរក្រោម ដែលបានភៀសខ្លួនមកជ្រកកោននៅកម្ពុជា ដើម្បីប្រគល់ទៅឲ្យ រដ្ឋាភិបាលយួនធ្វើបាបដាក់គុក ច្រវាក់ទៀតផង ។ ដូច្នេះហើយ ចង់ឬមិនចង់ ខ្មែរក្រោមក៏ប្រហែល ជាចង់ឲ្យមានការផ្លាស់ប្តូរមួយដែរ នៅកម្ពុជា ក្នុងការបោះឆ្នោតខាងមុខនេះ ។
លិខិតនេះ សរសេរផ្ញើមកប្រគេនព្រះសង្ឃ ព្រមទាំងបងប្អូនរួមលោហិត ក្នុងន័យថា ការ បោះ ឆ្នោតជ្រើសរើសបេក្ខជនដែលជាទីសង្ឃឹមរបស់យើង គឺជាសិទ្ធិផ្ទាល់របស់យើងម្នាក់ៗ ។ ហើយក៏ ក្នុងន័យសង្ឃឹមថា ការប្រែប្រួលឯណានិមួយនៅកម្ពុជា អាចនឹងនាំមកនូវសេចក្តីសុខសន្តិភាព និង ការរីកចំរើននៅកម្ពុជាផង ជួយបន្ធូរនូវទុក្ខលំបាករបស់ព្រះសង្ឃនិងប្រជាពលរដ្ខខ្មែរនៅកម្ពុជាក្រោមផង ដែរ តាមរយៈរដ្ឋាភិបាលខ្មែរមួយ ដែលមិនទុកខ្មែរគ្នាឯង ជាសត្រូវ ។
ទោះជាយ៉ាងណាក៏ដោយ សតិរលឹកដឹងរបស់ខ្មែរក្រោមគ្រប់ពេលវេលា គឺយើងមិនត្រូវ បណ្តោយ ឲ្យស្ថានការណ៍ណាមួយ មករលប់លើមូលហេតុដើម នៃដំណើរតស៊ូអហិង្សា ដោយ ស្វិតស្វាញ របស់ខ្មែរក្រោម ដើម្បីទាមទារឲ្យយួនគោរពសិទ្ធិយើងជាជនជាតិដើម ហើយក៏មិនគួរ សង្ឃឹម” ពេក “ ថាស្ថាន ការណ៍នៅកម្ពុជា អាចនឹងជួយរំដោះយើងពីនឹមដែករបស់យួនបានដែរ ក្រៅពីស្មារតី ”ខ្លួនទីពឹងលើខ្លួនឯង”។
អ្វីដែលជាក្តីសង្ឃឹម និងសំណូមពរពីកម្ពុជាក្រោម គឺសូមបែរបន់ កុំឲ្យការបោះឆ្នោតនេះ នាំបង្កឲ្យមានការបែកបាក់សាមគ្គីភាពរវាងខ្មែរនឹងខ្មែរកាន់តែជ្រៅទៅ ព្រោះថា ការយកចាញ់ឈ្នះ ស្លាប់ រស់រវាងខ្មែរគ្នាឯង គឺជាការនាំផលប្រយោជន៍ឲ្យសត្រូវ តែប៉ុណ្ណោះ ។
ពាក្យចាស់បុរាណខ្មែរ បានចារទុកថា “រនាបបាក់យករនាបជួស សម្ដីហួសជួសវិញមិនបាន ឡើយ” ។ ក្នុងការឃោសនា សូមមេត្តាកុំឲ្យមានពាក្យសំដីណាដែលបង្កើតការឈឺចាប់ ឲ្យមានរបួស ស្លាកស្នាមជ្រៅពេក ឲ្យមានអនុស្សាវរីយ៍ជូរចត់ពេក រហូតមិនឲ្យខ្មែរធ្វើការផ្សះផ្សាជាតិបាន ។
យើងខ្ញុំជាខ្មែរក្រោម មានសង្ឃឹមថា ទាំងព្រះសង្ឃ ទាំងបងប្អូនខ្មែរកណ្តាល និងខ្មែរក្រោម នៅកម្ពុជា ក៏ដូចជានៅគ្រប់ជ្រុងជ្រោយនៃពិភពលោក យល់ពីទឹកចិត្តខ្មែរនៅកម្ពុជាក្រោម ដែលមិន ចង់ឃើញប្រទេសកម្ពុជាមានភព្វវាសនាដូចកម្ពុជាក្រោម ហើយសូមព្រះអង្គនិងជនរួមលោហិត មេត្តា ទទួលនូវសេចក្តីគោរព ស្នេហា និងនឹករលឹកដ៏លើសលប់ ពីព្រះសង្ឃនិងបងប្អូនខ្មែរ នៅ កម្ពុជាក្រោម។
ធ្វើនៅកម្ពុជា ខែកក្កដា ឆ្នាំ២ ០១៣
តាមការជួបសំណេះសំណាលផ្តាំផ្ញើ ពីព្រះសង្ឃ និងខ្មែរមកពីកម្ពុជាក្រោម”