កម្មករខ្មែរក្រោម នៅក្នុងទីក្រុងព្រៃនគរ ផ្ទុះការតវ៉ាចង់ចាកចេញពីតំបន់បិទខ្ទប់ ដោយសារបញ្ហាខ្វះស្បៀង
ដោយ ស៊ឺន ចែងចើន
កម្មករខ្មែរក្រោម ស្ថិតនៅក្នុងតំបន់ក្រហម ឬតំបន់បិទខ្ទប់ នៅទីក្រុងព្រៃនគរ នាំគ្នាប្រមូលផ្ដុំ នៅមុខប៉ុស្តិ៍យាមប្រចាំការរបស់សមត្ថកិច្ច (សម្រាប់ត្រួតពិនិត្យដំណើរចេញ-ចូលក្នុងមណ្ឌលចត្តាឡីស័ក) ដើម្បីទាមទារឲ្យអាជ្ញាធរផ្ដល់ស្បៀងអាហារដល់ពួកគេ ក្រោយពីអាជ្ញាធរវៀតណាម បានយកប៉ារ៉ាស់បិទខ្ទប់មិនឲ្យពួកគេចេញពីតំបន់ ដែលកំពុងរស់នៅ ។ ការផ្ទុះការតវ៉ានោះ ក៏បានទាមទារឲ្យមានដំណោះស្រាយបញ្ហាពាក់ព័ន្ធនឹងតម្លៃផ្ទះជួលដែរ ។ ក្រុមកម្មករតវ៉ាលើកឡើថា ពួកគេលែងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយស្បៀងអាហារ ដោយខ្លួនឯងហើយ បន្ទាប់ពីរដ្ឋអំណាចនៃប្រទេសកុម្មុនិស្តវៀតណាមមួយនេះ បិទខ្ទប់តំបន់ខាងត្បូងទាំងមូល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដែលបានអូសបន្លាយអស់រយៈពេលប្រមាណជាង ៣ ខែមកហើយ ។ កម្មករខ្មែរក្រោម ក៏បានព្រមានផងដែរថា ប្រសិនបើរដ្ឋាភិបាលមិនឆាប់ដោះស្រាយបញ្ហានៃការទាមទារនេះទេនោះ ពួកគេ នឹងសម្រុកចាកចេញពីទីក្រុងព្រៃនគរ ដើម្បីវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេជាក់ជាមិនខានឡើយ ។

កម្មករខ្មែរក្រោម ប្រមាណជិត ១ ពាន់នាក់ នៅទីក្រុងព្រៃនគរ នៅព្រឹកថ្ងៃទី ១ ខែតុលា សប្តាហ៍នេះ បាននាំគ្នាចេញមកតវ៉ាករណីត្រូវអាជ្ញាធរដាក់ពួកគេឲ្យនៅដាច់ដោយឡែក ក្នុងមណ្ឌលចត្តាឡីស័ក ស្ថិតនៅក្នុងបរិវេណរោងចក្រ និងផ្ទះជួលអស់រយៈពេលជាង ៣ ខែ និងបន្តរាំងខ្ទប់មិនឲ្យកម្មករចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ។ ក្រុមកម្មករខ្មែរក្រោម រួមទាំងកម្មករ ដែលប្រមូលផ្តុំទៅដោយជនជាតិចម្រុះផ្សេងៗ ជាច្រើនរាយនាក់ទៀត បានទាមទារឲ្យអាជ្ញាធរក្រុងព្រៃនគរ ដោះស្រាយស្បៀងអាហារដល់ពួកគេ ដោយសារតែពួកគេគ្មានអាហារ សម្រាប់បរិភោគ និងស្នើសុំបើកផ្លូវឲ្យពួកគេធ្វើដំណើរទៅស្រុកកំណើត ។ ប៉ុន្តែ ការតវ៉ានោះ ត្រូវបាននគរបាលវៀតណាមរារាំង មិនឲ្យចាកចេញពីមណ្ឌលចត្តាឡីស័កនោះទេ ។
កម្មករ ដែលចូលរួមការតវ៉ានោះ សុទ្ធតែលើកឡើងដូចៗ គ្នាថា វិធានការរបស់អាជ្ញាធរវៀតណាម ដែលដាក់ឲ្យពួកគេ ស្ថិតនៅដាច់ដោយឡែក អូសបន្លាយជាង ៣ ខែមកនេះ បានធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូល និងខ្វះខាតស្បៀងអាហារ ខណៈប្រាក់ឧបត្ថម្ភពីដ្ឋាភិបាលវៀតណាម ក្នុងពេលរីករាលដាលជំងឺកូវីដ-១៩ មិនដល់ដៃពលរដ្ឋ ដែលជាដល់ដៃជនរងគ្រោះពិតប្រាកដនោះឡើយ ។
