ខ្មែរក្រោម នឹងរលាយបើមិនភ្ញាក់រឭកទាន់ពេលវេលា
ដោយ លី ឈូន
ដោយមើលឃើញប្រជាពលរដ្ឋខ្មែរក្រោមមួយចំនួន កំពុងឈ្លក់ នឹងភាពភ័យខ្លាចអំណាចរបស់អាជ្ញាធរវៀតណាម ឈ្លក់ នឹងភាពស៊ីវល័យ ហើយនាំគ្នាត្រាប់តាមចរិតបរទេសត្រាប់តាមវប្បធម៌បរទេស ប្រើភាសា អក្សរសាស្ត្រ និងទំនៀមទម្លាប់វៀតណាមជាធំ ក្នុងសហគមន៍របស់ខ្លួន ពិសេសក្នុងវត្តអារាមខ្មែរជាដើម ។ ជាហេតុធ្វើឱ្យមានមតិជាច្រើនបានលើកឡើងថា នេះជាហានិភ័យ ដែលនាំឲ្យជាតិរបស់ខ្មែរក្រោមត្រូវរលាយ ។ ចំណែក អង្គការសង្គមស៊ីវិលខ្មែរក្រោមវិញបញ្ជាក់ថា ពូជសាសន៍ខ្មែរក្រោម នឹងមិនរលាយទេ ព្រោះពួកគេបានភ្ញាក់រឭកទាន់ពេលវេលា ។

លោកគ្រូអាចារ្យបង្រៀនមួយព្រះអង្គគង់នៅវត្តកោះដូង ព្រះអង្គសុំមិនបញ្ចេញព្រះនាមព្រះអង្កប្រាប់សារព័ត៌មានព្រៃនគរ និងវិទ្យុសំឡេងកម្ពុជាក្រោម នៅថ្ងៃនេះថា វត្តសេរីមុនីសោភ័ណ ហៅវត្តកោះដូង នេះ ឋិតនៅក្នុងស្រុកវាលផ្លុង ដែលវៀតណាមប្ដូរឈ្មោះថ្មីថា (Phuoc Long ) ខេត្តពលលាវ ហៅ (Bac Lieu) ដែនដីកម្ពុជាក្រោម ។
ព្រះអង្គមានថេរដីកាបន្តថា វត្តកោះដូងខ្សត់ពុទ្ធបរិស័ទខ្មែរណាស់ ចំណុះជើងវត្តមានតែជាង ២០០ គ្រួសារខ្មែរប៉ុណ្ណោះ ហើយភាគច្រើននៅឆ្ងាយពីវត្តរហូតដល់ទៅជាង ១០ គីឡូម៉ែត្រពីវត្តក៏មាន ។ មូលហេតុដែលខ្សត់ពុទ្ធបរិស័ទខ្មែរដោយសារតែក្នុងសម័យសង្គ្រាមបារាំង ជប៉ុន នៅឆ្នាំ ១៩៤៥ ខ្មែរក្រោមនៅតំបន់នេះ ត្រូវបានពួកយៀក មិញសម្លាប់រង្គាល ឯវត្តអារាមក៏ត្រូវបានយៀកមិញ ដុតបំផ្លាញទៅជាផេះផង់ ផងដែរ ។
ព្រះអង្គបញ្ជាក់ថា ពេលនិមន្តទៅបុណ្យទានម្ដងៗ ព្រះអង្គរមិនចង់ប្រើភាសាវៀតណាម ក្នុងការអត្ថាធិប្បាយ ឬទេសនា អំពីខ្លឹមសារនៃបុណ្យទេ តែពុទ្ធបរិស័ទបានសំណូមពរឲ្យព្រះអង្គប្រើភាសាវៀតណាម ព្រោះពុទ្ធបរិស័ទខ្មែរភាគច្រើនមិនចេះភាសាខ្មែរ ។
លោកគ្រូអាចារ្យបង្រៀន៖ «នៅវត្តកោះដូងយើងនេះ មិនសូវមានខ្មែរផង ឥឡូវហ្នឹងទៅសូត្រធម៌តាមភូមិ តាមស្រុកហ្នឹង ចង់និយាយអំពីអត្ថន័យបុណ្យអីហ្នឹង ។ គ្រួសារគេសំណូមពរឲ្យនិយាយភាសាវៀតណាមតែម្ដងទៅ ព្រោះចេះភាសាខ្មែរ តែប្ដីប្រពន្ធទេ កូនៗ មិនចេះផងលោកគ្រូអើយ និយាយភាសាវៀតណាមតែម្ដងទៅ» ។
លោកគ្រូអាចារ្យបង្រៀនអង្គនេះ បញ្ជាក់បន្តថា វត្តកោះដូង ពុទ្ធបរិស័ទខ្មែរតិចចំណែកការកសាងកុដិ សាលា ព្រះវិហារព្រមទាំងការឧបត្ថម្ភដល់ការសិក្សារបស់ព្រះសង្ឃ ឬក្មេងជាដើម ភាគច្រើនពឹងពាក់ចំពោះសទ្ធាជ្រះថ្លារបស់សប្បុរសជន និងពុទ្ធបរិស័ទវៀតណាម ទាំងក្នុងចំណុះជើងវត្ត និងទាំងពុទ្ធបរិស័ទមកពីទីឆ្ងាយ មានមកពីទីក្រុងព្រៃនគរជាដើម