ខ្មែរក្រោមបន្តបារម្ភពីស្ថានភាពព្រះសង្ឃខ្មែរក្រោម ដែលកំពុងជាប់គុកនៅកម្ពុជាក្រោម
អង្គការ-សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ព្រួយបារម្ភពីស្ថានភាពរបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅដែនដីកំណើតរបស់ខ្លួនកម្ពុជាក្រោម គ្រប់គ្រងដោយអាជ្ញាធរវៀត ណាម ។ ការបារម្ភជាថ្មីនេះ នៅបន្ទាប់ពីអាជ្ញាធរវៀតណាម បានប្រាប់ទៅគ្រួសាររបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំងនោះថា ពួកគេនឹងដោះលែងព្រះសង្ឃខ្មែរក្រោមចេញពីពន្ធនាគារនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៥ ប៉ុន្តែរហូតមកទល់ពេលនេះ ហួសពេលកំណត់ប្រមាណ ៣ ខែហើយ នៅមិនទាន់មានការដោះលែងនៅឡើយ ។

ក្តីសង្ឃឹមរបស់អង្គការ-សមាគមខ្មែរកម្ពុជាក្រោម ដែលរំពឹងថា ព្រះសង្ឃខ្មែរក្រោម ២ អង្គ និងពលរដ្ឋខ្មែរក្រោមមួយរូប ថានឹងត្រូវបានអាជ្ញាធរវៀតណាម ដោះលែងនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៥ បានរលាយបាត់ដោយមិនដឹងពីមូលហេតុ ។
កាលពីខែកញ្ញា ឆ្នាំ ២០១៣ ព្រះសង្ឃខ្មែរក្រោមចំនួន ២ អង្គនៅខេត្តឃ្លាំង គឺព្រះតេជព្រះគុណ លីវ នី និង ថាច់ ធឿន និងពលរដ្ឋខ្មែរក្រោម ២ នាក់ផ្សេងទៀត គឺ លោក ថាច់ ភូមិ ឫទ្ធិ និង ថាច់ ថា ត្រូវ អាជ្ញាធរវៀតណាម ចាប់ព្រះកាយ និងកាត់ទោសឲ្យជាប់ពន្ធនាគារពី ២ ដល់ ៦ ឆ្នាំ ។ លោក ថាច់ ថា ដែលត្រូវតុលាការកាត់ទោសដាក់គុកចំនួន ២ ឆ្នាំនោះ ត្រូវបានអាជ្ញាធរដោះលែងឲ្យមានសេរីភាពវិញហើយ ។

ព្រះចៅអធិការស្តីទីវត្តសាមគ្គីរង្សី និងជាប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ ថាច់ ហា សំអាង បានប្រាប់ វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ១៤ ខែធ្នូ ថា អាជ្ញាធរវៀតណាម បានប្រាប់ទៅគ្រួសារព្រះសង្ឃដែលកំពុងជាប់ពន្ធនាគារថា ពួកគេនឹងដោះលែងព្រះសង្ឃទាំងនោះនៅថ្ងៃទី ២ ខែកញ្ញា ប៉ុន្តែព្រះតេជព្រះគុណ ថា អាជ្ញាធរវៀតណាម មិនបានធ្វើដូចអ្វីដែលគេបានសន្យាជាមួយគ្រួសារព្រះសង្ឃខ្មែរក្រោមឡើយ ។
ព្រះតេជព្រះគុណ ថាច់ ហាសំអាង មានថេរដីកាបន្តថា ការដែលអាជ្ញាធរវៀតណាម មិនបានដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនេះ ធ្វើឲ្យអង្គការ-សមាគមខ្មែរកម្ពុជាក្រោម បារម្ភយ៉ាងខ្លាំងពីស្ថានភាពរបស់ពួកគេនៅក្នុងពន្ធនាគារ៖
«យើងដឹងថា សុខភាពរបស់លោក គឺមានការទ្រុឌទ្រោមខ្លាំងណាស់នៅក្នុងពន្ធនាគារ ហើយការឆាន់ចុកអីយ៉ាងម៉េច ឥឡូវយើងឮថាលោកមានការទ្រុឌទ្រោម មានជំងឺនៅក្នុងខ្លួនទាំងពីរបីអង្គហ្នឹង ។ អ៊ីចឹងយើងអង្គការ-សមាគមខ្មែរកម្ពុជាក្រោម មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយយើងអំពាវនាវឲ្យរដ្ឋាភិបាលយួន ដោះលែងលោកជាបន្ទាន់ដោយសារលោកមានជំងឺ»។