នេះគឺជាសំឡេងត្អូញត្អែររបស់កម្មកររោងចក្រមួយ នៅស្រុកកូឈី (Củ Chi) ទីក្រុងព្រៃនគរ ដែលចូលរួមតវ៉ានេះ បាននិយាយក្នុងពេលផ្សាយផ្ទាល់ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អំពីកម្រិតជីវភាពកម្មករដុនដាប ដោយសារតែកំពុងជួបប្រទះបញ្ហានៃការបង់ថ្លៃជួលបន្ទប់ ការព្រួយបារម្ភកង្វះស្បៀងអាហារចិញ្ចឹមជីវិត នាអំឡុងពេល ដែលពួកគេបាត់បង់ប្រាក់ចំណូល ក្នុងស្ថានភាពកូវីដ ១៩ នេះ ។
គួររំឭកថា កាលពីថ្ងៃទី ៩ ខែកក្កដា កន្លងទៅ រដ្ឋអំណាចវៀតណាម សម្រេចចេញបទបញ្ជាឲ្យបិទខ្ទប់ទីក្រុងព្រៃនគរ ដែលមានប្រជាជន ៩ លាននាក់ តម្រូវឲ្យស្នាក់នៅតែក្នុងផ្ទះ ។ ក្នុងអំឡុងពេលបិទខ្ទប់នោះ អាជ្ញាធរក៏លើកលែងដែរ ចំពោះអ្នកដែលអាចចាកចេញពីផ្ទះបាន តែក្នុងករណីចាំបាចបំផុត ប៉ុណ្ណោះ ដូចជា ទៅទិញម្ហូបអាហារ គ្រឿងឧបភោគបរិភោគ ទៅពេទ្យ ឬទិញថ្នាំសង្កូវ ជាដើម ប៉ុន្តែ ត្រូវភ្ជាប់ឯកសារ ដែលបញ្ជាក់ដោយអាជ្ញាធរវៀតណាម ។
មួយសប្តាហ៍ក្រោយមក នៅថ្ងៃទី ១៧ ខែកក្កដា រដ្ឋាភិបាលវៀតណាម បានសម្រេចចេញវិធានការរឹតត្បិតការធ្វើដំណើរ ក្នុងខេត្តចំនួន ១៦ នៅភាគខាងត្បូងប្រទេស (កម្ពុជាក្រោម) តាមបទបញ្ជាលេខ ១៦ របស់នាយករដ្ឋមន្រ្តី ដើម្បីទប់ស្កាត់រលកចម្លងកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលបានចាប់ផ្តើម នៅចុងខែមេសា ។
ថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ ពីទីក្រុងព្រៃនគរ ដែនដីកម្ពុជាក្រោម ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញអត្តសញ្ញាណ កម្មករខ្មែរក្រោមម្នាក់ ដែលចូលរួមការតវ៉ានោះ ឲ្យដឹងថា មូលហេតុដែលពួកគេចេញតវ៉ា នៅតំបន់បិទខ្ទប់នោះ គឺក្នុងគោលបំណងស្នើសុំអាជ្ញាធរផ្តល់ជំនួយស្បៀងអាហារ ពីព្រោះស្បៀងបម្រុងទុករបស់ពួកគេដាច់អស់ហើយដោយសារតែបាត់បង់ការងារធ្វើជាកម្មកររោងចក្រ និងគ្មានប្រាក់ចំណូល ក្រោយរដ្ឋាភិបាលបានដាក់បម្រាម អំឡុងពេលនៃការបិទខ្ទប់ ដើម្បីការពារ កុំឲ្យឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ កម្មករខ្មែរក្រោមរូបនេះ ដដែលបន្តថា ពួកគេទាំងអស់គ្នា សុទ្ធតែបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ នៅក្នុងការប្រមូលផ្ដុំគ្នាតវ៉ានេះ ប៉ុន្តែ គ្មានជម្រើសអ្វីល្អប្រសើរជាងនេះឡើយ ដូច្នេះ ពួកគេត្រូវបង្ខំចិត្តរួមគ្នាតវ៉ា ដើម្បីឲ្យអាជ្ញាធរវៀតណាម ដោះស្រាយបញ្ហាខ្វះខាតម្ហូបអាហារ និងស្នើជួយអន្តរាគមន៍ ចំពោះម្ចាស់ផ្ទះ ដែលមានបន្ទប់ជួលឲ្យមានការបញ្ចុះតម្លៃ ឬលើកការបង់ថ្លៃបង់ផ្ទះជួល ។
កម្មករ ដែលមកតវ៉ានិយាយថា ក្នុងករណីរដ្ឋអំណាចវៀតណាម មិនដោះស្រាយបញ្ហានេះទេ ពួកគេស្នើឲ្យអាជ្ញាធរ ត្រូវតែដករបាំងកាពារចេញពីផ្លូវ ដើម្បីពួកគេបានវិលត្រឡប់ទៅស្រុកកំណើតវិញ បើពុំនោះទេ ពួកគេនឹងព្យាយាមទម្លុះរបាំងប៉ូលិសបិទផ្លូវនោះ ដោយខ្លួនឯង ។
ជាការឆ្លើយតបនឹងការទាមទាររបស់កម្មករនេះ អាជ្ញាធរមូលដ្ឋាន នៅស្រុកកូឈីនៃក្រុងព្រៃនគរ បានចេញមកសម្របសម្រួលផ្ទាល់ នៅទីតាំងប្រមូលផ្តុំរបស់កម្មករ ដោយបានប្រកាសតាមឧគ្ឃោសនស័ព្ទ ប្រាប់ក្រុមអ្នកតវ៉ា ដែលពាក់ម៉ាសនាំគ្នាឈរស្រែកយ៉ាងកងរំពងរួមគ្នានោះ ថា អាជ្ញាធរសូមអំពាវនាវដល់កម្មករមានការអត់ធ្មត់ ហើយត្រូវបំបែកគ្នា បញ្ឈប់សកម្មភាពតវ៉ា និងវិលត្រឡប់ទៅកាន់បន្ទប់ជួលរៀងៗ ខ្លួន ហើយចាត់ឲ្យមានអ្នកតំណាង ចូលរួមកិច្ចសហការល្អជាមួយអាជ្ញាធរ ដើម្បីដោះស្រាយបញ្ហានេះ ដោយសន្តិវិធី ។ ទោះបីជាយ៉ាងនេះក្ដី ក្រុមកម្មករ ដែលឈរតវ៉ានោះ មិនព្រមឡើយ និងនៅតែបន្តស្រែកកាន់តែខ្លាំង ដោយទាមទារឲ្យផ្ដល់ដំណោះស្រាយសមរម្យនៅនឹងកន្លែងដល់ពួកគាត់ ។
អាជ្ញាធរវៀតណាម កាលពីយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រទី ១ ខែតុលា បានដកវិធានការរឹតត្បិតសកម្មភាពផ្នែកខ្លះ ប្រឆាំងកូវីដ-១៩ ដើម្បីឲ្យសេដ្ឋកិច្ចដើរឡើងវិញ នៅក្នុងទីក្រុង ព្រៃនគរ និងខេត្ត/ក្រុងចំនួន ១៨ ក្រោយពីបានដាក់វិធានការឲ្យតំបន់ទាំងនោះ នៅដាច់ដោយឡែក អស់រយៈពេលជាង ៣ ខែ ។

យោងតាមការប្រកាសរបស់អាជ្ញាធរវៀតណាម ទីក្រុង ព្រៃនគរ និងខេត្ត/ក្រុងទាំងអស់ នៅតំបន់ភាគខាងត្បូងប្រទេស នឹងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតប្រឆាំងកូវីដ-១៩ ខ្លះ និងអនុញ្ញាតឲ្យក្រុមហ៊ុនសហគ្រាសអាជីវកម្ម ចាប់ផ្តើមផលិតកម្មឡើងវិញ ចាប់ពីថ្ងៃទី ១ តុលា ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ ដែលរងគ្រោះខ្លាំង ដោយអនុវត្តវិធានការគម្លាតសង្គមដ៏តឹងរ៉ឹងបំផុតអស់រយៈពេលជាង ៣ ខែ ដើម្បីប្រឆាំងជំងឺឆ្លង ដែលរីករាលដាលអស់ពេលដ៏យូរនេះ ។