ដូច្នេះហើយបានជាក្នុងពេលធ្វើបុណ្យទានម្ដង ៗ ដូចជាបុណ្យកឋិនទានជាដើម តែងមានប្រើភាសាវៀតណាម និងអនុវត្តកម្មវិធីមួយចំនួនទៅតាមទំនៀបទម្លាប់របស់វៀតណាមខ្លះ ហើយទៅតាមតម្រូវការម្ចាស់សាមីដើមទាន ។ ព្រះអង្គបញ្ជាក់សាជាថ្មីថា ការកសាងទាំងអស់ក្នុងវត្តកោះដូង ទាំងផ្នែកសេនាសនៈក្ដី សិល្បៈក្ដី និងធនធានមនុស្សក្ដីមិនឲ្យប្រាសចាកពីលក្ខណៈពុទ្ធសាសនាខ្មែរ និងវប្បធម៌ខ្មែរឡើយ ។
លោកគ្រូអាចារ្យបរៀន៖ «អ្នកដឹកនាំត្រូវមានឧត្ដមគតិ ដឹកនាំទៅតាមមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធ ខំរក្សាទំនៀបទម្លាប់ប្រពៃណី អរិយធម៌ពីជីដូន ជីតាយើងមកទី ១ និងទី ២ ទៅតាមកាលទេស ដើម្បីបង្កបង្កើតនូវសទ្ធាជ្រះថ្លា ដើម្បីបង្កបង្កើត អភិវឌ្ឍន៍សង្គមយើងមិនបែងចែកនូវវណ្ណៈពណ៌សម្បុរឡើយ» ។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំអឺរុបលោក ត្រឹង សារ៉ុង លើកឡើងថា លោកសូមកោតសរសើរចំពោះព្រះសង្ឃពុទ្ធបរិស័ទខ្មែរក្រោម ដែលបានខិតខំកៀងគរសប្បុរសជនគ្រប់ចតុទិសឲ្យចូលរួមជួយកសាងវត្តអារាម កុដិ សាលា វិហារ បានធំស្គឹមស្គៃល្អស្អាត ។ តែសូមពុទ្ធបរិស័ទខ្មែរក្រោមគ្រប់ទីកន្លែង ប្រុងប្រយ័ត្នឱ្យមែនទែន ថែរក្សាវត្តអារាម សិល្បៈកេរដូនតាខ្មែរ កុំឲ្យជាតិសាសន៍ដទៃចូលជ្រៀតជ្រែក កាឡៃសិល្បៈវប្បធម៌ខ្មែរបានឲ្យសោះ ។ ពោល គឺខ្មែរក្រោមទទួលយកការចូលរួមបំពេញកុសល កសាងពីសប្បុរសជនគ្រប់ទិសទី តែមិនទទួលការចូលរួមកែប្រែសិល្បៈវប្បធម៌ខ្មែរឡើយ ។
វត្តអារាមជាដួងព្រលឹងរបស់ខ្មែរក្រោម ទន្ទឹម នឹងនេះដែរ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីប អឺរុប សំណូមពរថា សូមកុំភ្លេចកសាងធនធានមនុស្សផង ពីព្រោះធនធានមនុស្សជាឆ្មាំដ៏រឹងមាំ សម្រាប់ការពារសម្បត្តិមត៌កវប្បធម៌ជាតិទាំងនេះ ឲ្យគង់វង្សបាន ។
លោក ត្រឹង សារ៉ុង៖ «យើងត្រូវសរសេរក្នុងនាមជាលក្ខណៈប្រវត្តិវិញ អំពីការខិតខំរបស់បុព្វបុរសយើងផ្សេងៗ តាមវត្តិនីមួយៗ ដែលកន្លងពីមុនមក លោកខំប្រឹងកសាងសព្វគ្រប់បែបយ៉ាង ហ្នឹងហើយជាកេរដំណែល ។ កេរដំណែលមិនមែនមានតែសំបកផ្ទះហ្នឹងទេ គឺនៅក្នុងផ្ទះហ្នឹងមានអីខ្លះ ដូច្នេះវត្តអារាមហ្នឹង ព្រះចៅអធិការត្រូវដឹងគុណ ព្រះចៅអធិការពីមុនៗបុព្វបុរសពីមុនៗ អស់លោក បានធ្វើអ្វីខ្លះ» ។

