យុវជនខ្មែរក្រោម បដិសេធបង់ប្រាក់ពិន័យឱ្យវៀតណាម រឿងប្រើប្រាស់សិទ្ធិបញ្ចេញមតិតាមបណ្ដាញសង្គម
ដោយ យន់ សាមៀន | RFA Khmer
យុវជនខ្មែរក្រោម អះអាងថា អាជ្ញាធរវៀតណាម បន្តធ្វើទុក្ខបុកម្នេញលោក តាមរយៈការបន្តទាមទារប្រាក់ពិន័យជាច្រើនរយដុល្លារ ដោយសារតែការប្រើប្រាស់បណ្ដាញសង្គម ដើម្បីបញ្ចេញមតិ និង ផ្សព្វផ្សាយពីប្រវត្តិសាស្ត្រកម្ពុជាក្រោម ។ ការអះអាងនេះ ធ្វើឡើងស្របពេល ដែលអង្គការសិទ្ធិមនុស្សអន្តរជាតិ ក៏រកឃើញថា រដ្ឋាភិបាលវៀតណាម កំពុងបន្តចាប់ខ្លួនអ្នកទោសមនសិការ ហើយស្ទើរពាក់កណ្តាលនៃអ្នកទោសមនសិការនេះ ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួន ដោយសារតែពួកគេប្រើប្រាស់បណ្ដាញសង្គម ដើម្បីសំដែងមតិ ។

យុវជនខ្មែរក្រោម លោក តោ ហ្វាងចឿង ប្រាប់អាស៊ីសេរីកាលពីថ្ងៃអង្គារ ទី ១៩ មករា ថា អាជ្ញាធរវៀតណាម បានបន្តបង្ខំឱ្យលោកសងប្រាក់ពិន័យ បីរយដុល្លារ បើទោះបីជាលោកបានអង្វរសុំពន្យារពេលបង់ប្រាក់ពិន័យ ដោយសារតែលោកកំពុងជួបប្រទះបញ្ហាជីវភាព បណ្ដាលមកពីការរាតត្បាតជំងឺ កូវីដ Covid-19 ក៏ដោយ ។
កាលពីខែមិថុនា ឆ្នាំ ២០២០ អាជ្ញាធរវៀតណាម បានផាកយុវជននេះ ដោយចោទប្រកាន់ករណីប្រើប្រាស់បណ្ដាញសង្គម ចែកចាយព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ស្ដីពីការបាត់បង់ទឹកដីកម្ពុជាក្រោម ក្នុងខួបបាត់បង់ទឹកដីលើកទី ៧១ ឆ្នាំ ។ ក្រោយការចែកចាយព័ត៌មាននេះភ្លាម អាជ្ញាធរបានផ្ញើលិខិតកោះហៅ យុវជន តោ ហ្វាងចឿង ទៅជួបដោយបញ្ចុះបញ្ចូលលោក ឱ្យធ្វើជាភ្នាក់ងារសម្ងាត់វៀតណាម ដើម្បីតាមដានខ្មែរក្រោមណា ដែលហ៊ានរិះគន់អាជ្ញាធរវៀតណាម ប៉ុន្តែ លោកបានបដិសេធ ទើបអាជ្ញាធរវៀតណាម សម្រេចផាកពិន័យ ។
យុវជន តោ ហ្វាងចឿង ថា ទោះបីលោកបានសុំពន្យារពេលសងប្រាក់ពិន័យ ប៉ុន្តែ លោកនៅតែរក្សាជំហរ ថា លោកមិនបានប្រព្រឹត្តល្មើសច្បាប់វៀតណាមឡើយ ពីព្រោះលោកគ្រាន់តែសំដែងមតិតែប៉ុណ្ណោះ៖ «ករណីដែលរដ្ឋាភិបាលយួនដែលបានរំលឹកខ្ញុំ ពីរបីលើកឱ្យទៅបង់លុយហ្នឹងដល់ពេលនេះ ខ្ញុំសូមផ្តាំទៅរដ្ឋាភិបាលវៀតណាម ថា ខ្ញុំមិនព្រមឱ្យផាកទេ ពីព្រោះករណីខ្ញុំហ្នឹងមានអ្វីខុសទាំងអស់» ។