បន្ទាប់ពីអាជ្ញាធរបើកទីក្រុង និងខេត្តនានា នៅភាគខាងត្បូងនៃប្រទេស មានសកម្មភាពមមាញឹកឡើងវិញ គេសង្កេតឃើញថា កម្មករខ្មែរក្រោម និងកម្មករចម្រុះជាតិសាសន៍ផ្សេងទៀត រាប់ពាន់នាក់នស្ពាយបង្វេចខោអាវ សម្រុកចាកចេញពីទីក្រុងធំៗ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្ម ដូចជា ទីក្រុងព្រៃនគរ ខេត្តទួលតាមោក (Bình Dương) ខេត្តដូនណៃ (Đồng Nai) ដើម្បីវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ។
ការធ្វើដំណើរចាកចេញរបស់កម្មករ ដោយសារតែពួកគាត់ព្រួយបារម្ភខ្លាចរលកឆ្លងកូវីដ-១៩ ស្ទុះឡើងខ្លាំងសារជាថ្មី ។ ទោះជាយ៉ាងនេះក្តី ការធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញនោះ ត្រូវបានអាជ្ញាធររារាំងមិនអនុញ្ញាតឲ្យឆ្លងចេញចូលពីខេត្តមួយទៅខេត្តមួយទៀតឡើយ ។ ពួកអាជ្ញាធរវៀតណាម បានដាក់ពង្រាយកងកម្លាំងចម្រុះរាប់រយនាក់ឈរយាមល្បាតតាមដងផ្លូវនានាយ៉ាងតឹងតែងជាទីបំផុត ។
ទោះជាយ៉ាងណា កម្មករខ្មែរក្រោមជាច្រើនរយនាក់ នៅតែប្តេជ្ញាចិត្តថា នឹងបន្តធ្វើដំណើរវិលត្រឡប់មកផ្ទះវិញ ឲ្យខានតែបាន ។ ពួកគេ លើកឡើងស្រដៀងៗ គ្នា ថា បើមិនប្រថុយប្រថានទេ ហើយបន្តរស់នៅទាំងត្រដាបត្រដួសនោះ ពួកគេ នឹងអាចស្លាប់ដោយសារដាច់បាយ មុនស្លាប់ដោយជំងឺកូវីដ-១៩ ខាងមុខមិនខានឡើយ ។
ក្រសួងសុខាភិបាលវៀតណាម នៅយប់ថ្ងៃសៅរ៍ទី ២ តុលានេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៥,៤៩០ ដែលជាកំណត់ត្រាឆ្លងទាបបំផុតក្នុងរយៈពេលមួយខែ ។ ក្នុងចំនួនអ្នកឆ្លងថ្មីនេះ ទីក្រុង ព្រៃនគរ ដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះ មានអ្នកឆ្លងថ្មី ២,៧២៣ នាក់ ។
ក្នុងរបាយការណ៍រយៈពេល ២៤ ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ចំនួន ១៦៤ នាក់បន្ថែមទៀត ។ ចំនួនស្លាប់ថ្មីនេះ នាំឲ្យប្រទេសនេះ មានអ្នកបាត់បង់ជីវិតដោយកូវីដ-១៩ សរុបឡើងដល់ ១៩,៦០១ នាក់ ខណៈករណីឆ្លងសរុបនៅទូទាំងប្រទេស ចំនួន ៨០៣,២០២ នាក់ និងអ្នកជាសះស្បើយ ចំនួន ៦៦៤,៩៣៨ នាក់ ។
ចំណែកតួលេខអ្នកស្លាប់ជាខ្មែរក្រោមវិញ គិតត្រឹមថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២១ នេះ យ៉ាងហោចណាស់ ក៏មានពលរដ្ឋខ្មែរក្រោម មិនតិចជាង ១០០ នាក់ រស់នៅខេត្តផ្សេងគ្នា បានស្លាប់ និងជាច្រើនរយនាក់ផ្សេងទៀត បានឆ្លងជំងឺកូវីដ-១៩ ៕