ចំណែក ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំកម្ពុជាលោក តាំង សារៈ បញ្ជាក់ថា ក្នុងរដូវកឋិនកាលមួយខែនេះ លោកក៏ឮ ក៏ឃើញមតិជាច្រើនទាំងក្នុង និងក្រៅបណ្ដាញព័ត៌មានសង្គម ពោលសរសើរដល់ការរីកដុះដាលនូវការប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ និងសិល្បៈកម្សាន្ត របស់ប្រជាពលរដ្ឋខ្មែរក្រោម ។ ទន្ទឹម នឹងនេះ ក៏មានមតិមួយចំនួនលើកឡើងថា ពេលនេះអាជ្ញាធរវៀតណាមបានបន្ធូរបន្ថយច្រើនដល់ខ្មែរក្រោម ក្នុងការប្រតិបត្តិប្រពៃណីទំនៀមទម្លាប់របស់ខ្លួន ។
ឆ្លើយតម នឹងការលើកឡើងនេះ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំកម្ពុជា បំភ្លឺថា ការបន្ធូរបន្ថយរបស់អាជ្ញាធរវៀតណាមពេលនេះ គ្រាន់តែជាការសំដែងកាយវិការមនុស្សធម៌ក្លែងក្លាយប៉ុណ្ណោះ ការសំដែងដូច្នេះ ប្រការទីមួយ គឺដើម្បីឲ្យរួចផុតពីការ ស្ដីបន្ទោសពីសហគមន៍អន្តរជាតិករណីរំលោកសិទ្ធិជនជាតិដើមខ្មែរក្រោម រួចហើយគេ នឹងកាត់ជំនួយផ្នែកណាមួយពីរដ្ឋាភិបាលវៀតណាម ជាមិនខាន ។
ប្រការទីពីរទៀតមនុស្សធម៌ក្លែងក្លាយរបស់របបកុម្មុយនិស្តុវៀតណាមនេះ ដើម្បីទាញយកសិល្បៈប្រពៃណីខ្មែរ ធ្វើជាកីឡាកម្សាន្ត វត្តអារាមខ្មែរ បិតិកភ័ណ្ឌខ្មែរធ្វើជាសួនកម្សាន្ត ។ ចំពោះការយកសម្បត្តិវប្បធម៌ខ្មែរក្រោម ធ្វើអាជីវកម្មនេះ វៀតណាមបានកេងចំណេញថវិកាមិនតិចទេចូលទៅក្នុងហោប៉ាវរបស់គេ ។
ប្រការទីបីនោះ គឺមនុស្សធម៌ក្លែងក្លាយរបស់របបកុម្មុយនិស្តុវៀតណាម ធ្វើជាបន្ធូរបន្ថយឲ្យខ្មែរក្រោមប្រតិបត្តិទំនៀមទម្លាប់ប្រពៃណីខ្មែរនោះ ក៏ព្រោះតែវៀតណាមខ្លាចសហគមន៍អន្តរជាតិគាំទ្រដល់ការស្វែងរកសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯងរបស់ខ្មែរក្រោម ប្រសិនជាវៀតណាម នៅបន្តការគាបសង្កត់បិទសិទ្ធិសេរីភាពខ្មែរក្រោម ដូចពេល មុន ។
លោក តាំង សារៈ ស្វាគមន៍ចំពោះការខិតខំប្រឹងប្រែងតស៊ូដោយសន្តិវិធី និងអហិង្សាថែរក្សាទំនៀមទម្លាប់របស់ប្រជាជាតិខ្មែរក្រោម ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ទាំងមន្ត្រីរដ្ឋការ នៅកម្ពុជាក្រោមសព្វថ្ងៃ ហើយលោកសូមឲ្យខ្មែរក្រោមរក្សានូវជំហរតស៊ូ ទាមទារសិទ្ធិជាជនជាតិដើមរបស់ខ្មែរក្រោម ដោយពឹងផ្អែកទៅលើសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមជាមូលដ្ឋានស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ នេះតទៅទៀតទើបរដ្ឋអំណាចវៀតណាមមិនអាចរារាំងនូវការតស៊ូនេះបាន ។
ទន្ទឹម នឹងនេះដែរលោកតាំង សារៈក៏បានប្រតិកម្មចំពោះមតិលើកឡើង នៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន ដែលមានទិដ្ឋិអគតិចំពោះខ្មែរ ។ លោកបញ្ជាក់ថា ខ្មែរក្រោមដែលរស់រានមានជីវិត និងរក្សាអត្តសញ្ញាណរបស់ខ្លួនបានមកដល់សព្វថ្ងៃនេះ គឺជាការលះបង់សាច់ស្រស់ឈាមស្រស់របស់ដូនតាខ្មែរ ប្រយុទ្ធប្រឆាំង នឹងការកាប់សម្លាប់បំបាត់ពូជសាសន៍ខ្មែរពីរបបអាណានិគមវៀតណាមគ្រប់ជំនាន់ មិនមែនបានមកដោយសារវៀតណាមអនុគ្រោះនោះទេ ។