យុវជន តោ ហ្វាងចឿង មិនមែនត្រូវអាជ្ញាធរពិន័យមួយករណីនោះទេ ។ កាលពីដើមខែកញ្ញានេះ វៀតណាម ក៏បានពិន័យលោក ប្រាំរយដុល្លារ ដោយចោទប្រកាន់លោក ថា លោកបើកលក់ហ្គាស សម្រាប់ចម្អិនអាហារដោយគ្មានការអនុញ្ញាត ។ លោក តោ ហ្វាងចឿង អះអាងថា ការផាកពិន័យនេះ ជាលេសសងសឹកនឹងលោករបស់អាជ្ញាធរវៀតណាម ពីព្រោះលោកមានច្បាប់អនុញ្ញាតឱ្យលក់ដូរត្រឹមត្រូវ ។
អាជ្ញាធរវៀតណាម មិនត្រឹមផាកតែ យុវជន តោ ហ្វាងចឿងម្នាក់ប៉ុណ្ណោះទេ ។ វៀតណាម ក៏បានផាកយុវជនខ្មែរក្រោម ម្នាក់ទៀត ឈ្មោះ ថាច់ កឿង ចំនួន បីរយដុល្លារ ដោយសារតែលោកប្រើប្រាស់បណ្ដាញសង្គម ដើម្បីសំដែងមតិ ប៉ុន្តែអាជ្ញាធរវៀតណាម ចាត់ទុកទង្វើទាំងនោះ ជាការល្មើសច្បាប់សន្តិសុខអ៊ីនធឺណិតវៀតណាម ទៅវិញ ។ ទោះបីជាយ៉ាងណា អាជ្ញាធរវៀតណាម មិនតាមផាក លោក ថាច់ កឿង ជាបន្តបន្ទាប់ទៀតឡើយ ។ យុវជន តោ ហ្វាងចឿង ថា មូលហេតុដែលអាជ្ញាធរវៀតណាម បន្តតាមផាកលោកនោះ ដោយសារតែលោក មិនព្រមផ្អាកបញ្ចេញមតិរឿងទឹកដីខ្មែរក្រោម និង សិទ្ធិជនជាតិដើម៖ «ឯការបញ្ចេញមតិតាមបណ្ដាញសង្គម ហ្វេសប៉ុក (Facebook) ហ្នឹង ប្អូននៅតែបញ្ចេញមតិ ។ នៅតែបង្ហោះជាធម្មតាប្អូនមិនខ្លាចទេ» ។

របាយការណ៍អង្គការលើកលែងទោសអន្តរជាតិ (Amnesty Internatinonal) ផ្សាយកាលពីខែធ្នូកន្លងទៅ ឱ្យដឹងថា អាជ្ញាធរវៀតណាម កំពុងចាប់ផ្តើមបង្ក្រាប លើការប្រើប្រាស់បណ្ដាញសង្គម ដូចជា ហ្វេសប៊ុក (Facebook) និង យូធូប (Youtube) ។ បច្ចុប្បន្នអ្នកទោសមនសិការវៀតណាមចំនួន ១៧០ នាក់ កំពុងជាប់ពន្ធនាគារនៅវៀតណាម ។ នេះជាចំនួនច្រើនបំផុត ដែលកត់ត្រាដោយអង្គការសិទ្ធិមនុស្ស ហើយភាគច្រើននៃអ្នកជាប់ពន្ធនាគារ ដោយសារតែសកម្មភាពអហិង្សាតាមបណ្ដាញសង្គម ។
ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញ យុវជនខ្មែរក្រោមនេះ ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា វៀតណាម នៅតែបន្តចិញ្ចឹមចិត្តធ្វើបាបពលរដ្ឋខ្មែរក្រោម ដោយមិនឱ្យប្រើប្រាស់បណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយ ពីការពិតនៃប្រវត្តិសាស្ត្រខ្មែរក្រោម៖ «អាជ្ញាធរវៀតណាមហ្នឹង គឺចេញលិខិត កោះហៅយុវជន និង ពលរដ្ឋខ្មែរក្រោម ផាកពិន័យជាថវិកាក្តី ហើយចោទប្រកាន់យុវជនខ្មែរក្រោម ថា ប្រើបណ្ដាញសង្គមហ្វេសប៊ុកផ្សព្វផ្សាយ រឿងរ៉ាវទឹកដីកម្ពុជាជារឿងខុសច្បាប់ ឬក៏ចាប់ពលរដ្ឋខ្មែរក្រោម មានបញ្ហាដីធ្លីកន្លងមក វាជាយុទ្ធសាស្ត្រអាជ្ញាធរវៀតណាម ដើម្បីបង្ក្រាប បំបិទសិទ្ធិសេរីភាព និង បំបាក់ស្មារតី ចំពោះពលរដ្ឋខ្មែរក្រោម និង យុវជន» ។

ក្រៅពីបញ្ហាសំដែងមតិ នៅតាមបណ្តាញសង្គម ខ្មែរក្រោម ក៏ជួបបញ្ហាផ្សេងទៀតដែរ ។ របាយការណ៍ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និង អភិវឌ្ឍន៍ រកឃើញថា វប្បធម៌ខុសគ្នារវាងខ្មែរក្រោម និង វៀតណាម បង្កឱ្យមានសម្ពាធទៅលើខ្មែរក្រោម ដើម្បីរក្សាអត្តសញ្ញាណជាខ្មែរ ហើយពេលខ្លះខ្មែរក្រោម ត្រូវបានគេបង្ខំឱ្យសម្របសម្រួលទៅតាមវប្បធម៌វៀតណាម ។ វៀតណាម ក៏បានប្រើប្រាស់អំពើហិង្សាបង្ក្រាបទៅលើពលរដ្ឋខ្មែរក្រោម ដែលហ៊ានតវ៉ាបញ្ហាការរំលោភបំពានដីធ្លី និង ទាមទារសិទ្ធិសេរីភាព ។ របាយការណ៍ដដែលបន្តថា វៀតណាម ក៏ជ្រៀតជ្រែកចូលកិច្ចការ សាសនារបស់ពលរដ្ឋ និង ព្រះសង្ឃខ្មែរក្រោម ហើយព្រះសង្ឃខ្មែរក្រោម ក៏រងការចោទប្រកាន់ផ្សេងៗ និង ប្រឈម ការឃុំឃាំងក្នុងវត្តជាដើម ។ កាលពីពេលថ្មីៗ នេះ តុលាការវៀតណាម កាត់ទោស កសិករខ្មែរក្រោម ៤ នាក់ ឱ្យជាប់ពន្ធនាគារ ពី ៦ ខែ ទៅ ២ ឆ្នាំកន្លះថែមទៀត ។ វៀតណាមចោទកសិករខ្មែរក្រោមទាំងនោះថា ប្រឆាំងអាជ្ញាធរសាធារណៈ ពេលសមត្ថកិច្ចវៀតណាមចុះទៅរំលោភយកដីពួកគេ ។ បច្ចុប្បន្នពលរដ្ឋខ្មែរក្រោម ទាំងនោះ កំពុងស្វែងរកមេធាវី ដើម្បីប្ដឹងឧទ្ធរណ៍ ។
ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ស្នើឱ្យរដ្ឋាភិបាលវៀតណាមទម្លាក់ការចោទប្រកាន់ទាំងឡាយ ប្រឆាំងនឹងពលរដ្ឋខ្មែរក្រោម ហើយត្រូវងាកទៅរកគោរពការប្តេជ្ញាចិត្តរបស់ខ្លួន នៅចំពោះមុខសហគមន៍អន្តរជាតិ ក្នុងការគោរពសិទ្ធិមនុស្ស និង សិទ្ធិជនជាតិដើម ដោយសារតែវៀតណាម បានចុះហត្ថលេខាលើកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស ៕