កម្មករ​ខ្មែរក្រោម​ទាមទារ​ឲ្យ​ឈប់សម្រាក​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​

0 328

ដោយ ថាច់ ប្រីជា គឿន​

​កម្មករ​ខ្មែរក្រោម​ដែល​ធ្វើការ​នៅក្នុង​ទីក្រុង​ព្រៃនគរ បាន​រួមគ្នា​ចុះហត្ថលេខា​នៅលើ​ញត្តិ​រួមមួយ ស្នើ​ទៅ​ក្រុមហ៊ុន និង រោងចក្រ​ដែល​ខ្លួន​កំពុងធ្វើការ ដើម្បី​សុំ​ឈប់សម្រាក​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ កុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ នេះ តែ​កម្មករ​ខ្លះ​បាន​ឈប់ និង​កម្មករ​ខ្លះទៀត មិន​ត្រូវបាន​រោងចក្រ​អនុញ្ញាត​ឲ​ឈប់​តាម​សំណូមពរ​ឡើយ ។​

ខ្លឹមសារនៃញត្តិ ដែលកម្មករ​ខ្មែរក្រោមផ្ញើ​ទៅ​ប្រធាន​សហជីព​ពលកម្ម​វៀតណាម នៅ​ទីក្រុង​ព្រៃនគរ ។
ខ្លឹមសារនៃញត្តិ ដែលកម្មករ​ខ្មែរក្រោមផ្ញើ​ទៅ​ប្រធាន​សហជីព​ពលកម្ម​វៀតណាម នៅ​ទីក្រុង​ព្រៃនគរ ។

​យោងតាម​ញត្តិ​រួម ចុះ​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៩ ផ្ញើ​ទៅ​ប្រធាន​សហជីព​ពលកម្ម​វៀតណាម នៅ​ទីក្រុង​ព្រៃនគរ (Chủ tịch Liên đoàn Lao động Việt Nam Thành phố Hồ Chí Minh) បានស្នើ​ទៅ​ក្រុមហ៊ុន និង រោងចក្រ​ទាំងអស់​នៅក្នុង​ទីក្រុង​ព្រៃនគរ និង នៅ​ទូទាំង​ដែនដី​កម្ពុជា​ក្រោម អនុញ្ញាត​ឲ​កម្មករ​ខ្មែរក្រោម បាន​ឈប់សម្រាក ៤ ថ្ងៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ។​

​ការធ្វើ​ញត្តិ​នេះ បន្ទាប់ពី​កម្មករ​ខ្មែរក្រោម​ម្នា​ក់នៅ​ទីក្រុង​ព្រៃនគរ បាន​ថ្លែង​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម Facebook អំពាវនាវ​ឲ​កម្មករ​ខ្មែរក្រោម​គ្រប់រូប ត្រូវ​រួបរួមគ្នា​ស្នើ​ទៅ​ក្រុមហ៊ុន និង រោងចក្រ​ដែល​ខ្លួន​ធ្វើការ ដើម្បី​សុំ​ឈប់សម្រាក​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ។ យោងតាម​វីដេអូ​ឃ្លី​ប​មួយ​ដែល​បាន​ផ្សាយ​ផ្ទាល់ (Live) នៅលើ​គណនេយ្យ Facebook ឈ្មោះ ថាច់ កឿង (Thach Cuong) បាន​ថ្លែងថា កម្មករ​ខ្មែរក្រោម​គ្រប់រូប​ត្រូវតែ​បាន​ឈប់សម្រាក​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​របស់ខ្លួន​ដោយ​គ្មាន​លក្ខខណ្ឌ​ឡើយ ដោយសារ​រាល់​ពិធីបុណ្យ​របស់​ជនជាតិ​យួន ក្រុមហ៊ុន និង​រោងចក្រ​បានអនុញ្ញាត​ឲ​ឈប់សម្រាក​ទូទាំងប្រទេស ចុះ​ហេតុអ្វី​បុណ្យ​របស់​ជនជាតិខ្មែរ​បែរជា​មិនបាន​ឈប់​ទៅវិញ ។