លោកតាំង សារៈ៖ «ដូច្នេះសូមបងប្អូនខ្មែរ គ្រប់ទីកន្លែង គ្រប់និន្នាការ កុំបញ្ឍឺខ្មែរកម្ពុជាក្រោមដោយនិយាយថា កុំឲ្យជឿខ្មែរកម្ពុជាក្រោមបច្ចុប្បន្ន ព្រោះវាខួរក្បាលយួន ។ អស់លោកគួរអាណិតដល់ខ្មែរកម្ពុជាក្រោម ដែលរស់នៅក្រោមគំនាប គាបសង្កត់ របស់គេហើយខិតខំរើរបម្រាសឡើងរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីយ៉ាងនេះ គួរណាស់តែបងប្អូនទាំងអស់អាណិតអាសូរដល់ខ្មែរកម្ពុជាក្រោមផង ។ ដែលអស់លោកមិនទាន់បានជួបនូវទិដ្ឋភាពបែបនោះ ប្រសិនបើអស់លោកបានជួបនូវទិដ្ឋភាពអស់នោះ នោះអស់លោកទើបដឹងថាការឈឺចាប់របស់ខ្មែរក្រោមមានដល់កម្រិតណា» ។

ការលើកឡើងនេះ បន្ទាប់ពីបញ្ចប់រដូវកាលកឋិនកាលមួយខែ នៃខែតុលាកន្លងទៅនេះ ដែលពុទ្ធបរិស័ទខ្មែរក្រោមប្រារព្ធពិធីបុណ្យកឋិនទានយ៉ាងគគ្រឹកគគ្រេង អមដោយសិល្បៈតន្ត្រីមានទាំងសម័យ និងបូរាណផងធ្វើឱ្យផ្ទុះនូវការសរសើមិនដាច់ពីមាត់តាំងពុទ្ធបរិស័ទក្នុងស្រុក និងក្រៅស្រុក ទន្ទឹម នឹងការសរសើរក៏មាន ការរិះគន់ផងដែរ ។ ដែលរងការរិះគន់ច្រើនជាងគេ គឺការរាំសប្បាយរបស់យុវជនមួយចំនួន ដែលរាំតែចង្វាក់ញាក់ នៅក្នុងវត្តទោះជាចង្វាក់រាំវង់ ក៏នៅតែញាក់ ។ រីឯតាមវត្តអារាមខ្មែរមួយចំនួន ប្រតិបត្តិទំនៀមទម្លាប់វៀតណាម ប្រើភាសាវៀតណាមច្រើនជាងភាសាខ្មែរជាដើម ។
ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម លោកព្រឹទ្ធាចារ្យ សឺង សម្រេច បានព្យាករណ៍ទុកថា ជាតិខ្មែរក្រោម នឹងមិនរលាយឡើយ ព្រោះខ្មែរភ្ញាក់រឭកហើយ ។
ព្រឹទ្ធាចារ្យ សឺន សម្រេច៖ «ដូច្នេះមធ្យោបាយរបស់យើង គឺប្រើពាក្យដែលអាចដាស់សតិ គ្នាយើងកុំឲ្យដេកលក់ ។ នៅក្នុងប្រយោគរបស់ព្រះពុទ្ធអង្គ មួយឃ្លាថា ម្រឹគដែលឆ្លាតដេកលើអន្ទាក់ហើយ មិនជាប់អន្ទាក់ហើយ មិនជាប់អន្ទាក់ទៀត ។ ចំណែកយើងនៅជាមួយគេឲ្យស្រួល គ្រាន់ថាកុំឲ្យជាប់អន្ទាក់ ដេកហើយក្រោកឡើងដើរឆ្កុយអត់មានជាប់អន្ទាក់ មកពីយើងចេះដេក» ។
ការតស៊ូរបស់ខ្មែរក្រោម ឲ្យរួចផុតពីអន្ទាក់វៀតណាម ដើម្បីថែរក្សាអត្តសញ្ញាណជាតិខ្លួនឲ្យបានគង់វង្សនោះ គឺមាគ៌ា តស៊ូដោយសន្តិវិធី និងអហិង្សា ស្របតាមច្បាប់ជាតិ និងអន្តរជាតិនេះឯង ហើយតាមរយៈមាគ៌ានេះ សព្វថ្ងៃខ្មែរក្រោម កំពុងតែប្រតិបត្តិពីប្រពៃណីទំនៀមទម្លាប់របស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន និងរីករាលដាលថែមទៀតផង ៕