ព្រះសង្ឃខ្មែរក្រោមព្រះតេជព្រះគុណ ថាច់ ធឿន ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួនកាលពីឆ្នាំ ២០១៣ និងត្រូវបានតុលាការប្រជាជនវៀតណាម ខេត្តឃ្លាំង កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៦ ឆ្នាំ ព្រះតេជ ព្រះគុណ លីវ នី ចំនួន ៤ ឆ្នាំ និង លោក ថាច់ ភូមិ ឫទ្ធិ ចំនួន ៣ ឆ្នាំ ដោយចោទប្រកាន់ពីបទរត់ចេញទៅក្រៅប្រទេស ដើម្បីប្រឆាំងរដ្ឋាភិបាលវៀតណាម និងការរៀបចំឲ្យអ្នកដទៃរត់ទៅក្រៅប្រទេស ។ យ៉ាងណាក៏ដោយ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម អះអាងថា ការចាប់ព្រះកាយព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនោះ ដោយសារពួកគេបានព្យាយាមបង្កើតសាលារៀនអក្សរខ្មែរនៅក្នុងវត្ត ។
ព្រះតេជព្រះគុណ ថាច់ ហារសំអាង សង្កត់ធ្ងន់ថា អង្គការ-សមាគមខ្មែរកម្ពុជាក្រោម មានការបារម្ភខ្លាំង ដោយសារព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំងនោះជាអ្នកទោសនយោបាយ ដែលព្រះតេជព្រះគុណថា ជាទូទៅអ្នកទោសនយោបាយនៅវៀតណាម តែងត្រូវអាជ្ញាធរធ្វើបាប ។
ព្រះតេជព្រះគុណមានថេរដីកាថា អ្វីដែលអាជ្ញាធរវៀតណាម កំពុងធ្វើទៅលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម គឺពួកគេមានចេតនាបំបាក់ស្មារតីពលរដ្ឋខ្មែរក្រោមទូទៅ មិនឲ្យហ៊ានងើបឡើងការពារអក្សរសាស្ត្រ វប្បធម៌របស់ខ្លួន ។ ព្រះតេជព្រះគុណថា បើទោះជាអាជ្ញាធរមិនដោះលែងពេលនេះក្តី ខ្មែរក្រោមនឹងនៅបន្តតាមដានពីស្ថានភាពរបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅក្នុងពន្ធនាគារ ហើយសង្ឃឹមថា រដ្ឋាភិបាលវៀតណាម គោរពសិទ្ធិពលរដ្ឋខ្មែរក្រោមក្នុងនាមខ្លួនជាប្រទេសសមាជិកមួយរបស់អង្គការសហប្រជា ជាតិ៖
«រដ្ឋាភិបាលយួន ជាប្រទេសមួយរស់នៅមានទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ។ អ៊ីចឹងយើងអាចជាការដាក់ញត្តិស្នើសុំឲ្យ យូ.អិន (UN) នៅក្នុងប្រទេសកម្ពុជា និងសហគមន៍អឺរ៉ុប ឲ្យជួយអន្តរាគមន៍ដោះលែងលោក ពីព្រោះលោកអត់មានទោសពៃរ៍អ្វីទេ រឿងដែលគ្រាន់តែចង់ពង្រីកវប្បធម៌អក្សរសាស្ត្រ បែរជាទៅចាប់គេដាក់គុក»។
ប្រវត្តិសាស្ត្របង្ហាញថា ខ្មែរក្រោម គឺជាជនជាតិដើមនៅដែនដីកម្ពុជាក្រោម ។ សេចក្តីប្រកាសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមភាគតិច ដែលមានវៀតណាម ជារដ្ឋភាគីដែរនោះ បញ្ជាក់ថា ជនជាតិ ដើមភាគតិចមានសិទ្ធិស្វ័យសម្រេច នោះមានន័យថា ជនជាតិដើមភាគតិចធ្វើសេចក្តីសម្រេចចិត្តអំពីឋានៈនយោបាយរបស់ខ្លួនដោយសេរី និងធ្វើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ខ្លួនដោយសេរី មានសិទ្ធិចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តលើរាល់បញ្ហាដែលអាចប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ តាមរយៈតំណាងដែលជ្រើសតាំងដោយពួកគេផ្ទាល់ ។