​ម្ចាស់​គណនេយ្យ Facebook បាន​ថ្លែង​យ៉ាងនេះ​ថា​៖ “​ទីមួយ អ្នក​ទាំងអស់គ្នា​ជា​ជនជាតិខ្មែរ ដែល​ទៅធ្វើជា​កម្មករ តាម​ក្រុមហ៊ុន នៅ​ខេត្ត​បិ​ន​យឿ​ង​, នៅ​ដូន​ណៃ និង​នៅ​ទីក្រុង​ព្រៃនគរ ជាដើម ។ អ្នក​ទាំងអស់​គិត​មើល ! ច្បាប់​របស់​ក្រុមហ៊ុន ចូលឆ្នាំ​យួន​ចិន​បាន​ឈប់​, ចូលឆ្នាំ​សកល​បាន​ឈប់​, ទិវា ៣០ មេសា​, ១ ឧសភា បាន​ឈប់​, ២ កញ្ញា បាន​ឈប់ ។ គឺ​ឲ្យ​តែ​បុណ្យ​របស់​ជនជាតិ​យួន អ្នក​ទាំងអស់គ្នា​បាន​ឈប់សម្រាក ប៉ុន្តែ​ផ្ទុយទៅវិញ បុណ្យចូលឆ្នាំ​របស់​ជន​ជាតិខ្មែរ ហេតុអ្វី​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​គេ [​ខ្មែរក្រោម​] ឈប់ ។ ឥឡូវនេះ ខ្ញុំ​ឡើងមក​ទីនេះ ធ្វើបាតុកម្ម​ទាមទារ និង​ការពារ​ផលប្រយោជន៍​ឲ្យ​កម្មករ នៅក្នុង​ប្រទេស​វៀតណាម​នេះ​” ។

​ម្ចាស់​គណនេយ្យ Facebook នេះ​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ នៃ ប្រទេស​វៀតណាម ត្រូវតែ​ពិនិត្យឡើងវិញ​នូវ​ការអនុវត្ត​ច្បាប់​របស់​ក្រុមហ៊ុន និង រោងចក្រ​ទាំងអស់​ដែល​កំពុងតែ​ដំណើរការ​នៅក្នុង​ប្រទេស​វៀតណាម ក្នុងការ​អនុញ្ញាត​ឲ្យ​កម្មករ​ខ្មែរក្រោម​បាន​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ផងដែរ ។

“​ខ្ញុំ​សូម​សំណូមពរ និង ស្នើ​ទៅ​ថ្នាក់លើ និង​អ្នកដឹកនាំ​ទាំងអស់ ត្រូវតែ​ពិនិត្យឡើងវិញ​នូវ​ក្រុមហ៊ុន​ទាំងអស់ ដែល​នៅក្នុង​ប្រទេស​វៀតណាម ដូចជា នៅ​ខេត្ត​ព្រះ​ត្រពាំង​, នៅ​ព្រៃនគរ និង នៅ​បិ​ន​យឿ​ង ឬ នៅ​ដូន​ណៃ គឺ បុណ្យចូលឆ្នាំ​របស់​ជន​ជាតិខ្មែរ ត្រូវតែ​សម្រេច​ឲ្យ​គេ [​ខ្មែរក្រោម​] បាន​ឈប់សម្រាក​ចំនួន ៤ ថ្ងៃ ។ ខ្ញុំ​បានទទួល​ដំណឹង​ពី​កម្មករ​ប្រាប់​មក​ថា ចូលឆ្នាំថ្មី​នេះ ខ្ញុំ​មិនបាន​ត្រឡប់​ទៅ​ស្រុក​ទេ ព្រោះ​ក្រុមហ៊ុន​មិន​ឲ្យ​ឈប់ ។ មិនបាន​ជាដាច់ខាត​! អ្នក​ទាំងអស់គ្នា ត្រូវតែ​ការពារ​ផលប្រយោជន៍ និង ការពារជាតិ​សាសន៍​របស់​យើង ពីព្រោះ​ក្នុង​មួយឆ្នាំ​យើង​មានបុណ្យ​ចូលឆ្នាំ​តែម្ដង​ទេ ដែល​ធំជាងគេ​” ។

​ជា​រៀងរាល់ឆ្នាំ នៅក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ ដូចជា បុណ្យចូលឆ្នាំថ្មី នៅ​ថ្ងៃទី ១៤, ១៥ និង ១៦ ខែមេសា និង ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឬ បុណ្យ​សែនដូនតា នៅ​ថ្ងៃ ១៤ និង ១៥ រោច ខែភទ្របទ ពលរដ្ឋ​ខ្មែរក្រោម​ដែលជា​និស្សិត សិស្សសាលា កម្មករ បុគ្គលិក និង​កម្មាភិបាល ដែល​កំពុងតែ​រៀន និង ធ្វើការ​នៅតាម​សាលា រោងចក្រ និង​ការិយាល័យ​រដ្ឋ​នានា មិនមាន​សេរីភាព​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​ពិធីបុណ្យ​ប្រពៃណីជាតិ​រប​ស់​ខ្លួន​ទេ ។ មូលហេតុ ដោយសារ​រដ្ឋាភិបាល​វៀ​ត​ណា​ម​មិនមាន​គោលនយោបាយ​ជា​មូលដ្ឋាន និង​អនុម័ត​នូវ​ច្បាប់​ជា​ផ្លូវការ​ណាមួយ​សម្រាប់​ឲ​មាន ថ្ងៃ​ឈប់សម្រាក​ក្នុង​ថ្ងៃ បុណ្យ​សែនដូនតា និង បុណ្យចូលឆ្នាំថ្មី របស់​ជនជាតិខ្មែរ ។ នៅក្នុង​ថ្ងៃ​ពិធីបុណ្យ​នេះ សាលារៀន​នៅតែ​រៀន រោងចក្រ និង​ការិយាល័យ​រដ្ឋ និង​ឯកជន​នៅតែ​ធ្វើការ​ជាធម្មតា ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​មាន​អារម្មណ៍​ថា ពួកគេ​មិន​ទទួលបាន​នូវ​សេរីភាព និង យុត្តិធម៌​ពិតប្រាកដ​ក្នុងការ​ចូលរួម និង ថែរក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ​របស់ខ្លួន​ឡើយ ។ ផ្ទុយទៅវិញ ជនជាតិ​យួន និង ចិន រដ្ឋាភិបាល​វៀតណាម​បានអនុម័ត​ច្បាប់​ជា​ផ្លូវការ​ឲ្យ​មាន​ថ្ងៃ​ឈប់សម្រាក​ទូទាំងប្រទេស​ពី ១០ ទៅ ១៥ ថ្ងៃ នៅក្នុង​ឱកាស បុណ្យចូលឆ្នាំ​យួន និង ចិន ជា​រៀងរាល់ឆ្នាំ ។ ទង្វើ​ទាំងនេះ ត្រូវបាន​គេ​មើលឃើញថា វា​ផ្ទុយ​នឹង​អ្វីដែល រដ្ឋាភិបាល​វៀតណាម​តែងតែ​ឃោសនា​ថា យួន ចិន និង ខ្មែរក្រោម ជា​ជនជាតិ​ទាំងបី​បងប្អូន​នឹង​គ្នា​រស់នៅ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម ដោយ​ជនជាតិ​យួន និង ចិន បាន​ឈប់សម្រាក​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​របស់​ពួកគេ​យ៉ាង​សេរី តែ​ខ្មែរក្រោម​វិញ​បែរជា​មិនបាន ៕​

Leave A Reply

Your email address will not be published.