ជនជាតិដើមភាគតិចក៏មានសិទ្ធិប្រតិបត្តិ និងធ្វើឲ្យរស់រវើកឡើងវិញនូវប្រពៃណី និងទំនៀមទម្លាប់ជាវប្បធម៌របស់ខ្លួន ។ សិទ្ធិនេះរួមមាន សិទ្ធិក្នុងការថែរក្សាការពារ និងអភិវឌ្ឍអ្វីៗដែលបង្ហាញពីអត្ត សញ្ញាណ វប្បធម៌របស់ខ្លួន ដែលមានពីអតីតកាល បច្ចុប្បន្ន និងអនាគត ដូចជា តំបន់បុរាណវិទ្យា តំបន់ប្រវត្តិសាស្ត្រ បុរាណវត្ថុ រចនាបថ ពិធីបុណ្យ បច្ចេកវិទ្យា ការសម្ដែង សិល្បៈ និងការថែរក្សាអក្សរសាស្ត្រជាតិ ជាដើម ។
ជាងនេះទៀត ជនជាតិដើមភាគតិចមានសិទ្ធិប្រើប្រាស់ អភិវឌ្ឍ និងផ្ទេរឲ្យកូនចៅជំនាន់ក្រោយពួកគេនូវប្រវត្តិសាស្ត្រ ភាសា ច្បាប់ទម្លាប់ ទស្សនវិជ្ជា ប្រព័ន្ធនៃការសរសេរ និងអក្សរសាស្ត្រ ព្រមទាំងធ្វើការកំណត់ឈ្មោះ និងរក្សាឈ្មោះរបស់ពួកគេដោយខ្លួនឯងសម្រាប់សហគមន៍ ទីកន្លែង និងបុគ្គល ។ ជនជាតិដើមភាគតិច ក៏មានសិទ្ធិបង្កើត និងគ្រប់គ្រងស្ថាប័ន និងប្រព័ន្ធអប់រំរបស់ខ្លួន ដោយផ្តល់ការអប់រំជាភាសារបស់ខ្លួនផ្ទាល់ ព្រមទាំងមានសិទ្ធិបង្កើតប្រព័ន្ធផ្សព្វផ្សាយដោយប្រើភាសារបស់ខ្លួន និងមានសិទ្ធិប្រើ ប្រាស់តាមគ្រប់រូបភាពនៃប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដោយគ្មានការរើសអើងឡើយ ។
ចំណែកជនជាតិដើមដែលត្រូវបានបែងចែកដោយព្រំដែនអន្តរជាតិដូចខ្មែរក្រោមវិញ ពួកគេមានសិទ្ធិរក្សា និងបង្កើតទំនាក់ទំនងប្រាស្រ័យទាក់ទង សហការគ្នាក្នុងគោលបំណងខាងជំនឿសាសនា វប្បធម៌ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ជាមួយនឹងសមាជិកផ្ទាល់របស់ពួកគេ ព្រមទាំងជាមួយអ្នកដទៃទៀតដែលនៅក្រៅព្រំដែន ។
កន្លងមក រដ្ឋាភិបាលវៀតណាម តែងអះអាងថា ពួកគេគោរពសិទ្ធិរបស់ជនជាតិទាំងអស់ចំនួន ៥៤ នៅក្នុងប្រទេសវៀតណាម និងការពារផលប្រយោជន៍ជនជាតិទាំងអស់នេះដូចនឹងជនជាតិវៀតណាម ដែរ ។
យ៉ាងណាក៏ដោយ អង្គការខ្មែរក្រោមមើលឃើញថា រដ្ឋាភិបាលវៀតណាម មិនទាន់បានគោរពសិទ្ធិសេរី ភាពរបស់ខ្មែរក្រោម ដូចមានចែងនៅក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ នេះនៅឡើយ ។
ចាប់តាំងពីមានព្រឹត្តិការណ៍ចាប់ព្រះសង្ឃខ្មែរក្រោមនៅខេត្តឃ្លាំង កាត់ទោសដាក់ពន្ធនាគារនៅឆ្នាំ ២០១៣ មក មានសិស្សគណរបស់ព្រះសង្ឃទាំងនោះជាច្រើនអង្គ ក្នុងនោះក៏មានប្អូនប្រុសបង្កើតរបស់ព្រះតេជព្រះគុណ លីវ នី គឺព្រះតេជព្រះគុណ លីវ នឿ និង លីវ នេន បានភៀសព្រះកាយឡើងមកគង់នៅវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ ព្រោះតែខ្លាចការតាមធ្វើបាបពីសំណាក់អាជ្ញាធរវៀតណាម ។ ព្រះតេជ ព្រះគុណ លីវ នឿ មានថេរដីកាថា ឪពុករបស់ព្រះអង្គបានស្លាប់កាលពីខែមេសា ឆ្នាំ២០១៥ ប៉ុន្តែសហព័ន្ធខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិក មិនហ៊ានអនុញ្ញាតឲ្យព្រះអង្គនិមន្តទៅចូលរួមបុណ្យសពលោកឪពុកឡើយ ព្រោះតែបារម្ភខ្លាចអាជ្ញាធរវៀតណាម ចាប់ព្រះកាយធ្វើបាបព្រះអង្គ ៕ ដោយ យាង សុជាមេត្តា|RFA
Comments are closed.